ខណៈក្រុមអ្នកជំនាញលើកឡើងថា ការព្យាយាមគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយដោយរដ្ឋាភិបាលលែងមានប្រសិទ្ធភាពតទៅទៀតហើយនោះ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា មើលឃើញថា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានងាកទៅប្រើប្រាស់ច្បាប់និងប្រព័ន្ធតុលាការវិញម្ដង ដើម្បីផ្ដួលគូបដិបក្ខនយោបាយនិងបំបិទមាត់អ្នកទិតៀនខ្លួន។
អ្នកវិភាគខ្លះ ថែមទាំងព្រមានថា រដ្ឋាភិបាល អាចនឹងឈានទៅប្រើប្រាស់មធ្យោបាយថ្មីនេះ ដើម្បីបំបិទសំឡេងឯករាជ្យថែមទៀតនៅពេលខាងមុខ ដែលការណ៍នេះ អាចនឹងធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសប្រជាធិបតេយ្យក្លែងក្លាយ។
ក្រុមអ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយលើកឡើងថា ដោយសារតែការវិវត្តទៅមុខយ៉ាងលឿននៃបច្ចេកវិទ្យាក្នុងសម័យកាលថ្មីនេះ ការព្យាយាមដាក់ឥទ្ធិពលរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយ លែងមានប្រសិទ្ធភាពតទៅទៀតហើយ។ ពួកគេ អះអាងថា ការណ៍នេះ បានញ៉ាំងឲ្យរដ្ឋាភិបាល ងាកទៅរកមធ្យោបាយថ្មីមួយ គឺការប្រើប្រាស់ច្បាប់និងប្រព័ន្ធតុលាការ ដើម្បីព្យាយាមដាក់សម្ពាធនិងបំបិទមាត់ក្រុមប្រឆាំងនិងអ្នករិះគន់ខ្លួន។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយVOA កាលពីពេលថ្មីៗនេះថា ការប៉ុនប៉ងដាក់ឥទ្ធិពលរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយជាពិសេសប្រព័ន្ធផ្សព្វផ្សាយដែលហ៊ានទិតៀនរដ្ឋាភិបាលនោះ លែងទទួលបានផលតទៅទៀតហើយនៅក្នុងសម័យកាលថ្មីនេះ។
«សព្វថ្ងៃនេះ ដោយសារការជឿនលឿនផ្នែកបច្ចេកវិទ្យា ផ្នែកឌីជីថលផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គមឬ Social Media ហ្នឹង គឺវាធ្វើឲ្យមានឥទ្ធិពលជះត្រឡប់ទៅវិញ មានន័យថា វាទប់ទល់ទៅនឹងប្រព័ន្ធផ្សព្វផ្សាយច្រើនដែលគ្រប់គ្រងដោយអ្នកមានឥទ្ធិពលនយោបាយឬឧកញ៉ាហ្នឹងទៅវិញ។ ដូច្នេះ វាធ្វើឲ្យប្រជាពលរដ្ឋមានការថ្លឹងថ្លែងរវាងអត្ថបទឬព័ត៌មានដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមអ្នកជំនួញធំៗហ្នឹង ឬអ្នកដែលមានឥទ្ធិពលនយោបាយធំៗហ្នឹង ជាមួយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឬSocial Mediaជាដើមហ្នឹង។ ប្រជាពលរដ្ឋចាប់ផ្ដើមមើលឃើញអ្វីដែលប្លែក»។
កម្ពុជា មានស្ថានីយទូរទស្សន៍ជាង២០ វិទ្យុជាង១០០ កាសែតជាង៤០០ និងប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិតមួយចំនួនទៀត។ នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាល។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងហ៊ានទិតៀនចំណុចអវិជ្ជមានរបស់រដ្ឋាភិបាលនោះ មានចំនួនតិចតួចប៉ុណ្ណោះ។
មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងអង្គការអ្នករាយការណ៍គ្មានព្រំដែន បានធ្វើការសិក្សាមួយរួមគ្នាកាលពីឆ្នាំ២០១៥ អំពីនរណាជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា។
ការសិក្សានេះ បានរកឃើញថា ក្នុងចំណោមម្ចាស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចំនួន២៧ ដែលត្រូវបានសិក្សា ១០នាក់ មានទំនាក់ទំនងខាងនយោបាយ និង៩នាក់គឺជាឧកញ៉ា និងជាអ្នកជំនួញដែលមានចំណងទាក់ទងជាមួយអ្នកនយោបាយ។
