លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានថ្លែងការពារផែនការរុះរើគណៈរដ្ឋមន្ត្រីរបស់លោក បន្ទាប់ពីក្រុមសង្គមស៊ីវិល បានធ្វើការវាយតម្លៃក្នុងផ្លូវអវិជ្ជមានចំពោះការទុកឲ្យរដ្ឋមន្ត្រីវ័យចំណាស់មួយចំនួន នៅបន្តគ្រប់គ្រងក្រសួង។
ថ្លែងនៅក្នុងពិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុដំណាក់កាលទីបី ដែលរៀបចំឡើងនៅឯសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃច័ន្ទនេះ លោក ហ៊ុន សែន បានលើកអំពីកំណើនសេដ្ឋកិច្ច៧%ក្នុងមួយឆ្នាំ ដែលលោកអះអាងថា ជាកំណើនដែលបានមកពីសកម្មភាពការងាររបស់មន្ត្រីចាស់ៗ ដែលលោកបានសម្រេចបន្តឲ្យស្ថិតក្នុងមុខងារជារដ្ឋមន្ត្រី ឬក៏តំណែងក្រោមនេះ។
លោកបានរិះគន់ក្រុមសង្គមស៊ីវិល និងក្រុមបក្សជំទាស់ថា ក្បាលម៉ាស៊ីននៅក្នុងក្រុមអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង ក៏នៅមានមនុស្សចាស់ៗ និងមុខដដែលៗដែរ។
«ខ្ញុំគ្រាន់តែផ្តាំទៅអ្នក អ្នកក៏មុខដដែលៗ ដែរតើអាអ្នកនិយាយហ្នឹង។ ម៉េចក៏ចាំបាច់ថាគេមុខដដែលៗ? មុខឲ្យគេយកគ្នាមុខទៅទុកនៅឯណា បើមុខវានៅហ្នឹងហើយ! លោកឯងអ្នកនិយាយហ្នឹង អាបក្សប្រឆាំង មេបក្សប្រឆាំងស្អីហ្នឹង វាក៏មុខដដែលហ្នឹង ហ្អ៎ា! វានិយាយហ្អ៎ា! អ្នកធ្វើអត្ថាធិប្បាយ វាក៏មុខដដែល និយាយដដែល វាតែប៉ុណ្ណឹង។
ឲ្យគ្នាយកមុខទៅណាវ៉ី? អាហ្នឹងគឺវា អញ្ចឹងមានតែកាត់កករចោលទាំងអស់គ្នាបានវាមុខ គិតដូរមុខអី ធ្វើស្អីមុខសិប្បនិម្មិតអ្ហេ គិតធ្វើកែសម្ផស្សអ្ហេ»។
លិខិតស្នើសុំឲ្យមានការរុះរើគណៈរដ្ឋមន្ត្រីចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែមីនា ដែល VOA ទទួលបានកាលពីថ្ងៃសុក្រសប្តាហ៍មុន បានបង្ហាញថា លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងត្រូវប្ដូរឲ្យទៅគ្រប់គ្រងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងដោយលោក ត្រំា អ៊ីវតឹក។
លោក ត្រាំ អ៊ីវតឹក នឹងត្រូវផ្លាស់ឲ្យទៅគ្រប់គ្រងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងដោយលោក ប្រាក់ សុខុន។ លោក ប្រាក់ សុខុន នឹងត្រូវប្តូរទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក ហោ ណាំហុង ដែលសុំលាឈប់ពីតំណែង