ពិធី​បុណ្យ​អុំ​ទូក នឹង​ត្រូវ​ផ្អាក​ម្ដង​ទៀត នៅ​ឆ្នាំ​នេះ

រូបឯកសារ៖ ទូក​មួយ​ក្នុង​ចំណោម​ទូក​ជាង​២០០ ដែល​បាន​ចូលរួម​ប្រណាំង ក្នុង​ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​សារ​ជាថ្មី​ម្ដង​ទៀត​ពី​ការ​ផ្អាក​ពិធី​បុណ្យ​អ៊ុំ​ទូក​នៅ​តាម​ដង​ទន្លេសាប មុខ​ព្រះ​បរម​រាជវាំង​ក្នុង​ឆ្នាំ​នេះ​ ដោយ​សារ​តែ​គ្រោះ​រាំង​ស្ងួត​និង កម្ពស់​ទឹក​ទាប​ក្នុង​ប្រទេស​កម្ពុជា។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​សារ​ជាថ្មី​ម្ដង​ទៀត​ពី​ការ​ផ្អាក​ពិធី​បុណ្យ​អ៊ុំ​ទូក​នៅ​តាម​ដង​ទន្លេសាប មុខ​ព្រះ​បរម​រាជវាំង​ក្នុង​ឆ្នាំ​នេះ​ ដោយ​សារ​តែ​គ្រោះ​រាំង​ស្ងួត​និង កម្ពស់​ទឹក​ទាប​ក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​រដ្ឋាភិបាល បាន​ចេញ​សារាចរ​ណែនាំ​អំពី​ការ​ផ្អាក​ពិធី​បុណ្យ​នេះ​កាល​ពី​ថ្ងៃ​សៅរ៍។

លោក​នាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​ថ្លែង​យ៉ាង​ដូច្នេះ​ នៅ​ក្នុង​ពិធី​ចុះ​សួរ​សុខ​ទុក្ខ​ដល់​ប្រជាពលរដ្ឋ​ និង​យោធិន​ពិការ​នៅ​តំបន់​តាកែន​កោះ​ស្លា ស្ថិត​នៅ​ក្នុង​ស្រុក​ឈូក​ខេត្ត​កំពត​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។

ក្នុង​ពិធី​សំណេះ​សំណាល​នោះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ពុំបាន​ផ្ញើរ​សា​នយោបាយ​ច្រើន ដូច​សព្វ​ដង​នោះ​ទេ។

ថ្លែង​ទៅកាន់​យោធិន​ពិការ​នៅ​ក្នុង​ពិ​ធី​នោះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន មាន​ប្រសាសន៍​ថា៖

«ឆ្នាំ​នេះ​ទឹក​ទន្លេ​ទាប​ខ្លាំង​ណាស់​ ហើយ​មិនមែន​ទាប​តែ​ស្រុក​ខ្មែរ​ទេ​ ទាប​តាំង​ពី​ស្រុក​ចិន​ ធ្លាក់​មក​ មីយ៉ាន់ម៉ា​ដែល​ហៅ​ថា​ភូមា​ ធ្លាក់​មក​ឡាវ​ មក​ថៃ​ មក​កម្ពុជា​ និង​ទៅ​វៀតណាម​គឺ​ទាប​ដូច​គ្នា​ អញ្ចឹង​ទេ ទឹក​អត់​មាន​ហូរ​ទេ​ មិន​អាច​អ៊ុំ​បាន​ទេ»។

លោក​បញ្ជាក់​ថា​ ថវិកា​ជាតិ​ដែល​គ្រោង​សម្រាប់​ការ​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​នៅ​មុខ​ព្រះ​បរម​រាជវាំង និង​ត្រូវ​បង្វែរ​មក​ក្រសួង​ធនធាន​ទឹក​ ដើម្បី​ដោះ​ស្រាយ​ការ​ចំណាយ​លើ​ការ​បូម និង​ទប់​ទឹក​សម្រាប់​ការ​ធ្វើ​ស្រែ​ក្នុង​រដូវ​ប្រាំង​វិញ។

