លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះ បានគំរាមចាប់ខ្លួនមន្រ្តីអង្គការសង្គមស៊ីវិល (NGO) និងអ្នកកាសែតដាក់ពន្ធនាគារ ប្រសិនបើអ្នកទាំងនោះនិយាយ ឬចុះផ្សាយពាក់ព័ន្ធនឹងនយោបាយដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ។
លោកហ៊ុន សែន បានគំរាមបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ កំណាត់ទី១។
លោកហ៊ុន សែន បានថ្លែងដោយមិនបញ្ចេញឈ្មោះមន្រ្តីអង្គការសង្គមស៊ីវិលម្នាក់នោះ បន្ទាប់ពីមន្រ្តីរូបនោះបានផ្តល់បទសម្ភាសន៍ដល់ស្ថាប័នព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងសំឡេងបែកធ្លាយការសន្ទនាតាមទូរស័ព្ទរវាងលោក និងលោកកឹម សុខា។ លោកលើកឡើងថា អ្នកធ្វើការសង្គមស៊ីវិលមិនត្រូវនិយាយវិភាគពាក់ព័ន្ធនឹងនយោបាយនោះទេ ហើយលោកថា ទាំងមន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ប្រសិនបើគេនិយាយ ឬចុះផ្សាយព័ត៌មានណាមួយធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃនោះ អ្នកនោះនឹងត្រូវប្រឈមនឹងការចាប់ខ្លួន។
លោកបញ្ជាក់ថា៖
«អាសិទ្ធិប៉ះគេ គុកហើយ! ព្រោះអាហ្នឹងច្បាប់គេឲ្យជាប់គុក ជាប់ច្រវ៉ាក់ បង់លុយអីតើ! បើអីចឹង គេបង្កើតច្បាប់មកសម្រាប់តែលោកឯង អីចឹងម្នាក់ៗបង្កើត NGO ទៅ! បង្កើតអង្គការក្រៅរដ្ឋាភិបាលទៅ! ហើយដល់គេចាប់ថា គេបង្រ្កាប។ ចុះខ្លួនឯងនិយាយធ្វើអី? ផ្តាំទុកឲ្យហើយ លោកឯងនេះច្រើនដងហើយ! អាម្នាក់ហ្នឹង ច្រើនដងហើយ!ប្រយ័ត្ន! អស់តែប៉ុន្មានទេ។ តែច្រលើម ប្រហើន គិប! អ្នកដាក់គិបហ្នឹងគឺច្បាប់គេគិប មិនមែនខ្ញុំធ្វើទេ! ឲ្យយល់ កុំប្រហើនឲ្យសោះ!»
បើទោះបីជាមិនបញ្ចេញឈ្មោះអ្នកធ្វើអត្ថាធិប្បាយនោះក៏ដោយ ការថ្លែងរបស់លោកហ៊ុន សែន ហាក់សំដៅលើលោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល (Comfrel)។ លោកគល់ បញ្ញា បានផ្តល់បទសម្ភាសន៍ឲ្យអ្នកកាសែតក្នុងស្រុកមួយចំនួនកាលពីម្សិលមិញពាក់ព័ន្ធនឹងការបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទរវាងលោកហ៊ុន សែន និងលោកកឹម សុខា។ ខ្សែអាត់សំឡេងបែកធ្លាយនោះត្រូវបានបង្ហោះដោយម្ចាស់ទំព័រហ្វេសប៊ុកមួយឈ្មោះសីហា ដែលជាទំព័រហ្វេសប៊ុក ដែលតែងបង្ហោះពីកិច្ចសន្ទនាជាច្រើនដែលម្ចាស់ទំព័រនោះអះអាងថា ជាកិច្ចសន្ទនាតាមទូរស័ព្ទរបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងមួយចំនួនជាមួយដៃគូស្នេហារបស់ពួកគេ។
កាលពីថ្ងៃសៅរ៍ ម្ចាស់ទំព័រហ្វេសប៊ុកនោះបានសរសេរដោយទម្លាក់កំហុសលើលោកកឹម សុខា ថា លោកបានលួចចរចាសម្ងាត់ជាមួយលោកហ៊ុន សែន រឿងកម្ចាត់លោកសម រង្ស៊ី ដើម្បីដណ្តើមគណបក្ស។
