លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះ បានព្រមានមន្រ្តីរបស់លោកមិនត្រូវធ្វើឥរិយាបថក្រអឺតក្រទមដាក់ប្រជាពលរដ្ឋ និងបានណែនាំឲ្យមន្រ្តីទាំងនោះធ្វើខ្លួនឲ្យដូចជា ខ្ញុំបម្រើដ៏ស្មោះត្រង់ ដែលត្រូវបម្រើប្រជាពលរដ្ឋឲ្យដូចចៅហ្វាយនាយ។
ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រដល់សិស្សសាលាភូមិន្ទរដ្ឋបាលនៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានផ្តល់ដំបូន្មានជាច្រើនដល់មន្រ្តីទើបតែបញ្ចប់ការសិក្សា និងមន្រ្តីដែលកំពុងធ្វើការងារបម្រើរាជការ ឲ្យចេះរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ និងត្រូវចេះទទួលខុសត្រូវ។ លោកលើកឡើងថា មន្រ្តីទាំងអស់ត្រូវខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ដោយដាក់ខ្លួន បន្ទាបកាយជាខ្ញុំបម្រើរបស់ប្រជាពលរដ្ឋ និងមិនត្រូវដំឡើងខ្លួនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ។
លោកមានប្រសាសន៍ថា៖
«ដំបូងត្រូវយល់ឲ្យបានច្បាស់ថា យើងជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយនាយរបស់ប្រជាជនទេ។ នេះជាចំណុចសំខាន់លើកដំបូងបំផុត ដែលមន្រ្តីទាំងអស់ត្រូវយល់ឲ្យច្បាស់អំពីតួនាទីរបស់ខ្លួន មិនមែនជាចៅហ្វាយទេ តែគឺជាខ្ញុំបម្រើរបស់ប្រជាជន»។
លោកហ៊ុន សែន ដែលល្បីខាងការគំរាមថា មានសង្គ្រាម ប្រសិនបើគណបក្សរបស់លោកចាញ់ការបោះឆ្នោតនោះ បន្ថែមថា ភាពក្រអឺតក្រទមរបស់មន្រ្តីក៏ជាបញ្ហាដែលនាំឲ្យប្រជាពលរដ្ឋមិនពេញចិត្ត ហើយត្រូវកែលម្អ។
លោកបញ្ជាក់ថា៖
«ពួកគាត់ (ប្រជាពលរដ្ឋ)គឺជាចៅហ្វាយ យើងគឺជាខ្ញុំបម្រើ។ អីចឹងត្រូវធ្វើម៉េចឲ្យចៅហ្វាយពេញចិត្ត។ នេះគឺជា បញ្ហាដែលអស់លោកត្រូវរៀបចំឥរិយាបថបែបណា? ដើម្បីឆ្លើយតបជាមួយចៅហ្វាយ ក្នុងពេលដែលចៅហ្វាយត្រូវការ»។
ការលើកឡើងរបស់លោកហ៊ុន សែនដ៏មានឥទ្ធិពលគឺធ្វើឡើងមួយថ្ងៃ បន្ទាប់ពីការបង្ហាញលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កាលពីថ្ងៃអាទិត្យ។ លទ្ធផលផ្លូវការដែលបង្ហាញដោយគ.ជ.ប. កាលពីថ្ងៃអាទិត្យ បង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែនទទួលបានសំឡេងគាំទ្រចំនួនជាង៣លាន៥សែនសំឡេងគឺស្មើនឹង៥០,៧៦ភាគរយ ចំណែកគណបក្សសង្គ្រោះជាតិទទួលបានសំឡេងគាំទ្រចំនួនជាង៣លានសំឡេងគឺស្មើនឹង៤៣,៨៣ភាគរយនៃចំនួនអ្នកទៅបោះឆ្នោតសរុបជាង៧លាននាក់។ តួលេខនេះបង្ហាញថា សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រងប្រទេសកម្ពុជាជាង៣០ឆ្នាំ មានចំនួនច្រើនជាងគណបក្សប្រឆាំងតែជាង៥សែនសំឡេង ឬស្មើនឹងជាង៦ភាគរយតែប៉ុណ្ណោះ។
នាព្រឹកថ្ងៃចន្ទនេះ លោកហ៊ុន សែនក៏បានជំរុញឲ្យតែងតាំងយុវជនវ័យក្មេងដែលមានសមត្ថភាពពិតប្រាកដ ធ្វើការដោយមិនគិតពីអាយុ និងប្រាប់ឲ្យមន្រ្តីទាំងអស់បញ្ចប់វប្បធម៌ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ និងកូនស័ក្តិ៥ ដែលលោកអះអាងថា នេះជាវប្បធម៌ដែលប្រជាពលរដ្ឋខ្មែរស្អប់ខ្ពើមខ្លាំង។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍សង្គម និងនយោបាយនៅកម្ពុជាលើកឡើងថា ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនគឺជា យុទ្ធសាស្រ្តទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋឡើងវិញ ខណៈដែលលទ្ធផលបោះឆ្នោតរបស់គណបក្សធំៗទាំងពីរនៅកម្ពុជាកាន់តែមានភាពប្រកៀកប្រកិតគ្នា។
លោកមាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ ប្រាប់ VOA ថា ភាពអវិជ្ជមានរបស់មន្រ្តីរដ្ឋាភិបាលគឺជាដើមចមដែលធ្វើឲ្យប្រជាពលរដ្ឋដកសេចក្តីទុកចិត្តពីមេដឹកនាំ។ លោកបន្ថែមថា ការថ្លែងណែនាំឲ្យមន្រ្តីរដ្ឋាភិបាលយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យបានល្អគឺជាសកម្មភាពទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋឡើងវិញ។
លោកមាស នីបន្ថែមថា គណបក្សកាន់អំណាចត្រូវតែកែប្រែភាពអវិជ្ជមានដែលកំពុងកើតមានក្នុងសង្គម ប្រសិនបើមិនចង់ឲ្យការគាំទ្រពីប្រជាពលរដ្ឋកាន់តែថយចុះ។
លោកមានប្រសាសន៍ថា៖
«ការផ្តល់សេវាកម្មហ្នឹងគឺទាល់តែរួមទាំងការផ្តល់នូវអត្តចរិតសមស្របផងសម្រាប់អ្នកបម្រើសេវាកម្ម។ ហើយរឿងមួយទៀត ដែលជារឿងរសើបដែរនោះគឺ ធ្វើម៉េចឲ្យមន្រ្តីរាជការហ្នឹង មានប្រាក់ខែគ្រប់គ្រាន់ មានបៀវត្សរ៍អាចចិញ្ចឹមខ្លួនឯងបាន។ ខ្ញុំគិតថា អំពើពុករលួយផ្សេងៗវានឹងអាចដោះស្រាយបន្តបន្ទាប់។ វាអាចបន្ធូរទៅតាមហ្នឹងដែរ ព្រោះរាល់ថ្ងៃនេះ យើងឃើញថា មន្រ្តីរាជការ បើយើងមើលទៅគឺអ្នកដែលមិនសូវពេញចិត្តរដ្ឋាភិបាលហ្នឹង យើងមើលទៅឃើញថា មានច្រើនដែរ»។
លោកយឿង សុធារ៉ា មន្រ្តីច្បាប់ និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លើកឡើងថា ជាទូទៅលទ្ធផលបោះឆ្នោតរវាងគណបក្សនយោបាយដែលមានភាពប្រកៀកប្រកិតគ្នាគឺ តែង ធ្វើឲ្យគណបក្សនយោបាយនីមួយៗបារម្ភ និងខិតខំកែលម្អភាពអវិជ្ជមានរបស់ខ្លួន ដើម្បីប្រកួតប្រជែងយកការគាំទ្រ។ លោកបន្ថែមថា រដ្ឋាភិបាលចាំបាច់ត្រូវធ្វើការកែទម្រង់រាល់ភាពអវិជ្ជមាននៃការដឹកនាំរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។
លោកយឿង សុធារ៉ាបញ្ជាក់ថា៖
«យើងទទួលស្គាល់ដែរនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែទន្ទឹមនឹងនោះ រឿងមួយចំនួន គាត់បានបរាជ័យក្នុងការធ្វើកំណែទម្រង់។ ដូច្នេះហើយធ្វើឲ្យបញ្ហាទាំងនោះលេចឮ សាយភាយ ធ្វើឲ្យខូចកិត្តិយស ឬធ្វើឲ្យស្អុយកិត្យានុភាព។ ដូច្នេះហើយបានធ្វើឲ្យអ្នកបោះឆ្នោត ដែលគេរកឃើញថា មានប្រហែល៣០ភាគរយ អ្នកអត់មាននិន្នាការច្បាស់លាស់ហ្នឹង រត់ទៅបោះឆ្នោតឲ្យគណបក្សប្រឆាំង ឬមានអ្នកក្នុងគណបក្សកាន់អំណាចរត់ទៅគាំទ្រគណបក្សប្រឆាំងអីជាដើមអីចឹងទៅ»។
នៅព្រឹកថ្ងៃចន្ទនេះ ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយនិយាយថា លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះបង្ហាញថា គណបក្សកាន់អំណាចលែងទទួលបានការគាំទ្រស្ទើរតែទាំងស្រុងពីសហគមន៍រងគ្រោះដោយសារដីធ្លី ជាច្រើននៅក្នុងរាជធានីភ្នំពេញ។
កន្លងមក ប្រជាពលរដ្ឋតែងរិះគន់សេវាសាធារណៈ ដែលផ្តល់ដោយមន្រ្តីរដ្ឋាភិបាល ថា មានភាពយឺតយ៉ាវក្នុងការបំពេញការងារសាធារណៈរបស់ខ្លួន បក្ខពួកនិយម និងអំពើពុករលួយជាដើម។
ទាំងស្ថាប័នជាតិ និងអន្តរជាតិមួយចំនួនបានលើកឡើងថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពផុយស្រួយ ហើយថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក៏ស្ថិតក្នុងភាពគួរឲ្យព្រួយបារម្ភ។ ទោះជាយ៉ាងណា រដ្ឋាភិបាលធ្លាប់បានច្រានចោលការលើកឡើងទាំងនោះ ដោយអះអាងថា ខ្លួនអនុវត្តការដឹកនាំប្រទេសបែបនីតិរដ្ឋ៕