លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារ អំពាវនាវឲ្យអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ចេញមកតវ៉ាប្រឆាំងនឹងអ្នកដែលជំរុញឲ្យអាមេរិកដកសញ្ជាតិអ្នកដែលគាំទ្រគណបក្សកាន់អំណាចរបស់លោក។
លោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះចំៗ អ្នកដែលបានលើកឡើងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកគួរពិចារណាដកសញ្ជាតិពលរដ្ឋខ្មែរអាមេរិកាំង ដែលគាំទ្រគណបក្សកាន់អំណាចនៅកម្ពុជាឡើយ។
ការថ្លែងដូចនេះពីសំណាក់លោកនាយករដ្ឋមន្រ្តីគឺ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គ ពីខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន មានតម្លៃប្រមាណ៥៧លានដុល្លារអាមេរិក។
លោក ហ៊ុន សែន បានលើកឡើងដោយដកស្រង់សម្តីរបស់បុគ្គលដែលលោកបានមានប្រតិកម្មតបតថា៖ «ព្រោះអញ្ចេះ គេយកហេតុផលថា ចិនជាសត្រូវរបស់អាមេរិក ដូច្នេះខ្មែរណាដែលគាំទ្ររដ្ឋាភិបាលរបស់ហ៊ុន សែន ក៏ជាសត្រូវនឹងរដ្ឋាភិបាលអាមេរិកផងដែរ ដែលអាមេរិកត្រូវដកសញ្ជាតិ»។
លោកបានបន្តថា៖ «គំរាមគេ! អត់ទាន់បានកាន់អំណាចផង បែរទៅគំរាមគេ ដកសញ្ជាតិគេ ដកសញ្ជាតិអាមេរិក ជំនួសឲ្យរដ្ឋាភិបាលអាមេរិកទៅទៀត។ មនុស្សអីដល់ថ្នាក់ប៉ុណ្ណឹង! បើមិនទាន់បានកាន់អំណាច វាផ្តាច់ការប៉ុណ្ណឹងហើយ។ អាមាត់ហ្នឹងផ្តាច់ការអាក្រក់ណាស់ណា៎ អាហ្នឹង!ផ្តាច់ការវាផ្តើមចេញពីអាមាត់ហ្នឹង»។
នៅក្នុងសេចក្តីថ្លែងរបស់លោក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានបន្ថែមថា ប្រសិនបើរដ្ឋាភិបាលសហរដ្ឋអាមេរិកដកសញ្ជាតិពលរដ្ឋខ្មែរអាមេរិកាំងអាស្រ័យលើហេតុផលខាងលើមែននោះ «សហរដ្ឋអាមេរិកមិនមែនជាប្រទេសលទ្ធិប្រជាធិបតេយ្យនោះទេ»។
លោកនាយករដ្ឋមន្រ្តីក៏បានជំរុញឲ្យពលរដ្ឋខ្មែរអាមេរិកាំងនៅសហរដ្ឋអាមេរិក អនុវត្តសិទ្ធិមូលដ្ឋាន ដោយធ្វើបាតុកម្មតវ៉ា និងចោទសួរទៅមន្រ្តីសភាអាមេរិកាំងពាក់ព័ន្ធនឹងបញ្ហាខាងលើនេះផងដែរ។
លោកថ្លែងថា៖ «មើលខ្មែរយើងនៅអាមេរិក ដែលជាសមាជិកសមាជិកាគណបក្សប្រជាជន! ងើបឈរឡើងនៅអាមេរិកដើម្បីប្រឆាំងជំទាស់ហ្នឹង ហើយទៅសួរ សមាជិកសភា ទៅវិមានCapitol មើល សួរ ឬក៏ទៅកន្លែងណាមួយទៅសួរ ខាងអាមេរិកមើល។ នាំគ្នាធ្វើបាតុកម្មសួរអាមេរិកមើល !ដកមែនឬអត់? បើដកមែន អាល់រៀបបង្វិចមក អញ្ចេះ»។
សារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាល ក្នុងនោះក៏មានទូរទស្សន៍បាយ័នដែលគ្រប់គ្រងដោយកូនស្រីរបស់លោក ហ៊ុន សែន បានលើកឡើងថា ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី គឺសំដៅលើលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង ដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិក។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី គឺពាក់ព័ន្ធនឹងទំនាស់នយោបាយ ហើយមិនបានឆ្លុះបញ្ចាំងពីផលប្រយោជន៍ណាមួយដល់ប្រជាពលរដ្ឋនោះទេ។
លោកបន្តថា ជាទូទៅ សិទ្ធិមូលដ្ឋានមិនគួរត្រូវមានការបង្គាប់បញ្ជាពីអ្នកណាឡើយ។
លោកថ្លែងថា៖ «ជាធម្មតា សិទ្ធិសេរីភាពទាំងអស់ហ្នឹង មិនគប្បីមានការលើកឡើងដោយមានអ្នកណាបង្គាប់ ឬក៏បញ្ជាអីគាត់ទេ ព្រោះវាសិទ្ធិសេរីភាពដែលពួកគេបានដឹង ហើយគេអាចស្វែងយល់ហើយ អំពីសិទ្ធិសេរីភាពរបស់ពួកគេក្នុងស្ថានភាពនីមួយៗ ទៅតាមប្រទេស ដែលប្រកាន់របបប្រជាធិបតេយ្យ ដូចជា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់អីផ្សេងៗ វាមានស្ថានភាពផ្សេងគ្នា ក្នុងបរិយាកាសនយោបាយផ្សេងគ្នា»។
នៅក្នុងសារអ៊ីម៉ែលឆ្លើយតបនឹងវីអូអេនាថ្ងៃអង្គារនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Chad Roedemeierសុំមិនធ្វើការអធិប្បាយ ដោយលោកថា លោកមិនយល់ច្បាស់ពីការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ៕