លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃសៅរ៍ បានថ្លែងទៅកាន់មេដឹកនាំពិភពលោកក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិថា ការដកប្រព័ន្ធអនុគ្រោះពន្ធមួយផ្នែករបស់សហភាពអឺរ៉ុបពីកម្ពុជាគឺជាការសម្រេចដែលមាន«ភាពលម្អៀង»និង«អយុត្តិធម៌»ហើយលោកចាត់ទុកថា នេះជារឿងច្រំដែលនៃប្រវត្តិសាស្រ្ត។
លោក ហ៊ុន សែន បានថ្លែងបែបនេះ តាមរយៈវីដេអូថតទុកមួយ ដែលបង្ហាញនៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥ ក្រោមមូលបទ «អនាគតដែលយើងចង់បានអង្គការសហប្រជាជាតិដែលយើងត្រូវការ» នៅសាលប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ក្នុងវីដេអូថតទុកប្រមាណ២០នាទីនោះ លោក ហ៊ុន សែន បានលើកចំណុចមួយអំពី«ការបដិសេធចំពោះភាពអយុត្តិធម៌»។ ត្រង់ចំណុចនេះ លោក ហ៊ុន សែន ថ្លែងថា ប្រទេសកម្ពុជាស្រឡាញ់សន្តិភាព និងប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យប៉ុន្តែវាជារឿងគួរឲ្យសោកស្តាយ ដែលប្រទេសមួយចំនួនធ្វើឲ្យកម្ពុជាត្រូវប្រឈមមុខដោយ«ស្តង់ដារទ្វេ»។
លោក ហ៊ុន សែន ថ្លែងថា៖ «គួរឲ្យសោកស្តាយដែលជារឿយៗ អាស្រ័យទៅនឹងមហិច្ឆតានយោបាយ និងរបៀបវារៈឱកាសនិយម លាក់ពុតរបស់ប្រទេសមួយចំនួនកម្ពុជាត្រូវប្រឈមមុខនឹងស្តង់ដារទ្វេដែលប្រកបដោយល្បិចកលនិងការសម្រេចដែលមានភាពលម្អៀង និងមានចេតនានយោបាយ ពោលគឺភាពអយុត្តិធម៌»។
ត្រង់ចំណុចនេះ លោក ហ៊ុន សែន ថ្លែងបន្តទាក់ទងនឹងប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប «គ្រប់មុខទំនិញ លើកលែងសព្វាវុធឬEBA»ថា៖ «ការដែលសហភាពអឺរ៉ុបដកហូតEBAមួយផ្នែកនៅពេលនេះ នៅពេលដែលប្រទេសនេះកំពុងប្រឹងប្រែងតស៊ូជម្នះជំងឺរាតត្បាតកូវីដ១៩ គឺជារឿងច្រំដែលនៃប្រវត្តិសាស្រ្ត។ ទោះជាយ៉ាងណា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ដូចដែលខ្លួនធ្លាប់បានធ្វើអស់រយៈពេល៤០ឆ្នាំកន្លងមកនេះ ក្នុងការការពារនូវអ្វីដែលខ្លួនជឿជាក់ថា មាគ៌ាដ៏ត្រឹមត្រូវ នោះគឺការគោរពអធិបតេយ្យភាពនិងការថែរក្សាសន្តិភាពដែលកសាងបានយ៉ាងលំបាកលំបិន និងទទួលបាននូវការសាទរពេញទំហឹងដោយប្រជាជាតិកម្ពុជាទាំងមូល…»។
លោក ហ៊ុន សែន ក៏បានប្រាប់មេដឹកនាំពិភពលោកថា ការសម្រេចចិត្តដកប្រព័ន្ធអនុគ្រោះពន្ធមួយផ្នែករបស់សហភាពអឺរ៉ុបធ្វើឲ្យលោកនឹកឃើញថា ក្រោយការដួលរលំរបបខ្មែរក្រហម របបដឹកនាំក្រោយត្រូវទទួលរងទណ្ឌកម្មពីប្រទេសភាគច្រើននៃអង្គការសហប្រជាជាតិ ដែលអនុញ្ញាតឲ្យខ្មែរក្រហមកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ។
កាលពីថ្ងៃទី១២ ខែសីហា សហភាពអឺរ៉ុបបានបន្ថយការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មមួយផ្នែក ដោយចាប់ផ្ដើមយកពន្ធចំនួន២០ភាគរយលើទំនិញកម្ពុជា ជាការឆ្លើយតបនឹង«ការរំលោភបំពានជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ» លើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ក្រោយការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យរបស់សហភាពអឺរ៉ុបថ្លែងប្រាប់VOAកាលពីថ្ងៃអាទិត្យថាការសម្រេចចិត្តដកប្រព័ន្ធអនុគ្រោះពន្ធមួយផ្នែកនេះ ដោយសារសហភាពអឺរ៉ុបបានឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា។ អ្នកនាំពាក្យបន្តថា សហភាពអឺរ៉ុបបានដឹងពីឥទ្ធិផលនៃជំងឺកូវីដ១៩លើប្រទេសកម្ពុជា ទាំងសេដ្ឋកិច្ច និងការងារ។ ដូច្នេះហើយ ដូចប្រកាសកាលពីថ្ងៃទី១១ ខែ មិថុនាសហភាពអឺរ៉ុបនិងប្រទេសជាសមាជិកនៃសហភាពអឺរ៉ុបបានប្រមូលថវិកាប្រមាណ៤៤៣លានអឺរ៉ូជាជំនួយឥតសំណង និងជាកម្ចី ដើម្បីធ្វើការជាមួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងការកាត់បន្ថយផលប៉ះពាល់លើផ្នែកសេដ្ឋកិច្ចសង្គម និងការរៀបចំងើបឡើងវិញ។
