លោក​ហ៊ុន សែន​បបួល​បក្ស​ប្រឆាំង​ស្បថ​ក្នុង​បញ្ហា​សន្លឹកឆ្នោត ​ព្រំដែន ​និង​កាកបាទក្រហម

Cambodia's Prime Minister Hun Sen, center, gestures during a ceremony inaugurating the country's longest bridge in Neak Loeung, southeast of Phnom Penh, Cambodia, Wednesday, Jan. 14, 2015. Hun Sen, Cambodia's tough and wily prime minister, marks 30 years

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​បញ្ចេញប្រតិកម្ម​ចំពោះ​ការ​លើក​ឡើង​នានា​របស់​អ្នក​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ទាក់​ទង​នឹង​ការ​លួច​សន្លឹក​ឆ្នោត ភាព​មិន​អព្យាក្រិត​របស់​កាកបាទ​ក្រហម​កម្ពុជា ​និង​បញ្ហា​ព្រំដែន​កម្ពុជា​-វៀតណាម​ដែល​កំពុង​តែ​ឡើង​កម្តៅ​យ៉ាង​ខ្លាំង។​

ថ្លែង​ទៅ​កាន់​អ្នក​តំណាង​រាស្រ្តនៅ​ក្នុង​រដ្ឋសភា​ជាតិ​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ស្នើ​ឲ្យ​មានការ​ស្បថ​រវាង​អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី​ ដើម្បី​ដោះស្រាយ​រាល់​ការ​ចោទ​ប្រកាន់​ពី​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្រ្គោះ​ជាតិ។​

«ខ្ញុំ​គិត​ថា​ មាន​តែ​វិធី​មួយ​គត់​ដែល​ដោះ​ស្រាយ​បាន​បញ្ហា​គឺ​ស្បថ​តែម្តង​ ស្បថ​ឲ្យ​រន្ទះ​បាញ់​តែម្តង​បាន​បាន! ខ្ញុំ​ថា​ចាំ​ឯកឧត្តម​ សម រង្ស៊ី​ ​មក​ ខ្ញុំ​បបួល​ធ្វើ​ពិធី​ស្បថ​នៅ​ព្រះ​អង្គ​ដង​កើ។ ទីមួយ​អារឿង​លួច​សន្លឹក​ឆ្នោត​នេះ​ ត្រូវ​តែ​បបួល​គ្នា​ស្បថ​ បើ​អ្នក​ណា​មិន​ហ៊ាន​ស្បថ​គឺ​បោក​ប្រាស់​ប្រជា​ពលរដ្ឋ​ប្រជាជាតិ​តែ​ម្តង»។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ឈ្នះ​អាសនៈ​ចំនួន៦៨ ហើយ​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​អាសនៈ​ចំនួន​៥៥​ ពី​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ ឆ្នាំ​២០១៣​ ប៉ុន្តែ​គណបក្ស​ប្រឆាំង​មិន​សុខចិត្ត​ដោយ​ចោទ​ថា​ លទ្ធផល​មាន​ការ​គៃបន្លំ ​ហើយ​បាន​តវ៉ា​ ដែល​នាំ​ឱ្យ​មាន​ការ​ជាប់​គាំង​នយោបាយ​ជិត​មួយ​ឆ្នាំ។​

លោក​នាយក​រដ្ឋមន្រ្តី​បន្ត​ថា៖​«ឥឡូវ​រឿង​កាកបាទ​ក្រហម​ចែក​ជំនួយ​រើស​មុខមាត់។ ​នេះ​តើ​ហ៊ាន​ស្បថ​ឲ្យ​រន្ទះ​បាញ់​ទេ​? ​ឥឡូវ​ខ្ញុំ​និយាយ​ជា​សាធារណៈ​នៅ​ក្នុងសភា​ តើ​គណបក្ស​នានា​ហ៊ាន​ស្បថ​ទេ​ជា​មួយ​នឹង​គណបក្ស​ប្រជាជន​មុខ​ព្រះអង្គ​ដងកើ​ អ្នកណា​ថា​គណបក្ស​ប្រជាជន​ បើ​គណបក្ស​ប្រជាជន​លួច​សន្លឹក​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ងាប់​ទាំង​អស់»។​

លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​សួរ​ចំៗ​ទៅ​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​មួយរូប គឺ​លោក លិម គិមយ៉ា ​អ្នក​តំណាងស្រ្ត​នៃ​ខេត្ត​កំពង់ធំ​ ឲ្យ​ស្បថ​ទាក់​ទង​នឹង​ការ​ចោទ​ថា​ កាកបាទ​ក្រហម​កម្ពុជា​មាន​ការ​ប្រកាន់​និន្នាការក្នុង​ការ​ចុះ​ជួយ​សង្រ្គោះ​ប្រជា​ពលរដ្ឋ។​

លោក លិម គិមយ៉ា ​អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​បាន​មានប្រសាសន៍​ប្រាប់​វីអូអេ​ខេមរ​ភាសា​ថា ​ការ​សុំ​ឲ្យ​ស្បថ​ស្បែ​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​គឺគ្រាន់​តែ​ជា​ការ​ទាល់ច្រក​ប៉ុណ្ណោះ ចំពោះ​ការ​រាប់​សន្លឹក​ឆ្នោត។​

