លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានស្នើឲ្យមេដឹកនាំពិភពលោកជួយជំរុញសមភាពយេនឌ័រតាមរយៈវិធានការសកម្មភាពចំនួនបួនដែលមានលក្ខណៈងាយស្រួលសម្រេចបាន។ វិធានការទាំងបួនដែលលោក ហ៊ុន សែន លើកឡើងនោះរួមមានការផ្តល់ហិរញ្ញវត្ថុ ផ្តល់តួនាទីដែលមានសិទ្ធិធ្វើការសម្រេចចិត្ត ឱកាសសេដ្ឋកិច្ច និងត្រូវមានយន្តការតាមដានការអនុវត្តការលើកកម្ពស់យេនឌ័រ។
នៅក្នុងសុន្ទរកថាទៅកាន់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីដែលមកពីជុំវិញពិភពលោកចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ លោកហ៊ុន សែនបញ្ជាក់ថា៖
«ឆ្នាំ២០១៥នេះគឺជាឆ្នាំប្រវត្តិសាស្ត្រមួយសម្រាប់ពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកសមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិអំណាចស្ត្រី។ ជាការណ៍ពិតកិច្ចប្រជុំនេះនឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់យើងទាំងអស់គ្នាក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងនិងប្តេជ្ញាចិត្តបន្ថែមទៀតដើម្បីសម្រេចនូវសមភាពយេនឌ័រនិងធ្វើឱ្យគោលដៅនេះក្លាយជាការណ៍ពិតសម្រាប់ស្ត្រី និងក្មេងស្រីទាំងអស់នៅទូទាំងពិភពលោក»។
លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ដោយបានបង្កើតច្បាប់ដែលធានាការពារស្ត្រីប្រឆាំងនឹងការរើសអើងនិងអំពើហិង្សា ហើយផ្តល់ឱកាសឱ្យស្ត្រី និងកុមារនៅក្នុងវិស័យអប់រំ និងសេដ្ឋកិច្ច។
លោកបានបន្ថែមថា៖
«ជាពិសេសតាមរយៈការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍លើមរណភាពមាតា និងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងកិច្ចការនយោបាយ ការសម្រេចចិត្ត និងកិច្ចការនានារបស់សង្គមជាតិនៅគ្រប់ស្ថាប័នជាតិនិងគ្រប់កម្រិត ជាអាទិ៍ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននៃរាជរដ្ឋាភិបាល និងស្ថាប័នផ្សេងៗទៀតទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។
គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ដែលលោកនាយករដ្ឋមន្ត្រីបាននិយាយនេះ ត្រូវបានមេដឹកនាំពិភពលោកសន្យាកាលពីឆ្នាំ២០០០ថា សម្រេចឱ្យបាននៅដំណាច់ឆ្នាំ២០១៥នេះ។
កាលពីថ្ងៃសុក្រ មេដឹកនាំពិភពលោកបានអនុម័តនូវកញ្ចប់អភិវឌ្ឍន៍មួយថ្មីដែលមានគោលដៅចំនួន១៧ហើយសន្យាថា នឹងសម្រេចឱ្យបាននៅឆ្នាំ២០៣០ខាងមុខ។
កញ្ចប់អភិវឌ្ឍន៍ថ្មីនេះមានឈ្មោះថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលនៅក្នុងនោះគោលដៅសមភាពយេនឌ័រត្រូវបាន គេដាក់នៅក្នុងគោលដៅទី៥។ ហើយនៅថ្ងៃអាទិត្យនេះ មេដឹកនាំពិភពលោកដែលមានវត្តមាននៅឯបូរីញូវយ៉កបានឡើងប្រកាសជាបន្តបន្ទាប់ពីការប្តេជ្ញាចិត្តរបស់ពួកគេបន្ថែមទៀតដើម្បីជួយឱ្យសម្រេចបានគោលដៅទាំងនេះ។
