លោកហ៊ុន សែន​បញ្ជា​ឲ្យ​​ពិនិត្យ​ស្ថានភាព​ទាហាន​មួកខៀវ​កម្ពុជា

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែងនៅក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទ​ក្រហម​ អឌ្ឍចន្ទ​ក្រហម ​៨​ ឧសភា លើក​ទី​១៥៤​នៅ​ស្នាក់ការ​របស់​កាកបាទ​ក្រហម​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហ្វេសប៊ុក​របស់ Samdech Hun Sen, Cambodian Prime Minister)

«តែខ្ញុំ​នៅតែ​ព្រមាន​ចំពោះ​ឡុង​ ឌីម៉ង់​ ដែល​បង្ហោះ​ Facebook​ នេះ ​ឲ្យដក​ចេញជា​បន្ទាន់ ​ហើយ​ក៏បញ្ជា​ឲ្យ​ធ្វើការ​ស្រាវជ្រាវ។ ​កងទ័ព​កម្ពុជា​មិន​ត្រូវ​បាន​កាត់​ក្បាល​នោះទេ»។​​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅព្រឹក​ថ្ងៃពុធ​នេះ​បាន​ថ្លែង​ថា ​លោក​នឹង​ឲ្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ពិនិត្យ​ស្ថាន​ភាព​ទាហាន​កម្ពុជា​ បម្រើ​ការ​ក្នុង​បេសកកម្ម​អ.ស.ប​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ឡើង​វិញ។​

លោក​ហ៊ុន សែន​បន្ថែម​ថា ​ការណ៍​នេះ​គឺ ​«ដើម្បី​នឹង​ពិនិត្យ​មើល​នូវ​ចំណុចខ្លាំង ​និង​ចំណុចខ្សោយ​នៃ​ការ​រៀបចំ​ថា​ហេតុអ្វី​បាន​ជា ​បណ្តាល​ឲ្យ​មាន​ព្រឹត្តិការណ៍​បែប​នេះ​កើតឡើង»។

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី​ខួបទី​១០ឆ្នាំ​នៃ​ទិវា​អតីត​យុទ្ធជន​នៅ​រាជធានី​ភ្នំពេញ។​

​ការលើកឡើង​របស់លោកហ៊ុន សែន​គឺ ​ធ្វើឡើងនៅថ្ងៃ​ដែល​លោក​អគ្គលេខាធិការ​អ.ស.បAntónio Guterres ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​ការវាយ​ប្រហារ​ដែល​បាន​សម្លាប់​ទាហាន​កម្ពុជា​សរុប​៤​នាក់ ​របួសម្នាក់​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល។ ​សេចក្តីថ្លែង​ការណ៍​របស់​លោក​អគ្គលេខាធិការ​អ.ស.ប​ក៏​និយាយ​ដែរ​ថា ​ទាហាន​ម៉ារ៉ុក​ម្នាក់​នៅ​បាត់​ខ្លួន​នៅ​ឡើយ។ ​

សេចក្តីថ្លែង​ការណ៍​នេះ​សរសេរ​ថា ​លោក​អគ្គលេខាធិការ​អ.ស.ប​ថ្កោល​ទោស​ខ្លាំង​ក្លា​ចំពោះ​ការ​វាយ​ប្រហារ​ក្រុម​ប្រឆាំង​ Balaka ​ដ៏គួរឲ្យ​សង្ស័យ​ ដែល​វាយ​ប្រហារ​មក​លើ​ក្បួន​រថយន្ត​បេសកកម្ម​រក្សា​សន្តិភាព​នៅ​សាធារណ​រដ្ឋអាហ្វ្រិក​កណ្តាល​កាល​ពីយប់​ថ្ងៃ​ច័ន្ទ។ ​លោក​អគ្គ​លេខាធិការ​បាន​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ ​ហើយ​បួងសួង​ឲ្យ​អ្នក​របួស​ឆាប់​បាន​ជា​សះស្បើយ។​

​លោក​ហ៊ុន សែន​និយាយនៅ​ថ្ងៃពុធនេះ​ថា​ កម្ពុជានឹង​មិន​ចុះ​ចាញ់​អំពើ​ភេរវ​កម្ម​ ហើយ​នឹង​មិនបញ្ឈប់​ការ​ចូល​រួម​ចំណែក​ក្នុង​បេសកកម្ម​របស់​អ.ស.ប​ ដោយ​សារ​តែ​គ្រោះថ្នាក់​នេះ​ទេ។ ​

លោក​ហ៊ុន សែន​បាន​បដិសេធ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ Facebook ​ដែល​ថា ​ទាហាន​កម្ពុជា​ត្រូវ​គេ​កាត់​ក្បាល​នោះ។​ លោក​បានព្រមាន​អ្នក​ប្រើប្រាស់​ Facebook ឈ្មោះ​ឡុង​ ឌីម៉ង់​ ដែល​បង្ហោះ​ព័ត៌មាន​ថា ​កងទ័ព​មួក​ខៀវ​កម្ពុជា​ត្រូវគេ​កាត់ក្បាល​នោះ។​

«តែខ្ញុំ​នៅតែ​ព្រមាន​ចំពោះ​ឡុង​ ឌីម៉ង់​ ដែល​បង្ហោះ​ Facebook​ នេះ ​ឲ្យដក​ចេញជា​បន្ទាន់ ​ហើយ​ក៏បញ្ជា​ឲ្យ​ធ្វើការ​ស្រាវជ្រាវ។ ​កងទ័ព​កម្ពុជា​មិន​ត្រូវ​បាន​កាត់​ក្បាល​នោះទេ»។

​របាយ​ការណ៍​បាន​បង្ហាញ​ថា ​ក្នុង​រយៈ​ពេល​១០​ឆ្នាំនេះ ​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ចូលរួម​បេសកកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​ចំនួន​ជាង​៣.៥០០​នាក់​ដើម្បី​ទៅ​បំពេញ​បេសក​កម្ម​បោស​សម្អាតមីន​ និង​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ​នៅតាម​បណ្ដា​ប្រទេស​នានា ​ដូចជា​ប្រទេស​ស៊ូដង់ ​ ស៊ូដង់ខាង​ត្បូង​ ឆាដ លីបង់​ ស៊ីរី​ ម៉ាលី ​និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​នេះ​ឯង៕