ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្សែ​អាត់​សំឡេង​សន្ទនា​រវាង​លោក​ហ៊ុន សែន ​និង​លោក​កឹម សុខា​ទាក់ទាញចំណាប់​អារម្មណ៍​ច្រើន


រូបឯកសារ៖ លោក កឹម សុខា ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះ​ជាតិ (ឆ្វេង) និង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក កឹម សុខា ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះ​ជាតិ (ឆ្វេង) និង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)។ (ឡេង ឡែន/VOA)

ក្រោយ​ការ​បែក​ធ្លាយ​តែមួយ​ថ្ងៃ ​លោក​ហ៊ុន សែន​ បាន​ប្រាប់​ទៅ​អង្គភាព​​សារ​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​លោក​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា ​ខ្សែ​អាត់​សំឡេង​​ដែល​បែក​ធ្លាយ​នោះ​គឺ​ជា​ការ​សន្ទនា​រវាង​លោក​និង​លោក​កឹម សុខា​ ពិត​មែន។

ខ្សែ​អាត់​សំឡេង​សន្ទនា​តាម​ទូរសព្ទ​រវាង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​និង​លោក​កឹម សុខា ​ប្រធាន​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​សី ហា​ បង្ហោះ​លើ​បណ្តាញ​អ៊ីនធឺណែត។ ​ការ​សន្ទនា​នោះ​បង្ហាញ​ថា ​លោក​ហ៊ុន សែន​បាន​ព្យាយាម​ជំរុញ​ឲ្យ​លោក​កឹម សុខា​ វាយ​ប្រហារ​លោក​សម រង្ស៊ី ​ដែល​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​

កាលពី​ថ្ងៃសៅរ៍ ​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​សី ហា​ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​នោះ​ថា ​ខ្សែ​អាត់​សំឡេង​ឆ្លើយ​ឆ្លង​រវាង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​និង​លោក​កឹម សុខា ​ជា​ការ​សន្ទនា​កាល​ពី​ថ្ងៃ​ទី​២៥ ​ខែ​កញ្ញា​ ឆ្នាំ​២០១៦។ ម្ចាស់​ទំព័រ​ហ្វេសប៊ុក​នេះ​សរសេរ​បន្ថែម​ថា ​លោក​កឹម សុខា​ លួច​ចរចា​សម្ងាត់​ជាមួយ​លោក​ហ៊ុន សែន ​រឿង​កម្ចាត់​លោក​សម រង្ស៊ី​ ដើម្បី​ដណ្តើម​គណបក្ស​សង្គ្រោះ​ជាតិ។

សារ​សន្ទនា​នេះ​កើត​ឡើង​តាំង​ពី​ពេល​ដែល​លោក​កឹម សុខា​ កំពុង​សម្ងំ​លាក់​ខ្លួន​ក្នុង​ទីស្នាក់​ការ​បក្ស​សង្គ្រោះ​ជាតិ​ពេល​កំពុង​ជាប់​បណ្តឹង​ពីបទ​បដិសេធ​មិន​ចូល​ខ្លួន​ក្នុង​នាម​ជា​សាក្សី ​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​ជាមួយ​នារី​កាត់​សក់​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ ខុម ចាន់តារ៉ាទី ហៅ​ស្រី​មុំ គួរ​ឲ្យឆ្ងល់។​

រូបឯកសារ៖ លោក កឹម សុខា ត្រូវបាន​តែងតាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុងអំឡុងសមាជវិសាមញ្ញគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក កឹម សុខា ត្រូវបាន​តែងតាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុងអំឡុងសមាជវិសាមញ្ញគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

ក្រោយ​ការ​បែក​ធ្លាយ​តែមួយ​ថ្ងៃ ​លោក​ហ៊ុន សែន​ បាន​ប្រាប់​ទៅ​អង្គភាពសារ​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​លោក​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា ​ខ្សែ​អាត់​សំឡេងដែល​បែក​ធ្លាយ​នោះ​គឺ​ជា​ការ​សន្ទនា​រវាង​លោក​និង​លោក​កឹម សុខា​ ពិត​មែន។ ​លោក​បន្ថែម​ថា ​សារ​នោះ​គ្មាន​ការ​កាត់​ត​នោះ​ទេ ​ហើយ​ថា​ ប្រសិនបើ​លោក​កឹម សុខា​ ហ៊ាន​ចេញ​មុខ​បដិសេធ​ លោក​នឹង​បបួល​លោក​កឹម សុខា ​ទៅ​ស្បថ​នៅ​ព្រះ​អង្គ​ដង​កើ។

