គណៈកម្មការ​ព្រំដែន​កម្ពុជា​-វៀតណាម​ជួប​ប្រជុំ​នៅ​ភ្នំពេញ

  • នៅ វណ្ណារិន

អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​វៀតណាម​និយាយ​ទៅ​កាន់​អ្នក​បក​ប្រែ​ នៅ​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារជាមួយ​លោក វ៉ា គឹមហុង​ ប្រធាន​គណៈ​កម្មការចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ក្នុង​ជំនួប​កិច្ច​ពិភាក្សា​ព្រំដែន​ នៅ​ឯ​ទី​ស្តីការ​គណៈ​រដ្ឋ​មន្រ្តី​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា​ ឆ្នាំ​២០១៥។​ ​ប្រធាន​គណៈ​កម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នឹង​​ជួប​ចរចា​កិច្ចការ​បោះ​បង្គោល​ព្រំ​ដែន​គោក​ កម្ពុជា​-វៀតណាម​ រួម​ទាំង​បញ្ហា​បាតុភាព​នៅ​តាម​ព្រំដែន​នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ​ ។ (នូវ​ ពៅ​លក្ខិណា​/VOA)

គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​និង​វៀតណាម​បាន​ចាប់ផ្តើម​ពិភាក្សា​រឿង​ព្រំដែន​សារ​ជា​ថ្មី​នៅថ្ងៃ​អង្គារនេះ​បន្ទាប់ពីមានបាតុភាព​រឿង​ព្រំដែន​កម្ពុជា​វៀតណាម​ចាប់​ផ្តើមមាន​ភាព​តាន​តឹង​សារ​ជា​ថ្មី​។​ មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​បាន​អះអាង​ថា​ការ​ចរចាទ្វេ​ភាគី​ ​ដែល​មានរយៈ​ពេល​៣ថ្ងៃ​នឹង​ពិភាក្សា​លើ​បញ្ហាធំៗទាក់​ទិន​នឹង​ការ​ជីក​ស្រះ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​វៀ​ណាម​ និង​ការ​កំណត់​បោះ​បង្គោល​ព្រំដែន​បន្ត​ទៀត។ ​

នៅ​ក្នុង​កិច្ច​ប្រជុំ​បិទទ្វា​រនាទីស្តី​ការគណៈ​រដ្ឋមន្ត្រី យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​កិច្ចការ​ព្រំដែន​កម្ពុជា​និង​វៀតណាម​ម្ខាង​១០ រូប ​បាន​ចូលរួមពិភាក្សា​។​ ​ លោក​ វ៉ា គឹមហុង​ សហ​ប្រធាន​គណៈ​កម្មការចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​វៀត​ណាម​បាន​ប្រាប់​VOA​ ខេមរភាសា​បន្ទាប់​ពី​ជំ​នួប​ថា​ការ​ពិភាក្សា​នឹង​នៅ​តែ​បន្ត​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​ផ្តោត​លើ​បញ្ហាធំៗ​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​រួម​ទាំង​បាតុភាព​តាម​ព្រំដែន​ផង​ដែរ​។​ ក៏ប៉ុន្តែ​មិនទាន់​មាន​កា​រសម្រេច​អី្វ ជា​ដុំ​កំភួន​នៅ​ឡើយ​នោះ​ទេ​នាថ្ងៃទីមួយ​នេះ។​ ​

​«​គឺបញ្ហាដូច​យើង​បាន​ប្រាប់​កាល​ពី​មុន​ បញ្ហា​ដែល​នៅ​សេស​សល់​គគោក​ ​ដូច​ជា​បញ្ហា​បាតុ​ភាព​អ្វី​ទាំងអស់​ហ្នឹង ដូច​មាន​នៅ​ក្នុង​របៀបវារៈ​។​ វាមិនមែនរឿង​ជីក​ស្រះ​នោះ​ទេ​គឺ​បញ្ហា​នៅ​ក្នុង​តំបន់​នោះ ​ព្រោះ​បញ្ហា​នៅ​តំបន់​នោះ​មិន​ទាន់​បាន​ដោះ​ស្រាយ​ឯ​ណា​»​។​

​លោក វ៉ា គឹមហុង​ ប្រធាន​គណៈ​កម្មការចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ និយាយ​ទៅ​កាន់​សមភាគី​វៀត​ណាម​គឺ​លោក​ Ho Xuan Son អនុរដ្ឋមន្រ្តីក្រសួង​ការបរទេសវៀតណាម ​នៅ​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​ក្នុងទី​ស្តីការ​គណៈ​រដ្ឋ​មន្រ្តី​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា​ ឆ្នាំ​២០១៥។​ ​ប្រធាន​គណៈ​កម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នឹងជួប​ចរចា​កិច្ចការ​បោះ​បង្គោល​ព្រំ​ដែន​គោក​ កម្ពុជា​-វៀតណាម​ រួម​ទាំង​បញ្ហា​បាតុភាព​នៅ​តាម​ព្រំដែន​នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ​ ។ (នូវ​ ពៅ​លក្ខិណា​/VOA)

