លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃច័ន្ទ ទី០១ ខែសីហានេះ បានដាក់ពាក្យបណ្តឹងប្រឆាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស និងសហការីរបស់លោកម្នាក់ទៀត ដែលបានថ្លែងអំពីឃាតកម្មលើលោក កែម ឡី។
ពាក្យបណ្តឹងរបស់លោក គី តិច មេធាវីតំណាងឲ្យលោក ហ៊ុន សែន ដែលបានដាក់ចូលទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃច័ន្ទនេះ បានឲ្យដឹងថា លោក សម រង្ស៊ី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកអំពីសកម្មភាពបាញ់សម្លាប់លោក កែម ឡី។
បណ្តឹងនោះបានដកស្រង់ការសរសេររបស់លោក សម រង្ស៊ី លើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ថា «ការបាញ់សម្លាប់លោក កែម ឡី ថ្ងៃនេះជាអំពើភេវរកម្មមួយទៀត រៀបចំដោយរដ្ឋអំណាច»។
លោក ហ៊ុន សែន ក៏បានប្តឹងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង បន្ទាប់ពីលោកស្រីថ្លែងអំពីការសម្លាប់លោក កែម ឡី។ បណ្តឹងរបស់លោក ហ៊ុន សែន ប្រឆាំងនឹងលោកស្រី ថាក់ ឡានី បានដកស្រង់សម្តីរបស់លោកស្រីក្នុងន័យដើមថា«ឥឡូវហ្នឹង ហ៊ុន សែន មិនដឹងគិតយ៉ាងម៉េចទៀតទេ នៅមិននៅ ចុះឡើងៗ ទៅបាញ់លោក កែម ឡី»។
ពាក្យបណ្តឹងរបស់លោក ហ៊ុន សែន បានឲ្យដឹងថា ការថ្លែងរបស់លោកស្រី ថាក់ ឡានី បានកើតមានឡើង នៅក្នុងពេលលោកស្រីរៀបចំវេទិកាសាធារណៈនៅឯខេត្តរតនៈគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់ថា ការអធិប្បាយរបស់មេដឹកនាំគណបក្សប្រឆាំង និងសមាជិកព្រឹទ្ធសភានៃគណបក្សនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់លោក។
លោកបានបញ្ជាក់នៅក្នុងពាក្យបណ្តឹងនោះថា ការថ្លែងនេះមានចរិតជាការញុះញង់បំផុសបំផុលក្នុងចេតនាបញ្ឆេះកំហឹងមហាជន ដែលអាចបង្កឲ្យមានចលាចលនៅក្នុងសង្គម និងប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការទៀតផង។
លោក ហ៊ុន សែន បានសុំឲ្យតុលាការផ្តន្ទាទោសលោក សម រង្ស៊ី និងលោកស្រីថាក់ ឡានី តាមផ្លូវច្បាប់។ លោកបានទាមទារសំណងជំងឺចិត្តពីលោក សម រង្ស៊ី និងលោកស្រី ថាក់ ឡានី ក្នុងម្នាក់ៗចំនួន១០០រៀលសម្រាប់ការប៉ះពាល់កិត្តិយស និងកិត្យានុភាពរបស់លោក។
នៅក្នុងវីឌីអូមួយបង្ហោះកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយអង្គភាពព័ត៌មាន Freshnews ដែលគេដឹងថា ស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងថ្លែងអំពីការស្លាប់របស់លោក កែម ឡី។ លោកស្រីបានថ្លែងយ៉ាងដូច្នេះថា៖
«ហើយឥឡូវហ្នឹង ហ៊ុន សែន មិនដឹងគិតយ៉ាងម៉េចទៀតទេ នៅមិននៅ ចុះឡើងៗទៅបាញ់លោក កែម ឡី។ កែម ឡី អ្នកវិភាគនយោបាយឃើញទេ? ដែលគាត់បានលើកឡើង នែ! Global Witness លើកមុនគាត់បានលើកឡើងអំពីទិដ្ឋភាព ហ៊ុន សែន ពុករលួយ កូនចៅពុករលួយ សល់លុយប៉ុន្មានលាននៅឯណា? ឯកសារ Global Witness មានទាំងអស់។ ច៎ា មានទាំងអស់ ក៏ប៉ុន្តែគេនិយាយតាមឯកសារតើ!»