ទោះបីជាយ៉ាងណា ការសន្ទនានោះបង្ហាញថា លោកហ៊ុន សែន បានព្យាយាមជំរុញឲ្យលោក កឹម សុខា វាយប្រហារលោកសម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ។
លោកគល់ បញ្ញា បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ពាក់ព័ន្ធនឹងសំឡេងនៃការបែកធ្លាយនោះថា ការធ្លាយចេញខ្សែអាត់សំឡេងបែបនេះមិនបង្ហាញពីភាពចាស់ទុំខាងសីលធម៌ និងនយោបាយទេ។ លោកថា ការបញ្ចេញខ្សែអាត់សំឡេងនោះមិនប្រាកដថា បានផលខាងនយោបាយទេ ព្រោះអ្នកប្រើប្រាស់ព័ត៌មានតាមបណ្ដាញសង្គមជាច្រើន មានព័ត៌មានសម្រាប់ផ្ទៀងផ្ទាត់។
ក្នុងថ្ងៃជាមួយគ្នានោះ លោកគល់ បញ្ញា បានផ្តល់បទសម្ភាសន៍ទៅវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ថា ការទម្លាយសារសន្ទនាតាមទូរស័ព្ទនោះជាការចង់បង្កើតការសង្ស័យគ្នាទៅវិញទៅមក ដែលអាចនាំឲ្យមានការបែកបាក់គូប្រកួតនយោបាយ។
VOA មិនអាចទាក់ទងសុំការឆ្លើយតបពីលោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល (Comfrel) បានទេ នារសៀលនេះ។
VOA ក៏បានព្យាយាមទាក់ទងសុំការអធិប្បាយពីមន្រ្តីសិទ្ធិមនុស្ស និងអ្នកវិភាគ តែរហូតមកដល់ល្ងាចថ្ងៃចន្ទនេះ នៅតែមិនមានអ្នកទទួលទូរស័ព្ទ។
ក្រោយការបែកធ្លាយខ្សែអាត់សំឡេងបានតែមួយថ្ងៃ លោកហ៊ុន សែន បានប្រាប់អង្គភាពសារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងលោកនៅព្រឹកថ្ងៃអាទិត្យនេះថា ខ្សែអាត់សំឡេងដែលបែកធ្លាយនោះគឺជាការសន្ទនារវាងលោក និងលោកកឹម សុខា ពិតមែន។ លោកបន្ថែមថា សារនោះគ្មានការកាត់តនោះទេ ហើយថា ប្រសិនបើលោកកឹម សុខា ហ៊ានចេញមុខបដិសេធ លោកនឹងបបួលលោកកឹម សុខា ទៅស្បថនៅព្រះអង្គដងកើ។
សារព័ត៌មាននោះក៏បានផ្សាយពីការឆ្លើយតបរបស់លោកហ៊ុន សែន ដែលបានលើកសរសើរម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះសីហា ដែលមានសមត្ថភាពលួចស្តាប់ការសន្ទនារបស់លោកជាមួយលោកកឹម សុខា។
នៅព្រឹកនេះដែរ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានព្រមានបញ្ចេញសារជាខ្សែអាត់សំឡេងរវាងលោក និងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបន្ថែមទៀត ប្រសិនបើលោក កឹម សុខា នៅតែបដិសេធមិនទទួលស្គាល់ខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទរវាងលោកទាំងពីរដែលទំព័រហ្វេសប៊ុកឈ្មោះសីហា បានបង្ហោះកាលពីប៉ុន្មានថ្ងៃមុន។
លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់ VOA នាល្ងាចថ្ងៃចន្ទនេះថា គណបក្សសង្គ្រោះជាតិមិនខ្វល់អំពីការបែកធ្លាយសំឡេងនៃការសន្ទនានោះទេ ហើយក៏មិនបារម្ភពីការបែកបាក់ផ្ទៃក្នុងគណបក្សនោះដែរ។