តាមរយៈ​ខ្សែអាត់​សំឡេង​នោះគេ​អាច​ស្តាប់​ឮ​ថា ​សំឡេង​របស់​លោក​ហ៊ុន សែន​ ច្បាស់​ជាង​សំឡេង​របស់​លោក​កឹម សុខា ​ដែល​ហាក់​បង្ហាញ​ថា ​សំឡេង​របស់​លោក​ហ៊ុន សែន ​ត្រូវ​បាន​ថត​ដោយ​ផ្ទាល់​ចំណែក​សំឡេង​របស់​លោក​កឹម សុខា​ ជា​សំឡេង​ចេញពី​ទូរស័ព្ទ។​ ការ​សន្ទនា​នេះ​ទំនង​ជា​ផ្តើម​ដោយ​លោក​នាយក​រដ្ឋមន្ត្រី។​

សារ​សន្ទនា​នោះ​បង្ហាញ​ថា ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​ប្រាប់​ឲ្យ​លោក​កឹម សុខា​ ថ្លែង​វាយ​ប្រហារ​លោក​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​ លោក​ហ៊ុន សែន ​បង្គាប់​ឲ្យ​លោក​កឹម សុខា ​បង្ហោះ​សារ​វាយ​ប្រហារ​លោក​សម រង្ស៊ី​ លើ​ទំព័រ​ហ្វេស​ប៊ុក ​បន្ទាប់ពី​លោក​សម រង្ស៊ី​ ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី​ចោទ​ថា​ បាន​វាយ​ប្រហារ​គ្រួសារ​របស់​លោក​ថា ​ភរិយា ​និង​កូន​ប្រុស​ច្បង​របស់​លោក​ហ៊ុន សែន​ ជា​អតីត​ភរិយា និង​កូនប្រុស​របស់​អតីត​មេដឹក​នាំ​វៀតណាម​ម្នាក់​ឈ្មោះ​ឡេ ឌឹកថរ។ ​ដើម្បី​ជា​ថ្នូរ​ក្នុង​ការ​ជួយ​លោក​កឹម សុខា​ ឲ្យ​បាន​ចេញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​និង​បាន​រួច​ពី​ការ​ដាក់ទោស​ក្នុង​ពន្ធនាគារ ​លោក​ហ៊ុន សែន ​បាន​ប្រាប់​ឲ្យ​លោក​កឹម សុខា​ វាយ​ប្រហារ​លោក​សម រង្ស៊ី។​

ក្នុង​វគ្គ​មួយនៃ​សារ​សន្ទនា​នោះ​ លោក​ហ៊ុន សែន​ និយាយ​ថា៖​

«ឥឡូវ​ខា​ឯង​គួរ​តែ​ទះ​វា​មួយ​កំផ្លៀងទៅ!​ ​គួរ​តែ​ទះ​វា​មួយ​កំផ្លៀង​ទៅ!​ កុំ​ចាំ​បាច់​ទៅ​ថ្លែង​ការណ៍ជា​សាធារណៈ​អី ​លេង​តាម​ហ្វេសប៊ុក​របស់​ខ្លួន​វិញ។ ​ប្រាប់​ថា​ នៅ​ក្នុង​ពេល​វេលា​មួយ​ដែល​សមរម្យ​ក្នុង​រដូវ​ភ្ជុំ​នេះ​គឺ​ថា​ ដោយសារ​តែ​សម្តេច​នាយក​ក៏​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស្ងប់​ស្ងាត់​ក្នុង​ពេ​លភ្ជុំ​បិណ្ឌ​ ដូច្នេះ​មិន​គួរ​មាន​អ្នក​នយោបាយ​ណា​ផ្សេង​ទៅ​ថ្លែង​យោបល់​អ្វីដែល​វា​មិន​ត្រូវនឹង​បំណង​បុណ្យ​ទានរបស់​ប្រជា​ពលរដ្ឋ»។​

លោក​កឹម សុខា​ បាន​ឆ្លើយតប​ទៅ​លោក​ហ៊ុន សែន​ ថា៖​

«ឥឡូវ​ខ្ញុំ​ដាក់ ​តែ​ខ្ញុំ​អត់​ដាក់​ឈ្មោះ​ទេ។​ ខ្ញុំ​ថា ​ឥឡូវ​ខ្ញុំ​អំពាវនាវ​ ហើយ​ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​អំពាវ​នាវ​ហើយ​ថា ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ក្នុង​ពេល​ភ្ជុំ​បិណ្ឌ។ ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា​ នៅ​មាន​បញ្ហា​អញ្ចឹង​ ដូច្នេះ​គណបក្ស​មិន​ទទួល​ខុស​ត្រូវ​ទេ​ ក្នុង​ការ​ដែល​ធ្វើការ​វាយ​ប្រហារ​បង្កើត​បញ្ហា​នៅ​ពេល​ស្ងប់ស្ងាត់​ក្នុង​ពេល​បុណ្យ​ទាន​អី​អញ្ចឹង»។​

