នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានប្រាប់ក្រុមអ្នកនយោបាយជំទាស់ឲ្យស្វះស្វែងសុំសិទ្ធិធ្វើនយោបាយឡើងវិញ នៅមុនពេលពួកគេបាត់ឱកាសសុំសិទ្ធិនេះនៅក្រោយបុណ្យចូលឆ្នាំខ្មែរ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយក្នុងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលប្រទេសជប៉ុន ដោយមានលោក Horinouchi Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចូលរួមនោះលោក ហ៊ុន សែន ថ្លែងថា ពេលវេលាសម្រាប់ការសុំសិទ្ធិធ្វើនយោបាយនេះ គឺអាចនឹងត្រូវបញ្ចប់នៅក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
«ខ្ញុំគ្រាន់តែឲ្យសារចុងក្រោយសម្រាប់អ្នក ហើយបើព្រងើយកន្តើយ ទា្វរនឹងអាចបិទ នៅមុនចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរ ទោះបីបើអ្នកដាក់លិខិតសុំ ក៏ខ្ញុំមិនអើពើរឿងវាតែប៉ុណ្ណឹង»។
លោក ហ៊ុន សែន បានព្រមានមួយដងជាពីរដងទៀតថា គ្មានការចរចានយោបាយណាមួយ ដែលអាចបើកផ្លូវឲ្យមានការដោះលែងប្រធានគណបក្សជំទាស់លោក កឹម សុខា នោះទេ ហើយអ្នកដែលចង់ចូលរួមជីវិតនយោបាយនៅកម្ពុជាវិញនោះ ត្រូវតែប្រញ៉ាប់ដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយនៅក្រសួងមហាផ្ទៃ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំមួយថ្មីបង្ហាញបែបបទ និងនីតិវិធីលម្អិតដើម្បីលើកទឹកចិត្តឱ្យអ្នកនយោបាយគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការហាមឃាត់សុំសិទ្ធិធ្វើនយោបាយវិញ។ ប៉ុន្តែថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងនេះបានបដិសេធចោល ហើយនៅតែរក្សាជំហរមិនព្រមធ្វើតាមការចង់បានរបស់គណបក្សកាន់អំណាច។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បន្តការពារជំហរមិនសុំសិទ្ធិធ្វើនយោបាយពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអ្នកស្រីបានចោទថា នៅប្រឈមខ្វះភាពស្របច្បាប់ បន្ទាប់ពីការបោះឆ្នោតមួយដែលគ្មានគណបក្សប្រឆាំងចូលរួមកាលពីខែកក្កដា ឆ្នាំ២០១៨។
អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ប្រាប់ VOA តាមសារឆ្លើយឆ្លងអេឡិចត្រូនិកមួយថា លោកហ៊ុន សែន កំពុងមើលស្រាលឆន្ទៈប្រជាពលរដ្ឋខ្មែរកន្លះប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ដោយការសម្លុតឲ្យអ្នកនយោបាយដែលមិនរណបនឹងលោកទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលការណ៍នេះផ្ទុយពីការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយ។
លោកស្រីបន្ថែមថា៖
