លោក ​ហ៊ុន សែន ​ថា​កូន​ប្រុស​របស់​លោក​ត្រូវ​ប្រកួត​ប្រជែង​ក្នុង​ជំនាន់​អ្នក​ដឹកនាំ​ថ្មី​ មិន​មែន​ចាស់​នោះ​ទេ​

រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ដោយ​មាន​កូន​ប្រុស​ច្បង​​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត ​នៅ​ពី​ក្រោយ ក្នុង​ពិធី​ត្រួត​ពល​មួយ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩។ (AFP)

នៅ​ក្នុង​ការ​បកស្រាយ​ដើម្បី​កុំ​ឲ្យ​មាន​ការ​លើក​ឡើង​ថា​កូន​ប្រុស​របស់​លោក​នឹង​ប្រកួត​ប្រជែង​ជាមួយ​អ្នក​ដឹកនាំ​ជើង​ចាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ អះអាង​ថា​ការ​ប្រកួត​ប្រជែង​សម្រាប់​បេក្ខភាព​នាយករដ្ឋមន្ត្រី​គឺ​ធ្វើ​ឡើង​ក្នុង​ចំណោម​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ​តែ​ប៉ុណ្ណោះ។​

ក្នុង​ន័យ​នេះ​លោក​ ហ៊ុន សែន ​អះអាង​ថា​លោក​នឹង​បន្ត​កាន់​អំណាច​យ៉ាង​ហោច​ណាស់​គឺ​៨​ទៅ​១០​ឆ្នាំ​ទៅ​មុខ​ទៀត​ហើយ​ពេល​នោះ​ថ្នាក់​ដឹកនាំ​របស់​បក្ស​ចាស់ៗ​ក៏​នឹង​លែង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​សម្រាប់​បេក្ខភាព​នាយករដ្ឋមន្ត្រី។​

លោក​ ហ៊ុន សែន​ ថ្លែង​ដូច្នេះ​នៅ​ពេល​មាន​ការ​អះអាង​ថា​លោក​ស ខេង​ដែល​ជា​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​អាច​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ ហើយ​វា​អាស្រ័យ​លើ​ពេល​វេលា​ដែល​លោក​ ហ៊ុន សែន​ ឈប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី។​

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​ជាតិ​លេខ​១១​ក្នុង​ខេត្ត​ព្រៃវែង​ លោក​ ហ៊ុន សែន​ ដែល​កាន់​អំណាច​ជិត​៣៧​ឆ្នាំ​មក​ហើយ​ថ្លែង​ថា៖​«មេ​ដឹកនាំ​សព្វ​ថ្ងៃ​ដែល​កំពុង​នៅ​[គឺ]​ពេល​ដែល​គេ​ចូល​ធ្វើ​ការ​គេ​បាន​ពរ​ហ៊ុន ម៉ាណែត​លេង​ផង។​ អ៊ីចឹង​មិន​អាច​យក​ ហ៊ុន ម៉ាណែត​ ទៅ​ធ្វើ​ប្រធាន​អ្នក​ទាំង​ហ្នឹង​ទេ។​ អ្នក​មេ​ដឹកនាំ​សំខាន់ៗដល់​ចេញ​គឺ​ចេញ​ទាំង​អស់​គ្នា​តែម្តង​ហើយ​ដាក់​equip​[ក្រុម]​ថ្មី​ចូល»។​

លោក​ថ្លែង​បន្ត​ថា៖​«អ៊ីចឹង​លទ្ធភាព​មិន​អាច​មុន​ព្រឹត្តិការណ៍​ឆ្នាំ​២០២៨​ទេ អាច​ក្នុង​ចន្លោះ​ឆ្នាំ​២០២៨​ ឆ្នាំ​២០២៩​ឬ​ឆ្នាំ​២០៣០។ អ៊ីចឹង​ត្រូវ​រង់ចាំ។​វិធី​តែមួយ​ដែល​អាច​ដូរ​ទិស​បាន​ត្រូវ​ធ្វើ​ឃាត​ហ៊ុន សែន​ឲ្យ​បាន។​សម្លាប់​ ហ៊ុន ​សែន ​ឲ្យ​បាន​ឬ​សុខភាព​ ហ៊ុន សែន​ ស្លាប់​ឬ​ត្រូវ​ធ្វើ​ឃាត​ ហ៊ុន សែន​ ដើម្បី​ប្តូរ​ទិស​នយោបាយ»។​

