លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានថ្លែងការពារថា ការបង្កើតច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន គឺដើម្បីអនុវត្តពេលស្ថានភាពទាំងឡាយណា «ដែលមិនអាចគ្រប់គ្រងបាន» នាពេលខាងមុខ ហើយថា មិនមែនជាលេស ដើម្បីបំបិទសិទ្ធិបញ្ចេញមតិនោះទេ។
ក្នុងសន្និសីទស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ នៅវិមានសន្តិភាព លោក ហ៊ុន សែន ថ្លែងថា សេចក្តីព្រាងច្បាប់ស្តីអំពីការដាក់ប្រទេសក្នុងភាពអាសន្នដែលកំពុងពិនិត្យដោយរដ្ឋសភានោះ បង្កើតឡើងដើម្បីជាឧបករណ៍ច្បាប់សម្រាប់អនុវត្តពេលស្ថានការណ៍ណាមួយដែល «មិនអាចគ្រប់គ្រងបាន» នាពេលអនាគត។ លោកបន្តថា បើទោះបីជាច្បាប់នេះកំពុងបង្កើតឡើង ប៉ុន្តែលទ្ធភាពនៃការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន អាចនឹងមានត្រឹមតែ «០,១ភាគរយ» ប៉ុណ្ណោះ។
ក្នុងសន្និសីទសារព័ត៌មានដែលលោក ហ៊ុន សែន បើកឲ្យអ្នកសារព័ត៌មានសួរសំណួរ អ្នកយកព័ត៌មាន VOA បានសួរថា តើស្ថានភាពមិនអាចគ្រប់គ្រងណាខ្លះក្រៅពីការរាតត្បាតមេរោគកូរ៉ូណា ដែលនឹងត្រូវប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន?
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ក្រៅពីអាសន្នខាងសុខភាពសាធារណៈ វាមានអាសន្នខាងផ្នែកស្អីទៅទៀត សង្គ្រាម ឬក៏ស្អីៗថែមទៀត។ វាមានបញ្ហាអស់ទាំងនោះដែលទាមទារត្រូវមានការដាក់ លើការជាក់ស្តែង។ អង្កាល់ពីអាមេរិកមកជួយ លន់ នល់ គ្រាន់តែភ្នំពេញប៉ុណ្ណឹង ត្រួតត្រាភ្នំពេញមួយ ដាក់បំរាមគោចរណ៍ប៉ុន្មានទៅ? ប្រើច្បាប់អាជ្ញាសឹកប៉ុន្មានដង? អានេះនិយាយឲ្យពិត។ ហេតុអីបានជាកម្ពុជាមិនអាចធ្វើបាន ហើយមកបន្ទោសថា ឆ្លៀតយកអាកូវីដដើម្បីធ្វើច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នដើម្បីបំបិទមាត់ បិទសិទ្ធិអ្នកបញ្ចេញមតិនៅពេលក្រោយ»។
យ៉ាងណាក្តីលោកថា សម្រាប់ករណីនៃការបះបោរ ឬផ្តួលរំលំរដ្ឋាភិបាល អាជ្ញាធរនឹងបង្ក្រាបលើក្រុមទាំងនោះ ដោយមិនចាំបាច់មានច្បាប់ប្រកាសភាពអាសន្ននោះទេ។
មុននឹងឆ្លើយសំណួររបស់ VOA លោក ហ៊ុន សែនបានហៅសារព័ត៌មាន VOA ថា«ខូច» ដែលលោកបានចោទថា កាត់សំឡេងរបស់លោកចាក់ផ្សាយខ្លីៗតែប៉ុណ្ណោះ បើទោះលោកផ្តល់បទសម្ភាសន៍វែងក៏ដោយ។
លោកមានប្រសាសន៍ថា៖ «ឥឡូវពូឆ្លើយសំណួរ។ ពូមិនស្អប់ខ្ពើម VOA ទេ ព្រោះក្មួយៗគ្រាន់តែធ្វើការឲ្យគេតែប៉ុណ្ណឹងទេ!ពូយល់!ហើយ VOA ប្រៀបធៀបជាមួយអាមួយទៀតគឺវាមិនអាក្រក់អីប៉ុន្មានទេ»។
ចំពោះសំណួរនេះ លោក ហ៊ុន សែន ក៏បានចោទសួរអ្នកយកព័ត៌មាន VOA ថា តើមានការបង្គាប់ឲ្យសួរពីក្រុមការងារនៅវ៉ាស៊ីនតោន ឬយ៉ាងណា?ហើយលោកក៏បានបបួលអ្នកសារព័ត៌មានស្បថ ដោយលោកចាត់ទុកសំណួរនេះថាជា«សំណួរចាក់ដោត»។
លោកមានប្រសាសន៍ថា៖ «មើល៎! ក្មួយឯងហ៊ានស្បថឲ្យងាប់ទេ បើក្មួយឯងមិនមានអ្នកបោះព្រីយ៉ុងឲ្យសួរពីក្រោយ?»
