លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានបរិហាររដ្ឋមន្ត្រីការបរទេស ប្រទេសម៉ាឡេស៊ី Saifuddin Abdullah ថា «ព្រហើន» ក្រោយប្រមុខការទូតម៉ាឡេស៊ីរូបនេះ បានចេញមុខរិះគន់អភិក្រមការទូតរបស់ទីក្រុងភ្នំពេញ ក្នុងការប្រាស្រ័យទាក់ទងជាមួយរបបសឹកក្រុងណៃពិដោរ។
គេហទំព័រផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជាបានឱ្យដឹងថា លោក ហ៊ុន សែន បានថ្លែងដូច្នេះក្នុងជំនួបតាមទូរស័ព្ទកាលពីព្រឹកថ្ងៃសុក្រ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Jokowi Widodo ហើយថា លោក ហ៊ុន សែន ក៏ហាក់បានទទួលស្គាល់ជាសាធារណៈលើកដំបូងផងដែរថា នៅក្រោយរដ្ឋប្រហារភូមា ប្រទេសនេះ ស្ថិតក្នុងស្ថានភាពមានរដ្ឋាភិបាលពីរ។
«អ្វីដែលគាត់បានធ្វើកន្លងទៅនេះ គឺវាមិនត្រឹមត្រូវនៅក្នុងក្របខណ្ឌអាស៊ាននេះ ហើយនៅក្នុងការបញ្ជូនសារនេះ សម្ដេចបានមានប្រសាសន៍ថា កុំឲ្យរដ្ឋមន្ត្រីការបរទេសនេះ ព្រហើនពេកដែលមានសំដីសំដៅមិនគប្បីចំពោះថ្នាក់ដឹកនាំអាស៊ាន ជាពិសេសប្រធានអាស៊ានតែម្ដង ដែលមិនសមជាភាសាការទូត ដូច្នេះហើយកុំឲ្យយកលក្ខណៈព្រហើនដែលលើកឡើងកន្លងទៅនេះ មិនដូចភាពជាក់ស្ដែងដែលអ្នកមួយចំនួន ដែលគេតាមដានការងារអាស៊ាន ឬធ្វើការងារអាស៊ាននេះ ហើយគាត់ខ្វះនូវការគួរសមទៀតផង»។
លោក ហ៊ុន សែន បានស្នើរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោក Retno Marsudi ជួយនាំសារនេះទៅឱ្យលោក Saifuddin Abdullah តែមិនបានពន្យល់នោះទេថា ហេតុអ្វីអ្នកនាំសារនោះ មិនមែនជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ដែលមានវត្តមានក្នុងជំនួបតាមទូរស័ព្ទនោះទៅវិញ។

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah នៅពេលលោកទៅចូលរួមកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រឹក្សាសម្របសម្រួលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Saifuddin Abdullah បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងកូឡាឡាំពួរ កាលពីសប្ដាហ៍មុន ដោយរិះគន់ចំៗ លើជំហររបស់លោក ហ៊ុន សែន ក្នុងការអញ្ជើញទៅជួបមេដឹកនាំរបបសឹកភូមាថា ខ្វះការពិគ្រោះយោបល់ជាមួយបណ្ដារដ្ឋសមាជិកអាស៊ានផ្សេងទៀត។
ម៉ាឡេស៊ីក៏ស្ថិតក្នុងចំណោមបណ្ដារដ្ឋសមាជិកផ្សេងទៀតផងដែរ ដែលហាក់បានជំទាស់នឹងជំហរកម្ពុជា ក្នុងការបើកផ្លូវឱ្យប្រមុខរបបសឹក នាយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing និងរដ្ឋមន្ត្រីការបរទេសរបបសឹក Wunna Maung Lwin អាចចូលអង្គុយក្នុងកិច្ចប្រជុំអាស៊ានបានឡើងវិញ។