កាល​ពី​សប្តាហ៍​មុន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​គាំទ្រ​ឲ្យ​កូន​ប្រុស​ច្បង​របស់​លោក​គឺ​លោក​ ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​អនាគត។​ ហើយ​បន្ទាប់​មក​ក្រសួង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ដែល​រួម​មាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ក្រសួង​សេដ្ឋកិច្ច​និង​ហិញ្ញវត្ថុ​ក្រសួង​សាធារ​ណការ​និង​ដឹក​ជញ្ជូន​ក្រសួង​បរិស្ថាន​ក្រសួង​ប្រៃសណីយ៍​ជាដើម​បាន​ចេញ​សេចក្តី​ប្រកាស​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​លោក​ ហ៊ុន ម៉ាណែត។​ ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ការ​ប្រកាស​គាំទ្រ​ពី​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ​នៅ​ឡើយ​ទេ។​

រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីប្រគល់និងទទួលរថយន្តជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​ជាតិ​លេខ​១១​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​លោក​ ហ៊ុន សែន​ ថ្លែង​បន្ត​ថា​មន្ត្រី​ធំៗ​របស់​គណបក្ស​អាច​ត្រៀម​ដាក់​កូន​របស់​ពួក​គេ​សម្រាប់​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី​ដើម្បី​ប្រកួត​ប្រជែង។ លោក​បន្ថែម​ថា​ក្រៅ​ពី​កូន​របស់​លោក​លោក​មើល​ឃើញ​បេក្ខជន​ពី​គណបក្ស​យ៉ាង​តិច​៣​នាក់​ទៀត​សម្រាប់​បេក្ខភាព​នាយក​រដ្ឋមន្ត្រី។​ ប៉ុន្តែ​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​ឡើយ។​ លោក​ឲ្យ​ដឹង​ថា​លោក​លម្អៀង​ទៅ​កូន​ប្រុស​របស់​លោក​ដោយ​លោក​ថា​ឪពុក​គ្រប់គ្នា​តែង​តែ​ចង់​ឲ្យ​កូន​ធ្វើ​ធំ។​

បើ​តាម​លោក ហ៊ុន សែន​ លោក​បាន​ឲ្យ​មនុស្ស​របស់​លោក​ចុះ​ទៅ​តាម​ផ្សារ​ឬ​ហាង​កាហ្វេ​ដើម្បី​ធ្វើ​ការ​ស្ទង់​មតិ​ឬ​ការ​យល់​ឃើញ​របស់​ប្រជា​ពលរដ្ឋ​នូវ​ការ​ប្រកាស​របស់​លោក។​

លោក​បញ្ជាក់​ថា៖​ «ប៉ុន្មាន​ថ្ងៃ​នេះ​ខ្ញុំ​ឲ្យ​មនុស្ស​ដើរ​តាម​ផ្សារ​ដែរ។ គេ​និយាយ​តាម​មួយ​បែប​របស់​គេ​ តាម​អ្នក​តុ​កាហ្វេ។​ គេ​ថា​ក្រៅ​ពី​ត្រកូល​ហ៊ុន​មិន​ដឹង​ទុក​ចិត្ត​អាណា​ទេ​...។​ អាហ្នឹង​ជា​ភាសា​គាត់​...​អាក្រក់​បន្តិច»។​

លោក​ ហ៊ុន ម៉ាណែត ​អាយុ​៤៤​ឆ្នាំ​ដែល​បញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត្យ​សភា​យោធា​អាមេរិក​ West Point​ មាន​តំណែង​ជា​អគ្គ​មេ​បញ្ជាការ​រង​កងទ័ព​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក។ លោក​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ចលនា​យុវជន​ថ្នាក់​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០២០។​

លោក​ មាស នី ​អ្នក​វិភាគ​សង្គម​និង​នយោបាយ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទថា​លោក​មាន​ការ​ងឿង​ឆ្ងល់​អំពី​ការ​ប្រកាស​បេក្ខភាព​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នៅ​ពេល​នេះ​ ដោយ​លោក​ថា​ការ​ប្រកាស​ពេល​នេះ​គឺ​វា​ខុស​ពេល​វេលា​បន្តិច​ហើយ​ការណ៍​នេះ​ក៏​ជា​រឿង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ក្នុង​ការ​សម្រេច​ចិត្ត​ផង​ដែរ។​