ម្ចាស់ស្ថាប័នទាំងនេះ គ្រប់ដណ្ដប់ទីផ្សារព័ត៌មានភាគច្រើន ជាពិសេសគឺប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីដូចជាវិទ្យុនិងទូរទស្សន៍។ នេះបើយោងតាមការសិក្សាដដែល។
ប៉ុន្តែ កាលពីឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយសង្គមជាពិសេសFacebookដែលអ្នកជំនាញនិយាយថាពិបាកគ្រប់គ្រង បានក្លាយជាប្រភពព័ត៌មានទី១ សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីទទួលបានព័ត៌មាន ដោយគ្មានការរឹតត្បិតខ្លឹមសារជាមុន ដោយប្រព័ន្ធផ្សព្វផ្សាយបែបថ្មីនេះ បានវ៉ាប្រព័ន្ធផ្សព្វផ្សាយ ដូចជាទូរទស្សន៍ វិទ្យុនិងកាសែតជាដើម។
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយ និយាយថា ការវិវត្តចុងក្រោយនេះ បានធ្វើឲ្យការព្យាយាមគ្រប់គ្រងឬធ្វើជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីជះឥទ្ធិពលឬបំបិទព័ត៌មានពិតណាមួយ លែងមានប្រសិទ្ធភាពតទៅទៀត។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា មានប្រសាសន៍ថា អ្នកអាន អ្នកស្ដាប់ឬទស្សនិកជន កាន់តែមានការយល់ដឹងច្រើនអំពីប្រភេទព័ត៌មានដែលពួកគេទទួលបាន ដូច្នេះ សូម្បីតែការប៉ុនប៉ងរបស់ក្រុមហ៊ុនឯកជនណាមួយក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីគ្រាន់តែឃោសនាបម្រើប្រយោជន៍ក្រុមហ៊ុនតែមួយមុខនោះ ក៏លែងមានប្រសិទ្ធភាពតទៅទៀតដែរ។
«អ្វីដែលសំខាន់នៅក្នុងកាលៈទេសៈបច្ចុប្បន្នរបស់ប្រទេសកម្ពុជាយើង គឺនៅត្រង់ការយល់ដឹងរបស់ប្រជាពលរដ្ឋយើងគឺថាមានកម្រិតខុសពីមុនឆ្ងាយ។ ពលរដ្ឋលោកដឹង លោកបានចេះវាយតម្លៃអំពីស្ថានភាព អំពីព័ត៌មានរបៀបណា ដែលគាត់អាចទទួលយកបាន អាចទុកចិត្តបាន។ នេះជាការសំខាន់ដែលម្ចាស់ស្ថាប័នព័ត៌មានទាំងអស់ត្រូវផ្ដោតការយកចិត្តទុកដាក់។ ប្រសិនបើមានម្ចាស់ស្ថាប័នណាមួយ ដែលគាត់មានលុយច្រើន ហើយគាត់គិតបង្កើតស្ថាប័នព័ត៌មានឡើងដើម្បីតែការពារផលប្រយោជន៍របស់គាត់តែមួយមុខ ហើយគាត់អនុវត្តគោលដៅនោះ ខ្ញុំគិតថា ជាការយល់ច្រឡំហើយនៅក្នុងកាលៈទេសៈនេះ»។
ការប្រើប្រាស់ច្បាប់ដើម្បីបំបិទមាត់ក្រុមប្រឆាំងនិងអ្នកទិតៀន
អ្នកតាមដានស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជាខ្លះ មើលឃើញថា ដោយសារការដាក់សម្ពាធឬឥទ្ធិពលទៅលើប្រព័ន្ធផ្សព្វផ្សាយដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន លែងបានតទៅទៀត រដ្ឋាភិបាល បានចាប់ផ្ដើមប្រើមធ្យោបាយថ្មីមួយគឺការប្រើច្បាប់និងប្រព័ន្ធតុលាការ ដើម្បីបំបិទមាត់ក្រុមប្រឆាំង និងអ្នករិះគន់ខ្លួន។
ចាប់តាំងពីឆ្នាំមុន រដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច បានចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងមេដឹកនាំនិងសមាជិកជាន់ខ្ពស់ជាច្រើនរូបរបស់គណបក្សបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំង ក្រោមបទចោទប្រកាន់ផ្សេងៗ រាប់ចាប់ពីរឿងអាស្រូវផ្លូវភេទ និងការបរិហារកេរ្តិ៍ជាសាធារណៈ ហើយនិងការញុះញង់ឲ្យប្រព្រឹត្តអំពើហិង្សាជាដើម។
