លោក ហ៊ុន សែន បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ការគ្រប់គ្រង​បាន​នូវ​ការរាតត្បាត​ជំងឺ​កូវីដ១៩ ក្នុង​ប្រទេស

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំរបស់រដ្ឋសភាជាតិកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១។ (AFP PHOTO/Cambodia National Assembly)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បង្ហាញ​មោទនភាព​អំពី​ជ័យជម្នះ​ក្នុង​ការ​គ្រប់គ្រង​បាន​លើ​ស្ថានភាព​ជំងឺ​ឆ្លង​កូវីដ១៩ ​និង​ភាព​ស៊ាំ​ទប់ទល់​នឹង​ជំងឺ​នេះ​ នៅ​កម្ពុជា​ ក្រោយ​រដ្ឋាភិបាល ​បង្កើន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស។​

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ និង​លើក​កម្រិត​គុណភាព​ផ្លូវ​ជាតិ​លេខ ​៤៨​ ត​ភ្ជាប់​ខេត្ត​ជាប់​មាត់​សមុទ្រ​ គឺ​ខេត្ត​ព្រះ​សីហនុ​ ទៅ​កាន់​ខេត្ត​កោះកុង​ ដែល​នៅ​ជាប់​ប្រទេស​ថៃ​ នៅ​ថ្ងៃ​ចន្ទ​នេះ​ លោក ​ហ៊ុន សែន​ បាន​លើក​ឡើង​ពី​ប្រសិទ្ធ​ភាព​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩ ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ស៊ាំ​ក្នុង​សហគមន៍​ ហើយ​បាន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​មាន​លទ្ធភាព​បើក​ដំណើរការ​សេដ្ឋកិច្ច​ប្រទេស​ទាំង​មូល​ឡើង​វិញ។​

លោក​បាន​ថ្លែង​ថា៖ ​«ក្នុង​រយៈ​កាល​ចាប់​ពី​យើង​បើក​ប្រទេស​ឡើង​វិញ​ ថ្ងៃ​១​ ខែ​វិច្ឆិកា​ហើយ​យើង​បិទ​បញ្ចប់​ព្រឹត្តិ​ការណ៍​ថ្ងៃ​២០​ ខែ​ធ្នូ​ គឺ​ ១០​ខែ​គត់​នៃ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩​ព្រឹត្តិការណ៍​សហគមន៍​ ២០​ កុម្ភៈ។ ​ចំណូល​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​ងើប​ឡើង​វិញ​ បន្ទាប់​ពី​យើង​ចាក់​វ៉ាក់សាំង​គ្រប់គ្រាន់»។​

ដំណាល​គ្នា​នោះ​ដែរ​លោក​ ហ៊ុន សែន​ បាន​បញ្ជាក់​ពី​ស្ថានភាព​ល្អ​ប្រសើរ​ពី​ការ​គេចផុត​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ​នៅ​ក្នុង​សហគមន៍​ទ្រង់​ទ្រាយ​ធំ​ជាថ្មី​ទៀត​ ជា​ពិសេស​អំឡុង​ពេល​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ពេល​ថ្មីៗ​នេះ។​

លោក​ប្រាប់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ​ថា៖​ «ហើយ​ខ្ញុំ​សូម​បញ្ជាក់​ ខ្ញុំ​សប្បាយ​ចិត្ត​ជាង​គេ​នៅ​ត្រង់​ថា ​ប្រឡង​បាក់​ឌុប​ យើង​ថា​បាក់​ឌុប​....​ភាសា​ពី​ដើម​ តែ​បើ​ភាសា​ត្រូវ​ យើង​ថា ​ប្រឡង​មធ្យម​សិក្សាទុតិយភូមិ ​...​ កូន​សិស្ស​ ១១៥.០០០​នាក់​ជាងតែ​ករណី​ឆ្លង​កូវីដ១៩​ មាន​តែ​បី​ប៉ុណ្ណោះ ​...​ពីរ ​គឺ​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ គឺ​ចាត់​តាំង​ឲ្យ​ប្រឡង​នៅ​មន្ទីរ​ពេទ្យ​តែ​ម្តង។ ​មួយ​ទៀត ​គឺ​នៅ​បាត់ដំបង ​គឺ​មាន​តែ​៣​ករណី​គត់»។​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ក៏​បាន​ស្នើ​ឲ្យ​មាន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​បី​ទៅ​ដល់​ពលរដ្ឋ​នៅ​ទូទាំង​រាជធានី​ខេត្ត​នៅ​ក្នុង​ប្រទេស​ផង​ដែរ​ និង​បាន​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល​ពិនិត្យ​ឡើង​វិញ​នូវ​លទ្ធភាព​ផ្តល់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​ ជូន​ពលរដ្ឋ​ចំនួន​ប្រមាណ​ ៧​ម៉ឺន​នាក់​ ដែល​ត្រូវ​បាន​វេជ្ជបណ្ឌិត​ មិន​បាន​អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ​កាល​ពី​ពេល​ដើម​ដំបូង។​

ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ លោក​ យង់ គិមអេង​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​លោក​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​ពី​ការ​កើត​មាន​រលក​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ សាជា​ថ្មី​ ដោយ​សារ​វីរុស​កូវីដ១៩ ​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង។

លោក​បាន​ថ្លែង​ថា៖ ​«ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណា​ ខ្ញុំ​សង្កេត​ឃើញ​ថា​ កម្ពុជា​មិនមែន​មាន​ន័យ​ថា យើង​រួច​ផុត​ពី​ភាព​ភ័យ​ខ្លាច​ ឬ​កង្វល់​ពី​ជំងឺ​កូវីដ១៩ ​នោះ​ទេ។​ កម្ពុជា​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ ព្រោះ​ដោយសារ​បញ្ហា​មេ​រោគ​បំប្លែង​ថ្មី​នេះ ​ក៏​បាន​ចូល​មក​ប្រទេស​កម្ពុជា​ដែរ។ ហើយ​នឹង​មាន​ការ​ព្រួយ​បារម្ភ​ បើ​សិន​វា​ឆ្លង​រាលដាល​ខ្លាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​វិស័យ​ផ្សេងៗ​ជា​ច្រើន​ទៀត​ រួម​ទាំង​វិស័យ​សេដ្ឋកិច្ច​ផង​ដែរ»។​

លោក​បាន​បន្ថែម​ថា ​បើ​ទោះ​បី​ជា​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ ​ត្រូវ​បាន​រាយ​ការណ៍​ថា ​បាន​ធ្លាក់​ចុះ​ក្នុង​កម្រិត​ទាប​ខ្លាំង​ក៏​ដោយ ​ក៏​កម្ពុជា​នៅ​តែ​មិនទាន់​អាច​ឆ្លង​ផុត​ទាំងស្រុងពី​ហានិភ័យ​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​នៅ​ឡើយ​ទេ ​ដោយ​សារ​តែ​វីរុស​កូវីដ១៩ ​កំពុង​តែ​បន្ត​រាតត្បាត​នៅ​តាម​បណ្តា​ប្រទេស​ដទៃ​ទៀត​នៅ​លើ​សាកល​លោក ហើយ​បាន​បំប្លែង​ជា​ប្រភេទ​ថ្មី​ផ្សេងៗ។​

អ្នកស្រី​វេជ្ជបណ្ឌិត ​Li Ailan​ អ្នក​តំណាង​អង្គការ​សុខភាព​ពិភព​លោក​ (WHO) ​ប្រចាំ​កម្ពុជា​ បាន​ឆ្លើយ​តប​សំណួរ​វីអូអេ​តាម​អ៊ីមែល​ថា មាន​ការ​រំពឹង​ទុក​ថា​ មាន​ករណី​វីរុស​ប្រភេទ​អូមីក្រុង (Omicron) ​នាំចូល​ប្រទេស​កម្ពុជា ​និង​ការ​ឆ្លង​ក្នុង​ស្រុក​ដោយសារ​ការបំប្លែងរបស់​វីរុស ​និង​ស្ថានភាព​ឆ្លង​នៅ​ក្នុង​ពិភពលោក​ដែល​ត្រូវ​មាន​ទំនាក់​ទំនង​គ្នា។ ​អង្គការ​សុខភាព​ពិភព​លោក ​បាន​និង​កំពុង​ណែនាំ​ និង​គាំទ្រ​ប្រទេស​កម្ពុជា ​ជាពិសេស​ដោយ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​ និង​មន្ទីរ​សុខាភិបាល​ខេត្ត ​និង​ដៃ​គូ​នានា​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​នេះ។​

កម្ពុជា​នៅតែ​ត្រូវ​ត្រៀម​ខ្លួន​ឆ្លើយ​តប​ដ៏​ល្អ​ទប់ទល់កំណើន​ដែល​អាច​កើត​មាន​ដោយសារ​វីរុស​ប្រភេទ​ Omicron ​និង​ប្រភេទ​ថ្មី​ផ្សេង​ទៀត។​ វា​ជា​ដំណឹង​ល្អ​ ដែល​ការចាក់​វ៉ាក់សាំង​កូវីដ១៩​នៅ​កម្ពុជា​ បាន​ជួយ​ជីវិត​មនុស្ស​ជាច្រើន​ ហើយ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ ជាទូទៅ ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។​ ប៉ុន្តែ​យើង​នៅតែ​ត្រូវ​ប្រុង​ប្រយ័ត្ន។​

