លោក ហ៊ុន សែន ថា​លោក​មាន​តម្រុយ​អំពី​គណបក្ស​ភ្លើង​ទៀន​មាន​ទំនាក់​ទំនង​ជាមួយ​លោក សម រង្ស៊ី

រូបឯកសារ៖ អ្នក​គាំទ្រ​​គណបក្ស​ភ្លើង​ទៀន ដង្ហែ​ក្បួន​​​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២២ អំឡុង​​ថ្ងៃ​ដំបូង​​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់​។

លោក​នាយក​រដុ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​អះអាង​ថា​ លោក​មាន​តម្រុយ និង​ខ្សែ​អាត់​នានា ដែល​បង្ហាញ​ថា​ គណបក្ស​ភ្លើង​ទៀន​មាន​ទំនាក់​ទំនង​ជាមួយ​លោក​ សម ​រង្ស៊ី ដែល​លោក ហ៊ុន សែន បាន​ហៅ​ថា​ជា​ជន​ក្បត់​ជាតិ​ ៣​ ជំនាន់។

មួយ​រយៈ​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន ដែល​បាន​ចុះ​ទៅ​ជួបប្រជា​កសិករ​រងគ្រោះ​ដោយ​សារ​ជំនន់​ទឹកភ្លៀង បាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​នឹង ​លោក សម រង្ស៊ី ខណៈ​លោក សម រង្ស៊ី ត្រូវ​បាន​បង្ហាញ​ក្នុង​ការ​ថ្លែង​ជា​វីដេអូ​មួយ ដោយ​មាន​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​មួយ​ចំនួន​ដូច​ជា «ស្តេច​សព្វ​ថ្ងៃ​នេះ អត់​មាន​មន​សិការ​ជាតិ​» ហើយ​ «ស្តេច​រាល់​ថ្ងៃ​ក្បត់​ជាតិ»។

ក្នុង​ពេល​ចុះ​ជួប​ប្រជា​កសិករ​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ក្នុង​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ព្រឹក​ថ្ងៃ​ពុធ លោក ហ៊ុន សែន បាន​ចោទ​សួរ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ឱ្យ​ចេញ​មុខ​បក​ស្រាយ​ថា​ តើ​គណបក្ស​មួយ​នេះ​មាន​ទំនាក់​ទំនង​ជាមួយ​លោក សម រង្ស៊ី ឬ​យ៉ាង​ណា? លោក​បន្តថា ​គ​ណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​បង្កើត​ដោយ​លោក សម រង្ស៊ី ហើយ​លោក​ចង់​ដឹង​ថា​ ផ្តាច់​ទំនាក់​ទំនង​ជាមួយ​លោក សម រង្ស៊ី ហើយ​ឬ​នៅ?

លោក ហ៊ុន សែន ក៏​បាន​អះអាង​ថា​ លោក​មាន​ភស្តុតាង​នានា​ដែល​បង្ហាញ​ថា​ គណបក្ស​ភ្លើង​ទៀន​មាន​ទំនាក់​ទំនង​នឹង​មនុស្ស​ដែល​ស្និទ្ធ​នឹង ​លោក សម រង្ស៊ី ហើយ​លោក​បាន​លើក​ឡើង​ពី​ច្បាប់​គណបក្ស​នយោបាយ ដែល​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​មាន​ទំនាក់​ទំនង​ជាមួយ​ទណ្ឌិត។

លោក​ថ្លែង​ថា៖ «អា​មេក្លោង​មួយ​នេះ វា​ធ្លាប់​តែ​និយាយ​កន្លងទៅ។ ហេតុ​អ្វី​បាន​ខ្ញុំ​ត្រូវ​ចោទ​សួរ​ ដោយ​សារ​អាភ្លើង​ទៀន​វា​បង្កើត​ដោយ​អា​មួយ​នោះ។ អ៊ីចឹង​ទេ តើ​អ្នក​ឯង​ពាក់​ព័ន្ធ​អ្វី? ​អ៊ីចឹង​ នេះ​ជា​កូន​របស់​អាមួយ​នោះ។ ចឹង​ឥឡូវ​វាផ្តាច់គ្នា​ហើយ​នៅ? បញ្ហា​វា​ស្ថិត​នៅ​ត្រង់ក​ន្លែង​ហ្នឹង។ អ៊ីចឹង​ទេ ខ្ញុំ​សង្ឃឹម​ថា​ នឹង​មាន​ការ​ឆ្លើយ​តប»។

លោក ហ៊ុន សែន ក៏​បាន​អំពាវនា​វឱ្យ​សមា​ជិក​គណបក្ស​ភ្លើង​ទៀន​ផ្តាច់​ខ្លួន​ចេញ​ពី​គណបក្ស​មួយ​នេះ ហើយ​មក​ចុះ​ចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គណបក្ស​នយោបាយ​ផ្សេង​វិញ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​ថា​ រឿង​នេះ​មិន​មែន​ជា​រឿង​តូច​តាច​ ហើយ​គឺ​ជា​រឿង​លេង​សើច​នោះ​ទេ​ សមាជិក​សមាជិកា​នៃ​គណបក្ស​ភ្លើង​ទៀន​គួរ​តែ​ត្រូវ​ផ្តាច់​ខ្លួន​ឱ្យ​បាន​ស្រូត​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ចៀស​វាង​នូវ​បញ្ហា​ណា​មួយ​កើត​ឡើង ព្រោះ​នេះ​មុខ​សញ្ញា​ ជា​គោល​ដៅ​ ព្រោះ​ជា​កម្លាំង​ម្ខាង ​គឺ​គេសម្រាប់​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល។ ប៉ុន្តែ​វា​ទៅ​ជាមួយ​គ្នា​ក្នុង​ការ​ផ្តួល​រំលំ​រាជានិយមអាស្រ័យ​រដ្ឋ​ធម្មនុញ្ញ»។

រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សន្តិភាព​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១។

រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងនៅក្នុងពិធីអបអរបេក្ខជនជាប់ឆ្នោតមេឃុំ និងក្រុមប្រឹក្សាជាប់ឆ្នោត នៅក្នុងខេត្តកំពង់ធំ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។ (ស៊ុន ណារិន/វីអូអេ)

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក ថាច់ សេដ្ឋា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ លោក​សាទរ​ចំពោះ​ការដែ​ល​នាយក​រដ្ឋមន្ត្រី​សាក​សួរ ដើម្បី​បាន​ការ​ឆ្លើយ​តប ដែល​នេះ​បង្ហាញ​ពី​វប្បធម៌​នៃ​លទ្ធិ​ប្រជាធិ​បតេយ្យ។ លោកប​ន្ត​ថា​ លោក​មិន​គាំទ្រ​ឡើយ​ចំពោះ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់ ក៏ដូច​ជា​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង។

លោក​ថ្លែង​ថា៖ «​ខ្ញុំ​ទោះ​នរណា​ក៏​ដោយ​ ក៏​ខ្ញុំ​សុំ​ថា​ឱ្យ​យើង​គោរព​ទៅ​តាម​អ្វី​ដែល​កំណត់​ក្នុង​ច្បាប់​ គឺ​ស្ថាប័ន​ព្រះ​មហាក្សត្រ​ដែល​មិន​ត្រូ​វបាន​ប៉ះ​ពាល់​ឡើយ។ យើង​ត្រូវ​ចៀស​វាង​ជា​ដាច់​ខាត​តែ​ប៉ុ​ណ្ណឹង​ឯង»។

លោក​បន្ថែម​ថា ​គណបក្ស​ភ្លើង​ទៀន​ដំណើរ​ការ​ទៅតាម​ច្បាប់ ហើយ​ក៏​មិនស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​បុគ្គល​ណា​ដែរ ហេតុ​នេះ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន អំពី​ការ​រំលាយ​គណបក្ស មិន​ត្រូវ​ព្រួយ​បារម្ភ​ឡើយ។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ យល់ថា​ បញ្ហា​ដែល​អ្នក​នយោបាយ​កម្ពុជា​កំពុង​តែ​តឹង​សរសៃ​ក​ដាក់គ្នា​ ជា​បញ្ហា​បុគ្គល​និង​បុគ្គល ដូច្នេះ​វា​នឹង​មិន​អាច​រក​ផ្លូវ​បញ្ចប់​ឃើញ​ឡើយ។ លោក​បន្ត​ថា​ ប្រសិន​បើ​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ ត្រូវបាន​រំលាយ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ នោះ​វា​នឹង​នាំ​មក​បរិយាកាស​នយោបាយ​កាន់​តែ​អាប់​អួ តានតឹង ហើយ​កម្ពុជា​អាច​ប្រឈម​នឹង​សម្ពាធ​អន្តរជាតិ។

លោក​ថ្លែង​ថា៖ «បញ្ហា​បុគ្គល​ ជម្លោះ​បុគ្គល​ ជា​អ្នកដឹក​នាំគណបក្ស​នយោបាយ​ យើង​គិត​ថា​ វា​ជារឿង​មួយ​ហើយ​ យើ​ងអា​ច​ឈ្លោះ​គ្នា ក្នុង​ក្រប​ខណ្ឌ​បុគ្គល​ទៅ។ បើ​សិន​គណបក្ស​យើងធម្មតា​ យើ​ងមើល​ទៅ​លក្ខខណ្ឌ ក៏ដូច​ជាអំណះ​អំណាង​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ រហូត​មក​ដល់​ថ្ងៃ​នេះ​ តុលា​ការ​នៅ​មិន​ទាន់​មាន​វិធានការ​ ឬ​ក៏​សាល​ដីកា​ច្បាស់លាស់​នៃ​ការ​កាត់​ទោស​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ប៉ុន្តែ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ហើយ។ នេះ​ជា​សកម្មភាព​មួយដែល​សហគមន៍​អន្តរជាតិ​មិន​ឱ្យ​តម្លៃ​ឬ​គាំទ្រ​ទេ»។

គួរ​បញ្ជាក់​ថា​ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​កាត់​ទោស និង​ចោទ​ប្រកាន់​នៅ​ក្នុង​សំណុំ​រឿង​មួយ​ចំនួន។ កាល​ពី​ពេល​ថ្មីៗ​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​ផ្តន្ទាទោស​លោក សម រង្ស៊ី ដាក់ពន្ធនាគារ​អស់​មួយ​ជីវិត ចំពោះ​ការ​ចោទ​ប្រកាន់​ថា ​រូប​លោកចុះ​ហត្ថលេខា​ជាមួយ​ប្រធាន​មូលនិធិ​ម៉ុងតាញ៉ា ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក គឺ​លោក​ កុក​ ស ពាក់ព័ន្ធ​នឹង​ការ​កាត់​ទឹក​ដី​ ៤ ខេត្ត​របស់​កម្ពុជា ឱ្យ​ទៅ​ជន​ជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា៕