ប៉ុន្តែ​ម្យ៉ាង​ទៀត​លោក​ថា​នេះ​ក៏​អាច​ជា​ការ​ស្ទង់​មតិ​មួយ​ផង​ដែរ​ប៉ុន្តែ​វា​មិន​ប្រាកដ​ថា​ផ្លូវ​ការ​ឡើយ។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​សម្រាប់​ការ​ប្រកាស​ជា​សាធារណៈ​នៅ​ពេល​នេះ​ ខ្ញុំ​គិត​ថា​អាច​មាន​មូលហេតុ​អ្វីមួយ​ដែល​យើង​អ្នក​ខាង​ក្រៅ​មិន​បាន​ដឹង។​ គ្រាន់​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​មាន​ភាព​មិន​ធម្មតា​មួយ​ដែល​ករណី​នេះ​បាន​ត្រូវ​យក​មក​ប្រកាស​មុន​ពេល​ការ​បោះ​ឆ្នោត​កើត​ឡើង។​ វា​គួរ​តែ​កិច្ច​ការ​នេះ​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ដែល​ត្រូវតែ​ធ្វើការ​ជាមួយ​គ្នា​អ្នក​ដឹក​នាំ​របស់​គណបក្ស»។​

លោក​បន្ថែម​ថា៖​ «ថ្ងៃ​នេះ​ក៏​យើង​ឃើញ​មាន​ខាង​ស្ថាប័ន​ផង​ខាង​បុគ្គល​ផង​ផ្ញើសារ​ទៅ​គាំទ្រ​ផ្សេងៗ។​ប៉ុន្តែ​រឿង​ទាំង​អស់​ហ្នឹង​យើង​មិន​ប្រាកដ​ថា​ការ​គាំទ្រ​វា​ជា​ការ​គាំទ្រ​ផ្លូវ​ការ​ឬ​ក៏​ធ្វើ​ដើម្បី​បំពេញ​បំណង​អ្នក​ដឹកនាំ​អី​បែប​ហ្នឹង​វា​ជា​រឿង​មួយ​ទៀត​ដែល​យើង​មិន​អាច​និយាយ​បាន»។​

លោក ​អៀ សុផល​ អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​និង​ជា​ព្រឹទ្ធ​បុរស​រង​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​នៅ​សាកល​វិទ្យាល័យ​រដ្ឋ​ Arizona​ ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​កាល​ពី​សប្តាហ៍​មុន​ ដោយ​ប្រៀប​ធៀប​ករណី​ដឹកនាំ​ប្រទេស​ក្រោយ​ពី​លោក​ ហ៊ុន សែន ​ទៅ​នឹង​ប្រទេស​សិង្ហបុរី​ដែល​លោក ​Lee Hsieng Loon ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​និង​ជា​កូន​របស់​ថ្នាក់​ដឹកនាំ​មុន។​លោក​បន្ថែម​ថា​លោក​ហ៊ុន ម៉ាណែត​ប្រាកដ​ជា​មាន​អ្នក​គាំទ្រ​បេក្ខភាព​របស់​លោក​សម្រាប់​នាយករដ្ឋមន្ត្រី​ព្រោះ​លោក​ជា​កូន​របស់​លោក​ហ៊ុន សែន។​

លោក​បញ្ជាក់​ថា៖​ «ពួក​គេ​ជឿ​ជាក់​អំពី​ការ​ពង្រឹង​អំណាច​របស់​ពួក​គេ​តាម​រយៈ​ការ​បន្ត​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន»។​

កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០២០​ លោក​ ហ៊ុន សែន​ ក៏​បាន​ព្រលយ​ផង​ដែរ​ថា​ លោក ​អូន ព័ន្ធមុន្នីរ័ត្ន​ ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ហើយ​ជា​អតីត​លេខាធិការ​ផ្ទាល់​របស់​លោក​ក៏​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ផង​ដែរ។​

ប៉ុន្តែ​លោក ​អូន ព័ន្ធ​មុន្នីរ័ត្ន​ ត្រូវ​បាន​សារ​ព័ត៌មាន ​Reuters ​ចុះ​ផ្សាយ​កាល​ពី​កន្លង​ទៅ​ថាមាន​សញ្ជាតិ​ពីរ​គឺ​ខ្មែរ​និង​ស៊ីប​(Cyprus)​ ដែល​ជា​ប្រទេស​មួយ​នៅ​អឺរ៉ុប។ ​ដូច្នេះ​បើ​អនុវត្ត​តាម​ច្បាប់​ដែល​កំណត់​ថា​ អ្នក​កាន់​តំណែង​រដ្ឋ​កំពូល​ដូច​ជា​នាយករដ្ឋមន្ត្រី​ប្រធាន​រដ្ឋសភា​ប្រធាន​ព្រឹទ្ធសភា​ត្រូវ​មាន​សញ្ជាតិ​តែ​មួយ​នោះ​នោះ​លោក ​អូន ព័ន្ធ​មុន្នីរ័ត្ន​ មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បាន​ឡើយ។​ ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ដើម​ខែ​វិច្ឆិកា៕