«យើងសូមបញ្ជាក់ថា បើលោកហ៊ុន សែន គាត់ថា គាត់ធ្វើច្បាប់ ដើម្បីឲ្យយើងខ្ញុំ ទៅសុំទោស។ បើសិនជាច្បាប់ តើច្បាប់ហ្នឹង ហេតុអីបានជាត្រូវចប់ក្រោយឬមុន ចូលឆ្នាំខ្មែរហេតុអី? ច្បាប់ គឺច្បាប់ អ៊ីចឹង ជាការឡប់ឡែមែនទែន ដែលលោកនាយករដ្ឋមន្ត្រីក្រៅផ្លូវការ គាត់ធ្វើអ្វីស្រេចតែតាមផ្លូវចិត្តរបស់គាត់។ នេះមិនមែនជានីតិរដ្ឋទេ ពីព្រោះគាត់មិនមែនជា នាយករដ្ឋមន្ត្រីពេញលេញ ដូច្នេះគាត់ធ្វើអ្វី គឺគាត់អត់មានគោរពនីតិរដ្ឋទេ»។
បន្ទាប់ពីការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយកាលពីឆ្នាំ២០១៨រួចមកនោះ មានមន្ត្រីមកពីគណបក្សប្រឆាំងបីរូបក្នុងចំណោមមន្ត្រី១១៨រូប ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេលប្រាំឆ្នាំនោះ បានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
មន្ត្រីទាំងបីនាក់នោះ មានលោក គង់ គាំ អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី និងកូនប្រុសរបស់លោកម្នាក់ គឺលោក គង់ បូរ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា មកដល់ពេលនេះ មានមន្ត្រីគណបក្សប្រឆាំងបីនាក់ប៉ុណ្ណោះ បានសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
លោកថា តាមព័ត៌មានក្រៅផ្លូវការ អាចនឹងមានមន្ត្រីជាង២០នាក់ទៀត នឹងមកសុំសិទ្ធិនយោបាយ ដែលពួកគេភាគច្រើនមកពីកូតាគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។
«យើងដឹងក្រៅផ្លូវការទេ មានក្រុមដែលនៅក្នុង ជារួមប្រមាណជាង២០នាក់ទៀតណ៎ោះ តាមតែខ្ញុំដឹងទេណ៎ា! ប៉ុន្តែតាមជំនាញគេទេ ប៉ុន្តែវាឥឡូវនេះ គឺកំពុងគិតគូរហ្នឹងហើយតាមតែខ្ញុំដឹង គិតគូរដល់បំបែក បំបែកតាមការណែនាំរបស់ក្រសួងម្នាក់ៗនែ៎! ដូច្នេះ នៅមានច្រើនទៀត»។
អាជ្ញាធរកម្ពុជាបានធ្វើទុក្ខបុកម្នេញគណបក្សសង្គ្រោះជាតិក្រោយពីគណបក្សនេះទទួលបានការគាំទ្រកើនឡើងខ្លាំងក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ និងបន្តកើនឡើងនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ ដោយមានអ្នកគាំទ្រជាង៤០ភាគរយ។
បច្ចុប្បន្ន លោក កឹម សុខា ប្រធានគណបក្សប្រឆាំងដ៏ធំមួយនេះ កំពុងជាប់ឃុំនៅក្នុងលំនៅដ្ឋានក្នុងរាជធានីភ្នំពេញក្រោមបទចោទប្រកាន់ថា បានឃុបឃិតជាមួយនឹងបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល ហើយសហគមន៍អន្តរជាតិបានទាមទារឱ្យដោះលែងលោកដោយគ្មានលក្ខខណ្ឌ។
ចំណែកលោក សម រង្ស៊ី បានភៀសខ្លួនចេញពីប្រទេសកម្ពុជា នៅមុនការរំលាយគណបក្សសង្គ្រោះជាតិ ដើម្បីបញ្ចៀសពីការចាប់ដាក់ក្នុងពន្ធនាគារដោយអាជ្ញាធររបស់កម្ពុជា។ លោកហ៊ុន សែន ក៏បានព្រមានវាយខ្នោះលោក សម រង្ស៊ី ប្រសិនបើអតីតប្រធានគណបក្សប្រឆាំងរូបនេះ មកដល់ប្រទេសកំណើតរបស់លោក។