VOA មិនទាន់អាចទាក់ទងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ដើម្បីសុំការអធិប្បាយអំពីពាក្យបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការថ្លែងរបស់លោកស្រីនៅខេត្តរតនៈគិរី បានទេ នារសៀលថ្ងៃច័ន្ទនេះ។
ប៉ុន្តែលោកស្រីបានប្រាប់ព្រឹត្តប័ត្រព័ត៌មាន The Cambodia Daily កាលពីថ្ងៃអាទិត្យថា លោកស្រីមិនបានថ្លែងថា លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយការសម្លាប់លោក កែម ឡី នោះទេ ហើយលោកស្រីបានអះអាងថា ពាក្យសម្តីរបស់លោកស្រីត្រូវបានគេកាត់ត។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងមិនទាន់ឆ្លើយតបសារអេឡិចត្រូនិក ឬអ៊ីម៉េលនៃ VOA នៅឡើយទេ មកដល់ល្ងាចថ្ងៃច័ន្ទនេះ ទាក់ទិនបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តុលាការក្រុងភ្នំពេញទើបតែបានផ្តន្ទាទោសលោក សម រង្ស៊ី កាលពីចុងខែកក្កដាពីបទ«បរិហារកេរ្តិ៍»លោក ហេង សំរិន ប្រធានសភាជាតិនៅលើទំព័រ Facebook។
លោក កែម ឡី គឺជាអ្នកវិភាគនយោបាយដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ ការស្លាប់របស់លោកកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានផ្តល់ការអធិប្បាយលើរបាយការណ៍របស់អង្គការ Global Witness ដែលបានទម្លាយឲ្យដឹងពីការកសាងទ្រព្យសម្បតិ្តដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
របាយការណ៍អង្គការ Global Witness មានចំណងជើងថា«ការគ្រប់គ្រងដ៏ប្រទូសសារ៉ាយ៖ អាណាចក្រសាជីវកម្មរបស់គ្រួសារអ្នកដឹកនាំកម្ពុជា» ដែលបានចេញផ្សាយជាសាធារណៈកាលពីដើមខែកក្កដា បានបង្ហាញថា គ្រួសាររបស់លោក ហ៊ុន សែន មានភាគហ៊ុនចុះបញ្ជីនៅក្នុងក្រុមហ៊ុនឯកជនក្នុងស្រុកចំនួន ១១៤ ដែលមានដើមទុនចុះបញ្ជីសរុបចំនួនជាង២០០លានដុល្លារអាមេរិក។
ក្នុងចំណោមក្រុមហ៊ុនចំនួន១១៤នេះ មានក្រុមហ៊ុនអាជីវកម្មចំនួន៩បានត្រួតត្រា យ៉ាងច្រើនលើវិស័យដែលអាចផ្តល់ប្រាក់ចំណេញច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បូករួមទាំងវិស័យ ដែលគេដឹងយ៉ាងទូលំទូលាយថា មានអំពើពុករលួយច្រើន ដូចជាវិស័យរ៉ែ ល្បែងស៊ីសង និងអចលនទ្រព្យ។
របាយការណ៍កម្រាស់ជាង៥០ទំព័រនេះ បានឲ្យដឹងបន្ថែមថា លោក ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេលំដាប់ទី៦នៅក្នុងពិភពលោក ពោលគឺក្តាប់អំណាចរយៈពេលជាង៣០ឆ្នាំ ដែលមានការបន្លំសន្លឹកឆ្នោត និងការដាក់គំនាបយ៉ាងខ្លាំងក្លាលើគណបក្សនយោបាយប្រឆាំង តាមរយៈការធ្វើទុក្ខបុកម្នេញ និងការចាប់ដាក់ពន្ធនាគារតាមអំពើចិត្ត៕