លោក​ហ៊ុន សែន​ឆ្លើយ​ឆ្លង​នឹង​លោក​សម រង្ស៊ី​ជាថ្មី​ដោយ​រិះគន់​វិធី​ដឹកនាំ​បក្ស

លោក សម រង្ស៊ី (ឆ្វេង)​ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថត៖ AP/Reuters)

វោហាសាស្រ្ត​នយោបាយ​ឆ្លើយឆ្លង​គ្នា​រវាង​លោក​សម រង្ស៊ី ​និង​លោក​ហ៊ុន សែន​ បាន​កើត​មាន​ឡើង​ជាប់ៗ​គ្នា​ជាថ្មី​នៅ​ក្នុង​សប្តាហ៍​នេះ​ បើ​ទោះ​បីជា​លោក​នាយក​រដ្ឋ​មន្ត្រី​ធ្លាប់​បាន​ប្រកាស​ថា​ លោក​ឈប់​ឆ្លើយឆ្លង​ហើយ​ក៏ដោយ។

លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​រិះគន់​សមត្ថភាព​ដឹកនាំ​បក្ស​របស់​លោក​សម រង្ស៊ី ដែល​បណ្តាល​ឱ្យ​មាន​មន្ត្រី​ដើរ​ចេញ​ពី​បក្ស​ និង​បាន​ស្នើ​ដល់​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​នេះកុំ​ឱ្យ​រិះគន់​និង​មើល​ស្រាល​ដល់​អតីត​មន្ត្រី​គណបក្សសង្គ្រោះ​ជាតិ​ ដែល​ទើប​បាន​មក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។

លោក​ហ៊ុន សែន ​បាន​ថ្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​បែកបាក់​ណា​មួយនៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​ គឺ​មិនមែន​ជា​ស្នាដៃ​របស់​គណបក្ស​កាន់​អំណាចឡើយ​ ប៉ុន្តែ​គឺ​មក​ពី​លោក សម រង្ស៊ី ​ដែល​ជា​ប្រធាន​ស្តីទី​នៃ​គណបក្ស​នេះត្រូវ​ទទួល​ខុស​ត្រូវធំ​ជាងគេ​ក្នុង​ឋានៈ​ជាមេដឹកនាំ​ ហើយ​វា​ក៏​បង្ហាញ​ដែរ​ពី​អសមត្ថភាព​របស់​មេដឹកនាំរូប​នេះ ក្នុងការ​គ្រប់គ្រង​គណបក្ស​និងកុំ​ថា​ឡើយ​ដល់​ទៅ​គ្រប់គ្រង​ប្រទេស​ជាតិ​ទាំងមូល។

លោក​បាន​បន្ថែម​ថា៖

«គេថា​ហ៊ុន សែន​ ធ្វើ​អី​មិនបាន​ បំបែក​គេ។ ខ្ញុំ​ករុណាខ្ញុំ​គ្រាន់តែ​ជូន​សារ​ទៅវិញ​ថា ​បើ​អ្នក​ឯង​ទុក​ឱ្យ​គេ​បំបែក​បាន​ ដូច្នេះ​អ្នក​មិន​សក្តិសម​ជា​មេដឹកនាំ​ទេ។ ខ្ញុំ​គ្រាន់តែ​ផ្តាំ​ដោយ​សុភាពរាបសារ​ទៅ​អ្នក។ អ្នក​គឺជា​មនុស្ស​ដែល​អន់​បំផុត​ ហើយ​ក្នុងការ​ធ្វើ​មេដឹកនាំ​ហើយ​ បណ្តោ​យ​ឱ្យ​គេ​បំបែក​បាន‍»។

វោហាសាស្រ្ត​នយោបាយ​ឆ្លើយឆ្លង​គ្នា​រវាង​លោក​សម រង្ស៊ី ​និង​លោក​ហ៊ុន សែន​ បាន​កើត​មាន​ឡើង​ជាប់ៗ​គ្នា​ជាថ្មី​នៅ​ក្នុង​សប្តាហ៍​នេះ​ បើ​ទោះ​បីជា​លោក​នាយក​រដ្ឋ​មន្ត្រី​ធ្លាប់​បាន​ប្រកាស​ថា​ លោក​ឈប់​ឆ្លើយឆ្លង​ហើយ​ក៏ដោយ។ ការណ៍​នេះ​កើតឡើង​ក្រោយពី​ថ្នាក់ដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ប្រជុំ​គ្នា​កាលពីចុង​សប្តាហ៍​កន្លង​ទៅនេះ​ នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូសិត​ (Massachusetts) សហរដ្ឋ​អាមេរិក​ ដើម្បីរៀបចំ​ផែនការ​ឱ្យ​លោក​សម រង្ស៊ី​ និង​ថ្នាក់​ដឹកនាំ​បក្សវិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៩​នេះ។ វា​ក៏​ស្របគ្នា​ដែល​មានមន្ត្រី​គណបក្ស​មួយ​ចំនួន​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ ក្រោយ​ពី​លោក​ហ៊ុន សែន​ បាន​ដាក់​ឱសានវាទ​ឱ្យ​ពួកគេ​សុំស្តារ​នីតិសម្បទារ​ឡើងវិញ​ឱ្យ​បាន​ក្នុង​អំឡុង​ពេល​ចូលឆ្នាំ​ខាងមុខ​នេះ។

