លោក ​ហ៊ុន សែន​ថា ​កុំ​ឲ្យ​​បារម្ភ​នឹង​កំណើន​អ្នក​វិនិយោគ​ចិន

សណ្ឋាគារ​វិមានខ្សាច់មាសនៅក្រុង​ព្រះសីហនុ​ ដែល​ត្រូវបាន​បន្ថែម​ដោយ​កាស៊ីណូ ដើម្បីស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន ដែលមានការ​កើន​ឡើង​យ៉ាង​គំហុក។ (ស៊ុន ណារិន/VOA)

កំណើន​ភ្ញៀវ​ទេសចរ​ចិន​ដ៏​ច្រើន​មក​ខេត្ត​ព្រះសីហនុ ​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រកប​ជំនួញ​របស់​ប្រជាជន​​កម្ពុជា​នៅ​ទីនោះ។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ថ្លែង​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​កំណើន​អ្នកវិនិយោគ​ចិន​នៅ​ប្រទេស​កម្ពុជា ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពើ​កំណើន​យ៉ាង​សន្ធឹកសន្ធាប់​នៃអ្នក​ទេសចរ និង​អ្នក​រកស៊ី​ចិននៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា លោក ហ៊ុន សែន បាន​ថ្លែង​ថា កម្ពុជា​នៅ​ខ្វះខាត​ធនធាន​មនុស្ស ដូច្នេះ​ហើយ​បាន​ត្រូវ​ការ​អ្នក​វិនិយោគ​ពី​ក្រៅ​ប្រទេស។ លោក​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​កំណើន​អ្នក​វិនិយោគ​ចិន។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (VOA)

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ទាំង​អស់​គ្នា​បាន​ដឹង​ហើយ បាន​ឃើញ​ហើយ ក្នុង​រយៈ​ចុង​ក្រោយ​នេះ បែរ​ជា​នាំ​គ្នា​ភ័យ​ព្រួយ​ថា វត្តមាន​នៃ​អ្នក​វិនិយោគិន​ចិន​នេះ ធ្វើ​ឲ្យ​មាន​កង្វល់។ ប៉ុន្តែ​ខ្ញុំ​ចង់​សួរ​ថា នៅ​ក្នុង​ពេល​ដែល​មាន​ការ​វិនិយោគ​ដ៏​សន្ធឹកសន្ធាប់​យ៉ាង​ដូច្នេះ ធនធាន​មនុស្ស​គ្រប់គ្រាន់ ដើម្បី​ដោះស្រាយ​ឲ្យ​គេ​ហើយ​ឬ​នៅ? ដោយសារ​ដោះស្រាយ​មិន​គ្រប់​ហ្នឹង​ហើយ បាន​ត្រូវ​មានវត្តមាន​របស់​គេ​ចូល​មក»។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ទៀត​ថា កម្ពុជា​ត្រូវ​ការធ្វើ​ផ្លូវ​ ស្ពាន និង​អគារ ដូច្នេះ​កម្ពុជា​ត្រូវការ​ការ​ពង្រឹង​ធនធាន​មនុស្ស ដើម្បី​បំពេញ​តាម​តម្រូវការ។

សណ្ឋាគារ​មាលីចិន្តា​នៅ​ម្តុំ​ឧតុនិយម​ ខេត្ត​ព្រះសីហនុ ដែល​ជនជាតិ​ចិន បាន​ទាក់ទង​ម្ចាស់ ដើម្បីជួល ហើយម្ចាស់កំពុង​ពិចារណាក្នុងការ​ជួល។ (ស៊ុន ណារិន/VOA)