ពាក់ព័ន្ធនឹងការគំរាមចាប់ខ្លួនមន្រ្តីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានដែលថ្លែង និងផ្សព្វផ្សាយព័ត៌មាននយោបាយ លោកបានបន្ថែមថា មិនមានច្បាប់ណាមួយចែងហាមមិនឲ្យនរណាម្នាក់បញ្ចេញមតិផ្នែកនយោបាយនោះទេ។
លោកបញ្ជាក់ថា៖
«រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាគឺធានាសេរីភាពនៃការបញ្ចេញមតិដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយអត់មានបែងចែងថា អ្នកនេះនិយាយបាន អ្នកនោះនិយាយមិនបានទេ។ ប៉ុន្តែគ្រាន់តែថា សេរីភាពហ្នឹងគឺត្រូវឋិតនៅក្នុងក្របខណ្ឌនៃច្បាប់មួយ កុំឲ្យយើងនិយាយទៅប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ អាហ្នឹងតែប៉ុណ្ណឹងទេ។ ចំពោះសេរីភាពនៃការបញ្ចេញមតិដើម្បីឆ្លុះបញ្ចាំងការរិះគន់ ការស្ថាបនាអីហ្នឹង គឺថា ធានាដោយរដ្ឋធម្មនុញ្ញហ្នឹងហើយ»។
VOA បានព្យាយាមទាក់ទងលោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃដើម្បីសុំការបកស្រាយពាក់ព័ន្ធនឹងវិធានការផ្លូវច្បាប់នៃការលួចស្តាប់សំឡេងសន្ទនាតាមទូរស័ព្ទរវាងលោកហ៊ុន សែន ជាមួយលោកកឹម សុខា តែមិនអាចទាក់ទងបាន។
ប៉ុន្តែពាក់ព័ន្ធនឹងការលួចស្តាប់សំឡេងឆ្លងឆ្លើយតាមទូរស័ព្ទឯកជន ដែលត្រូវបានបង្ហោះតាមបណ្តាញអ៊ីនធឺណែតក្នុងពេលកន្លងមក លោកខៀវ សុភ័គ ធ្លាប់បានប្រាប់ VOA ថា សមត្ថកិច្ចនឹងមិនបើកការស៊ើបអង្កេតណាមួយពាក់ព័ន្ធនឹងការលួចថតសំឡេងបុគ្គលឯកជនមកផ្សព្វផ្សាយជាសាធារណៈនោះទេ ប្រសិនបុគ្គលដែលរងការលួចថតនោះមិនប្តឹងសមត្ថកិច្ចដើម្បីឲ្យធ្វើការស៊ើបអង្កេត។
ទោះជាយ៉ាងណា នៅពេលកន្លងមក លោកមិនបានឆ្លើយតបនឹងសំណួរដែលសួរថា តើការលួចស្តាប់ និងការលួចថតសំឡេងសន្ទនាតាមទូរស័ព្ទរបស់បុគ្គលយកមកផ្សព្វផ្សាយជាសាធារណៈនេះ ធ្វើឲ្យប៉ះពាល់បែបណា ឬខុសនឹងច្បាប់កម្រិតណានោះទេ។
អ្នកច្បាប់លើកឡើងថា ការលួចថតសំឡេងបុគ្គលឯកជន និងផ្សព្វផ្សាយជាសាធារណៈនោះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សន្តិសុខជាតិ។ ពួកគេបន្ថែមថា ការដែលរដ្ឋាភិបាលមិនអើពើនឹងសកម្មភាពទាំងនេះបង្ហាញថា រដ្ឋាភិបាលអសមត្ថភាពក្នុងការគ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍ ហើយថា រដ្ឋាភិបាលកំពុងបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។
កន្លងមកលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានព្រមានអ្នកវិភាគ មន្រ្តីអង្គការសង្គមស៊ីវិលជាច្រើន បន្ទាប់ពីពួកគេបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងការវិវត្តនយោបាយនៅកម្ពុជា៕