នៅថ្ងៃច័ន្ទនេះ លោក ហ៊ុន សែន ដែលបានកាន់អំណាចជាងបីទសវត្សរ៍មកនោះ ក៏បានបន្តព្រមានដកមន្ត្រីរាជការទាំងឡាយណា ដែលប្រព្រឹត្តខុសក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ហើយថាការដកតំណែងរបស់មន្ត្រីណាមួយនោះ នឹងអាចធ្វើឡើងមិនដល់៣០នាទីនោះទេ។
ការព្រមានដកមន្ត្រីរាជការនៃរាជរដ្ឋាភិបាលកម្ពុជាជាថ្មីរបស់លោក ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីការដកអភិបាលរងខេត្តព្រះសីហនុពីររូប ក្រោយហេតុការណ៍បង្ក្រាបហិង្សាមួយលើពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តស្ថិតនៅប៉ែកនិរតីរបស់ប្រទេស។
លោក ហ៊ុន សែន បានក្រើនរំឭកឲ្យមន្ត្រីរាជការត្រូវមានការប្រុងប្រយ័ត្នក្នុងការបំពេញការងារសាធារណៈរបស់ខ្លួន បើមិនចង់ប្រឈមនឹងការដកចេញពីតួនាទីតែក្នុងរយៈពេលយ៉ាងខ្លីនោះ។
«សុំផ្ញើសារឲ្យមន្ត្រីនានាប្រយ័ត្នប្រយែង ខ្ញុំគ្មានការចាំបាច់ ដើម្បីនឹងនិយាយជាមួយរដ្ឋមន្ត្រី ការពារជាតិ រដ្ឋមន្ត្រីមហាផ្ទៃ ក្នុងការដកចៅហ្វាយស្រុក ដកខេត្ត ដកមេទាហាន មេប៉ូលិស ក្នុងដែនសមត្ថកិច្ចរបស់ខ្ញុំទេ ព្រោះអាល័យតែសួរអស់លោក ៥ខែក្រោយមក មិនទាន់ឆ្លើយតប អ៊ីចឹងទេខ្ញុំប្រើប្រាស់ ត្រឹមតែ១៥នាទី គឺគ្រប់គ្រាន់ហើយ គ្រាន់តែវាយហើយ និងបោះត្រាហើយ ស៊ីញ៉េគឹប Facebook ខ្ញុំនៅក្នុងដៃ បង្ហោះឯងគឹប»។
កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ លោកហ៊ុន សែន បានចេញអនុក្រឹត្យមួយ ដកមុខតំណែងលោកស្រ៊ុន ស្រ៊ន់ និងលោកផៃ ប៊ុនវណ្ណៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ។ មន្ត្រីទាំងពីរនេះ ក៏ប្រឈមនឹងការស៊ើបអង្កេតបន្ថែមទៀតដោយអង្គភាពប្រឆាំងអំពើពុករលួយនិងក្រសួងមហាផ្ទៃ។
នៅមុនការដកចៅហ្វាយរងខេត្តព្រះសីហនុ ទាំងពីរនេះ លោក ហ៊ុន សែន ក៏បានសម្រេចលុបឈ្មោះមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថម្នាក់ដែរ គឺលោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ក្រោយពីមានវីដេអូមួយបង្ហាញថា លោក គឹម រស្មី បានចែកលុយរាប់ម៉ឺនដុល្លារដល់កូនៗរបស់ខ្លួន។
ការសម្រេចដកមន្ត្រីស៊ីវិល និងមន្ត្រីក្នុងកងកម្លាំងប្រដាប់អាវុធជាបន្តបន្ទាប់នេះ ត្រូវបានលោក ហ៊ុន សែន ចាត់ទុកថា ជាដំណាក់កាលវះកាត់ ឬតាមអ្វីដែលលោកហៅថា ការអនុវត្តអភិក្រមទី៥។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងទៀតថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានសិទ្ធិពេញទី ក្នុងការដកមន្ត្រីណាមួយ ដែលមានការប្រព្រឹត្តិឆ្គាំឆ្គងក្នុងមុខងារផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។
