លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល បានផ្ញើលិខិតអបអរសាទរប្រធានាធិបតីចិនគឺលោក ស៊ី ជីនពីង (Xi Jinping) ដែលត្រូវបានជ្រើសតាំងជាថ្មីជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
ប្រទេសចិនបានធ្វើសមាជបក្សកុម្មុយនីស្តរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៥ ខែតុលា ដោយលោក ស៊ី ត្រូវបានជ្រើសតាំងសារជាថ្មី ជាអគ្គលេខាធិការបក្ស។ នេះមានន័យថា លោក ស៊ី នឹងអាចក្លាយជាប្រធានាធិបតីចិនបន្តទៀតនៅឆ្នាំ២០១៨ខាងមុខ។
ក្នុងលិខិតចុះថ្ងៃទី២៥ ខែតុលា លោក ហ៊ុន សែន បានបញ្ជាក់ថា ការជ្រើសតាំងនេះគឺឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងប្រជាជនចិនបានបន្តនូវទំនុកចិត្តដ៏មុតមាំ និងពេញទំហឹងចំពោះលោក ស៊ី ជិនពីង ដើម្បីដឹកនាំប្រទេសចិនបន្តទៀត។
លិខិតរបស់លោក ហ៊ុន សែន សរសេរថា៖
«ខ្ញុំជឿជាក់យ៉ាងមុតមាំថា មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរលង់រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិននឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិ និងប្រជាជនទាំងពីរ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា លោក ស៊ី ជាមនុស្សមានសារៈសំខាន់សម្រាប់ប្រជាជាតិចិន។ លោកក៏បានកោតសរសើរនយោបាយការបរទេសរបស់លោក ស៊ី ទៅលើបញ្ហាសេដ្ឋកិច្ចផងដែរ។
អ្នកនាំពាក្យរូបនោះបានថ្លែងថា លោកសង្ឃឹមនិងជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែប្រសើរថែមទៀត។
លោកបានថ្លែងថា៖
«ហើយយើងជឿជាក់ថា ទំនាក់ទំនងល្អរវាងកម្ពុជា និងចិនផ្អែកទៅលើសេដ្ឋកិច្ចនឹងច្បាស់ជាបន្តរីកបន្ថែមទៅទៀត ដែលយើងធ្លាប់ទទួលជាបទពិសោធន៍នេះ»។
លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ពីការប្តេជ្ញារបស់លោក ស៊ី និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅថា៖
«គ្មានអ្នកណាម្នាក់អាចបំបែកកម្ពុជាចេញពីចិន ឬបំបែកចិនពីកម្ពុជាបានទេ។ អានេះសារសំខាន់ណាស់ ហើយឧបសគ្គរបស់កម្ពុជាគឺជាឧបសគ្គរបស់ចិន។ ដូច្នេះអានេះជាការលើកទឹកចិត្តមួយ»។
មេដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន (Kim Jong Un) ក៏បានផ្ញើសារអបអរសាទរដ៏កម្រមួយទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ផងដែរ។ នេះបើយោងតាមសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង។ លោកបានជូនពរមេដឹកនាំចិន «សម្រេចបានជោគជ័យធំធេង»សម្រាប់កិច្ចការនាពេលខាងមុខ។
លោក ស៊ី ជិនពីង ក៏ធ្លាប់មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៦ផងដែរ ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រមាណ៣០ ហើយក្នុងនោះក៏មានការផ្តល់កម្ចីប្រមាណ ២៣៧លានដុល្លារអាមេរិក និងការលុបចោលបំណុលប្រមាណ៩០លានដុល្លារផងដែរ។
ចំណែកកាលពីខែមេសា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសម្ពោធផ្សព្វផ្សាយសៀវភៅមានចំណងជើងថា «ស៊ី ជីនពីង អភិបាលកិច្ចប្រទេសចិន»។ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនអានសៀវភៅស្ដីពីការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងការដឹកនាំប្រទេសចិន ដើម្បីរៀនសូត្រពីចំណុចសំខាន់ៗយកទៅអភិវឌ្ឍសេដ្ឋកិច្ចរបស់សង្គមកម្ពុជា។
លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានថ្លែងថា ប្រទេសចិននឹងនៅតែរក្សាទំនាក់ទំនងចាស់ជាមួយកម្ពុជា ដោយគ្មានការប្រែប្រួលទេ តាំងពីមុន រហូតមកដល់បច្ចុប្បន្ននេះ។ លោកបន្តថា ប្រទេសចិនមិនដែលខ្វល់ខ្វាយពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ គឺចិនតែងតែគិតពីផលប្រយោជន៍របស់ខ្លួន ដូចជាការវិនិយោគ និងការរកស៊ីផ្សេងៗ។
លោកមានប្រសាសន៍ថា៖
«ចិនតែងតែលើកឡើងថា ឆ្មាគេអត់គិតថា ឆ្មាខ្មៅឬឆ្មាសទេ ឲ្យតែចាប់កណ្តុរបាន។ អីចឹងគេមិនខ្វល់ទេ។ គេសហការជាមួយអ្នកណាក៏ដោយឲ្យតែអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចទៅដល់គេបាន»។