កាលពីខែមេសាឆ្នាំមុន លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយក្នុងស្រុកមួយ បានរងការប្ដឹងផ្ដល់ពីគណបក្សប្រជាជនកម្ពុជា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ក្រោយពីមេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះ បានធ្វើអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វផ្សាយថា គណបក្សកាន់អំណាច បានប្រើប្រាស់រឿងអាស្រូវផ្លូវភេទ ដើម្បីដាក់សម្ពាធលើគូប្រជែងនយោបាយរបស់ខ្លួន។
បីខែក្រោយមក អ្នកស្រាវជ្រាវសង្គមនិងជាអ្នករិះគន់រដ្ឋាភិបាលដ៏លេចធ្លោម្នាក់ទៀតគឺលោក កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់នៅចំកណ្ដាលទីក្រុងភ្នំពេញ។ ការស៊ើបអង្កេតករណីបាញ់សម្លាប់នេះ នៅមិនទាន់បានស្រាយចម្ងល់អ្នកតាមដានស្ថានការណ៍នេះនៅឡើយទេ។
រដ្ឋសភានិងព្រឹទ្ធសភាកម្ពុជា ដែលគ្រប់គ្រងដោយសំឡេងភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា កាលពីខែមុន ក៏បានអនុម័តយ៉ាងប្រញាប់ប្រញាល់នូវសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ បន្ទាប់ពីមានការបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់មន្ត្រីក្រោមឱវាទរបស់លោក ឲ្យរៀបចំធ្វើវិសោធនកម្មច្បាប់ឆ្នាំ១៩៩៧នេះ។
សំណើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាស់នេះ បានញ៉ាំងឲ្យប្រធានគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ប្រកាសលាលែងភ្លាមៗពីតំណែងជាប្រធាននិងសមាជិកគណបក្សប្រឆាំងនេះ។
អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ និងអ្នកតាមដានស្ថានការណ៍នយោបាយមួយចំនួន បានហៅវិសោធនកម្មច្បាប់នេះ ថាធ្វើឡើងដោយមានគោលដៅទៅរំលាយគណបក្សប្រឆាំង។
កាលពីពីរសប្ដាហ៍មុន លោក គឹម សុខ ដែលជាអតីតគ្រូបង្រៀននៅតាមមហាវិទ្យាល័យនិងជាអ្នកធ្វើអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វផ្សាយ ក៏បានរងបណ្ដឹងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ក្រោយពីលោក ហ៊ុន សែន បានដាក់ពាក្យប្ដឹងទៅតុលាការ ដោយចោទប្រកាន់ថា លោក គឹម សុខ បានអធិប្បាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា មានជាប់ពាក់ព័ន្ធនឹងឃាតកម្មលោក កែម ឡី។
តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលលោក គឹម សុខ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ ក្រោមបទចោទ តាមបណ្ដឹងរបស់លោក ហ៊ុន សែននោះ លោកបានថ្លែងប្រាប់ VOA យ៉ាងដូច្នេះថា៖
«អាក្រក់បំផុតនៅក្នុងអាណត្តិនេះគឺថា ការប្រើច្បាប់។ ការទៅកែច្បាប់ដោយមិនមានការពិភាក្សាឲ្យបានត្រឹមត្រូវជាមួយសមាជិកសភាគណបក្សប្រឆាំងអីហ្នឹងទេ។ ដូច្នេះ ការកែច្បាប់អីអស់ហ្នឹង វាជារបៀបផ្ដាច់ការកំពូលសាហាវបំផុតហើយ ដែលយើងបិទសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយរបស់គេ»។
ប្រសិនបើរកឃើញថាមានទោសមែន លោក គឹម សុខ អាចប្រឈមនឹងការជាប់ពន្ធនាគារចំនួន២ឆ្នាំ និងត្រូវបង់សំណងជំងឺចិត្តទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ៥សែនដុល្លារ តាមការទាមទារពីដើមបណ្ដឹង។
គោលដៅបន្ទាប់៖ ប្រព័ន្ធផ្សព្វផ្សាយ ?