លោក​ហ៊ុន សែន ​បាន​បន្តរិះគន់ថ្នាក់ដឹកនាំ​និង​អ្នកគាំទ្រ​អតីត​គណបក្ស​ប្រឆាំង​នេះ​ថា ការ​បែក​បាក់​គឺដោយសារ​តែ​មិន​មាន​ការ​ជឿទុកចិត្ត​គ្នា​និង​ការ​លាប​ពណ៌​គ្នា​ទៅវិញទៅមកថា មាន​មន្ត្រី​ក្បត់​បក្ស​ ហើយ​ត្រូវ​គណបក្ស​កាន់​អំណាច​ទិញ​បាន​ជាដើម។ លោក​បន្ថែម​ថា ក្នុង​ឋានៈ​ជា​អ្នក​ប្រជាធិបតេយ្យ ​គេ​មិនគួរ​និយាយ​ដូច្នេះ​ទេ ហើយ​ក៏មិន​ត្រូវ​បិទ​សិទ្ធិ​អ្នកដទៃ​ដែរ។

លោក​ហ៊ុន សែន​ បាន​បន្ថែម​ថា៖

«អ្នក​បាន​មើលស្រាល​អតីត​សហការី​របស់​អ្នក​ស្មើនឹង​ទំនិញ​ទិញដូរ នោះ​ហើយ​ជា​ភាព​បរាជ័យ​ដែល​អ្នក​ធ្លាប់​បាន​ទទួល។ ពេល​ដែល​គេ​នៅ​ជាមួយ​អ្នក អ្នកតែង​តែថា​គេ​មនុស្ស​ល្អ ដល់​គេ​មិន​ឯកភាព​ជាមួយ​អ្នក​ អ្នក​តែងតែ​ចោទ​ថា​រដ្ឋាភិបាល​ហ៊ុន សែន ទិញ​មនុស្ស។ អ្នក​ចាត់​ទុក​អតីត​សហការី​របស់​អ្នក​ដែល​ធ្លាប់​បាន​ជោគជ័យ​ជាមួយ​អ្នក​ទៅជា​ទំនិញ​ទិញដូរ‍»។​

រហូត​មកដល់ពេល​នេះ ​មាន​មន្ត្រី​អតីត​គណបក្ស​ប្រឆាំង​ចំនួន​៩នាក់​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ ក្រោយ​ពី​ពួកគេ​បាន​ធ្វើ​សំណើ​ជា​ផ្លូវការ។​

លោកស្រី ទេព សុទ្ធី ដែល​ជា​អតីត​អ្នក​តំណាងរាស្ត្រ​មណ្ឌល​តាកែវនិង​ជា​សមាជិក​គណៈ​កម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា លោក​ស្រី​ដឹង​ថា​ការ​សម្រេច​ចិត្តសុំ​សិទ្ធិ​នយោបាយ​ឡើងវិញ​នេះ​ត្រូវ​រង​ការ​រិះគន់​ពី​អ្នកគាំទ្រ​ និង​សហការី​មួយ​ចំនួន​ដោយ​ជៀស​មិន​រួច។

លោកស្រី​បន្ថែម​ថា​ ស្ថានការណ៍​នយោបាយ​ដែល​កម្ពុជា​អាច​នឹង​ត្រូវ​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ​គឺ​ការ​បាត់បង់​ឋានៈ​អនុគ្រោះពន្ធ​នាំចូល​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក នឹង​មាន​ផល​ប៉ះពាល់​ដល់​កម្មករ-កម្មការិនី​ជាច្រើន​សែន​នាក់​ ដែល​តម្រូវ​ឱ្យ​អ្នក​នយោបាយ​ចូលរួម​បន្ធូរបន្ថយ​ស្ថានការណ៍។​