លោកបន្តថា រដ្ឋាភិបាលចិនបានជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់នៅប្រទេសកម្ពុជា តែក៏ត្រូវបានរិះគន់ដោយពលរដ្ឋខ្មែរថា ការធ្វើអាជីវកម្ម រ៉ែ និងរកស៊ីផ្សេងៗប៉ះពាល់ដល់ភូមិករ និងព្រៃសហគមន៍របស់ជនជាតិដើមមួយចំនួន។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរនៅតែគិតថា ប្រទេសចិនជាប្រទេសកុម្មុយនីស្ត រីឯកម្ពុជាកាន់លទ្ធិប្រជាធិបតេយ្យ។
លោកមានប្រសាសន៍ថា៖
«ប្រជាពលរដ្ឋគេនៅប្រយ័ត្នប្រយែងចំពោះចិនដែរ គឺគេនៅតែមើលឃើញថា ប្រទេសចិនជាប្រទេសកុម្មុយនីស្ត។ ដោយសារកម្ពុជាជាប្រទេសប្រជាធិបតេយ្យ អីចឹង គេក៏មិនចង់ឃើញថា ប្រទេសកុម្មុយនីស្តមួយមានឥទ្ធិពលមកលើប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យខ្លាំងដែរ»។
ក្នុងបញ្ហាអាស៊ាន កម្ពុជាត្រូវបានចោទប្រកាន់ពីសំណាក់ប្រទេសសមាជិកអាស៊ានមួយចំនួនថា គាំទ្រចិន ដែលនាំឲ្យបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានលើបញ្ហាសមុទ្រចិនខាងត្បូង។ រដ្ឋមន្រ្តីការបរទេសកម្ពុជាបានច្រានចោលការចោទប្រកាន់នេះ ហើយថា បញ្ហាសមុទ្រចិនខាងត្បូងមិនមែនជារឿងអាស៊ាននោះទេ គឺជារឿងរបស់ចិនជាមួយប្រទេសមួយចំនួនជាសមាជិកអាស៊ាន។
បន្ទាប់ពីការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា កាលពីថ្ងៃទី៣ ខែកញ្ញា និងស្របពេលមានការបិទប្រព័ន្ធផ្សព្វផ្សាយ និងអង្គការក្រៅរដ្ឋាភិបាលមកនោះ ប្រទេសចិនបានប្រកាសការគាំទ្រចំណាត់ការរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
អ្នកនាំពាក្យក្រសួងការបរទេសចិនគឺលោក Geng Shuang បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងប៉េកាំងថា រដ្ឋាភិបាលចិន «គាំទ្រកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីការពារសន្តិសុខជាតិ និងស្ថិរភាព»។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស មានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងចិននាពេលនេះ គឺដោយសារប្រទេសកម្ពុជាមាន«គោលការណ៍ប្រហាក់ប្រហែលគ្នាបែបកុម្មុយនីស្ត» ដែលអ្នកស្រីសំដៅទៅលើការការបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ លទ្ធិប្រជាធិបតេយ្យ សារព័ត៌មានឯករាជ្យ អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង។
អ្នកស្រីមានប្រសាសន៍ថា៖
«ទាំងនេះ យើងយល់ឃើញថា គឺជាការរៀនសូត្រមួយដែលគណបក្សប្រជាជនកម្ពុជាបានទទួលមកពីប្រទេសចិន ក៏ដូចជាពីប្រទេសវៀតណាមដែលមានប្រភពកុម្មុយនីស្តដូចគ្នា»។
អ្នកស្រីមូរ សុខហួរ បន្តថា លោក ហ៊ុន សែន កំពុងតែរៀនការដឹកនាំបែបលោក ស៊ី ជីនពីង។ អ្នកស្រីបន្តថា ប្រសិនបើគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោត នោះទំនាក់ទំនងជាមួយប្រទេសចិននឹងនៅតែល្អ តែធានាឲ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
កាលពីខែកញ្ញា រដ្ឋមន្រ្តីការបរទេសកម្ពុជា គឺលោក ប្រាក់ សុខុន បានថ្លែងថាទំនាក់ទំនងជាមួយចិន គឺដើម្បីផលប្រយោជន៍របស់ប្រទេស ដែលលោកសំដៅទៅលើជំនួយលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
លោកមានប្រសាសន៍ថា៖
«ហើយសួរថា កម្ពុជានៅប៉ូលណា? រដ្ឋធម្មនុញ្ញឆ្លើយជំនួសខ្ញុំហើយគឺនយោបាយអព្យាក្រឹត្យ ហើយអចិន្ត្រៃយ៍ទៅទៀត។ អីចឹងយើងអត់ស្ថិតក្នុងប៉ូលណាទេ។ យើងមានមិត្តភក្តិ យើងមានការរាប់រក មានគេស្រឡាញ់ មានគេជួយ»។
ទំនាក់ទំនងរវាងកម្ពុជា និងចិនបានកើតឡើងយូរមកហើយ ហើយក៏បានបន្សល់ទុកតាំងពីអតីតព្រះមហាក្សត្រគឺព្រះបាទនរោត្តមសីហនុ ដែលបានសោយទិវង្គតនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីឆ្នាំ២០១២។
ចិនជាប្រទេសដែលមានទំហំវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment) ធំជាងគេនៅកម្ពុជា។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានកើនដល់ទៅ ៤,៨ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៦ ដែលមានការកើនឡើងប្រមាណ ២០០លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០១៥។
រដ្ឋាភិបាលទីក្រុងប៉េកាំង រហូតមកដល់ពេលនេះ បានផ្ដល់នូវជំនួយឥតសំណង និងកម្ចីដល់កម្ពុជា ប្រមាណ៤,២ពាន់លានដុល្លារអាមេរិក។ នេះបើតាមការថ្លែងរបស់លោក ហ៊ុន សែន កាលពីខែមេសា ឆ្នាំ២០១៧៕