លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះប្រកាសថា មិនមានជនណាអាចចាប់ខ្លួន ឬធ្វើទុក្ខបុកម្នេញលើលោកនោះទេ ហើយលោកក៏នឹងមិនពន្យារការបោះឆ្នោតជាតិ ដែលគ្រោងនឹងធ្វើនៅចុងខែកក្កដា ឆ្នាំ២០១៨ខាងមុខនោះដែរ។
ការប្រកាសខ្លាំងៗរបស់លោកនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងខណៈប្រធានចលនាសង្គ្រោះជាតិគឺលោក សម រង្ស៊ី ដែលធ្លាប់ប្រកាសជារឿយៗសុំឱ្យមានការពន្យារពេលនៃការបោះឆ្នោត ប្រកាសអំពាវនាវឱពលរដ្ឋធ្វើពហិការ មិនចូលរួមការបោះឆ្នោត ប្រសិនបើគ្មានបក្សប្រឆាំងសង្គ្រោះជាតិ។
ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា គណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយ មិនអាចរស់ឡើងវិញបានទេ និងថា ដំណើរការបោះឆ្នោតនាចុងខែកក្កដានេះ នឹងប្រព្រឹត្តទៅដោយមិនមានការពន្យារពេលនោះដែរ។
លោកបន្ថែមថា ការពន្យារពេលបោះឆ្នោតបានលុះត្រាតែមានការកែប្រែរដ្ឋធម្មនុញ្ញ ហើយថា ការដែលលោកមិនព្រមពន្យារពេលបោះឆ្នោត ក៏មិនមាននរណាអាចចាប់ខ្លួនលោកបានឡើយ។
លោកមានប្រសាសន៍ថា៖
«មានអ្នកខ្លះគេថា បើលោក ហ៊ុន សែន មិនព្រមធ្វើ មិនព្រមពន្យារទេ ច្បាស់ជាគេចាប់លោក ហ៊ុន សែន។ ខ្ញុំសួរថា អាណាក្បាលប៉ានដែក មកចាប់ក្បាល ហ៊ុន សែននោះ។ ប្រាប់ត្រង់ទៅវិញទៅ គេថាគេចាប់ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរដ្ឋអធិបតេយ្យមួយត្រូវគេចូលមកចាប់ខ្លួននៅទីនេះ។ មើល អញ្ជើញមក ក្រែងពិបាករកខ្មោចទៅទៀត កុំភ្លេច។ ខ្ញុំមិនមែនជាអគ្គមេបញ្ជាការទ័ពទេ តែខ្ញុំមានសិទ្ធិបញ្ជាវាយគ្រប់ពេលទាំងអស់ ក្នុងឋានៈជានាយករដ្ឋមន្ត្រី»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា បុគ្គលដែលចូលរួម ឬមិនចូលរួមក្នុងការបោះឆ្នោតជាសិទ្ធិរបស់ពួកគេ ប៉ុន្តែលោកថា លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅតែដំណើរការ ដោយមិនត្រូវបានរាំងខ្ទប់ដោយបុគ្គល ឬក្រុមណាមួយនោះទេ។
នៅថ្ងៃចន្ទនេះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្ដើមទទួលចុះបញ្ជីគណបក្សនយោបាយរយៈពេលពីរសប្ដាហ៍ ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០១៨ បើទោះជាគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ មិនទាន់រកឃើញច្រកចូលរួមការបោះឆ្នោតបាននៅឡើយ។
បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស កាលពីការបោះឆ្នោតឆ្នាំ២០១៧ គេឃើញគណបក្សថ្មីៗជាច្រើន បាននិងកំពុងបង្កើតឡើង ដើម្បីត្រៀមចូលរួមការបោះឆ្នោតនាចុងខែកក្កដាខាងមុខ។
ការបង្កើតគណបក្សថ្មីៗទាំងនេះ ត្រូវបានមន្ត្រីគណបក្សប្រឆាំងដែលត្រូវបានរំលាយ រិះគន់ជាបន្តបន្ទាប់ថា ការបង្កើតគណបក្សថ្មីដើម្បីចូលរួមការបោះឆ្នោតនោះ គឺជាការចូលរួមសម្លាប់លទ្ធិប្រជាធិបតេយ្យ និងថាជាឆាកល្ខោនសម្រាប់គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចបន្តកាន់អំណាចប៉ុណ្ណោះ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធានចលនាសង្គ្រោះជាតិដែលជាចលនាត្រូវបានបង្កើតឡើងនៅឯបរទេស បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកជាថ្មីទៀតកាលពីថ្ងៃសៅរ៍ ដោយបានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំទៅបោះឆ្នោត ប្រសិនបើមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ។
លោកសរសេរបន្ថែមក្នុងន័យដើមថា៖
