ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ានបានស្នើឱ្យរក្សាមជ្ឈភាពអាស៊ាន ឬភាពជាអ្នកនៅកណ្តាលរបស់អាស៊ាន ដើម្បីការពារភាពរឹងមាំរបស់សមាគមដែលមានអាយុ៥៥ឆ្នាំនេះ។
លោក ហ៊ុន សែន ថ្លែងទៅកាន់ថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកថា មជ្ឈភាពអាស៊ានគឺជាកម្លាំងចលករចម្បងសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាននេះ ដើម្បីដោះស្រាយ និងទប់ស្កាត់រាល់បញ្ហាប្រឈមក្នុងតំបន់ដែលនឹងឈានទៅរក្សាសន្តិភាព វិបុលភាព និងសុខដុមរមនាសម្រាប់គ្រួសារអាស៊ាន។
ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីប្រគល់តំណែងប្រធានអាស៊ានប្តូរវេន ជូនសាធារណរដ្ឋឥណ្ឌូណេស៊ី លោក ហ៊ុន សែន ថ្លែងថា៖ «ជាចុងក្រោយខ្ញុំសូមបញ្ជាក់ដោយសង្កត់ធ្ងន់ថា មជ្ឈភាពអាស៊ានគឺជាកម្លាំងចលករចម្បងសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន។ ទោះបីស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ យើងត្រូវរក្សាឯកភាពអាស៊ានដើម្បីអត្ថប្រយោជន៍ខ្ពស់បំផុតសម្រាប់តំបន់ទាំងមូល។ ការលើកកម្ពស់សាមគ្គីភាព និងឯកភាពនៅតែអាទិភាពកំពូលរបស់យើងនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត។ ជាសក្ខីភាពជាក់ស្តែងនៃសកម្មភាពរួបរួមគ្នានៅឆ្នាំនេះ យើងអាចដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមជាច្រើននៅក្នុងតំបន់យើង ដែលនាំឱ្យយើងមានលទ្ធភាពក្នុងការរក្សានូវសន្តិភាព វិបុលភាព និងសុខដុមរមនាសម្រាប់គ្រួសារអាស៊ានរបស់យើង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជំនឿថា សាធារណរដ្ឋឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៣ នឹងបន្តដឹកនាំអាស៊ានដើម្បីសម្រេចបាននូវគោលបំណងចម្បងនៃសមាគមអាស៊ានប្រកបដោយសុខសន្តិភាព ភាពធន់ និងបរិយាប័ន្ន។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោកវណ្ណ ប៊ុនណា ប្រាប់វីអូអេនៅថ្ងៃអាទិត្យនេះ ដោយកត់សម្គាល់ថា មជ្ឈភាពអាស៊ានគឺអាស៊ានចង់ឱ្យខ្លួនជាតួអង្គសំខាន់ក្នុងការបើកបរនាវាសន្តិភាព ឬនាវាសន្តិសុខក្នុងតំបន់ ដែលមានន័យថា មហាអំណាចខាងក្រៅ ក៏ដូចជាដៃគូសន្ទនាខាងក្រៅ ត្រូវតែចូលរួមតាមយន្តការដែលរៀបចំដោយអាស៊ាន ដោយមិនធ្វើឱ្យប៉ះពាល់ភាពសំខាន់នៃមជ្ឈភាពរបស់អាស៊ាន។ ប៉ុន្តែលោកថា រឿងដែលសំខាន់គឺលុះត្រាតែអាស៊ានមានសាមគ្គីភាពគ្នា។ ខណៈពេលនេះ សាមគ្គីភាពអាស៊ានត្រូវបានគេមើលឃើញថា មានភាពផុយស្រួយនៅឡើយ ដោយមានប្រទេសអាស៊ានខ្លះចាប់យកចិន និងខ្លះចាប់យកសហរដ្ឋអាមេរិកជាដើម។