ពិធី​បុណ្យ​អុំ​ទូក​ដែល​ជា​ប្រពៃណី​តាំង​ពី​បុរាណកាល​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជា​ធម្មតា​ត្រូវ​រដ្ឋាភិបាល​គ្រោង​រៀប​ចំ​ធ្វើនៅ​មុខ​ព្រះ​បរម​រាជវាំង​រយៈ​ពេល​៣​ថ្ងៃ​ គឺ​ពី​ថ្ងៃ​ទី​២៤​ ២៥​ ដល់​ថ្ងៃ​ទី​២៦​ខែ​វិច្ឆិកា។

ពិធី​បុណ្យ​អុំទូក ត្រូវ​បាន​ផ្អាក​បី​ដង​រួច​មក​ហើយ​នៅ​មុខ​ព្រះ​បរម​រាជវាំង​ គឺ​នៅ​ឆ្នាំ​២០១១​ ក្រោយ​ពី​ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់​អ្នក​ដើរ​កម្សាន្ត​ជាង​៣៥០​នាក់នៅ​លើ​ស្ពាន​កោះ​ពេជ្រ នៅ​ឆ្នាំ​២០១២​ ក្រោយ​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​បរម​រតនៈ​កោដ្ឋ​សម្ដេច​ព្រះ​បាទ​នរោត្តម​សីហនុ​ និង​នៅ​ឆ្នាំ​២០១៣​ ក្រោយពី​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា។

រដ្ឋាភិបាល​កម្ពុជា បាន​រៀប​ចំ​ពិធី​បុណ្យ​អុំទូក​នៅ​មុខ​ព្រះ​បរម​រាជវាំង​សារ​ជាថ្មី​ នៅ​ឆ្នាំ​២០១៤​ ក្រោយ​ពេល​ដែល​គណបក្ស​គ្រប់​គ្រង​ប្រទេស​ និង​គណបក្ស​ប្រឆាំង​ចុះ​កិច្ច​ព្រមព្រៀង​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ។ កិច្ច​ព្រមព្រៀង​នោះ ក៏​បាន​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​ជា​ទ្រង់​ទ្រាយ​ធំ​ដែល​មិន​ធ្លាប់​មាន ក្រោយ​ការ​ប្រកាស​លទ្ធ​ផល​ឆ្នាំ​២០១៣​ផង​ដែរ។

ក៏ប៉ុន្តែ​ ការ​ផ្អាក​ពិធី​បុណ្យ​អុំ​ទូក​នៅ​មុខ​ព្រះ​បរម​រាជវាំងនៅ​ក្នុង​ឆ្នាំ​២០១៥នេះ ត្រូវ​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យល់​ថា​ ជា​ការ​ផ្អាក​មួយ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ ក្រោយ​ការ​ផ្ទុះ​អំពើ​ហិង្សា​វាយ​ដំ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​ការ​បោះ​ឆ្នោត​ទម្លាក់​អនុប្រធាន​បក្ស​ប្រឆាំង​ពី​កៅអី​អនុប្រធាន​សភា​ជាតិ។

លោក អ៊ូ វីរៈ នាយក​វេទិកា​អនាគត និង​ជា​អ្នក​វិភាគ​ឯករាជ្យ បញ្ជាក់​ពី​ការ​ផ្អាក​ការ​រៀប​ចំ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ព្រះ​បរម​រាជវាំង​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​មើល​ទៅ​ ទាក់​ទង​រឿង​នយោបាយ​ទាំង​ស្រុង ព្រោះ​អី​មូលហេតុ​ដែល​ផ្ដល់​មក​ ទាក់​ទង​រឿង​ភាព​រាំង​ស្ងួត​ ឬមួយ​ក៏​ទឹក​ទន្លេ​ទាប​អី មិន​សម​ហេតុ​ផល​ ព្រោះ​អី​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង បើ​សិន​ជា​គ្រាន់​តែ​ភាព​រាំង​ស្ងួត​ប៉ុណ្ណឹង យើង​ឈប់​ធ្វើ​បុណ្យ​អុំ​ទូក​ ប្រហែល​ជា​បុណ្យ​អុំ​ទូក​អត់​ក្លាយ​ទៅ​ជា​ ទំនៀម​ទម្លាប់​មួយ​ទេ​ អត់​ទៅ​ជា​ប្រពៃ​ណី​មួយ​ទេ ព្រោះ​អី​យើង​ឈប់​ច្រើន​ដង​ពេក ហើយ​មិន​មាន​ ឱកាស​នៅ​ក្នុង​ការ​ធ្វើ​រៀង​រាល់​ឆ្នាំ​ តាំង​ពី​ប្រវត្តិសាស្ត្រ​យើង​មក​អញ្ចឹង​ទេ ដោយ​សារ​អញ្ចឹង​បាន​ខ្ញុំ​ថា​ជា​រឿង​ មួយ​ជា​លេស​មួយ »។