លោក​ស្រី​បន្ថែម​ថា៖

«ខ្ញុំ​គិត​ថា​ នេះ​គឺជា​ដំណោះស្រាយ​មួយ​ដែល​ខ្ញុំ​បង្ហាញ​គំនិត​ផ្ទាល់​ក្នុង​នាម​ជា​អតីត​តំណាងរាស្រ្ត​ ដើម្បី​ឱ្យ​រាស្ត្រ​ធូរស្រាល​ដែល​មាន​អ្នក​តំណាងរាស្រ្ត​ក្នុង​ប្រទេស​ដែល​ជួយ​ដោះស្រាយ​គ្នា​ពីរឿង​កិច្ចការងារ។ មិនមែន​នាងខ្ញុំ​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ ហើយ​ខ្ញុំ​អត់​ធ្វើ​នយោបាយ​ក៏​មិន​អី​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ឱប​ដៃ​មើល​ឃើញ​អីចឹង​កើត​ទេ‍»។​

តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ចុង​ឆ្នាំ​២០១៧​ ដោយ​សារ​តែ​បទ​ចោទ​ប្រកាន់​លោក​កឹម សុខា​ ប្រធាន​គណបក្ស​ ពី​បទ​ក្បត់ជាតិ​ដោយ​ឃុបឃិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ ហើយ​បាន​ហាមឃាត់​មន្ត្រី​គណបក្ស​ចំនួន​១១៨​នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ។

ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​ដែល​រត់ភៀស​ខ្លួន​ចេញ​មក​ក្រៅ​ប្រទេស​មិន​ទទួលស្គាល់​ការ​រំលាយ​នោះ​ទេ​ ដោយ​ចាត់​ទុក​ថា​វា​គ្រាន់តែ​ជា​ការ​រំលាយ​តែ​លើ​ក្រដាស​តែប៉ុណ្ណោះ។ សហគមន៍​អន្តរជាតិ​ដែល​នាំមុខ​ដោយ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​នយោបាយ​ឡើង​វិញ។

លោកស្រី​ទេព សុទ្ធី​ បញ្ជាក់​ថា​ ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ​ក៏មិន​មែន​មាន​ន័យ​ថា​ លោកស្រី​ទទួល​ស្គាល់​ការ​សម្រេច​របស់​តុលាការ​កំពូល​នោះ​ថា​ត្រឹមត្រូវ​ឡើយ។

«មិន​ត្រឹមត្រូវ​ទេ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​នេះ ក្នុង​លទ្ធិប្រជាធិបតេយ្យ​យើង​ត្រូវ​មើល​ឱ្យ​បាន​ឆ្ងាយ​ថា​ លទ្ធិប្រជាធិបតេយ្យ​ជួនណា​វា​ទៅមុខ​ពីរ​ជំហាន អាច​ថយ​ក្រោយ​ប្រាំ​ជំហាន។ ដល់​អីចឹង​ខ្ញុំ​គិត​ថា​ ឥឡូវ​នេះ​វា​ដូច​ជា​ដើរ​ថយ​ក្រោយ​ ក៏ប៉ុន្តែ​ខ្ញុំ​ជា​តំណាងរាស្រ្ត​ម្នាក់​មិន​ឱ្យ​ដើរ​ថយ​ក្រោយ​ទេ​ គឺ​ខ្ញុំ​ត្រូវ​បង្ហាញ​ឆន្ទៈ​ក្នុង​កាលៈទេសៈ​គេ​តិះទៀន។ គេ​ជេរ​ស្តី​បន្ទោស​ក៏ដោយ​ ព្រោះ​ជំហរ​ខ្ញុំ​ ខ្ញុំ​នៅ​ជាប់​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ‍»។​

លោក​សម រង្ស៊ី​ បាន​អំពាវនាវ​កុំឱ្យ​មន្ត្រី​បក្សទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទេ ដោយ​លោក​ចាត់​ទុក​ថា ​វា​ជា​ការ​ចុះចូល​នឹង​លោក​ហ៊ុន សែន ​ហើយ​ធ្វើ​ឱ្យ​សម្ពាធ​អន្តរជាតិ​មិន​មាន​ន័យ​ក្នុង​ការ​ទាមទារ​ឱ្យ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​និង​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ។