សហភាពអឺរ៉ុបប្រាប់VOAតាមសារអ៊ីម៉ែលថា៖ «នៅក្នុងករណីកម្ពុជាបង្ហាញភាពល្អប្រសើរខ្លាំងក្លា ជាពិសេសសិទ្ធិពលរដ្ឋនិង សិទ្ធិនយោបាយនោះ គណៈកម្មការអាចពិនិត្យឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន ក្នុងការដាក់ឲ្យមានប្រព័ន្ធអនុគ្រោះពន្ធដែលត្រូវបានដក«គ្រប់មុខទំនិញ លើកលែងសព្វាវុធ EBA»។
សហភាពអឺរ៉ុបន្តថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរឹតត្បិតសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជាអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ ជាពិសេសការកំហិតធ្ងន់ធ្ងរនៃសេរីភាពនៃការបញ្ចេញមតិ និងការគាបសង្កត់លើមតិនយោបាយផ្ទុយ។សហភាពអឺរ៉ុបបញ្ជាក់ថា ខ្លួនបន្តតាមដានស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
លោក Phil Robertson នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch)ប្រចាំតំបន់អាស៊ី ដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា មានប្រសាសន៍ថាលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ជាអ្នកទទួលខុសត្រូវខ្ពស់បំផុតដែលនាំឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា។
លោកមានប្រសាសន៍តាមសារអ៊ីម៉ែលថា៖ «លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃការដកប្រព័ន្ធអនុគ្រោះពន្ធមួយផ្នែករបស់សហភាពអឺរ៉ុប ដោយសារលោកជាអ្នកមើលការខុសត្រូវលើការកម្ទេចជាប្រព័ន្ធនៃការអនុវត្តសិទ្ធិមនុស្ស និងសិទ្ធិការងាររបស់កម្ពុជា ដែលត្រូវតែអនុវត្តតាមលក្ខខណ្ឌនៃផលប្រយោជន៍ប្រព័ន្ធអនុគ្រោះពន្ធEBA»។
លោកបន្តថា តាមពិតទៅ សហភាពអឺរ៉ុបគួរតែដកប្រព័ន្ធអនុគ្រោះពន្ធនេះច្រើនជាង២០ភាគរយដោយសារការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា។
ឆ្លើយតបនឹងការព្រួយបារម្ភអំពីការចាប់ខ្លួនមនុស្សជិត២០នាក់ ចាប់តាំងពីចុងខែកក្កដា ដែលរួមមានមេដឹកនាំសហជីពលោក រ៉ុង ឈុន និងអ្នកចូលរួមទាមទាររកយុត្តិធម៌ដល់លោក រ៉ុង ឈុនរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ការពារខ្លួនថា កម្ពុជាបានគោរព និងផ្តល់តម្លៃចំពោះសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្តុំដោយសន្តិវិធី ប៉ុន្តែបញ្ជាក់ថា វាត្រូវអនុវត្តទៅតាមច្បាប់។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថាក្រុមការងាររបស់សហភាពអឺរ៉ុបបានមកវាយតម្លៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជារួចហើយមុននឹងសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធមួយផ្នែកនេះ។ លោកបន្តថា អ្វីដែលធ្ងន់ធ្ងរជាងគេនោះគឺការរំលាយគណបក្សសង្រ្គោះជាតិ និងការរឹតត្បិតសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «បើសិនជាយើងកម្ពុជាអាចនឹងធ្វើ ឬក៏កែសម្រួលលក្ខខណ្ឌរបស់គេ អាហ្នឹងខ្ញុំជឿថា អនាគតថ្ងៃក្រោយ អាចនឹងមានការទទួលបានការអនុគ្រោះពន្ធហ្នឹងឡើងវិញ ឬក៏មិនមានការបាត់បង់បន្ថែមទៀត»។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០១មក ដែលជួយដល់ការនាំចេញផលិតផលសម្លៀកបំពាក់តម្លៃច្រើនពាន់លានដុល្លារទៅកាន់ប្រទេសនៅសហភាពអឺរ៉ុបដែលជាទីផ្សារធំបំផុតរបស់កម្ពុជា៕
លោក អូន ឆេងប៉រ នៃ VOA ចូលរួមចំណែកដល់សេចក្ដីរាយការណ៍នេះ។