​លោក​ វ៉ា គឹមហុង​ បាន​បន្ត​ថា​ ៖​

«អត់ទាន់​មាន​អ្វី​ទេ​ យើង​ប្រជុំធម្មតា​ វា​បី​ថ្ងៃ​ឯណោះ​ យើង​អត់​ទាន់​មាន​លទ្ធផល​អី្វ​ជា​ដុំ​កំភូន​នៅ​ឡើយ​ទេ​ យើង​នៅ​បន្តទៀត​ វា​ទើប​តែ​មួយ​កំណាត់ថ្ងៃ​ មួយ​ព្រឹក​អញ្ចឹង​ យើង​អត់​ទាន់​ចូល​ជា​ស៊ី​ជម្រៅ​ឯណា​»​។​

Your browser doesn’t support HTML5

គណៈកម្មការ​ព្រំដែន​កម្ពុជា-វៀតណាម​ជួប​ប្រជុំ​នៅ​ភ្នំពេញ

​ពេល​ថ្មីៗនេះបញ្ហាព្រំដែន​កម្ពុជា​វៀតណាម​បាន​ឡើង​កំ​ដៅ​សារ​ជា​ថ្មី​បន្ទាប់​ពី​វៀតណាម​បាន​ជីក​ស្រះ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​នា​ខេត្ត​រតនគិរី​និងសាងសង់ប៉ុស្តិ៍​យោធានៅជាប់​ព្រំដែន​ខេត្ត​កណ្តាល​ផង​ដែរ​ ដែល​ជា​ចំណុច​មិន​ទាន់​មាន​ការ​ឯកភាព​គ្នានោះ​។​

​គណបក្ស​ជំទាស់​ដែល​មាន​សំឡេង​ភាគតិចនៅរដ្ឋ​សភា​ចោទ​ថា រដ្ឋបាលលោក​ហ៊ុន សែន​ ​កំពុង​ប្រើ​ប្រាស់​ផែន​ទី​ចម្លងនិង​មិនផ្លូវការ​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​វៀត​ណាម​និង​មាន​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​។​

កាល​ពី​ថ្ងៃច័ន្ទ​កន្លង​ទៅ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ សរសេរ​លិខិត​ផ្ញើ​ទៅ​កាន់​លោក​ បាន គីមូន​ (Ban Ki-moon) អគ្គ​លេខាធិការ​ ​អង្គការ​សហប្រជាជាតិដើម្បីស្នើ​សុំខ្ចី​ផែនទី​ដើម​ទាំង​អស់​ ខ្នាត១ភាគ​១០០.០០០​ ​ដែល​បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្រ្ត​ឥណ្ឌូចិន​ ដើម្បី​បំបាត់​មន្ទិល​សង្ស័យ​ទាំង​នោះ​។ ផែនទី​ខ្នាត​១ភាគ​១០០ពាន់ នេះ​ត្រូវ​បាន​ ព្រះ​បាទព្រះ​បរម​រតនកោដ្ឋ​ នរោត្តម​ សីហនុ​ បាន​យក​ទៅ​តម្កល់​ទុក​នៅ​ ក្នុង​អង្គការ​សហ​ប្រជា​ជាតិ​ចាប់​តាំង​ពី​ឆ្នាំ​១៩៦៤​ មក​ម្ល៉េះ​។​

លោក​ វ៉ា គឹមហុង​បញ្ជាក់ថា​ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី ​អគ្គ​លេខាធិកា​ ​អង្គការ​សហ​ប្រជាជាតិ​។​

ជា​មួយ​គ្នា​នោះ​ដែរ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ស្វាយរៀង​លោក​ រៀល ខេមរិន្ទ្រ​បាន​សរសេរ​លិខិត​ផ្លូវ​ការ​មួយ​ដើម្បី​អញ្ចើញ​លោក​ វ៉ា គឹមហុង​ ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​២០២​និង​២០៣​ ស្ថិតក្នុង​ស្រុក​កំពង់​រោទ៍​ខេត្ត​ស្វាយរៀង​។ នេះ​បើ​យោង​តាម​លិខិតមួយ​ដែល​ចុះ​ថ្ងៃ​ច័ន្ទ​ទី៦ខែកក្កដានេះ​។​

តាម​លិខិត​ដដែល​នេះ​ លោករៀល ខេមរិន្ទ្រ និង​សកម្មជន​ព្រំដែន​នឹង​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែននា​ថ្ងៃ​អាទិត្យ​ទី១៩ ខែកក្កដា​ខាង​មុខ​។​

លោក​ វ៉ា គឹមហុង ​ថ្លែង​ថា ​លោក​មិនទាន់​បាន​ឃើញ​លិខិត​អញ្ជើញ​នោះ​នៅ​ឡើយ​ទេ​ ហើយ​វា​ក៏​គ្មាន​ភាព​ចាំ​បាច់​សម្រាប់​រូប​លោក​ក្នុង​ការ​ចូលរួម​ធ្វើ​ទស្សន​កិច្ច​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ដែរ​៕