លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីសៅរ៍ បានថ្លែងទៅកាន់មេដឹកនាំពិភពលោកក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិថា ការដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបពីកម្ពុជា គឺជាការសម្រេចដោយមាន«ភាពលម្អៀង»និង«អយុត្តិធម៌»។
លោក ហ៊ុន សែន បានថ្លែងបែបនេះ តាមរយៈវីដេអូថតទុកមួយ ដែលបង្ហាញនៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥ ក្រោមមូលបទ «អនាគតដែលយើងចង់បាន អង្គការសហប្រជាជាតិដែលយើងត្រូវការ៖ ការបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នាសារជាថ្មីរបស់យើងចំពោះពហុភាគីនិយម- សកម្មភាពពហុភាគីប្រកបដោយប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩» នៅសាលប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ក្នុងវីដេអូថតទុកប្រមាណ២០នាទី លោក ហ៊ុន សែន បានលើកចំណុចមួយអំពី«ការបដិសេធចំពោះភាពអយុត្តិធម៌»។ ត្រង់ចំណុចនេះ លោក ហ៊ុន សែន ថ្លែងថា ប្រទេសកម្ពុជាស្រឡាញ់សន្តិភាព និងប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ ប៉ុន្តែវាជារឿងគួរឲ្យសោកស្តាយ ដែលប្រទេសមួយចំនួន ដែលមាន«មហិច្ឆតានយោបាយ និងរបៀបវារៈឱកាសនិយមលាក់ពុត» ដែលធ្វើឲ្យកម្ពុជាត្រូវប្រឈមមុខដោយ«ស្តង់ដារទ្វេ»។ ត្រង់ចំណុចនេះ លោក ហ៊ុន សែន បន្ថែមថា វាជាការសម្រេចចិត្តក្នុងការដាក់ទណ្ឌកម្មកម្ពុជា ដែលលោកថា«មានភាពលម្អៀង និងមានចេតនានយោបាយ»។
លោក ហ៊ុន សែន ថ្លែងថា៖ «ការដែលសហភាពអឺរ៉ុបដកហូតEBAមួយផ្នែកនៅពេលនេះ នៅពេលដែលប្រទេសនេះកំពុងប្រឹងប្រែងតស៊ូជម្នះជំងឺរាតត្បាតកូវីដ១៩ គឺជារឿងច្រំដែលនៃប្រវត្តិសាស្រ្ត។ ទោះជាយ៉ាងណា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ដូចដែលខ្លួនធ្លាប់បានធ្វើអស់រយៈពេល៤០ឆ្នាំកន្លងមកនេះ ក្នុងការការពារនូវអ្វីដែលខ្លួនជឿជាក់ថាមាគ៌ាដ៏ត្រឹមត្រូវ នោះគឺការគោរពអធិបតេយ្យភាព និងការថែរក្សាសន្តិភាពដែលកសាងបានយ៉ាងលំបាកលំបិន និងទទួលបាននូវការសាទរពេញទំហឹងដោយប្រជាជាតិកម្ពុជាទាំងមូល…»។
កាលពីថ្ងៃទី១២ ខែសីហា សហភាពអឺរ៉ុបបានបន្ថយការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម«គ្រប់មុខទំនិញលើកលែងសព្វាវុធ ឬ Everything But Arms (EBA)» ដោយចាប់ផ្ដើមយកពន្ធចំនួន២០ភាគរយលើទំនិញកម្ពុជា ជាការឆ្លើយតបនឹងការ «រំលោភបំពានជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ» លើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ក្រោយការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ។
កន្លងទៅ លោក ហ៊ុន សែន បានលើកឡើងថា គណបក្សប្រឆាំងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ៕