វីអូអេ បានផ្ញើសារសុំប្រតិកម្មត្រឡប់ពីក្រសួងការបរទេសម៉ាឡេស៊ី តែភ្លាមៗមកទល់នឹងរសៀលថ្ងៃសុក្រនេះ មិនទាន់បានការឆ្លើយតបនៅឡើយ។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានរងការរិះគន់ពីក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសកម្មជនប្រឆាំងរដ្ឋប្រហារភូមា ជុំវិញជំហរចង់ឱ្យប្រមុខ និងរដ្ឋមន្ត្រីការបរទេសរបបសឹកភូមា អាចចូលរួមប្រជុំអាស៊ានបានឡើងវិញ។
ខណៈរដ្ឋសមាជិកអាស៊ានមួយចំនួនក៏ជំទាស់នឹងជំហរនោះ ភ្លាមៗកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលត្រូវធ្វើនៅក្រុងសៀមរាបក្នុងសប្ដាហ៍នេះ ត្រូវលើកពេលដោយមិនមានកាលកំណត់ ក្រោមហេតុផលរដ្ឋមន្ត្រីខ្លះ មានការលំបាកក្នុងការធ្វើដំណើរមកប្រជុំ។ ថ្លែងប្រាប់ប្រមុខរដ្ឋឥណ្ឌូនេស៊ីកាលពីថ្ងៃសុក្រ លោក ហ៊ុន សែន បង្ហាញចេតនាចង់ឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន បានជួបជុំគ្នាឆាប់ៗ។
ក្នុងជំនួបនោះ លោក ហ៊ុន សែន ក៏ហាក់បានទទួលស្គាល់តាមរយៈការថ្លែងសារជាសាធារណៈជាលើកដំបូងផងដែរថា ស្ថានភាពប្រទេសភូមាក្រោយរដ្ឋប្រហារនេះ ស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលពីរ។ គេហទំព័រផ្លូវការនាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយក្នុងន័យដើមថា៖
«សម្តេចតេជោបន្តថា ដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា គឺដើម្បីជំរុញដោះស្រាយស្ថានភាពទាល់ច្រក ដើម្បីរកច្រកចេញ ហើយជាពិសេសស្ថានភាពនៅមីយ៉ាន់ម៉ាពីមុន ហើយនឹងស្ថានភាពនៅពេលនេះ គឺមិនដូចគ្នាទេ ដោយសារនៅមីយ៉ាន់ម៉ា ពីមុនមានរដ្ឋាភិបាលតែមួយ ប៉ុន្តែបច្ចុប្បន្ននេះ គឺថា អាចមានរដ្ឋាភិបាល២ឯណោះ»។
របបសឹកភូមាដែលឆក់យកអំណាចពីរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់អ្នកស្រី Aung San Suu Kyi កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ បានហៅខ្លួនឯងថា ក្រុមប្រឹក្សារដ្ឋបាលនៃរដ្ឋ (SAC) ខណៈក្រុមអ្នកនយោបាយគណបក្សអ្នកស្រី Suu Kyi ដែលជាប់ឆ្នោត បានរត់ទៅបង្កើតអង្គការចាត់តាំងនយោបាយស្រមោលមួយឈ្មោះថា រដ្ឋាភិបាលរួបរួមជាតិ (NUG) ហើយមានស្លាបយោធាផ្ទាល់ខ្លួន គឺកងទ័ពការពារប្រជាជន (PDF) ដែលចាប់យកការតស៊ូប្រដាប់អាវុធប្រឆាំងនឹងរបបសឹកទៀតផង។
លោក កៅ គឹមហួន ជំនួយការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ទូរទស្សន៍ CNBC នៅថ្ងៃសុក្រនេះថា កម្ពុជា ចង់ប្រាស្រ័យទាក់ទងជាមួយមីយ៉ាន់ម៉ាដោយក្នុងវិធីមួយដែលធ្វើយ៉ាងណាមិនផ្ដល់ជាឈ្នាន់ឱ្យរបបសឹកទាញបាននូវភាពស្របច្បាប់ ឬធម្មានុរូបភាព (Legitimacy) នោះទេ៕