«ក្នុងរដ្ឋាភិបាល រដ្ឋាភិបាលរបស់លោកអ្នកដឹកនាំ លោកទទួលខុសត្រូវចំពោះសភា ចំពោះប្រជាពលរដ្ឋជាទូទៅ»។
ក៏ប៉ុន្តែ អ្នកស្រី មូរ សុខហួរ បានលើកឡើងថា ការដកមន្ត្រីកាលពីពេលកន្លងមកនោះ គ្រាន់តែជាដំណើរដោះស្រាយបញ្ហាតាមករណីជាក់ស្តែងមួយៗប៉ុណ្ណោះ។
អ្នកស្រីថា កំណែទម្រង់ជាប្រព័ន្ធពីលើដល់ក្រោម ទើបជាដំណោះស្រាយសមស្របមួយ សម្រាប់កំណែទម្រង់រដ្ឋបាលសាធារណៈ ដែលអ្នកស្រីយល់ថា កំពុងហ៊ុមព័ទ្ធដោយអំពើពុករលួយ និងបក្សពួកនិយម ហើយជារឿយៗ ក្រុមមន្ត្រីបានប្រើបា្រស់កងកម្លាំងប្រដាប់អាវុធ ដើម្បីឆ្លើយតបក្រុមអ្នកតវ៉ា ដែលជាពលរដ្ឋសាមញ្ញ។
អ្នកស្រីបានបន្ថែមថា៖
«ករណីដែលយកទាហានបាញ់ប្រជាពលរដ្ឋ រឿងដីធ្លីនេះ មិនមែនមានតែមួយហ្នឹងណ៎ា! មិនមែនមានតែម្តងហ្នឹងតើ រាប់សិបឆ្នាំទៅហើយ ហើយយើងមើល តើយុត្តិធម៌នៅឯណា? ប្រជាពលរដ្ឋលោកស្លាប់ ប្រជាពលរដ្ឋនៅជាប់ពន្ធនាគារនៅឡើយទេ ប្រជាពលរដ្ឋបាត់បង់ខ្លួនទៅទៀត ប្រជាពលរដ្ឋចំណាកស្រុក រត់គេចពីផ្ទះសម្បែង ពីគ្រួសាររបស់ខ្លួន តើដោះ បានដោះជូនគាត់ទេ? តើគ្រួសាររបស់គាត់ដែលយំស្រែករាល់ថ្ងៃនោះ បានដោះជូនគាត់ទេ? បានត្រឹមខេត្តព្រះសីហនុមួយ ចុះខេត្តព្រះវិហារដែលកំពុងមានអ្នកបាត់ខ្លួននោះ? ជាក៏ទង្វើរបស់ទាហាននៅព្រះវិហារ ហើយត្រូវការអីយកទាហានទៅការពារ ដីឧកញ៉ាម៉ារឌី អាហ្នឹងមានគិតទេរឿងហ្នឹង? ហើយចុះស្អែកគិតរឿងអីទៀតទៅ ខានស្អែកគិតរឿងអីទៀតទៅ?»
ការក្រើនរំឮករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដល់មន្ត្រីគណបក្សប្រឆាំងឲ្យសុំសិទ្ធិនយោបាយឡើងវិញ និងវិធានការវះកាត់មន្ត្រីរងការចោទថាបានប្រព្រឹត្តអំពើពុករលួយ និងធ្វើបាបប្រជាពលរដ្ឋចេញពីតួនាទីនោះ ត្រូវគេមើលឃើញថាបានធ្វើឡើង នៅចំពេលដែលសហភាពអឺរ៉ុប បានផ្តើមនីវិធីផ្លូវការ រៀបចំដកកម្ពុជាចេញពីប្រព័ន្ធឋានៈអនុគ្រោះពន្ធរបស់ខ្លួន ដោយសារតែការរំលោភលើដំណើរការប្រព័ន្ធប្រជាធិបតេយ្យ។
យ៉ាងណាក្តី សហភាពអឺរ៉ុប បានទុកពេលឲ្យប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ១៨ខែ ដើម្បីកែខៃស្ថានការណ៍នៃការគោរពសិទ្ធិមនុស្ស ការបើកទូលាយដល់ប្រតិបតិ្តការរបស់អង្គការសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ នៅមុនពេលធ្វើការសម្រេចចុងក្រោយនៅខែសីហា ឆ្នាំ២០២០ ថាតើត្រូវទុកកម្ពុជាឲ្យទទួលបានប្រព័ន្ធឋានៈអនុគ្រោះពន្ធនេះ ឬយ៉ាងណា។
កម្ពុជាចំណេញបានប្រមាណ ៧០០លានដុល្លារសហរដ្ឋអាមេរិក ពីការរួចពន្ធលើការនាំទំនិញចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុបក្នុងមួយឆ្នាំៗ ក្រោមកម្មវិធី «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬហៅថា EBA៕