លោក​ហ៊ុន សែន​បដិសេធ​មិន​ចុះ​ចេញ​ពី​អំណាច​និង​បោះឆ្នោត​ឡើង​វិញ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​អះអាង​ទៀត​ថា​បើ​បាតុកម្ម​ណា​មួយ​ពាក់​ព័ន្ធ​ដល់​សន្តិសុខ​ជាតិ​លោក​សុំ​ឱ្យ​​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតដៃ​ទី​បី។

ភ្នំពេញ៖ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​បាន​ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​បដិសេធ​ថា​លោកនឹង​មិន​ចុះ​ចេញ​ពី​មុខ​តំណែង​និង​រៀបចំ​ការបោះ​ឆ្នោត​ឡើង​វិញ​ទេ​ដោយ​សារ​ផ្ទុយ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ។

ការ​អះអាង​ជាលើក​ដំបូង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ បាន​កើត​មាន​ឡើង​ក្រោយ​ពី​ក្រុម​បាតុករ​ជាច្រើន​ពាន់​នាក់​ដែលដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អស់​រយៈ​ពេល​ជិត​មួយ​សប្តាហ៍​ហើយ​ដើម្បី​ដាក់​សម្ពាធ​ឱ្យលោក​ ហ៊ុន សែន​ ចុះ​ចេញ​ពី​មុខ​តំណែង​និង​ទាម​ទារ​ឱ្យរៀប​ចំបោះ​ឆ្នោត​ឡើង​វិញ។

ក្រុម​បាតុករ​បាន​ជួប​ប្រជុំ​គ្នា​ជារៀង​រាល់​ថ្ងៃ​នៅ​ទីលាន​ប្រជាធិបតេយ្យ​និង​បាន​ដើរ​ក្បួន​ដង្ហែរ​ពាស​ពេញ​ទីក្រុង​ភ្នំពេញ​ដើម្បី​ប្រកាស​ពី​ការទាមទារ​របស់​ខ្លួន។

​កាល​ពី​ម្ស៊ិល​មិញ​នេះ​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា​នឹង​បិទ​ផ្លូវជាតិ​សំខាន់ៗ​បើ​រដ្ឋាភិបាល​ពុំ​ព្រម​ធ្វើ​តាម​ការ​ដែល​ខ្លួន​ចង់បាន​ទេ។

មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯមន្ទីរ​រដ្ឋសភា​ជាតិលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​បញ្ជាក់​ថា​នៅ​កម្ពុជា​មាន​រដ្ឋ​ធម្មនុញ្ញ​មួយ​ដែល​បាន​កំណត់​ខុស​ពី​ប្រទេស​ដទៃ​ដែលនាយករដ្ឋ​មន្ត្រី​អាចប្រកាស​រំលាយ​រដ្ឋសភា។ ​ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា​ទី៧៨ ​បាន​កំណត់​ថា​សភា​ មាននីតិកាល​រយៈពេល​៥​ឆ្នាំសភាមិន​អាចរំលាយមុន​ អណត្តិបាន​ទេ​ លើកលែងតែរាជរដ្ឋាភិបាល​ ត្រូវរំលាយ​ ​២ដងក្នុងរយៈ​ពេល១២​ខែ។​

លោក​បាន​បញ្ជាក់​ថា​នាយករដ្ឋមន្ត្រី​ក៏គ្មាន​សិទ្ធិ ​រំលាយសភា ​ព្រះមហាក្សត្រ ​ក៏គ្មាន​សិទ្ធិ​រំលាយ​សភា ហើយ​សភា​ខ្លួនឯង​ក៏គ្មាន​សិទ្ធិ​រំលាយសភា ​ដូច្នេះ​តើ ​អ្នក​ណាមួយ​មាន​សិទ្ធិ​រំលាយ​សភា​ ដើម្បី​ធ្វើការ​បោះ​ឆ្នោត​ឡើងវិញ​ដូច្នេះ​សូមអ្នក​តវ៉ា​មើលឲ្យច្បាស់​គ្មាន​អ្នក​ណាមាន​សិទ្ធិ​ទាំង​អស់។

លោក​និយាយ​ថា៖​«​ ឥឡូវ​និយាយ​រឿង​ដល់​បាតុកម្ម​បិទ​ផ្លូវ ​ខ្ញុំ​គ្រាន់​តែ​បញ្ជាក់​ថា​បិទ​ផ្លូវ​តើ​វា​ប៉ះពាល់​ដល់​អ្វី​?​មិន​មែន​ប៉ះពាល់​ត្រឹម​រដ្ឋាភិបាល​ ត្រឹម​ស្ថាប័ន​របស់​រដ្ឋ​មួយ​ចំនួន​ទេ​ ប៉ះពាល់​ដល់​ប្រជាជន​ជា​ទង្វើ​ខុស​ច្បាប់។ខ្ញុំ​សូម​ស្នើ​ ទាំង​នេះ​គឺ​ជា​វិធាន​ការ​ដែល​រាជរដ្ឋាភិបាល​និង​ឆ្លើយ​តប​តាម​ផ្លូវ​ច្បាប់។​វាគ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពី​នោះទេ»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​អះអាង​ទៀត​ថា​បើ​បាតុកម្ម​ណា​មួយ​ពាក់​ព័ន្ធ​ដល់​សន្តិសុខ​ជាតិ​លោក​សុំ​ឱ្យប្រុង​ប្រយ័ត្ន​ចំពោះ​បាតដៃ​ទី​បី។

លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អើពើ​និង​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ទេ។

លោក​បាន​អះអាង​ដោយ​ចំអក​ថា​ក្រុម​បាតុករ​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​បន្ត​ទៀត​រហូត​ទាល់​តែ​ការទាមទារ​របស់​ខ្លួន​ដើម្បី​ឱ្យលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចុះ​ចេញពី​មុខ​តំណែង​និង​បោះ​ឆ្នោត​ឡើង​វិញទទួល​បាន​ជោគជ័យ។

លោក​និយាយ​ថា៖​«កាលណា​មេដឹក​នាំ​ប្តេជ្ញា​ការព្រមាន​ហើយ​យើង​ក៏ត្រូវតែ​គិត​គូរ​ដែរ​ប៉ុន្តែ​យើង​គិត​ថា​តើ​យើង​គួរ​ខ្លាច​អ្វី​ជាង​។​យើង​ខ្លាច​បាត់​បង់​អាយុជីវិត​ គ្នា​យើង​ម្នាក់​ពីរ​នាក់​ឬក៏​ខ្លាច​គេ​ចាប់​យក​ដាក់​គុក​ឬ​យើង​ខ្លាច​បាត់​ជាតិ​នេះ​យើង​ត្រូវ​ពិចារណា​ស្អី​ដែល​យើង​ត្រូវ​ខ្លាច»។

លោក​ធន សារាយ​ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​មាន​ប្រសាសន៍​ថា​មេដឹក​នាំទាំង​ពីរ​គួរ​តែ​រក​ចំណុច​កណ្តាល​មួយ​ដើម្បី​ជជែក​គ្នា​ប្រសិន​បើ​នៅ​ប្រកាន់​តឹង​រៀងៗ​ខ្លួន​នៅ​ប្រទេស​ជាតិ​និង​ជួប​វិបត្តិ។

លោក​និយាយ​ថា​៖«​អ្នក​ដឹកនាំ​នយោ​បាយ​មាន​ការ​អត់​ធ្មត់​ហើយ​មាន​ការ​ពិចារណា​អំពី​ការ​រក​ដំណោះ​ស្រាយ។​ហើយ​ដំណោះ​ស្រាយ​ខ្ញុំ​គិត​ថា​គួរ​តែជជែក​គ្នា​ បើមិន​ជជែក​គ្នាទេ​ចេះតែ​បំប៉ោង​ការ​សម្លុត​គ្នាទៅ​វិញ​ទៅ​មក​គំរាម​គ្នា​ទៅ​វិញ​ទៅ​មក​អញ្ចឹង​វាមិន​ល្អទេ​ហើយ​វាអាច​ឈាន​ទៅ​ដល់​ការ​ផ្ទះ​ហិង្សា​ហើយ។​ហើយ​ដូច​ខ្ញុំ​បញ្ជាក់​អម្បាញ់​មិញ​បើ​មាន​ហិង្សា​ទាំង​សង​ខាង​អត់​ចំណេញ​ទេ។ ​កាល​ណា​ប៉ះគ្នា​អាច​បង្កើត​បញ្ហា​មិន​ល្អមួយ​ក្នុង​សង្គម»។

លោកស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​បើ​ការ​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​សន្តិវិធី​យើង​និង​គោរព​ប៉ុន្តែ​បើ​មាន​សកម្មភាព​អ្វី​មួយ​មិន​គោរព​ច្បាប់​គណបក្ស​នោះ​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ។

លោក​និយាយ​ថា៖​«​ទាំង​អស់​គ្នា​ត្រូវទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ខ្ញុំ​អត់​និយាយ​រឿង​បង្ក្រាប​មិន​បង្ក្រាប​ទេ​ ត្រូវ​តែ​គោរព​ច្បាប់​ត្រូវ​តែ​អនុវត្ត​ច្បាប់»។

មហា​បាតុកម្ម​គ្មាន​ការកំណត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈាន​ដល់​ថ្ងៃ​ជិត​មួយ​សប្តាហ៍​ហើយ។ ក៏ប៉ុន្តែ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា គ្មាន​អំពើ​ហិង្សា​ណា​មួយ​បាន​កើត​ឡើង​រវាង​ក្រុម​បាតុករ​និង​កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​នៅ​ឡើយ​ទេ៕