លោក ហ៊ុន សែន​ព្រមាន​លោក​កឹម សុខា​អំពី​អធិប្បាយ​រឿង​បោះឆ្នោត

  • នៅ វណ្ណារិន

រូបភាព​ឯកសារ៖ លោក កឹម សុខា ជួបជុំជាមួយ​នឹង​សកម្មជន​និង​អ្នកគាំទ្រ​គណបក្សសង្រ្គោះ​ជាតិ កាល​ពីថ្ងៃទី០៦ ខែំមីនា ឆ្នាំ២០១៦ នៅខណ្ឌពោធិ័សែនជ័យ ភាគខាងលិច​ក្រុងភ្នំពេញ។ (អូន ឆេងប៉រ/VOA)

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ក៏​បាន​គំរាម​ផងដែរ​ មិនឲ្យ​​ស្ថានទូត​នានា​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​តុលាការ​កម្ពុជា​ទេ។​

ជា​ថ្មី​ម្តង​ទៀត​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ​នា​ថ្ងៃ​ពុធ​នេះ​ បាន​គំរាម​ចាប់​ឃុំ​ខ្លួន​មេដឹក​នាំ​គណ​បក្ស​ប្រឆំាង​គឺ​លោក​កឹម សុខា ​ចំពោះ​ការ​មិន​ចូល​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ពី​បទជាប់​សង្ស័យ​ថា​ លោក​មាន​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ផ្លូវភេទ​ជា​មួយ​នារី​កាត់សក់​ម្នាក់។​

ការ​លើក​ឡើង​របស់​លោកហ៊ុន សែន​ដ៏​មាន​ឥទិ្ធពល​នេះ​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ថ្ងៃ​ទេ​ក្រោយ​ពេល​ដែល​លោកកឹម សុខា​ ប្រធាន​ស្តីទី​នៃ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​ ​មួយ​ដល់បណ្តាញ​សារ​ព័ត៌មាន​អង់គ្លេស​មួយ​ដែល​មាន​ឈ្មោះថា​ Reuters​ ​អំពី​ការ​វិវត្ត​នយោបាយ​ចុង​ក្រោយ​នឹង​ការ​ដែល​លោក​បង្ខាំង​ខ្លួន​ឯង​នៅ​ក្នុង​ទីស្នាក់​ការ​របស់​គណបក្ស​ជំទាស់ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន។​

លោក​កឹម សុខា​បាន​ប្រាប់បណ្តាញ​សារ​ព័ត៌មាន Reuters​ ​ដែល​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ​តាម​ន័យ​ដើមថា៖​ ​«អ្វី​ដែល​លោក​(ហ៊ុន សែន)​ខ្លាច​បំផុត​នោះ​គឺ​ការ​បរាជ័យ​ក្នុង​ពេល​បោះ​ឆ្នោត។​ ​យុទ្ធ​សាស្ត្រ​របស់​គាត់​គឺ​ដក​ថ្នាក់​ដឹក​នាំ​របស់​គណ​បក្ស​ប្រឆាំង។​ ​អញ្ចឹង​ពេល​នេះ​គាត់​កំពុង​តែផ្តោត​មក​លើ​រូប​ខ្ញុំ»។​

ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​ឆ្នាំ​ទី​៦៥នៃ​ការ​បង្កើត​ស្ថាប័ន​គយ​ និង​រដ្ឋាករ​ ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ នាព្រឹកថ្ងៃ​ពុធ​នេះ​ ​លោក​ហ៊ុន សែន​បាន​ព្រមាន​លោក​កឹម សុខា​ថា​ «កុំ​ព្រហើន»​ ចំពោះ​ការ​ចោទ​ថា ​លោកខ្លាច​ និង​មាន​បំណង​យារយី​គណ​បក្ស​ជំទាស់​នោះ។​