លោក​ថ្លែង​បន្ត​ថា ភាព​រអាក់រអួល​នៃ​ការ​រៀប​ចំ​ពិធី​បុណ្យ​អុំ​ទូក​នៅមុខ​ព្រះ​បរម​រាជវាំង​នេះ​ អាច​ធ្វើ​ឲ្យ​សាប​រលាប​វប្បធម៌​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ផង​ដែរ។

«ខ្ញុំ​មើល​ទៅ​បាត់​បង់​ព្រលឹង​ជាតិ​ខ្មែរ​យើង​គ្រាន់​បើ​នៅ​ពេល​បច្ចុប្បន្ន​ព្រោះ​អី​ យើង​សម្រេច​ឈប់​បុណ្យ​សំខាន់ៗ​មួយ​ចំនួន​ ដែល​មាន​ប្រយោជន៍​ ក៏​ដូច​ជា​បុណ្យ​អុំ​ទូក​អញ្ចឹង​ ឥឡូវ​ហ្នឹង​ ក្មេងៗ​បែរ​ទៅ​ បែរ​ទៅ​ជប់​លៀង​រឿង​ Halloween ​រឿង​បុណ្យ​ខ្មោច​អាមេរិក​ឯណា​វិញ​ ពាក់​មុខ​ខ្មោច​ ពាក់​មុខ​យក្ស​អី​អាមេរិក​ឯ​ណោះ​វិញ តាម​អាមេរិក​ឯណោះ​វិញ​ទៅ​ អញ្ចឹង​ ជា​រឿង​នយោបាយ​ ហើយ​ជា​រឿង​មួយ​ដែល​ខ្ញុំ​សោក​ស្ដាយ​ដែរ »។

កាលពី​ចុង​ខែ​តុលា​កន្លង​ទៅ​នេះ អំពើ​ហិង្សា​មួយ បាន​កើតឡើង ​ដោយ​អ្នក​តវ៉ា​មួយ​ក្រុម​ដែល​គេ​ជឿ​ថា​ ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា និង​ជា​អ្នក​ដែល​នៅ​សេស​សល់​ពី​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម​ សុខា បាន​វាយ​ទាត់​ធាក់​អ្នក​តំណាង​រាស្ត្រ​ពីរ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​គង់​ សភា​ និង​លោក​ញ៉យ​ ចំរើន។

អំពើ​ហិង្សា​នោះ កើតឡើង​បន្ទាប់​ពី​អ្នក​តវ៉ាជា​ច្រើន​រយ​នាក់ បាន​រំសាយ​ពី​ការ​ធ្វើ​បាតុកម្មទាម​ទារ​ដក​លោក​កឹម​ សុខា​ចេញ​ពី​តំណែង​អនុ​ប្រធាន​ទី​មួយ​នៃ​សភាជាតិ។

លោកយ៉ែម បុញ្ញឬទ្ធិ​ អ្នកនាំពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ច្រាន​ចោល​ការ​សង្ស័យ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​រៀប​ចំ​ការ​តវ៉ា​ និង​បាតុកម្ម​ ប្រសិន​បើ​មាន​ការ​រៀប​ចំ​ពិធី​បុណ្យ​នេះ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ។