លោក​ហ៊ុន សែន បន្ទរ៖​

«ហ្នឹងៗៗៗ ​ដាក់​ប៉ុណ្ណឹង​ទៅ​ក៏បាន​ដែរ​ ឲ្យ​តែ​ចេញ​ប៉ុណ្ណឹង​ទៅ​ ចេញ​ប៉ុណ្ណឹង​ទៅ​សិន ​ហើយ​ខ្ញុំ​នឹង​ពិនិត្យ​មើល»។​

លោក​ហ៊ុន សែន ​ក៏​បាន​ព្រមាន​លោក​កឹម សុខា​ ក្នុង​ខ្សែ​អាត់​សំឡេង​នោះ​ថា​ លោក​កឹម សុខា ​នឹង​ត្រូវ​ប្រឈម​គ្រោះ​ថ្នាក់​ ប្រសិនបើ​មិន​ផ្តាច់​ខ្លួន​ពី​លោក​សម រង្ស៊ី។​

លោក​បាន​ប្រាប់​លោក​កឹម សុខា​ ថា៖​

«ខ្ញុំ​អាច​ធ្វើ​ការ​ជាមួយ​ខា​ឯង​បាន​ តែ​រឿង​បញ្ហា​ រង្ស៊ី ​ខ្ញុំ​មិន​លើក​លែង​ទេ។ ​បើ​សិន​ថា ​ខា​ឯង​នៅ​តែ​ភ្ជាប់​ខ្លួន​ ខា​ឯង​ក៏​គ្រោះ​ថ្នាក់​ដែរ។ ​កុំ​ថា​មួយ ​កុំ​ថា​ពីរ​ ប្រាំ​ក៏​ខ្ញុំ​លេង​ដែរ។​ ប៉ុន្តែ​សូមកុំ​ភ្លេច​ថា ​ហើយ​ខ្ញុំ​អត់​ខ្លាច​ទេ ​ទោះបី​ថា ​អាមេរិក​លើក​ទ័ព​ចូល​ស្រុក​ខ្មែរ​ សាក​ល្បង​ល៎​មើល​ទៅ ​ខ្ញុំ​អត់​ខ្លាច​ទេ»។​

លោក​ហ៊ុន សែន​ ក៏​បានប្រាប់​ទៅ​លោក​កឹម សុខា ​ខណៈ​លោក​កឹម សុខា​ កំពុង​សម្ងំ​លាក់​ខ្លួន​ក្នុង​ស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ នៅ​មុន​ពេល​ដែល​លោក​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថា ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដោយ​កុំ​ខ្លាច​មាន​ការ​ចាប់​ខ្លួន។​

​ក្នុងខ្សែ​អាត់​សំឡេង​នោះ​ លោក​ហ៊ុន សែន​ បានអះអាង​ទៅ​កាន់​លោក​កឹម សុខា​ថា៖​

«ចេញ​ទៅ​ចុះ​ឈ្មោះបោះ​ឆ្នោត​ទៅ​ អារឿង​ហ្នឹង​គឺ​វា ​ហើយ​ជឿ​ទៅ​ ​ជឿ​ខ្ញុំ ​ខ្ញុំ​ធានា​ បើ​ខ្ញុំ​មិន​បញ្ជា​ឲ្យ​ចាប់​ទេ​ អ្នក​ណាហ៊ាន​ចាប់!​ អ្នកណា​ក្បាល​ប៉ាន​ដែក? ​អ្នកណា​ហ៊ាន​រំលោភ​បញ្ជា​របស់​ខ្ញុំ!​ ទោះបីថា​ តុលាការ​បញ្ជា ​ប៉ុន្តែ​យើង​កុំ​អនុវត្ត​ទៅ​ អា​ហ្នឹង​ផ្អាក​ការ​អនុវត្ត​សិន​ទៅ!»​

VOA ​មិនអាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​និង​កូន​ស្រី​របស់​លោក​គឺ​កញ្ញា​កឹម មនោវិទ្យា​ បាន​ទេ។​ ទោះជាយ៉ាង​ណា ​លោក​យឹម សុវណ្ណ ​អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ប្រាប់​ VOA ​ថា ​លោក​មិនដឹង​និង​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ។​