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវខាងបញ្ហាសង្គមនៅកម្ពុជា បានថ្លែងប្រាប់VOAថា ក្នុងរយៈពេលប្រមាណ១ឆ្នាំមកនេះ សម្ពាធពីរដ្ឋាភិបាល បានធ្លាក់ទៅលើគណបក្សប្រឆាំងច្រើន ហើយក្នុងរយៈពេល១ខែចុងក្រោយនេះ សម្ពាធក៏បានធ្លាក់ទៅលើក្រុមអ្នកវិភាគវិញម្ដង។
លោកបន្តថា បច្ចុប្បន្ន សម្ពាធនេះ ហាក់ដូចជាមានចរន្តងាកទៅរកប្រព័ន្ធផ្សព្វផ្សាយបន្ថែមទៀត។
«សព្វថ្ងៃ យើងឃើញថា ប្រព័ន្ធផ្សព្វផ្សាយ ក៏អាចក្លាយជាទិសដៅសម្រាប់ការទទួលសម្ពាធហ្នឹងដែរ បើយើងពិនិត្យមើលទៅ»។
លោក មាស នី ដែលរងការព្រមានពីលោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ ដោយសារការរិះគន់ទៅលើការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ដែលមិនអនុញ្ញាតឲ្យរដ្ឋមន្ត្រីរបស់លោក ទៅឆ្លើយបំភ្លឺនៅរដ្ឋសភាតាមការកោះហៅរបស់តំណាងរាស្ត្របក្សប្រឆាំងនោះ បន្ថែមថា៖
«សម្រាប់ខ្ញុំ ប្រសិនបើការប្រើប្រាស់នូវពាក្យថាគណបក្សកាន់អំណាចធ្វើការគាបសង្កត់អី វានឹងអាចធ្លាក់ចូលទៅក្នុងគន្លងមួយដែលគេនឹងអាចធ្វើការប្ដឹងថា ជាការបរិហារកេរ្តិ៍អីអញ្ចឹងទៅ។ បើកាលណាមានការចោទប្រកាន់នេះ យើងមិនដឹងថា ទៅរកអ្នកណារកយុត្តិធម៌ឲ្យទេ ព្រោះបើយើងពឹងទៅលើតុលាការ ដូចបងប្អូនយើង បានដឹងស្រាប់ហើយថា តុលាការនៅស្រុកយើងនេះ ពិបាកឲ្យយើងទុកចិត្តអំពីឯករាជ្យភាពរបស់តុលាការ»។
ដោយលើកយកការរិះគន់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ ទៅលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់អាមេរិក ធ្វើជាលេស រដ្ឋាភិបាលកម្ពុជា កាលពីសប្ដាហ៍មុន បានគំរាម «ចាត់វិធានការ» លើប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដោយរួមទាំងវិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី ព្រមទាំងវិទ្យុសំឡេងប្រជាធិបតេយ្យដែលជាវិទ្យុក្នុងស្រុកផងដែរ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលរដ្ឋាភិបាលចាត់ទុកថា ជា«ព័ត៌មានបំភ្លៃ ញុះញង់ គំរាមកំហែង ដល់ស្ថិរភាពនិងសន្តិភាពកម្ពុជា»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានសរសេរសារនេះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសៅរ៍នោះ បានថ្លែងប្រាប់ VOA បន្ថែមទៀតនៅដើមសប្ដាហ៍នេះថា ប្រសិនបើអ្នកសារព័ត៌មាន ត្រូវបានរកឃើញថា បានប្រព្រឹត្តកំហុសដូចជា«ការធ្វើវិទ្ធង្សនាដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្លាប់សង្គម» នោះពួកគេ អាចប្រឈមនឹងផលវិបាកបែបនេះ៖
«គឺយើងនឹងចាត់វិធានការ។ បើសិនជាជនបរទេស យើងដេញចេញ ហើយបើនៅក្នុងប្រទេស យើង វិនិច្ឆ័យតាមតុលាការ។ អាចជាប់គុក»។
ប៉ុន្តែ លោក ផៃ ស៊ីផាន មិនបានបញ្ជាក់ទេថាតើសកម្មភាពបែបណារបស់អ្នកសារព័ត៌មាន នឹងត្រូវចាត់ទុកថាជាការធ្វើវិទ្ធង្សនា ឬការបំផ្លាញសន្តិសុខនិងស្ថិរភាពរបស់ប្រទេសកម្ពុជានោះទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ VOA ថា ដូចរដ្ឋាភិបាលនានានៅលើពិភពលោកដែរ រដ្ឋាភិបាលកម្ពុជា គ្មានជម្រើសអ្វីផ្សេងក្រៅពីការប្រើច្បាប់ ដើម្បីដោះស្រាយជាមួយនឹងអ្នករិះគន់ខ្លួននោះទេ។
«ការចោទថារដ្ឋាភិបាលយកច្បាប់មកគាបសង្កត់ ខ្ញុំយល់ថាឲ្យប្រើស្អីវិញ បើមិនប្រើច្បាប់ មិនប្រើតុលាការ? ឲ្យប្រើកាំភ្លើងថាខុសទៀតហើយ ផ្ដាច់ការអីទៀតហើយ។ ប្រើរំពាត់ថា អាហ្នឹង រំលោភដល់រាងកាយរបស់បុគ្គលអីទៀតហើយ។ ឲ្យអ្នកវិភាគហ្នឹង ឲ្យយោបល់មកថាឥឡូវ ក្រៅពីច្បាប់ហ្នឹង ឲ្យរកអីវិញ»?