កាល​ពី​សប្តាហ៍​មុន​ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ដ មីន បាន​រាយការណ៍​ទៅ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ថា ​កំណើន​ជន​បរទេស​ក្នុង​ខេត្តបាន​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក៏​ដូច​ជា​ការ​កើន​ឡើង​នូវ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​មាន​តម្លៃ​ខ្ពស់ សម្បូរ​សណ្ឋាគារ ​កាស៊ីណូ ​និង​ភោជនីយដ្ឋាន​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​ និង​ប្រាក់​ចំណូល​ពន្ធ​កើន​ឡើង​ជាដើម។ ប៉ុន្តែ​លោក​ថា ​កំណើន​ជន​បរទេស​ក្នុង​ខេត្ត​នេះ បាន​និង​កំពុង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ជាច្រើន​ដូចជា ​បង្ក​ឱកាស​ដល់​ជនជាតិ​ចិន​ជា​ពួក​ម៉ាហ្វីយ៉ា​មួយ​ចំនួន​ បន្លំ​ខ្លួន​ចូល​មក​ប្រព្រឹត្ត​បទ​ល្មើស ​បង្ក​អសន្ដិសុខ ​និង​ចាប់​ជំរិត​អ្នក​វិនិយោគ។ លោក​អភិបាល​ខេត្ត​បន្ត​ថា អ្នក​ខ្លះ​ទៀត​បាន​ជួល​ផ្ដាច់​សណ្ឋាគារ ​និង​ផ្ទះ​សំណាក់​មួយ​ចំនួន​ធំ​ដែល​ធ្វើ​ឲ្យ​ការ​ផ្ដល់​សេវា​ដល់​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​មាន​ការ​ខ្វះ​ខាត​នៅ​ពេល​បុណ្យ​ទាន។

លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​ប្រាប់​ VOA ​ថា រដ្ឋាភិបាល​ស្វាគមន៍​អ្នក​វិនិយោគ​ទាំង​អស់ និង​ភ្ញៀវ​បរទេស ដោយ​មិន​ប្រកាន់​ភ្ញៀវ​មក​ពី​ប្រទេស​ណា​នោះ​ទេ។ លោក​បន្ត​ថា អាជ្ញាធរ​នឹង​ព្យាយាម​រក្សា​សន្តិសុខ​ឲ្យ​បាន​ល្អ សម្រាប់​ភ្ញៀវ​ទេសចរ​ទាំង​អស់។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​ខ្ញុំ​ខិតខំ​ថែរក្សា​ ការពារ​សុខ​សន្តិភាព សុវត្ថិភាព ហើយ​ធ្វើ​ម៉េច​ជំរុញ​ពួក​គាត់​ដែល​មក​ហ្នឹង គោរព​ច្បាប់​ប្រទេស​ខ្ញុំ ខេត្ត​ខ្ញុំ។ នេះ​គឺ​ជា​ការ​ប៉ងប្រាថ្នា​របស់​ពួក​ខ្ញុំ»។

លោក​ក៏​មាន​ក្ដី​បារម្ភ​អំពី​ការ​ដែល​ជនជាតិ​ចិន​មក​រក​ស៊ី​ក្នុង​ខេត្ត​មួយ​នេះ ហើយ​ប៉ះពាល់​ដល់​ការ​រក​ស៊ី​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ លោក​បាន​ថ្លែង​ថា៖

«ទីមួយ យើង​គិត​ពី​រឿង​ច្បាប់​របស់​ប្រទេស​យើង ទីពីរ ​យើង​គិត​រក​វិធី​ម៉េច​ឲ្យ​មាន​សមធម៌​ខ្លះ(ក្នុង​ការ​រកស៊ី)»។

សំណង់កាស៊ីណូចិន​ឈ្មោះ New MGM ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ ក្រោយ​ផ្ទះ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ក្រុង​ព្រះសីហនុ ដើម្បីស្វាគមន៍​កំណើន​គំហុក​ជនជាតិ​ចិន​នៅ​ក្នុង​ខេត្តព្រះសីហនុ។ (ស៊ុន ណារិន/VOA)

លោក តាំង សុចិត្រគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា ចំនួន​ភ្ញៀវ​ចិន​មាន​នៅ​ចន្លោះ​១២​ទៅ​១៣​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៧ ដែល​មាន​កំណើន​ប្រមាណ​១៣០​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន។

លោក​បញ្ជាក់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ផល​ពី​ភ្ញៀវ​ចិន តាម​រយៈ​ការ​សម្របសម្រួល​ទៅ​តាម​កំណើន​ភ្ញៀវ​ចិន និង​ដឹង​ពី​តម្រូវ​ការ​របស់​ភ្ញៀវ​ចិន។ លោក​បញ្ជាក់​ថា ភ្ញៀវ​ចិន​មាន​សក្តានុពល និង​មាន​ចំណូល​ច្រើន។