ដោយ​មិន​បញ្ចេញ​ឈ្មោះ​លោក​កឹម សុខា​ក្នុង​ទី​សារធារណៈ​ ​លោកហ៊ុន សែន​ថ្លែង​ថា៖​ «ខ្ញុំ​សុំ​ផ្តាំ​ហ្អា!​ ខ្ញុំ​មើល ​Reuters​ ​គេ​ថា​ លោក​ហ៊ុន សែន​ភ័យ! ​នែ៎​ហ្អា​អ្នក​នៅ​កន្លែង​បួន​ជ្រុង​ ហ្អា​ ចេញ​មុខ​ ចេញ​មក។​ មិនទាន់​ដល់​ម៉ោង​ទេ។ ​លោក​ឯង​ថា​ លោក​ហ៊ុន សែន​ភ័យ​ខ្លាចចាញ់​ឆ្នោត ​តែ​សុំ​ផ្តាំ​ទៅ​លោក​ឯង​ បើ​ជាប់​គុក​ គ្មាន​ថ្ងៃ​ចេញ​រួច​ទេ​ សូម​ប្រាប់​ឱ្យហើយ។​ ​អាគុក!​ កុំ​ព្រហើន​ហ្អា!»។​

កាល​ពី​ដើម្បី​ខែ​មិថុនា​កន្លង​ទៅ​ ​អាជ្ញាធរ​កម្ពុជាបាន​ព្យាយាម​ចាប់​នាំ​ខ្លួន​លោក​កឹម សុខា​ ​ប្រធាន​ស្តីទីគណបក្ស​ជំទាស់នេះ​ម្តង​រួម​មក​ហើយ​ចំ​ពោះ​ការ​មិន​ចូល​បំភ្លឺ​ពីបទជាប់សង្ស័យ​ថា​ ​មាន​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​ជា​មួយ​នារី​កាត់​ស​ក់​ម្នាក់​ឈ្មោះ​ខុម ចាន់តារ៉ាទី។​ ​ការណ៍​នេះ​ធ្វើ​ឲ្យរូប​លោក​សម្រេច​ស្នាក់​នៅ​ក្នុង​ទីស្តី​ការ​គណបក្ស​ខ្លួនដើម្បី​សុវត្ថិភាព។​ ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ តុលាការ​ក្រុង​ភ្នំ​ពេញ​បាន​ចេញ​ដីកា​កោះ​ហៅ​លោក​កឹម សុខាជា​បន្ត​បន្ទាប់​ ​បង្គាប់​ឲ្យ​លោក​ចូល​បំភ្លឺ​បណ្តឹង​បរិហារ​កេរ្តិ៍​ ​និង​ការ​ប្រព្រឹត្ត​អំពើ​សញ្ចារ​កម្ម​ ​បើ​ទោះ​ជា​លោក​នៅ​មាន​អភិយ​ឯកសិទ្ធិ​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​នៅ​ឡើយ​នោះ។​

ការ​ចេញ​ដីកា​នាំ​ខ្លួនលោក​កឹម សុខា​ ប្រធានស្តីទី​គណបក្ស​ជំទាស់ធ្វើ​ឡើង​មិន​ប៉ុន្មាន​ខែ​បន្ទាប់​ពី​លោក​សម រង្ស៊ី​ ប្រធាន​គណ​បក្ស​ជំទាស់​ដែល​ជាដៃ​គូ​ដ៏ធំ​របស់​គណបក្ស​កាន់​អំណាច​ ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ប្រកាស​តាម​ចាប់​ខ្លួន​ពី​បទ​បរិហារ​ និង​បង្ខូច​កេរិ៍្ត​ឈ្មោះ​លោក​ហោ ណាំហុង​និង​បទចោទ​ប្រកាន់ជា​ច្រើន​ផ្សេង​ទៀត។​ ​សព្វ​ថ្ងៃ​នេះ​ ប្រធាន​គណ​បក្ស​ជំទាស់​នេះ​កំពុង​ស្ថិត​ ​នៅ​និរទ្ទេស​ខ្លួន​ឯ​បរទេស។​

ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​នា​ព្រឹកថ្ងៃ​ពុធនេះ​ លោកហ៊ុន សែន​បាន​ថ្លែង​ការពារ​ចំណាត់​ការនេះ តុលាការ​កម្ពុជា​ ​ដោយ​ថា​ លោក​គ្មាន​អាទិភាព​លូកដៃ​ចូល​ក្នុង​ការ​អនុវត្ត​ច្បាប់​កម្ពុជា​បាន​នោះ​ទេ។​ ​លោក​បន្ត​ថា​ ការ​ចាប់​ខ្លួនលោកកឹម សុខា​ និង​អាច​ធ្វើ​ឡើង​នា​ពេល​ណា​មួយ​ខាង​មុខ​ បើ​ទោះ​ជា​មាន​បាតុកម្ម​ប្រឆំាង​នឹង​ការ​ចាប់​ខ្លួន​រូប​លោក​នោះ​ក៏​ដោយ។​

«ប៉ុន្តែ​បើ​ទោះ​លោក​ឯង​មិន​ចេញ​ក៏​គង់​មាន​ថ្ងៃ​ណា​មួយ​គេ​យក​ដែរ​ ​ហើយ​កុំ​គំរាម​ធ្វើ​បាតុកម្ម។ ​ សុំ​ទោស​និយាយ​គ្នា​ឲ្យច្បាស់​ឱ្យ​ហើយ។​ ​កុំ​គំរាម​ធ្វើ​បាតុកម្ម។​ ​បន្លា​ជួស​បន្លាហ្នឹង​អាច​កើត​មាន​ហើយ​គេ​ធ្វើ​តែ​មួយ​ប្រឹប​ ​វា​ចប់​សេចក្តី​ហើយ! សូម​កុំ​នឹក​ស្មាន​ថា ​រួច​ខ្លួន​ឱ្យ​សោះ!​ ​អាហ្នឹង​ខ្ញុំ​សូម​ប្រាប់​ឱ្យ​ហើយ។​ ជួន​កាល​គេ​កំពុងតែ​ត្រជាក់​ចិត្ត​ ​ទៅ​ចាក់​គេ​ឲ្យ​ទៀត។​ ​អត់​ទេ​ណា! ​ប្រយ័ត្ន​តែ​តុលាការ​ចេញ​បញ្ជា​ ដល់​ម៉ោង​ហ៊ុន សែន​នឹង​ទៅ​បញ្ជា​ខ្លួន​ឯង​ណា៎»។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ ក៏​បាន​គំរាម​ផងដែរ​ មិនឲ្យស្ថានទូត​នានា​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​តុលាការ​កម្ពុជា​ទេ។​

លោក​កែម ឡី​ អ្នក​វិភាគ​សង្គម ​បាន​ហៅ​ការ​គំរាម​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​គណ​បក្ស​ជំទាស់​ថា ​ជា​«ការ​រំលោភ​អំណាច»​ដោយគណបក្ស​កាន់​អំណាច​ ​ហើយ​ថា​ ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​ណា​មែននោះ ​រដ្ឋាភិបាល​កម្ពុជា​នឹង​អាច​រង​សម្ពាធ​ធ្ងន់ធ្ងរ​ពី​អង្គការ​ជំនួយ​ និង​ប្រទេស​ម្ចាស់ជំនួយ។​

«ខ្ញុំ​គិត​ថា ​អ្នក​ដែល​ចាប់​ខ្លួន​គេ​ទៅ​វិញ​ទេ​ដែល​ជា​អ្នក​ដែល​ត្រូវ​រង​សម្ពាធ​ពីគេ​ និង​រង​សម្ពាធ​ពី​សង្គម​ ​ពីព្រោះ​ស្នេហា​ហ្នឹង​វា​ពិត​ក៏​ដោយ ​មិន​ពិត​ក៏​ដោយ​ ​វា​កើត​ឡើង​ភាគ​ច្រើន​ទៅ​លើ​បុរស​ខ្មែរ។ សំណួរ​សួរ​ថា៖​ ​តើ​មាន​ថ្ងៃ​ក្រោយ ​តើ​មាន​អ្នក​ណា​នឹង​ទៅ​ចាត់​ការ​រឿង​ហ្នឹង​អញ្ចឹងៗ​ទេ?​ ហើយ​ករណី​អញ្ចឹងៗ​ វា​តែង​តែ​កើត​ឡើង​ចំពោះសិល្បករ​ ​កើត​ឡើង​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ ​ហើយ​ថ្មីៗ​ហ្នឹង​គឺ​កើត​ឡើង​ចំពោះ​មន្ត្រី​យើង​នៅ​ប្រទេស​កូរ៉េ។​ អា​នេះ​ឧទាហរណ៍​ថា​ អញ្ចឹង។យើង​ ហេតុ​អី​បាន​ជា​យើង​មិន​ចាត់​វិធាន​ការ​ ហើយ​នៅ​ពេលគណបក្ស​ប្រឆាំង ​យើង​ចាត់​វិធាន​ការ?​ អាហ្នឹង​បង្ហាញ​និង​សម្តែង​នូវភាព​មិន​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់»។​

VOA​ មិន​អាច​ទាក់​ទង​មន្ត្រី​ធំៗ​នៃ​គណ​បក្ស​ជំទាស់ដើម្បី​សុំការ​អធិបាយ​បាន​នោះ​ទេ​ ​នា​ថ្ងៃ​ពុធ​នេះ​ ​ដោយ​មន្ត្រី​ភាគ​ច្រើន​កំពុង​ស្ថិត​នៅ​ប្រទេស​ហ្វីលីពីន​ ជា​ទី​ដែល​គណបក្ស​ជំទាស់​កំពុង​ជួប​ប្រជុំ​គ្នា។​ ​

មក​ដល់​ពេល​នេះ មានក្រុម​មន្ត្រី​គណបក្ស​ជំទាស់​និង​សកម្ម​ជន​របស់​គណបក្ស​នេះយ៉ាង​ហោច​ណាស់​១៧​រូប​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ​រួមទាំងអ្នក​តំណាង​រាស្ត្រ​ ​និង​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គ​ណបក្ស​ប្រឆាំង​ចំនួន​ពីរ​រូប​គឺ​លោក​អ៊ុំ​ សំអាន​ និង​លោកហុង​ សុខហួរ​ដែល​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ទាំង​នៅ​មាន​អភ័យ​ឯក​សិទ្ធិ​ជា​អ្នក​តំណាង​រាស្ត្រ។​ ​អ្នក​ទាំង​ពីរ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ដាក់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ បន្ទាប់​ពី​ពួក​គេ​បាន​បក​ស្រាយ​អំពី​បញ្ហា​ផែនទី​ ​និង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ ដែលរដ្ឋាភិបាល​យល់​ថា​ អាច​បង្ក​ចលាចល​ក្នុង​សង្គម​ និង​អរិភាព​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម។​

ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​ជាមួយបណ្តាញ​ព័ត៌មាន ​Reuters​ ​ លោកកឹម សុខា​ក៏​បាន​បញ្ជាក់​ពី​ក្តី​បារម្ភ​របស់​លោក​ទាក់​ទិន​នឹង​សេរីភាព ​និង​យុត្តិធម៌​នៅក្នុង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជានា​ពេល​ខាង​មុខ​ផង​ដែរ។​

ចំពោះ​បញ្ហា​បោះ​ឆ្នោត​នេះ​ផង​ដែរ​ លោក​ហ៊ុន សែន​បាន​បញ្ជាក់​សារ​ជា​ថ្មី​នា​ថ្ងៃ​ពុធ​ថា​ ​រដ្ឋាភិបាល​របស់​លោក​បាន​រៀបចំ​កញ្ចប់​ថវិកា​ដើម្បី​រៀប​ចំការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ បើ​ទោះ​ជា​មិនមាន​ជំនួយ​ពី​បរទេស​ក៏​ដោយ៕