លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានអះអាងថា រដ្ឋាភិបាលកម្ពុជាមានថវិកាគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតសាកលនៅឆ្នាំ២០១៨ខាងមុខ ដោយមិនបាច់ពឹងផ្អែកលើជំនួយបរទេសនោះទេ ហើយការបោះឆ្នោតក៏មិនចាំបាច់មានការទទួលស្គាល់ពីបរទេសដែរ។
លោក ហ៊ុន សែន បានថ្លែងបែបនេះនៅចំពោះមុខកម្មកររោងចក្រកាត់ដេររាប់ពាន់នាក់ ដែលបានចូលរួមក្នុងពិធីសំណេះសំណាលមួយនៅក្នុងរាជធានីភ្នំពេញ។
នេះជាការឆ្លើយតបរបស់លោក ហ៊ុន សែន ទៅនឹងសហភាពអឺរ៉ុប ដែលបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ដោយសម្រេចព្យួរជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ក្រោមហេតុផលថា តុលាការកំពូលបានសម្រេចរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។
លោក ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតសាកលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បើទោះជាមិនមានគណបក្សសង្រ្គោះជាតិចូលរួមក៏ដោយ។ លោកបន្តថា រដ្ឋាភិបាលក៏បានត្រៀមថវិកាសម្រាប់រៀបចំការបោះឆ្នោតមួយនេះ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖
«ឥឡូវប្រជាជនបានត្រៀមរួចរាល់ហើយសម្រាប់ការបោះឆ្នោត។ រាជរដ្ឋាភិបាលក៏មានទុនគ្រប់គ្រាន់ហើយដែរសម្រាប់ការបោះឆ្នោត»។
លោកបានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នឹងមិនក្លាយទៅជា«ចំណាត់ខ្មាំង»របស់អ្នកណាមួយនោះទេ។ ដូច្នេះលោកថា ប្រជាជនកម្ពុជាចូលរួមបោះឆ្នោតជាការគ្រប់គ្រាន់ ដោយមិនបាច់តម្រូវឲ្យប្រទេសផ្សេង ឬអង្គការសហប្រជាជាតិ ទទួលស្គាល់ថា ស្របច្បាប់នោះទេ។
លោក ហ៊ុន សែន បន្តថា លោកក៏មិនបារម្ភអំពីការមិនទៅបោះឆ្នោតរបស់ប្រជាជនកម្ពុជាដែលគាំទ្រគណបក្សសង្រ្គោះជាតិនោះទេ។
លោកមានប្រសាសន៍ថា៖
«អញ្ចឹងទេ អ្នកដែលមិនចូលបោះ គឺរឿងរបស់អ្នកនោះវាគឺ សិទ្ធិមួយដែរ ក្នុងចំណោមសិទ្ធិ។ ទៅបោះឆ្នោត ក៏ជាសិទ្ធិ មិនទៅបោះឆ្នោតវាក៏សិទ្ធិ មិនចូលរួមបោះឆ្នោត វាក៏សិទ្ធិ ចូលរួមបោះឆ្នោត វាក៏សិទ្ធិ។ នេះហើយគឺជាការអនុវត្តនូវសិទ្ធិពិតប្រាកដ ដែលបាននិងកំពុងធ្វើ និងបន្តធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
លោក សោម សូរីដា អគ្គលេខាធិការរងនៃគ.ជ.បបានថ្លែងប្រាប់ VOA ថា គ.ជ.បបានត្រៀមថវិកាប្រមាណ៥២លានដុល្លារសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ ដែលថវិកានេះនឹងផ្តល់ដោយរដ្ឋាភិបាល។
បើតាមទិន្នន័យរបស់គ.ជ.ប ចំនួនអ្នកចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ មានសរុបជិត៨,៤លាននាក់។ កាលពីការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង៣,៥លាននាក់ ក្នុងចំណោមអ្នកបោះឆ្នោតជាង៦,៧លាននាក់ គឺស្មើនឹងប្រមាណ៥២ភាគរយ។ ចំណែកគណបក្សសង្រ្គោះជាតិទទួលបានសំឡេងគាំទ្រជិត៤៤ភាគរយ។
អ្នកតាមដាននៅកម្ពុជាយល់ថា ប្រសិនបើបរិយាកាសនយោបាយមិនល្អ ហើយមិនមានគណបក្សសង្រ្គោះជាតិចូលរួមការបោះឆ្នោតនោះទេ ប្រជាជនដែលបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ក៏នឹងមិនទៅបោះឆ្នោតដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារ សហភាពអឺរ៉ុបបានបញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជាពុំអាចស្របច្បាប់នោះទេ ប្រសិនបើមិនមានវត្តមានគណបក្សសង្រ្គោះជាតិ។
សហភាពអឺរ៉ុបបានបញ្ជាក់ថា៖
«ការសម្រេចរំលាយគណបក្សសង្រ្គោះជាតិក៏មានន័យថា គណបក្សនេះនឹងមិនអាចចូលរួមការបោះឆ្នោតសភានៅឆ្នាំ២០១៨បានទេ។ ដំណើរការបោះឆ្នោតដែលគណបក្សប្រឆាំងដ៏ធំត្រូវបានដកចេញតាមអំពើចិត្ត មិនអាចត្រូវគេមើលឃើញថា ស្របច្បាប់នោះទេ»៕