«មានតែគណបក្សសង្គ្រោះជាតិមួយគត់ ដឹកនាំដាយលោក សម រង្ស៊ី និងលោក កឹម សុខា ដែលប្រកាន់ជំហរច្បាស់លាស់និងរឹងមាំគួរឲ្យទុកចិត្តបាន ក្នុងការទាមទារការផ្លាស់ប្តូរជាវិជ្ជមានតាមបែបបទប្រជាធិបតេយ្យ។ គ្មានគណបក្សណាអាចជំនួសគណបក្សសង្គ្រោះជាតិបានទេ។ ទិញមិនលក់ សម្លុតមិនខ្លាច បំបែកមិនបែក។ គណបក្សដទៃទៀត ដែលមកចូលរួមការបោះឆ្នោតដោយឆ្លៀតឱកាស មិនមានវត្តមានគណបក្សសង្គ្រោះជាតិ គឺគ្រាន់តែមកលម្អឆាកល្ខោនឲ្យរបបផ្ដាច់ការរៀបចំការបោះឆ្នោតក្លែងក្លាយ ដើម្បីបន្តកាន់អំណាចរបស់ខ្លួន តែប៉ុណ្ណោះ»។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ក៏បានសរសេរលើបណ្ដាញសង្គមរបស់លោកកាលពីខែមករា ដោយស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យារពេលការបោះឆ្នោតដើម្បីបញ្ចៀសទាំងអំពើហិង្សា និងបញ្ចៀសការដាក់កម្ពុជាឲ្យក្លាយជាប្រទេសឯកោ។
លោក ហ៊ុន សែន នៅថ្ងៃចន្ទនេះបន្ថែមថា ការលើកឡើងទាំងនោះសុទ្ធតែជាការភូតកុហក ហើយលោកបានចំអកការរិះគន់ទាំងនោះថាជា «ការមិនបានស៊ីខ្លួនឯង ចង់ធ្វើឲ្យគេអត់ទាំងអស់គ្នា»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា លើកឡើងថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សកាន់អំណាចនឹងរៀបចំការបោះឆ្នោត ដោយមិនខ្វល់ពីអវត្តមានរបស់គណបក្សប្រឆាំង ដូចទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងដូច្នោះ។
លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជា នឹងនៅតែកាន់អំណាចដោយភាពរលូនក្រោយការបោះឆ្នោត ប្រសិនបើការបោះឆ្នោតខែកក្កដាខាងមុខនេះ មិនមានការអើពើពីអន្តរជាតិ។
លោកបញ្ជាក់ថា៖
«ប្រសិនបើកម្ពុជាមិនរវល់ទៅលើការអំពាវនាវ ហើយអន្តរជាតិគេគិតថាការបោះឆ្នោតហ្នឹងខ្វះប្រជាធិបតេយ្យ ពុំមានការចូលរួមពីគណបក្សប្រឆាំង ពុំស្មើភាពគ្នា ឬក៏ហៅថាពុំយុត្តិធម៌ក្នុងសង្គមប្រជាធិបតេយ្យប្រជាធិបតេយ្យហ្នឹង ខ្ញុំអាចគិតថា ថ្ងៃអនាគតក្រោយការបោះឆ្នោតហ្នឹង អាចប្រឈមលើបញ្ហាដែលរដ្ឋាភិបាលក្រៅប្រទេសហ្នឹងគេមិនទទួលស្គាល់រដ្ឋាភិបាលដែលកើតឡើងពីការបោះឆ្នោតហ្នឹង។ ប៉ុន្តែបើសិនពុំមានការជំទាស់ ឬក៏ការខ្វែងគំនិតគ្នាអីទេ ខ្ញុំថា ការបង្កើតរដ្ឋាភិបាលនៅតែបន្តនិរន្តរភាពទៅធម្មតា»។
តុលាការកំពូលកម្ពុជា កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេសរៀបចំគម្រោងផ្ដួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តុលាការកំពូល ក៏បានសម្រេចព្យួរសិទ្ធិរបស់ក្រុមមន្ត្រី និងតំណាងរាស្ត្របក្សប្រឆាំងចំនួន១១៨រូប មិនឲ្យធ្វើនយោបាយម្នាក់ៗ៥ឆ្នាំ។
មុនបន្តិចនៃការរំលាយគណបក្សប្រឆាំង លោក កឹម សុខា ដែលជាប្រធានគណបក្សនេះ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ពាក់ព័ន្ធនឹងបទក្បត់ជាតិ។
ក្រោយហេតុការណ៍ទាំងនោះកើតឡើង សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានប្រកាសដកខ្លួនឈប់គាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា។ សហរដ្ឋអាមេរិក បានប្រកាសផ្ដាច់ជំនួយអភិវឌ្ឍន៍ជាច្រើនមកកម្ពុជា ដោយថារដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យខូចខាតដល់លទ្ធិប្រជាធិបតេយ្យ និងមិនអើពើជុំវិញការទទូចឲ្យមានការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ខណៈក្រុមអង្គការឃ្លាំមើលការបោះឆ្នោតមួយចំនួននៅមានការស្ទាក់ស្ទើរក្នុងការសម្រេចថានឹងចូលរួមឃ្លាំមើលការបោះឆ្នោតខាងមុខ។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជិត៤០ឆ្នាំមកហើយនោះ បានបញ្ជាក់ជាច្រើនដងថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះបីមិនមានអ្នកសង្កេតការណ៍ មិនមានគណបក្សប្រឆាំងចូលរួម ឬមិនមានការទទួលស្គាល់ពីក្រុមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនក៏ដោយ៕