តែនៅជាឧបនាយករដ្ឋមន្ត្រី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចយូរជាងគេបង្អស់ក្នុងតួនាទីជានាយករដ្ឋមន្ត្រី នៅក្នុងតំបន់អាស៊ីថ្លែងថា ការរុះរើគណៈរដ្ឋមន្ត្រីរបស់លោក គឺជាចលនាផ្លាស់ប្ដូរមួយ ដើម្បីបន្តរក្សាកំណើនសេដ្ឋកិច្ច និងបង្កើនប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលលោកបន្ថែមទៀត។
លោកបន្ថែមថា មន្ត្រីចាស់ៗរបស់លោកគ្រាន់តែត្រូវការប្ដូរឥរិយាបថនៅក្នុងការអនុវត្តការងារតែប៉ុណ្ណោះ នៅពេលពួកគេចូលកាន់តំណែង ដែលលោកបានសម្រេចតែងតាំង។
«ខ្ញុំសូមផ្ដាំអស់លោកអ្នក បើទោះបីមុខចាស់ក៏ដោយ ប៉ុន្តែចរិតការងារឲ្យវាថ្មី។ អាហ្នឹងហើយការផ្លាស់ប្ដូរនោះ។ វាមិនចាំបាច់តែមុខថ្មី បានវាហៅការផ្លាស់ប្ដូរទេ។ មុខចាស់ក៏ប៉ុន្តែធ្វើសកម្មភាពផ្លាស់ប្ដូរ។ អាហ្នឹងគឺវាផ្លាស់ប្ដូរ។ វានៅកន្លែងហ្នឹងឯង។ អាមុខថ្មីវាមិនទាន់ប្រាកដថា វាផ្លាស់ប្ដូរទេ។ វាផ្លាស់ប្ដូរតែមនុស្ស ក៏ប៉ុន្តែវាទៅរឿងមួយផ្សេង។ តែអាមុខចាស់ ដែលវាផ្លាស់ប្ដូរទើបវាខ្លាំង ទើបវាខ្លាំង ព្រោះវាពូកែ វាទាំងហ្នឹង ឥឡូវ ហិរញ្ញវត្ថុរបស់យើងកែសម្រួលប៉ុន្មានលើកហើយ នេះជាលើកទីបី។ ហើយកំណើនសេដ្ឋកិច្ច៧.៧% ក្នុងមួយឆ្នាំគិតជាមធ្យម ហើយ១០ឆ្នាំចុងក្រោយ៨.៨% បើសិនមនុស្សមិនកែប្រែទេ សួរថាតើមានកំណើនសេដ្ឋកិច្ចឬអត់?»
ប្រតិកម្មនេះបានកើតមាន បន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលនិងអ្នកវិភាគនយោបាយ ព្រមទាំងមន្ត្រីនៃគណបក្សជំទាស់ បានរិះគន់ទៅលើការរុះរើគណៈរដ្ឋមន្ត្រីលោក ហ៊ុន សែន។
ពួកគេនិយាយថា មន្ត្រីថ្មីនិងវ័យក្មេង គួរត្រូវបានតែងតាំងឲ្យកាន់ការងារជំនួសមន្ត្រីចាស់ៗ ដែលពុំមានឆន្ទៈច្បាស់លាស់នៅក្នុងការកែទម្រង់ស្ថាប័នរបស់ខ្លួន។
ពួកគេយល់ឃើញថា ប្រសិនបើមន្ត្រីចាស់ៗនៅតែបន្តកាន់ការងារក្នុងនាមជារដ្ឋមន្ត្រី នោះការផ្ដល់សេវាសាធារណៈ នឹងនៅស្ថិតក្នុងសភាពអាប់អួរ។ បើទោះជាពួកបានលើកឡើងយ៉ាងនេះក្ដី ពួកគេខ្លះនៅតែស្វាគមន៍ឲ្យមន្ត្រី ដែលបានធ្វើកិច្ចការច្រើនក្នុងការធ្វើកំណែទម្រង់ឲ្យបន្តភារកិច្ច។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ថ្លែងប្រាប់VOA ថា ប្រមុខរាជរដ្ឋាភិបាល ទំនងជាមិនមានភាពប្រាកដនិយមនៅក្នុងការរៀបចំសមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់លោកទេ ព្រោះលោករក្សាទុកមន្ត្រីចាស់ៗច្រើន។ លោកបន្ថែមថា គណបក្សគ្រប់គ្រងប្រទេសសម្បូរធនធានមនុស្ស និងមានមន្រី្តល្អៗ និងមានសមត្ថភាព ដែលអាចកាន់ការជំនួសមន្ត្រីវ័យចំណាស់ទាំងនោះបាន។