អ្នកស្រី​បន្តថា​ ប្រទេស​កម្ពុជា​ បាន​បំពេញ​ការងារ​បាន​ល្អ​ក្នុង​ការ​ចាក់​ថ្នាំបង្ការ​ដល់​ប្រជា​ពលរដ្ឋ ជាពិសេស​អ្នក​ដែល​ងាយ​រងគ្រោះ​ រួមមាន​មនុស្ស​ចាស់ ​បុគ្គលិក​ថែទាំ​សុខភាព​ និង​អ្នក​ដែល​មាន​ជម្ងឺ។ ​ទោះជា​យ៉ាងណា​ក៏​ដោយ​ ការ​ចាក់​វ៉ាក់សាំង​តែមួយ​មុខ ​គឺ​មិន​គ្រប់គ្រាន់​ទេ ​ដើម្បី​ការពារ​សហគមន៍​កម្ពុជា​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ១៩ គឺ​ត្រូវ​មាន​វិធានការ​បន្ថែម។

គិត​ត្រឹម​ថ្ងៃ​ទី​២​ ខែ​មករា​នេះ ​កម្ពុជា ​បាន​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩ ​បាន​ជិត​ ៩០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ ១៦​លាន​នាក់​ ដោយ​ចំនួន​ពលរដ្ឋ​អាយុ​លើ​និង​ក្រោម​ ១៨​ឆ្នាំ​ ដែល​បាន​ទទួល​វ៉ាក់សាំង​យ៉ាង​តិច​ពីរ​ដូស​មាន​សរុប​ជាង ១៣,៦​លាន​នាក់។​ នេះ​ បើ​យោង​តាម​ទិន្នន័យ​ពី​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩។​

កាល​ពី​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​នៅ​គ្រប់​វិស័យ​ គិត​ចាប់​ពី​ថ្ងៃ​ទី១​ ខែ​វិច្ឆិកា​ ​ហើយ​ពលរដ្ឋ​អាច​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​ដោយ​មិន​មាន​ជាប់​បម្រាម​អ្វី​ត​ទៅ​ទៀត​នោះ​ទេ។​

ការ​បើក​ដំណើរការ​គ្រប់​វិស័យ​ឡើង​វិញ​នេះ​ កើត​មាន​ឡើង​ បន្ទាប់​ពី​មាន​ការ​បិទខ្ទប់​ទ្រង់ទ្រាយ​ធំនៅ​តាម​រាជ​ធានី​ និង​ខេត្ត​មួយ​ចំនួន រយៈ​ពេល​អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០២១​ និង​ក្រោយ​ពិធី​បុណ្យ​ជាតិ​នេះ​ និង​ការ​ដាក់​បម្រាម​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩​ ក្រោយ​ពី​មាន​ការ​ផ្ទុះ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ១៩ ​ចាប់​តាំង​ពី​ព្រឹត្តិ​ការណ៍​សហគមន៍​«២០ ​កុម្ភៈ»​មក។​

វីអូអេ​ មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូវីដ១៩ ​និង​លទ្ធភាព​នៃ​ការ​រាតត្បាត​ជំងឺ​នេះ​នា​ពេល​បច្ចុប្បន្ន​ពី​រដ្ឋ​លេខាធិការ ​និង​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី ​ឱ វណ្ឌឌីន ​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។​

គិតត្រឹម​ថ្ងៃ​ទី២​ ខែ​មករា​កម្ពុជា​បាន​កត់ត្រា​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​សរុប​ចំនួន​ជាង​១២០.៥០០​ករណី ​ដោយ​មាន​ករណី​ឆ្លង​ថ្មី​ ដែល​បញ្ជាក់​ដោយ​ម៉ាស៊ីន​ PCR ​ និង​សុទ្ធ​ជា​ប្រភេទ​បំប្លែង​ថ្មី​អូមីក្រុង​ចំនួន ​៦​ករណី ​ ខណៈ​ករណី​ជា​សះស្បើយ​សរុប​មាន​ចំនួន​ជិត​១១៧.០០០​នាក់ ​ហើយ​ករណី​ស្លាប់​សរុប​ចំនួន​៣.០១៤​នាក់៕