លោកថ្លែងថា៖ «អាហ្នឹង [មជ្ឈភាពអាស៊ាន] វាធ្វើបានលុះត្រាតែអាស៊ានមានសាមគ្គីភាព។ អាស៊ានបច្ចុប្បន្នត្រូវបានគេមើលឃើញថា វាមានភាពផុយស្រួយមែនទែន ដោយសារអាស៊ានបែកបាក់សាមគ្តី ដោយសារប្រទេសមួយចំនួនចាប់យកចិន ប្រទេសមួយចំនួនចាប់យកសហរដ្ឋអាមេរិក ដែលធ្វើឱ្យអាស៊ានមានគំនិតខ្វែងគ្នាច្រើន ហើយគេមើលឃើញថា សាមគ្គីភាពអាស៊ានមានភាពផុយស្រួយ។ កាលណាសាមគ្គីភាពរបស់អាស៊ានផុយស្រួយ វាធ្វើឱ្យប៉ះពាល់ដល់តួនាទីសំខាន់របស់អាស៊ានក្នុងតំបន់ ជាពិសេសទាក់ទងផ្នែកនយោបាយ និងសន្តិសុខ»។
បើតាមលោក វណ្ណ ប៊ុនណា តួនាទីស្នូលរបស់អាស៊ានក្នុងកិច្ចការរក្សាសន្តិសុខតំបន់ក៏បានរងសម្ពាធពីការចងសម្ព័ន្ធភាពសន្តិសុខមួយចំនួនផ្តួចផ្តើមដោយក្រុមប្រទេសដែលមានទំនោរទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់ចិននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះ គឺសម្ព័ន្ធភាពសន្តិសុខ Quad និង Aukus ដែលមានការចូលរួមពីប្រទេសឥណ្ឌា ជប៉ុន អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ សម្ព័ន្ធភាពទាំងអស់នេះក៏ទំនងជាធ្វើឲ្យមជ្ឈភាពអាស៊ានស្ថិតក្នុងស្ថានភាពផុយស្រួយផងដែរ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅកម្ពុជា លោក ឯម សុវណ្ណារ៉ា ធ្លាប់ប្រាប់វីអូអេថា អាស៊ានត្រូវតែប្រកាន់ខ្ជាប់នូវមាគ៌ា«មជ្ឈភាព»របស់ខ្លួនឱ្យបានដើម្បីអាចទាញយកផលប្រយោជន៍ទាំងនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ដោយឡែកទាក់ទងនឹងកិច្ចប្រជុំអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានប្តូរវេនឆ្នាំ២០២២នេះ បានថ្លែងពីភាពជោគជ័យដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលអាស៊ានខិតខំស្តារឡើងវិញនូវផលប៉ះពាល់នៃជំងឺកូវីដ១៩ និងដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ស្ថានភាពមិនរំពឹងទុកដែលកើតមានឡើង ផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសេដ្ឋកិច្ចជាដើម។
លោក ហ៊ុន សែន ថ្លែងថា៖ «អាស៊ានបានគ្រប់គ្រង និងសម្របសម្រួលលើបញ្ហាប្រឈមទាំងនោះរហូតទទួលបានលទ្ធផលជាច្រើនគួរជាទីគាប់ចិត្ត។ យើងពិតជាបានអនុវត្តមូលបទភាពនៃភាពជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំនេះ។ អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ ខ្ញុំមានសេចក្តីរីករាយដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង[លើកទី]៤១ និងកិច្ចប្រជុំពាក់ព័ន្ធត្រូវបានបញ្ចប់ដោយជោគជ័យ និងសូមអរគុណចំពោះកិច្ចសហប្រតិបត្តិការពេញលេញ ការគាំទ្រ និងភាពទន់ភ្លន់ដែលបានផ្តល់ឱ្យប្រទេស ដែលជាសមាជិកអាស៊ាន និងប្រទេសដៃគូ បាននាំមកនូវលទ្ធផលដ៏ច្រើនក្រៃលែងគួរជាទីមោទនៈ»។
នៅក្នុងពិធីបិទជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់ញញួរប្រធានអាស៊ានជូនទៅលោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលនឹងក្លាយជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ៕