«អត់​ទេ​ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​គម្រោង​ធ្វើ​អី​ទេ។ ហើយ​ការ​ប្រកាស​នោះ​ គាត់​បាន​បង្ហាញ​ហេតុផល​ហើយ​ ដោយ​សារ​ទឹក​មិន​គ្រប់​គ្រាន់​ហើយ​និង​អាច​ជួប​ប្រទះ​ភាព​រាំង​ស្ងួត​ ដូច្នេះ​ យើង​មិន​មាន​គិត​ថា ដោយ​សារ​ហេតុ​អី​មួយ​នោះ​ទេ »។

រីឯ​លោក​សុខ ឦសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​អំពី​ការ​ផ្អាក​ពិ​ធី​បុណ្យ​អុំ​ទូក​ដោយ​សារ​តែ​រឿង​នយោបាយ​ និង​ការខ្លាច​រអា​ចំពោះការ​ធ្វើ​បាតុកម្ម​នោះ​ដែរ។

«ខ្លាច​បាតុកម្ម​អី​ បាតុកម្ម​អី​ទៅ​ធំ​ជាង​អា​ឆ្នាំ​២០១៣ ហើយ​អញ្ចឹង​បាន​តែ​ថា អស់​លោក​មាន​មតិ​ហ្នឹង​ចេះ​តែ​មាន​មតិ​ទៅ ឥឡូវ​រាជ​រដ្ឋាភិបាល​លោក​មាន​ទឡ្ហីករណ៍​ច្បាស់​លាស់​ហើយ​ អញ្ចឹង​អត់​មាន​អីត្រូវ​និយាយ​ច្រើន​ទេ គ្រាន់​តែ​ថា​ចរិត​ពួក​ប្រឆាំង ធ្វើ​អី​ក៏​មិន​ត្រូវ​ចិត្ត​គាត់​ដែរ​ គាត់​ប្រឆាំង​រហូត »។

លោក​ថ្លែង​បញ្ជាក់​ថា ការ​ផ្អាក​នេះ​ ក៏​នឹង​មិន​ប៉ះពាល់​ដល់​ប្រពៃណី​វប្បធម៌​នៃ​ការ​រៀប​ចំ​ពិធីបុណ្យ​នេះ​ដែរ។

ក្នុង​សារាចរ​ស្ដី​ពី​ការ​ផ្អាក​ពិធី​បុណ្យ​អុំ​ទូក​ បណ្ដែត​ប្រទីប​ និង​សំពះ​ព្រះ​ខែ​ អក​អំបុក​ឆ្នាំ​២០១៥ ចុះ​ហត្ថលេខា ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ថ្ងៃ​ទី​៣១​តុលា​ បាន​បញ្ជាក់​ថា​ ឆ្នាំនេះ​ទឹក​ទន្លេ​មាន​កម្រិត​ទាប​ពេក​ ខណៈ​ដែល​ប្រទេស​កម្ពុជា កំពុង​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​ ដែល​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ប្រមូល​ផ្ដុំ​កម្លាំង​សរុប​ មធ្យោបាយ​សរុប​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​កង្វះ​ខាត​ទឹក​សម្រាប់​ស្រូវ​ប្រាំង​ជូន​កសិករ​នៅ​តាម​ខេត្ត។

យ៉ាង​ណា​ក៏ដោយ​ លោក​ហ៊ុន សែន បាន​ថ្លែង​ប្រាប់​យោធិន​ពិការ​នៅ​ស្រុក​ឈូក​ដដែល​នោះ​ថា​ ការ​រៀបចំពិធី​បុណ្យ​អុំទូក​ ​បណ្ដែត​ប្រទីប​ និង​សំពះ​ព្រះ​ខែ​ អក​អំបុក អាច​ធ្វើ​បាន​ដូច​រាល់​ដង​ដដែល​នៅ​តាម​បណ្ដា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​ ដោយ​យោង​ទៅ​តាម​លទ្ធ​ភាព​របស់​ខេត្ត​ដែល​អាច​រៀប​ចំ​ពិធី​នេះ​បាន៕