លោក​មាន​ប្រសាសន៍ប្រាប់ VOA ថា៖

«អញ្ចឹង​ត្រូវ​ដឹង​តម្រូវការ​របស់​ភ្ញៀវ​ទេសចរ​ចិន។ បើ​គាត់​ស្នាក់ គឺ​អត់​ស្នាក់​នៅ​ក្រោម​ផ្កាយ​បី​ទេ។ បើ​មិន​ផ្កាយ​៤ ​គឺ​ផ្កាយ​៥។ គាត់​ត្រូវ​ការ​ស្តង់ដារ​ Restaurant (ភោជនីយដ្ឋាន) ចិន​របស់​គាត់ ហើយ​សួរ​ថា ​នៅ​កំពង់សោម​មាន ​Restaurant​ ចិន​ប៉ុន្មាន ដែល​ស្តង់ដារ​ ប្រៀបធៀប​សៀមរាប ភ្នំពេញ»។

កម្ពុជា​រំពឹង​ថា នឹង​ទទួល​អ្នក​ទេសចរ​ចិន​ប្រមាណ​ ២​លាន​នាក់ ​នៅ​ឆ្នាំ២០២០។

លោក​ ​ង៉ែត ជូ​ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច ​និង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ Emerging Markets​ Consulting (EMC) ​មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ថា កំណើន​ទេសចរ និង​អ្នក​រកស៊ី​ចិន​នៅ​ខេត្ត​ព្រះសីហនុ​យ៉ាង​ច្រើន​គំហុក​នេះ នាំ​ឲ្យ​អាជ្ញាធរ​ពិបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហា។ លោក​បន្ត​ថា ត្រូវ​មាន​ការ​រឹត​បន្តឹង​ច្បាប់ និង​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​រដ្ឋាភិបាល​ទទួល​បាន​ចំណូល​ពី​ការ​វិនិយោគ​របស់​ចិន។

លោក​មាន​ប្រសាសន៍​ថា៖

«រដ្ឋាភិបាល​គួរតែ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​បន្តិច​លើ​បញ្ហា​ហ្នឹង។ ទាក់ទង​នឹង​នីតិវិធី​ក្នុង​ការ​គ្រប់គ្រង​ផ្នែក​ខាង​ការ​ធ្វើអាជីវកម្ម ការ​ប្រមូល​ពន្ធ​អី​ជាដើម ដើម្បី​ធានា​ថា យើង​បាន​ចំណូល​ថវិកា​ជាតិ​ពី​ការ​វិនិយោគ​ហ្នឹង»។

ទំនាក់ទំនង​កម្ពុជា-ចិន​ មាន​ភាព​ស្អិតល្មួត តាម​រយៈ​ទំនាក់ទំនង​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​ចិន។ ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង និង​កម្ចី​មក​កម្ពុជា​ជា​បន្ត​បន្ទាប់ ខណៈ​ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក មាន​ភាព​មិន​ល្អ​រហូត​មក​ដល់​ពេល​នេះ។ ចិន​ជា​ប្រទេស​ដែល​មាន​ទំហំ​វិនិយោគ​ផ្ទាល់​ពី​បរទេស ​(Foreign Direct Investment)​ ធំ​ជាង​គេ​នៅ​កម្ពុជា។​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ​និង​ចិន​បាន​កើន​ដល់​ទៅ ​៤.៨០០​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦​ ដែល​មាន​ការ​កើន​ឡើង​ប្រមាណ​ ២០០​លាន​ដុល្លារ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៥។​

រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​ រហូត​មក​ដល់​ពេល​នេះ ​ក៏​បាន​ផ្ដល់​នូវ​ជំនួយ​ឥត​សំណង ​និង​កម្ចី​ដល់​កម្ពុជា ​ប្រមាណ​៤.២០០លាន​ដុល្លារ​អាមេរិក។​ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក ​ហ៊ុន សែន ​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០១៧៕