«អ្វីដែលយើងឲ្យយោបល់នេះ ដោយសារតែយើងឃើញថា ក្បាលម៉ាស៊ីនរបស់ ក្រសួងមួយចំនួន ដែលសូម្បីតែលោកនាយករដ្ឋមន្ត្រីខ្លួនឯងហ្នឹង ក៏គាត់ថាដែរសម្ពឹក។ អញ្ចឹងបើគាត់នៅក្រសួងចាស់ហ្នឹង សម្ពឹកអញ្ចឹង គាត់ទៅក្រសួងថ្មីក៏អាចថានឹងស្ពឹកតែដដែលហ្នឹង។ វាអត់មានអីថ្មីទេ។ ហើយខ្ញុំមិនជឿថា ធនធានមនុស្សនៅកម្ពុជា មន្ត្រីសកម្មៗនៅកម្ពុជា តាមក្រសួងស្ថាប័ននីមួយៗហ្នឹង មិនមែនមានតែប៉ុណ្ណឹងនាក់ទេ ដែលធ្វើរដ្ឋមន្ត្រីកើតនោះ»។
អ្នកជំនាញផ្នែកគណនេយ្យភាពរូបនេះ មិនបានមើលឃើញតែទិដ្ឋភាពអវិជ្ជមានចំពោះការរុះរើគណៈរដ្ឋមន្ត្រីនេះទេ។ លោកក៏បានទទួលស្គាល់ចំណុចវិជ្ជមានខ្លះចំពោះមន្ត្រីចាស់ៗមួយចំនួន ដែលអាចនឹងស្ថិតនៅក្នុងតំណែងជារដ្ឋមន្ត្រីបាន ដោយសារតែរដ្ឋមន្ត្រីវ័យចំណាស់ទាំងនោះមានភាពសកម្មនៅក្នុងការធ្វើកំណែទម្រង់ក្រសួងដែលខ្លួនគ្រប់គ្រង ដើម្បីបម្រើប្រយោជន៍សាធារណៈ។
រដ្ឋមន្ត្រីទាំងនោះ រួមមានលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក ជា សុផារ៉ា ដែលជាអតីតអភិបាលរាជធានីភ្នំពេញ និងជាអតីតរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។
យោងទៅតាមសំណើរបស់លោក ហ៊ុន សែន ដែលស្នើសុំការដោះដូរសមាសភាពគណៈរដ្ឋមន្ត្រី លោក ជា សុផារ៉ា ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នឹងត្រូវមកគ្រប់គ្រងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្ទាប់លោករដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ចូលនិវត្តន៍។
លោក ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីសប្ដាហ៍មុននេះ ថា គម្រោងរុះរើគណៈរដ្ឋមន្ត្រីរបស់លោកនេះ គឺមានគោលដៅបង្កើនប្រសិទ្ធការងារនៃរដ្ឋបាលរបស់លោក ដែលជារដ្ឋាភិបាលអេឡិចត្រូនិក។