លោក​បាន​បញ្ជាក់​ថា៖

«ដើម្បី​បញ្ជាក់​សហគមន៍​អន្តរជាតិ​ជាពិសេស​បញ្ជាក់​ប្រាប់​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ថា​ កុំ​ជឿ​ហ៊ុន សែន ​ដែល​ថា​ហ៊ុន សែន​ ថា​ គាត់​បើក​សិទ្ធិ​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​នយោបាយ​ឡើងវិញ​ ថា​គេ​ធ្វើ​នីតិសម្បទា​ឱ្យ​យើង​ នេះ​ជា​ការ​បោក​បញ្ឆោត​សុទ្ធ។ បើ​យើង​ចុះចូល​ហ៊ុន សែន។ បើ​យើង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​ហ៊ុន សែន​ ហ៊ុន សែន​នឹង​ប្រាប់​សហភាព​អឺរ៉ុប​ថា​ ឃើញ​ទេ​ទៅ​ទាម​ទារ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​ធ្វើ​អ្វី​ បើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បោះបង់​គណបក្ស​សង្គ្រោះជាតិ​ចោល​ ហើយ​ទៅ​បង្កើត​គណបក្ស​ថ្មីថ្មោង ច្រម៉េះ​ ច្រម៉ក់ ពេល​នោះ​ហ៊ុន សែន​ គាត់​មាន​លេស​មិន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​ទេ​ ហើយ​គាត់​នឹង​ថា​ទៅ​ទាម​ទារ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​ធ្វើអី‍»។

នៅ​ពេល​នេះ​ ប្រតិភូ​គណៈកម្មការ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ជួប​ក្រុម​មន្ត្រី​សំខាន់ៗ​របស់​កម្ពុជា​ ពិភាក្សា​បញ្ហា​ជាច្រើន​ ដែល​គ្រប​ដណ្តប់លើ​ប្រព័ន្ធ​អនុគ្រោះពន្ធ​សម្រាប់​កម្ពុជា​ តាម​កម្មវិធី​«គ្រប់​មុខ​ទំនិញលើក​លែង​តែអាវុធ»​ ឬហៅថា​ EBA។

លោក​សម រង្ស៊ី ក៏​បានអំពាវនាវ​ឱ្យ​ពលរដ្ឋ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ងើប​ឡើង​បះបោរ​ប្រឆាំង​លោក​ហ៊ុន សែន។

លោក​ហ៊ុន សែន​ ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​ គណបក្ស​កាន់​អំណាច​នេះ​នឹង​មិន​បែកបាក់​ទេ​ ហើយ​អ្នក​ដែល​រង់ចាំ​បក្ស​របស់​លោក​បែកបាក់​តែង​តែ​បរាជ័យ​ក្នុង​អាជីព​នយោបាយ។

លោក​បន្ថែម​ថា៖ ​

«ដូចជា​កន្លង​ទៅ​អំពាវនាវ​ឱ្យ​ក្នុង​គណបក្ស​ផ្តួល​ហ៊ុន សែន​ ជំនួស​គេ ហើយ​ទៅរួម​ជាមួយ​គេ​ទៅវិញ។ សុំទោស​ប្រហែលជា​គណបក្ស​ប្រជាជន​គេ​ធ្វើ​មិន​បាន​ទេ​ ព្រោះ​គេ​ត្រូវ​ការ​តួនាទី​របស់​ហ៊ុន សែន​ ដើម្បី​បន្ត​ការដឹកនាំ​បក្ស​នេះ។ សូម​កុំ​ភាន់​ច្រឡំ។ មានតែ​ពួក​អ្នកទេ​ដែល​ដណ្តើម​គ្នា​ធ្វើ​រហូត​ដល់​ធ្វើ​បក្ស​ប្រហារ។ ប៉ុន្តែ​គណបក្ស​ប្រជាជន​មិន​ដូច្នោះ​ទេ គេ​មិន​ដណ្តើម​គ្នាធ្វើ​ប្រធាន​បក្ស ឬ​ក៏ធ្វើ​មេដឹកនាំ​បក្ស​នោះ​ទេ‍»។​

លោក​ហ៊ុន សែន​ ថា​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ខ្លះ​នឹង​ស្លាប់«ចោលឆ្អឹង​នៅ​ក្រៅ​ប្រទេស‍»​ដោយ​គ្មាន​ឱកាស​មកធ្វើ​នយោបាយ​ក្នុងស្រុក​វិញ​ទេ។ ប៉ុន្តែ​លោក​សម រង្ស៊ី​ បាន​បញ្ជាក់​នៅ​មុន​ពេល​នោះ​ថា​ លោក​មិន​ចង់​បាន​តំណែង​អ្វី​នៅ​ក្នុង​រដ្ឋាភិបាល​នា​ពេល​ខាងមុខ​ទេ​ ដោយសារតែ​ពេល​នេះ​លោក​មាន​អាយុ​៧០ឆ្នាំ​ហើយ។ លោក​ក៏​បាន​អំពាវនាវ​ឱ្យ​អ្នក​ដឹកនាំ​មួយ​ចំនួន​ទុក​ឱកាស​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ដឹកនាំ​ប្រទេស​ជាតិ​ម្តង៕