នា​រសៀល​ថ្ងៃ​អាទិត្យ​នេះដែរ ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ ​លោក​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អំពាវ​នាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ជឿ​លើ​សារ ​ឬ​សំឡេង​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​អ៊ីនធឺណែត។​ ​លោក​ថា ​សារ ​ឬ​សំឡេង​ទាំង​នោះ​ប្រឌិត​ឡើង​ក្នុង​គោល​បំណង​ប៉ុនប៉ង​បំបែក​បំបាក់​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​បន្ថែម​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«គ្រប់​កាលៈទេសៈ ​ទោះជា​មាន​តំណែង​ជា​ប្រធាន ​ឬ​គ្មាន​តំណែង​អ្វី​ក្នុង​គណបក្ស​ក៏​ដោយ ​លោក​កឹម សុខា ​និង​រូប​ខ្ញុំ ​សម រង្ស៊ី ​នៅតែ​ជា​មនុស្ស​តែ​មួយ​ គឺ​ជា​ដៃគូ​ស្លាប់​រស់​ដើម្បី​សង្គ្រោះ​ជាតិ​យើង»។​

កន្លង​មក​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​សីហា​បាន​បង្ហោះ​ពី​កិច្ច​សន្ទនា​ជា​ច្រើន​ដែល​ម្ចាស់​ទំព័រ​នោះ​អះអាង​ថា ​ជា​កិច្ច​សន្ទនា​របស់​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ជាមួយ​ដៃគូ​ស្នេហា​របស់​ពួកគេ។ ​ទោះ​ជា​យ៉ាង​ណា​ មាន​តែ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​បាន​ចេញមុខ​បក​ស្រាយ​ថា ​ខ្សែ​អាត់​សំឡេង​ទាំង​នោះ​មិនមែន​ជា​ការណ៍​ពិត។​

ពាក់ព័ន្ធ​នឹង​ការ​លួច​ថត​សំឡេង​បុគ្គល​ឯកជន​ និង​ផ្សព្វ​ផ្សាយ​ជាសាធារណៈ​នេះ​ ​អ្នក​ច្បាប់​លើក​ឡើង​ថា ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជា​ពល​រដ្ឋ និង​ប៉ះពាល់​ដល់​សន្តិសុខជាតិ។​ អ្នក​ច្បាប់​លើក​ឡើង​ថា ​ការ​ដែល​រដ្ឋាភិបាល​មិន​អើពើ​នឹងសកម្មភាព​ទាំង​នេះ​បង្ហាញ​ថា ​រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ទូរគមនាគមន៍ ​ហើយ​ថា ​រដ្ឋាភិបាល​កំពុង​បំពាន​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។​

លោក​សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ប្រាប់ ​VOA​ នា​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ថា ​ រដ្ឋាភិបាល​គ្មាន​គម្រោង​ប្តឹង​ ឬ​ស្វែង​រក​អ្នក​ដែល​បង្ហោះ​សារ​សំឡេង​លើ​បណ្តាញ​អ៊ីនធឺណែត​នោះ​ទេ។ ​លោក​បន្ថែម​ថា ​ការ​បែក​ធ្លាយ​សំឡេង​ទាំង​អស់​នោះមិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គណបក្ស​កាន់​អំណាច​នោះ​ទេ​ ហើយ​លោក​ថា លោក​ក៏​មិន​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​សន្តិសុខជាតិ ​ដែល​បង្ក​ឡើងពី​ការ​បែក​ធ្លាយ​សារ​ ឬសំឡេង​ណាមួយ​ដែរ។​

លោក​កឹម សុខា​ ទើបត្រូវ​បាន​ជ្រើស​តាំង​ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជំនួស​លោក​សម រង្ស៊ី​ បន្ទាប់ពី​លោក​សម រង្ស៊ី ​បាន​លាលែង​ចេញពី​តំណែង​ដើម្បី​ការពារ​កុំ​ឲ្យមាន​ការ​រំលាយ​គណបក្ស​ប្រឆាំង មុន​នឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយថ្មី​ចូល​ជា​ធរមាន។​

កាលពី​ឆ្នាំ​២០១១ ​មុន​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥​បន្តិច ​មាន​ការ​បែក​ធ្លាយ​កិច្ច​សន្ទនា​ស្រដៀង​គ្នា​នេះ​ដែរ​រវាង​លោក​ហ៊ុន សែន ​និង​លោក​កឹម សុខា។​ ក្នុង​ពេល​នោះ ​លោក​កឹម សុខា​ លើក​ឡើង​ថា ​ការ​បែក​ធ្លាយ​សំឡេង​នោះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បំបែក​បំបាក់​លោក​ជាមួយ​លោក​សម រង្ស៊ី ​ខណៈ​ពេល​អ្នក​ទាំង​ពីរ​គ្រោង​នឹង​សហការ​គ្នា​ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG