លោក​ហ៊ុន សែន​វាយ​ប្រហារ​សម្តី​ខ្លាំងៗ​ដាក់​លោក​កឹម សុខា​ក្នុង​រឿង​បាតុកម្ម

Four Palestinian friends, who were injured during conflicts, walk by the sea at Gaza's small fishing harbor.

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ព្រមានប្តឹង​ប្រឆាំង​លោក ​កឹម សុខា ​អនុប្រធាន​ទី​១​រដ្ឋ​សភា​និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពីបទ​ថា​បាន​ធ្វើ​គម្រោង​ការ​«ផ្តួល​រំលំ​រដ្ឋាភិបាល»​របស់​លោក។

ថ្លែង​ក្នុងពិធី​សម្ពោធ​ការដ្ឋានសាងសង់​ផ្លូវ​ជាតិ​មួយក្នុង​ខេត្ត​បន្ទាយមានជ័យភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ដែល​ផ្តល់​ថវិកា​កម្ចី​ដោយ​ប្រទេស​ចិន លោក​នាយក​រដ្ឋ​មន្ត្រី​ដែល​កំពុង​ដឹក​នាំ​គណ​បក្ស​ប្រជាជន​កម្ពុជាបាន​អះអាង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ចំៗ​ថា ​លោក ​កឹម សុខា​ បាន​សារភាព​អំពី​ទង្វើ​របស់​លោកនៅ​ចំពោះ​មុខ​សកម្មជន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជា​ទី​ដែល​លោក​ កឹម​ សុខា​ កំពុង​បំពេញ​ទស្សនកិច្ចនៅ​ពេល​នេះ។

«ខ្ញុំ​បាន​និយាយ​ហើយ​ថា​ ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាលស្រប​ច្បាប់​បន្ទាប់​ពី​ការ​បោះ​ឆ្នោត។ ​ឥឡូវ​បែរ​ជា​(មាន)​អ្នក​ចេញ​មក​សារភាព​ថា ​គេ​បាន​ប្រឹង​ប្រែង​ផ្តួល​រាជរដ្ឋាភិបាល ​ផ្តួល​គណបក្ស​ប្រជាជន​មិន​បាន​សម្រេច។ ​(គេ)​សុំ​ទោស​ប្រជាពលរដ្ឋ​នៅ​អាមេរិក។ ចឹង​យើង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​បែប​ណា?​ មេចោរ​សារភាព​ហើយតើ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​បែប​ណា។​ សំណុំ​រឿង​ជាប់​នៅ​តុលាការ​ត្រូវ​បំពេញ​បន្ថែម​ហើយ។ ​ខ្ញុំសង្ឃឹម​ថា​តុលាការ​មិន​ភ្លើ​ទេ។ ​គាត់​នឹង​កត់ត្រា​សម្តី​ហ្នឹង»។

​លោក ​ហ៊ុន សែន ​បាន​ប្រកាសថា​លោក ​កឹម​ សុខា​ ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​ខូច​ខាត​នៃ​ទ្រព្យ​សម្បត្តិ​នានា​របស់​ប្រជាពលរដ្ឋ ​ការ​ស្លាប់​និង​ការ​រង​គ្រោះ​របស់​ប្រជាពលរដ្ឋ​ក្នុង​អំឡុង​ពេលការ​តវ៉ាក្រោយ​ការបោះ​ឆ្នោត។

​លោក ​កឹម សុខា បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ចប់​ការ​ចរចា​និង​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់​ទាក់​ទង​នឹង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ការ​រិះគន់​នោះ។

​ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​នេះ​ក្នុង​គោល​ដៅ​ពន្យល់​ដល់​អ្នក​គាំទ្រនៅ​ឯ​នាយ​សមុទ្រ​អំពី​ការ​វិវត្តន៍នៃ​ស្ថានការណ៍​នយោបាយ​រវាង​គណបក្ស​គូ​ប្រជែង​ទាំងពីរ។

​លោក​ កឹម សុខា ​បាន​ប្រើ​ពាក្យ​ថា​លោក​សុំ​ទោស​អ្នក​គាំទ្រ​របស់​ខ្លួន​ដោយ​សារ​លោក​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​សង្គមឲ្យ​បាន​ទាំងស្រុង។

«ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ឲ្យ​បាន​ល្អ ​ឲ្យ​បាន​លឿន ​ឲ្យ​បាន​ពេញ​លេញ​ ប៉ុន្តែ​យើង​ខ្ញុំ​សុំ​អធ្យាស្រ័យ​ពី​បង​ប្អូន ​ខ្ញុំ​អាច​និយាយ​ថា​ខ្ញុំ​សុំទោស​បង​ប្អូន​ដែល​ខ្ញុំ​មិន​អាច​ដឹក​នាំ​ការ​ផ្លាស់​ប្តូរ​នេះ​បាន​១០០ភាគ​ភ្លាម»។

លោក ​អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​មួយ​យល់​ថា​ការ​ព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​គ្រាន់​តែ​ជា​សម្ពាធ​នយោបាយ​មួយ​ដល់​គណបក្ស​គូ​ប្រជែង ​ប៉ុន្តែ​ទំនង​ជា​មិន​អាច​មាន​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​ទៅ​រួច​នោះ​ទេ​ដោយសារ​លោក​កឹម សុខា ​មិន​បាន​បញ្ជាក់​ពី​ចេតនា​ផ្តួល​រំលំ​រដ្ឋា​ភិបាល​នោះ​ឡើយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន។

«ខ្ញុំ​ថា​ប្រហែល​ជា​មិន​ប្តឹង​ទេ។ ​ប៉ុន្តែ​អាច​មាន​ការ​គាប​សង្កត់​គណបក្ស​ជា​ពិសេស​គាប​សង្កត់​លោក​កឹម សុខា។ ​ខ្ញុំ​បាន​ស្តាប់​ខ្លឹម​សារ​របស់​លោក​កឹម សុខា ​ដែល​និយាយ​អស់​រយៈ​ពេល​ប្រហែល​ជា​៣០​នាទី។​ប៉ុន្តែ​នោះ​មិន​មែន​ជា​ការ​ផ្តួល​រំលំ​ដោយ​អំពើ​ហិង្សា​ទេ។ ​ដូច្នេះ​ខ្ញុំ​មើល​ទៅ​មិន​មាន​អ្វី​ខុស​ច្បាប់​នោះ​ទេ»។

យ៉ាងណា​ក៏​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ព្រលយ​ពាក្យ​ថា ​រដ្ឋ​សភា​អាច​នឹង​ប្រជុំ​ដក​អភ័យ​ឯក​សិទ្ធិ​តំណាងរាស្ដ្រ​របស់​លោក ​កឹម សុខា ​ដោយ​សំឡេង​ពីរ​ភាគ​បី​នៃ​សមាជិក​សភា​សរុប​ចំនួន​១២៣​រូប។​ ការ​ដក​អភ័យ​ឯកសិទ្ធិ​នឹង​អនុញ្ញាត​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​នានា​ប្រឆាំង​រូប​លោក៕