នៅមុនការប្រកាសកាលពីសប្ដាហ៍មុននេះ លោកនាយករដ្ឋមន្ត្រីកាលពីចុងខែកុម្ភៈបានថ្លែងរិះគន់ខ្លាំងៗទៅលើភាពយឺតយ៉ាវ និងកម្សោយការងាររបស់ក្រសួងចំនួនពីរគឺក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកថ្លែងនៅពេលនោះផងដែរថាពេលវេលាសម្រាប់ «ការមុជទឹក ឆ្លុះកញ្ចក់ ដុះក្អែល និងព្យាបាល» របស់ថ្នាក់ដឹកនាំ ឬមន្ត្រីនៃក្រសួងនីមួយៗ ដែលលោកបានទុកឲ្យ គឺផុតកំណត់បាត់ទៅហើយ។ លោកក៏បានផ្ដល់ចំណាត់ថ្នាក់ F ជាចំណាត់ថ្នាក់អន់បំផុតដល់ក្រសួងទាំងពីរនេះ។
ក៏ប៉ុន្តែ លោក អ៊ូ វីរៈ ជាអ្នកវិភាគនយោបាយកម្ពុជា និងជាប្រធានវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយក្នុងស្រុក បានថ្លែងថា ផែនការរុះរើគណៈរដ្ឋមន្ត្រីពាក់កណ្ដាលអាណត្តិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺនៅតែមិនអាចដោះស្រាយបញ្ហាអសកម្មនានាបានឡើយ ខណៈដែលភាគច្រើននៃរដ្ឋមន្ត្រីដែលនឹងត្រូវដោះដូរក្រសួងសម្រាប់គ្រប់គ្រង នៅតែជាមន្ត្រីចាស់ៗ។
ដោយឡែក លោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រនៃគណបក្សជំទាស់ មិនបានអធិប្បាយទៅលើការរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ហ៊ុន សែននោះទេ។ យ៉ាងណាក៏ដោយ លោកបានហៅការរិះគន់របស់លោក ហ៊ុន សែន ទាក់ទិនក្បាលម៉ាស៊ីនដឹកនាំគណបក្សជំទាស់ថាជារឿងមួយដាច់ដោយឡែកពីការដឹកនាំរដ្ឋាភិបាល។
«ការដឹកនាំរបស់រដ្ឋាភិបាល គឺការទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ ព្រោះរដ្ឋាភិបាលជាអ្នកប្រមូលពន្ធដារពីប្រជាពលរដ្ឋ។ រដ្ឋាភិបាលគេមានចាយលុយប្រជាពលរដ្ឋ។ អញ្ចឹង នៅប្រទេសណាក៏ដោយ គឺគេតែងតែមានការផ្លាស់ប្ដូរ កុំថាឡើយដល់ទៅថាយើងផ្លាស់ប្ដូរដល់ថ្នាក់លើ។ ឧទាហរណ៍ថា ដូចមន្ត្រី មន្ត្រីរាជការអញ្ចឹង បើកាលណាធ្វើកិច្ចការនៅកន្លែងណាមួយ គេមិនដែលឲ្យមន្ត្រីហ្នឹងធ្វើនៅ កន្លែងហ្នឹងរាប់ឆ្នាំទេ។ បើកាលណាធ្វើការរាប់ឆ្នាំ គឺវាដឹងរាក់ជ្រៅរឿងអាក្រក់ រឿងល្អទាំងអស់។ អញ្ចឹងវាអាចមានការឃុបឃិតគ្នាក្នុងការប្រព្រឹត្តិអំពើពុករលួយ អញ្ចឹងហើយគេតែងតែមានការប្ដូរវេន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានលើកឡើងអំពីអាណត្តិរបស់លោកទេ នៅក្នុងការថ្លែងការពារជំហររុះរើគណៈរដ្ឋមន្ត្រីដ៏សំពីងសំពោងរបស់លោក នៅព្រឹកថ្ងៃច័ន្ទនេះ។
ផ្ទុយទៅវិញ លោក ហ៊ុន សែន បានបញ្ជាក់សារជាថ្មីទៀតថា លោកនឹងស្ថិតនៅក្នុងកៅអីនាយករដ្ឋមន្ត្រី រហូតដល់លោកមានភាពនឿយណាយនឹងតួនាទីដែលលោកបានក្ដោបក្ដាប់ជាងបីទសវត្សមកនេះ៕