លោក​ ​ហ៊ុន សែន​ ​ប្រកាស​ពី​ជោគជ័យ​នៅ​មហា​សន្និបាត​ ​អ.ស.ប.

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​សុន្ទរកថា​នៅក្នុង​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​លើក​ទី៧៣ ក្នុង​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ប្រាប់​បណ្ដា​ប្រទេស​លើ​ពិភព​លោក​ថា​ ​កម្ពុជា​គឺជា​ប្រជាជាតិ​​ដែល​​កំពុង​តែ​សប្បាយ​រីករាយ​ទទួល​ផល​ពី​សុខ​សន្តិភាព​ ​ស្ថិរភាព​ និង​​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ខ្លួន។

ដោយ​ការ​វិល​មក​កាន់​ប្រទេស​កម្ពុជា​នៅថ្ងៃ​ច័ន្ទនេះក្រោយ​បេសកកម្ម​នៅ​ក្នុង​បូរី​ញូវយ៉ក​ ​សហរដ្ឋ​អាមេរិក​ លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ប្រកាស​ថា​ការ​ចូល​រួម​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​គឺ​ជា​«ជោគជ័យ»​មួយ។​

លោក​នាយក​រដ្ឋមន្រ្តី​បាន​បង្ហោះ​សារ​លើ​ទំព័រហ្វេស​ប៊ុក​របស់​លោក​ ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ត្រឡប់​មក​កម្ពុជា​វិញ​ ​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ​ ថា៖​

​«កម្ពុជា​មាតុភូមិ​ខ្ញុំ​ ​ទោះ​ឃ្លាត​ឆ្ងាយ​ក្នុង​រយៈពេល​យូរ​ ​ឬ​ឆាប់​យ៉ាង​ណា​ក៏​អារម្មណ៍​នៃ​ការ​វិល​ត្រឡប់​មក​ជាន់​ទឹកដី​កម្ពុជា​មាតុភូមិ​នៅ​តែ​ពោរពេញ​ដោយ​ក្តី​ទន្ទឹង។​ ​ក្នុង​ដំណើរ​តាម​យន្តហោះ​ជាង​១៧​ម៉ោង​នេះ​ ​ខ្ញុំ​សូម​ឆ្លៀត​ឱកាស​រៀបរាប់​ជូន​ជន​រួមជាតិ​ពី​ដំណើរ​បេសកកម្ម​របស់ខ្ញុំ​ដោយ​ពាក្យ​សង្ខេប​មួយ​ថា​ ​«ជោគ​ជ័យ!»។​

លោក​បាន​បន្ថែម​ដោយ​ថ្លែង​អំណរ​គុណ​ដល់​ប្រជាពលរដ្ឋ​ដែល​តែង​គាំទ្រ​ ​និង​តាមដាន​រាល់​សកម្ម​ភាព​នៃ​ការ​ចូលរួម​កិច្ច​ប្រជុំ​របស់​លោក​ ​ព្រមទាំង​អរគុណ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ជួប​លោក​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ។​

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ ​នៅម៉ោង​ប្រមាណ​ជា​៤​រសៀល​ ​ថ្ងៃ​ច័ន្ទនេះ​ បន្ទាប់​ពីទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី៧៣​ ​នៃ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ​រយៈពេល​៤ថ្ងៃ​ ​ចាប់​ពី​ថ្ងៃទី២៧​ ​ដល់​៣០​ ​ខែកញ្ញា​ ​នៅ​ទីក្រុង​ញូវយ៉ក​ ​សហរដ្ឋ​អាមេរិក។​

លោក​បាន​បង្ហោះ​សារលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នារសៀល​ថ្ងៃ​ច័ន្ទ​ ​ក្រោយ​ត្រឡប់​មកដល់​កម្ពុជា​វិញ​ ​ដោយ​រៀបរាប់​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​រយៈពេល​៤​ថ្ងៃ​នោះ​ថា៖​

«ជា​លទ្ធផល​នៃ​ការអញ្ជើញ​ចូលរួម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ ​សម្ដេច​តេជោ ហ៊ុន សែន​ ​ឃើញ​ថា​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោទនភាព​ក្រែងលែង​សម្រាប់​ប្រជាជាតិ​ទាំងមូល ​ក្នុង​ការបង្ហាញ​ទៅ​ដល់​ពិភពលោក​ឱ្យបាន​ដឹង។​ ​ក្នុង​នោះ​ ​សម្តេច​តេជោ​ ​ហ៊ុន សែន​ ​បាន​អញ្ជើញ​ឡើង​ថ្លែង​សេចក្តី​ថ្លែង​ការណ៍​សំខាន់​មួយ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ដែល​ផ្តោត​លើ​ការវិវត្តនា​ពេល​ថ្មីៗ​ ​និង​សមិទ្ធផល​សំខាន់ៗ​ ​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​ ​និង​បញ្ហា​តំបន់​ ​និង​អន្តរជាតិ​ដែល​ជា​ការព្រួយ​បារម្ភ​រួម»។​

លោក​នាយក​រដ្ឋមន្រ្តី​បន្ថែម​ក្នុង​សារ​នោះ​ថា​ ​លោក​ក៏​បាន​ជួប​ពិភាក្សា​ទ្វេភាគី​ដាច់​ដោយ​ឡែក​ពី​គ្នា ជាមួយ​ថ្នាក់​ដឹកនាំ​សំខាន់ៗលើ​ពិភពលោកទៅ​តាម​គម្រោង ដែល​លោក​អះអាង​ថា ​រាល់​ជំនួប​ទាំង​អស់​គឺក្នុង​ន័យ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ ​និង​ទំនាក់ទំនង​កាន់តែ​រឹងមាំ​បង្កើន​នូវ​ការរីក​ចម្រើន​សម្រាប់​ប្រទេស​ ​តាមរយៈ​ការ​ទាក់ទាញ​វិនិយោគិន​បន្ថែម​មក​កម្ពុជា។

ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នោះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ ​មក​ហើយ​ ​បាន​ឡើងថ្លែងអំពី​ភាព​ស្របច្បាប់​នៃ​ការ​បោះឆ្នោត​ ​និង​ភាព​ស្របច្បាប់​នៃ​រដ្ឋាភិបាលដែល​កំពុង​ដឹកនាំ​កម្ពុជា​ដោយ​ឯកបក្ស។​

ថ្លែង​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​សហរដ្ឋ​អាមេរិក​ ​ដែល​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​ប្រទេស​កម្ពុជា​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ប្រាប់​បណ្ដា​ប្រទេស​លើ​ពិភព​លោក​ថា​ ​កម្ពុជា​គឺជា​ប្រជាជាតិដែលកំពុង​តែ​សប្បាយ​រីករាយ​ទទួល​ផល​ពី​សុខ​សន្តិភាព​ ​ស្ថិរភាព​ និងការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ខ្លួន។​

លោក​ក៏​បាន​ថ្លែង​ការពារ​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​នេះ​ថា​ ជា​ការ​បោះ​ឆ្នោត​ដែលធ្វើ​ឡើង​ដោយ​សេរី​ ​និង​គ្មាន​ការ​បង្ខិតបង្ខំ​ ​ឬ​គ្មាន​ការ​គំរាម​កំហែង​ ​ឬ​គ្មានអំពើ​ហិង្សា​ណា​មួយ​ឡើយ។​ ​លោក​នាយក​រដ្ឋមន្រ្តីក៏​បាន​ចាត់ទុក​ការវាយ​តម្លៃ​ដែល​បង្ហាញ​នូវ​ភាព​អវិជ្ជមាន​ពី​ការ​បោះ​ឆ្នោត​កន្លង​មក​ពី​សំណាក់​មជ្ឈដ្ឋាន​ខាង​ក្រៅ​ថា​ ​ជាការប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ឆន្ទៈ​ប្រ​ជាជន​កម្ពុជា។​

លោក​ ​អ៊ា សុផល​ ​សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ទូត​ ​និង​កិច្ចការ​ពិភព​លោក​នៃ​មហា​វិទ្យាល័យ​ Occidental​ ​រដ្ឋ​កាលីហ្វ័រញ៉ា​ ​និង​ជា​អ្នកវិភាគ​គោល​នយោបាយ​ ​ដែល​បាន​ចូលរួម​ឃ្លាំមើលក្នុង​មហា​សន្និ​បាត​អង្គការ​សហប្រជាជាតិ​នោះ​ដែរ​ ​បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុករបស់​លោក​ ​កាលពី​ថ្ងៃ​អាទិត្យកន្លងទៅ​ ​ដោយ​ភ្ជាប់​នឹង​ការ​សរសេរ​ឡើង​វិញ​នូវ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន​ សែន​ ​ក្នុង​មហា​សន្និបាតអង្គការ​សហប្រជាជាតិ។

លោក​ ​អ៊ា សុផល​ ​លើក​ឡើង​ថា​ ​ការ​ថ្លែង​ពី​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ ​ដែល​មាន​ប្រជាពលរដ្ឋ​ជិត​៧​លាន​នាក់​ទៅ​បោះឆ្នោត​ ​និង​ការ​ការ​ពារខ្លួន​ផ្សេងៗ​ទៀត​ ​គឺ​គ្រាន់តែ​ជា​ថ្លែង​ចេញ​បែប​ផ្លូវការ​ពី​សំណាក់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ សែន​ ​ដែលលោក​ ​អ៊ា សុផល​ ​ចាត់​ទុក​ថា​ការ​លើក​ឡើង​នោះ​ គឺ​ជា​«ការវាយ​ប្រហារ​ទៅ​លើ​ភាព​ខុស​ច្បាប់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា»។​

លោក​ ​អ៊ា សុផល​ ​បាន​បន្ថែម​ថា៖​ «នៅ​ស្រប​ពេល​ដូចគ្នា​នេះ​ ​នៅ​បុរី​ញូវយ៉ក​ ​ការ​បំភ្លៃ​ខុស​ពី​ការ​ពិត​គឺ​មាន​យ៉ាងជាក់ស្តែង​ ​[...]​ ​តែ​យ៉ាង​ណា​ក្តី​គឺ​វា​នៅ​តែ​ជា​អ្វី​មិន​ពិត»។​

អំឡុង​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អង្គការ​សហ​ប្រជាជាតិ​រយៈពេល​បួន​ថ្ងៃ​ ​គេ​ឃើញ​មាន​ប្រជាពល​រដ្ឋ​ខ្មែរ​ដែល​កំពុងរស់​នៅ​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ចេញមក​គាំទ្រ​ ​ស្រប​ពេល​ដែល​ប្រជាពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​ទៀត​ ​ចេញ​ធ្វើ​បាតុកម្ម​តវ៉ា​នឹង​វត្តមាន​របស់​លោក​នាយក​រដ្ឋមន្រ្តីនៅ​ទីនោះ៕