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ ថ្លែងបន្តថា គណបក្សកាន់អំណាច ក៏គ្មានជម្រើសអីផ្សេងក្រៅពីការទុកឲ្យតុលាការធ្វើការងារខ្លួនតាមគោលការណ៍ច្បាប់ដែរ នៅពេលដែលមានបណ្ដឹងប្រឆាំងនឹងអ្នករិះគន់បក្សកាន់អំណាចនោះ។
«ឧបមាថាសម្ដេចគាត់លើកឡើងថា ឥឡូវត្រូវប្ដឹងលោក គឹម សុខ អាហ្នឹងគេប្ដឹង។ ដល់ប្ដឹងទៅ មិនមែនបញ្ជាទៅតុលាការថាឲ្យធ្វើអញ្ចេះ ធ្វើអញ្ចុះទេ អត់ទេ។ តុលាការគេដំណើរការតាមនីតិវិធីផ្លូវច្បាប់ ថាតើបន្ទុកទទួលខុសហ្នឹង វាកម្រិតណា អាហ្នឹង គេកាត់ទោសទៅតាមច្បាប់ដែលមានចែង។ អាហ្នឹងមានតែប៉ុណ្ណឹងតើ! មិនអាចចោទថានាយករដ្ឋមន្ត្រី ទៅរំលោភស្ថាប័នតុលាការ ទៅបញ្ជាតុលាការអីបាន ដូចអ្នកវិភាគមួយចំនួនទេ។ អានោះគឺជាការយល់ឃើញអត្តនោម័តិរបស់គាត់ទេ មិនអាចយកជាការបានទេ»។
តែទោះជាយ៉ាងនេះក្តី ទន្ទឹមពេលដែលកម្ពុជា បានអនុម័តវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដ៏ចម្រូងចម្រាសកាលពីខែមុន លោក ហ្វីល រ៉ប៊ឺសុន (Phil Robertson ) នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស Human Rights Watch បានថ្លែងតាមសារអេឡិចត្រូនិកមួយថា អ្វីដែលបានកើតឡើងទាំងអស់នេះ គឺជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា។
លោកថ្លែងយ៉ាងដូច្នេះថា៖
«យុទ្ធសាស្ត្រសម្រាប់ការបោះឆ្នោតរបស់លោក ហ៊ុន សែនបង្ហាញយ៉ាងច្បាស់ថា៖ ត្រូវតែឈូសឲ្យខ្ទេចនូវស្ថាប័នប្រជាធិបតេយ្យដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា ដោយការប្រើប្រាស់ច្បាប់»។
លោកថ្លែងបន្តថា ៖
«ប្រទេសកម្ពុជា នឹងក្លាយជាប្រទេសប្រជាធិបតេយ្យក្លែងក្លាយ ដោយមានច្បាប់ដែលអនុវត្តដោយតុលាការស្ដាប់បង្គាប់ ដែលស្ថិតនៅក្រោមការត្រួតត្រារបស់គណបក្សប្រជាជនកម្ពុជា»។
លោក ហ្វីល រ៉ប៊ឺសុន (Phil Robertson ) បានអំពាវនាវដល់រដ្ឋាភិបាលបរទេសនិងប្រទេសម្ចាស់ជំនួយនានា ឲ្យធ្វើសកម្មភាពរួមគ្នានៅពេលនេះ ដើម្បីការពារសកម្មជនអង្គការសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង ព្រមទាំងសំឡេងរិះគន់នៅក្នុងប្រទេសកម្ពុជា«ឲ្យរួចផុតពីការវាយសង្កត់សង្កិនដែលនៅកៀកបង្កើយនេះ»៕