លោកស្រី ធីតា ឃឹះ នាយិការអង្គការសីលការ បានបញ្ជាក់ពីការយល់ស្របនឹងគោលដៅថ្មីដែលប្រមុខដឹកនាំរដ្ឋបានអនុម័តដោយសារមានការចូលរួមពិភាក្សាយ៉ាងលម្អិតជាមួយភាគីពាក់ព័ន្ធ។ ប៉ុន្តែអ្វីដែលអ្នកជំនាញខ្លះ ដូចជាលោកស្រីនៅព្រួយបារម្ភគឺបញ្ហាថវិកា និងយន្តការតាមដានដែលនោះគឺជាអ្វីដែលលោកហ៊ុន សែនទើបតែបានស្នើឡើងឱ្យមេដឹកនាំពិភពលោកត្រូវយកចិត្តទុកដាក់។
«រឿងមួយដែលស្ត្រីនៅមានការព្រួយបារម្ភគឺនៅត្រង់ថា នៅខ្វះវិធានការ ឬភាសាដែលនិយាយអំពីគណនេយ្យភាព ការទទួលខុសត្រូវនៅគ្រប់លំដាប់ថ្នាក់ ពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ពីអង្គការសហប្រជាជាតិទៅប្រទេសដទៃទៀតសំខាន់ពីប្រទេសអភិវឌ្ឍន៍ទៅប្រទេសក្រីក្រ។ នៅខ្វះភាសានេះមួយ ហើយរឿងមួយទៀតដែលយើងមានការព្រួយបារម្ភគឺរឿងបញ្ហាថវិកា»។
ដោយឡែកសម្រាប់ប្រទេសកម្ពុជា លោកស្រីយល់ថា មិនសម្រេចបានច្រើនប៉ុន្មានទេ ក្នុងរយៈពេលជាង១០ឆ្នាំមកនេះលើផ្នែកយេនឌ័រ៖
«ពីរឿងប្រគល់សិទ្ធិអំណាចដល់ស្ត្រីនៅក្នុងសមាជិកសភាគឺយើងអត់បានសម្រេចប៉ុន្មានទេ។ ប៉ុន្តែឃើញមានការកើនឡើងខ្លះដែរ ប៉ុន្តែអត់បានទៅតាមអ្វីដែលបានព្រាងទុក ហើយការអនុវត្តទាំងប៉ុន្មានទៀតយើងមើលឃើញថា នៅមានការខ្វះ ដោយយន្តការកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ផ្សេងៗក្នុងការជួយលើកស្ទួយស្ត្រី ហើយក្នុងការរើសអើងលើស្ត្រីក៏នៅតែមានដដែល។ ខាងផ្នែកសុខាភិបាលឃើញមានទទួលបានជោគជ័យដែលយើងទទួលស្គាល់កន្លែងត្រង់ហ្នឹង»។
ការមើលឃើញរបស់លោកស្រី ធីតា ឃឹះលើផ្នែកស្ត្រីក្នុងតំណែងនយោបាយស្របគ្នានឹងការព្រួយបារម្ភរបស់បាតុករខ្មែរអាមេរិកាំងមួយចំនួនដែលបានមកធ្វើបាតុកម្មនៅបុរីញូវយ៉ក កាលពីថ្ងៃសៅរ៍ទាមទារឱ្យមេដឹកនាំកម្ពុជាយកចិត្តទុកដាក់។
លោកស្រី សេង ចាណែត បាតុករនិងជាប្រធានចលនាស្ត្រីនៅសហរដ្ឋអាមេរិក បានពន្យល់អំពីបញ្ហាប្រឈមដែលស្ត្រីក្នុងតំណែងនយោបាយជួបប្រទះ ជាពិសេសនៅស្ថាប័ននីតិប្បញត្តិ៖
«បើមានស្ត្រីតែម្នាក់ ហើយបើដាក់ឈ្មោះគាត់លេខ៥ យើងដឹងថា បើបោះឆ្នោត គឺគាត់លេខ៥ក៏អត់ជាប់ដែរ អញ្ចឹងសូមលើកស្ទួយស្ត្រីយកគាត់មកដាក់លេខពីរមក យកគាត់មកដាក់លេខមួយមកឱ្យគាត់មានឱកាសជាប់ជាតំណាងរាស្ត្រ ហើយយើងឃើញថា នៅក្នុងសភាស្ត្រីតិចណាស់ ហើយឱ្យគាត់បញ្ចេញមតិ គាត់បញ្ចេញមតិ ប៉ុន្តែចុងបញ្ចប់យើងនៅតែយកមតិភាគច្រើន។ អញ្ចឹងនៅតែគំនិតរបស់បុរសដដែល ពីព្រោះមតិស្ត្រីវាតិចនៅក្នុងសភាហ្នឹង»។
អ្នកឯកទេសមើលឃើញថា មេដឹកនាំនយោបាយត្រូវមើលថា បញ្ហាលើកកម្ពស់ស្ត្រី និងកុមារីគឺជាបញ្ហាជាតិគឺមិនមែនជាបញ្ហារបស់គណបក្សនយោបាយណាមួយទេ៕