«ការណ៍​ដែល​គាត់​ថា​ស្បថ​រឿង​គេ​រាប់​សន្លឹក​ឆ្នោត​ហ្នឹង​ គឺ​ការ​ទាល់ច្រក​របស់​គាត់ ព្រោះ​នៅពេល​ដែល​ភ្លាមៗ​ហ្នឹង​គ.ជ.ប​ មិនព្រម​រាប់​សារថ្មី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើហើយ​គណបក្ស​ប្រជាជន​កម្ពុជា​អត់​មាន​ថា​អ្វី​មួយ​ម៉ាត់​សោះ​ អត់​មាន​បញ្ចេញ​យោបល់​អ្វី​ទាំងអស់​។ ហេតុដូច្នេះ​ការ​ដែល​បន្លំ​សន្លឹក​ឆ្នោត ខ្ញុំ​មាន​ការ​សង្ស័យ​ជាច្រើន»។​

លោក លិម គិមយ៉ា ​បន្ថែម​ថា ​ការ​សុំ​ឲ្យ​ស្បថ​ទាក់​ទង​នឹង​អព្យាក្រិតភាព​របស់​កាកបាទ​ក្រហម​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​លោកស្រី​ ប៊ុន រ៉ានី​ ភរិយា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នេះ​គឺ​ជា​ការ​សម្តែង​ភាព​មិន​ស្មោះ​ត្រង់​ដល់​ពលរដ្ឋ​កម្ពុជា។​

«បើ​គាត់​មាន​ការ​ស្មោះ​ត្រង់​មែន​ទែន​ គាត់​នឹង​ឲ្យ​គេធ្វើ​តាម​ចិត្ត​ តែ​ជំនួយ​កាកបាទ​ក្រហម​ហ្នឹង​ មាន​ការ​ស្មោះត្រង់​ជាមួយ​អ្នក​រងគ្រោះ​មហន្តរាយ​ ឬអត់​ទេ។​ ប៉ុន្តែ​អត់មាន​ឆ្លើយ​មក​អញ្ចឹង​គាត់​នាំគ្នា​ទារ​ស្បថ»។​

រីឯ​បញ្ហា​ព្រំដែន​វិញ ​លោក​យល់ថា​ កម្ពុជា​នៅ​រងឥទ្ធិពល​ប្រទេស​វៀតណាម​នៅ​ឡើយ​ដោយ​អះអាង​ថា៖ «តាម​ខ្ញុំ​យល់​ ប្រទេស​កម្ពុជា​យើង​មិនទាន់​មាន​ឯករាជ្យ​ភាព​ពេញលេញ​នោះ​ទេ​ ពីព្រោះ​កងកម្លាំង​យើង​កងកម្លាំង​ប្រទេស​ជិតខាង»​។

ក្នុង​ឆ្លើយ​តប​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ស្នើ​នៅ​សភាជាតិ​ក្នុង​ថ្ងៃ​ដដែល​នេះ​ ឲ្យ​ធ្វើការ​ចាក់​ផ្សាយ​ជា​សាធារណៈ​ឡើង​វិញ​នូវ​សុន្ទរកថា​ ដែល​មាន​រយៈ​ពេល​ជាង​៥ម៉ោង​របស់​លោក​ ដែល​បាន​ធ្វើឡើង​កាល​ពី​ឆ្នាំ​២០១២​នៅ​សភាជាតិ​ បកស្រាយ​ពន្យល់​អំពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម។​

«ទូរទស្សន៍​ទាំងអស់​ចាក់​ឡើង​វិញ។​ ខ្ញុំ​ស្នើ​ឲ្យ​ចាប់​ផ្តើម​ពីល្ងាច​នេះ​ទៅ​តែ​ម្តង។​ ចាក់​ឡើង​វិញ​នូវ​អ្វី​ដែល​ខ្ញុំ​ឆ្លើយ​នៅ​ហ្នឹង»។

បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​បាន​កក្រើក​ឡើង​វិញ ​បន្ទាប់​ពី ​កងទ័ព​វៀតណាម​បាន​បាញ់ថ្នាំ​លើ​ដំណាំ​របស់​ពលរដ្ឋ​ខ្មែរ​ ហើយ​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​ទៅ​ធ្វើ​ចម្ការ​នៅ​លើ​ដី​ក្នុង​ប្រទេស​វៀតណាម។

លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ការពារ​រដ្ឋាភិបាល​របស់​លោក​ថា ​ពុំ​ដែល​ប្រើ​ផែន​ទី​ក្លែងក្លាយ​ ដើម្បី​ធ្វើការ​កំណត់​ព្រំប្រទល់​កម្ពុជា​ និង​ប្រទេស​ក្បែរ​ខាង​នោះ​ទេ។

ក្រៅពី​បញ្ហា​ព្រំដែន ​និង​បញ្ហា​អព្យាក្រិតភាព​នៃ​កាកបាទ​ក្រហម​កម្ពុជា ​រដ្ឋាភិបាល​ ដែល​កាន់​កាប់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ ​បាន​ទទួល​រង​ការ​រិះគន់​ជា​ច្រើន​អំពី​ប្រព័ន្ធ​យុត្តិធម៌​ ដែល​ស្ថិត​ជា​ឧបករណ៍​នយោបាយ​ អំពើ​ពុករលួយ​ បក្ខពួក​និយម​ និង​គ្រួសារ​និយម​នៅ​តាម​បណ្តា​ក្រសួង​មន្ទីរ​សាធារណៈ ​ការ​ប្រើ​ប្រាស់​អំណាច​ជា​ផល​ប្រយោជន៍​បុគ្គល​ជា​ដើម៕