លោក ហ៊ុន សែន សាទរ​ជ័យជម្នះ​របស់​លោក Biden ហើយ​ប្តេជ្ញា​ធ្វើការ​ជាមួយ​រដ្ឋបាល​​ថ្មី​របស់​អាមេរិក

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ប្រារព្ធ​ខួប​ទី​៦៦ ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ផ្ញើ​សារ​អបអរ​សាទរ​លោក Joe Biden ដែល​ត្រូវ​បាន​ប្រកាស​ថា ​ឈ្នះ​ការ​បោះ​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ទី​៤៦ ដោយ​លោក​ប្តេជ្ញា​ធ្វើ​ការ​ជាមួយ​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​បាន​ចុះ​ផ្សាយ​លិខិត​របស់​លោក​ ហ៊ុន សែន​ នៅ​ថ្ងៃ​ព្រសហ្បតិ៍​នេះ។

សារ​លិខិត​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ផ្ញើ​ជូនប្រធានាធិបតី​ជាប់​ឆ្នោត​លោក Biden កើត​ឡើង​បន្ទាប់​ពី​អង្គ​បោះ​ឆ្នោត​សហរដ្ឋអាមេរិក ​បាន​បោះឆ្នោត​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ច័ន្ទ ជ្រើស​រើស​យក​លោក Biden ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ អាមេរិក។ លោក Biden ទទួល​បាន​អង្គបោះឆ្នោត​សរុប​ចំនួន ៣០២ ដែល​លើស​ពី​ចំនួន​អង្គ​បោះ​ឆ្នោត​ដែល​ត្រូវ​ការ​ដើម្បី​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេ​រិក។ បេក្ខជន​ប្រធានាធិបតី​អាមេរិក ​ត្រូវ​ការ​អង្គ​បោះ​ឆ្នោត​ចំនួន​យ៉ាងតិច​២៧០ ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​បាន។

នៅ​ក្នុង​លិខិតដែលចុះ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ លោក ហ៊ុន សែន លើក​ឡើង​ថា «បទពិសោធន៍​ដ៏​ធំធេង និង​ភាព​ជា​អ្នក​ដឹកនាំ​ដ៏​វាងវៃ​»របស់លោក Biden ធ្វើ​ឲ្យ​លោក​ទទួលបាន​នូវ​ទំនុក​ចិត្ត​ពី​ប្រជាជន​អាមេរិក»។

លោក ហ៊ុន សែន សរសេរ​ថា៖ «ខ្ញុំ​មាន​ជំនឿ​ជាក់​យ៉ាង​មុត​មាំ​ថា​ ក្រោម​ការ​ដឹកនាំ​របស់​ឯក​ឧត្តម​ជា​ប្រធានាធិបតី សហរដ្ឋ​អាមេរិក​នឹង​បន្ត​រីក​ចម្រើន​ទៅ​មុខ​និង​រួម​ចំណែក​នាំ​ឲ្យ​ពិភព​លោក​មាន​ស្ថិរភាព និង​វិបុល​ភាព​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត»។

លោក ហ៊ុន សែន បន្ត​ថា៖ «រាជ​រដ្ឋាភិបាល​និង​ប្រជា​ជន​កម្ពុជា​ តែង​តែ​ផ្តល់​សារៈសំខាន់យ៉ាង​ធំធេង​ដល់​ការ​ពង្រឹង​ និង​ពង្រីក​នូវ​ទំនាក់ទំនង​ជា​មិត្តភាព​ដ៏​យូរ​អង្វែង​រវាង​ប្រទេស​ទាំងពីរ ​ដែល​នៅ​ក្នុង​ឆ្នាំ​នេះ យើង​កំពុង​ប្រារព្ធ​ខួប​លើក​ទី​៧០»។

លោក ហ៊ុន សែន បាន​គូស​បញ្ជាក់ថា​ រដ្ឋាភិបាល​របស់​លោក​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញ​លេញ​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​រដ្ឋបាល​របស់​លោក Biden ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេ​ភាគី​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន ​គឺ​លោក​ Donald Trump និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយ​ឆ្លង​តាម​លិខិត​ទៅ​វិញ​ទៅ​មក ដោយ​បញ្ជាក់​អំពី​បំណង​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​ភាព​រកាំ​រកូស​ជាច្រើន​ឆ្នាំ។

នៅ​ក្នុង​លិខិត​ឆ្លើយ​ឆ្លង​នោះ លោក ​ត្រាំ បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ និង​មិន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប​នោះ​ទេ ប៉ុន្តែ​លោក ​ត្រាំ​ បាន​ប្រាប់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដាក់​ប្រទេស​កម្ពុជា​លើ​មាគ៌ា​អភិបាល​កិច្ច​ប្រជាធិបតេយ្យ​ឡើង​វិញ។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ​បើ​លោកស្រី ​ហ៊ីលឡារី គ្លីនតុន​ ដែល​កាល​នោះ​ជា​ដៃ​គូ​ប្រជែង​ជាមួយ​លោក​ ដូណា​ល់ ត្រាំ ​ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​ក្លាយ​ជា​ប្រធានា​ធិបតី​អាមេរិក​នោះ​ ពិភពលោក​ «អាច​នឹង​មាន​សង្គ្រាម»។ កាល​នោះ លោក​ហ៊ុន សែន បង្ហាញ​ថា ​លោក​ចង់​ឲ្យ​លោក ដូណាល់ ត្រាំ ជាប់​ឆ្នោត៕