បើតាមមាត្រា២២ នៃរដ្ឋធម្មនុញ្ញការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នត្រូវធ្វើឡើងដោយព្រះមហាក្សត្រ អមជាមួយមតិឯកភាពពីនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។ ប៉ុន្តែបើតាមសេចក្តីព្រាងច្បាប់ដែលកំពុងស្ថិតក្នុងដៃរដ្ឋសភានេះ«ការប្រកាសដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ»តែប៉ុណ្ណោះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា ទុកឲ្យក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកបកស្រាយលើករណីនេះថា តើប្រមុខរដ្ឋស្តីទីអាចដាក់ប្រទេសក្នុងភាពអាសន្នបាន ឬយ៉ាងណា នៅពេលព្រះមហាក្សត្រអវត្តមាន។ ប៉ុន្តែលោកយល់ថាព្រះមហាក្សត្រជាអ្នកប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។
លោក តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ ប្រាប់ VOA នៅថ្ងៃអង្គារនេះថា លោកមិនអាចអត្ថាធិប្បាយលើរដ្ឋធម្មនុញ្ញ និងសេចក្តីព្រាងច្បាប់នេះនៅឡើយទេ ដោយរង់ចាំការស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញឲ្យបកស្រាយជាមុន។
លោកមានប្រសាសន៍ថា៖ «ខ្ញុំឆ្លើយជូនអត់បានទេ ទាល់តែក្រុមប្រឹក្សាធម្មនុញ្ញបានអាចឆ្លើយជូនបាននៅពេលមានសំណើ»។
លោកសុក សំអឿន មេធាវីជើងចាស់មួយរូបដែលតែងការពារក្តីពាក់ព័ន្ធនឹងសិទ្ធិមនុស្ស មានប្រសាសន៍ថា យោងតាមមាត្រា២២នៃរដ្ឋធម្មនុញ្ញកម្ពុជាដាច់ខាតគឺព្រះមហាក្សត្រជាអ្នកប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។ លោកបន្ថែមថា មាត្រា១១នៃរដ្ឋធម្មនុញ្ញ ប្រមុខរដ្ឋស្តីទីអាចប្រកាសជំនួស ក្នុងករណីដែលព្រះមហាក្សត្រមានប្រឈួនជាទម្ងន់ និងមានការបញ្ជាក់ពីក្រុមគ្រូពេទ្យជំនាញតែប៉ុណ្ណោះ។
សេចក្ដីព្រាងច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្ន ត្រូវបានអនុម័តជាប្រញាប់ដោយគណៈរដ្ឋមន្រ្តី បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសចង់ឲ្យចេញបានឆាប់ៗ ដោយមិនដាក់ឲ្យមានការពិភាក្សាចូលរួមផ្តល់យោបល់ពីអង្គការសង្គមស៊ីវិល និងសាធារណជន។
កាលពីសប្តាហ៍មុន ខណៈសេចក្តីព្រាងច្បាប់នេះស្ថិតនៅទីស្តីការគណៈរដ្ឋមន្រ្តី អង្គការឃ្លាំមើលសិទ្ធិមនុស្ស Amnesty International និងអង្គការ Human RightsWatch បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលសេចក្តីព្រាងច្បាប់នេះ ដោយពួកគេថា ច្បាប់នេះនឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់សិទ្ធិមនុស្ស។ ពួកគេក៏បានលើកឡើងថា ច្បាប់នេះនឹងផ្តល់អំណាចដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាន់តែរឹតបន្តឹងសិទ្ធិស៊ីវិល សិទ្ធិនយោបាយ និងដាក់គោលដៅបង្រ្កាបលើក្រុមសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងប្រព័ន្ធផ្សព្វផ្សាយ។
បើតាមសេចក្តីព្រាងច្បាប់នេះ ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រទេសប្រឈមមុខនឹងគ្រោះថ្នាក់ ជាអាទិ៍គ្រោះថ្នាក់ដែលបង្កឡើងដោយសង្រ្គាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស៕