លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា រដ្ឋាភិបាលនឹងបន្តផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយសារវិបត្តិជំងឺកូវីដ១៩ និងប្រកាសយន្តការថ្មីក្នុងការជួយដោះស្រាយបញ្ហាអតិផរណាផងដែរ។
ប៉ុន្តែលោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភនេះមិនមែនធ្វើឡើងដើម្បីកេងចំណេញសន្លឹកឆ្នោត ខណៈកម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិមួយនាខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
លោក ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» ក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញនូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩» ស្របពេលដែលកម្ពុជាកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងប្រឈមនឹងបញ្ហាអតិផរណា ដូចបណ្តាប្រទេសផ្សេងទៀតនៅក្នុងពិភពលោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថារដ្ឋនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារវិបត្តិកូវីដ១៩ និងដាក់ចេញនូវយន្តការថ្មីក្នុងការសម្រួលសម្ពាធអតិផរណា ដែលប៉ះពាល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងបញ្ហាសង្គ្រាមរុស្សី និងអ៊ុយក្រែន ដែលបណ្តាលឱ្យតម្លៃទំនិញលើទីផ្សារកើនឡើង។
លោក ហ៊ុន សែន ថ្លែងថា៖ «រដ្ឋត្រូវអន្តរាគមន៍តាមរយៈផ្តល់សាច់ប្រាក់ជូនពួកគាត់ ដែលតាមការប៉ាន់ស្មានមានប្រហាក់ប្រហែលជា៦០ម៉ឺនគ្រួសារ និងប្រជាជនមិនតិចជាង២លាននាក់បន្ថែមទៀត។ ដូច្នេះយើងត្រូវរ៉ាប់រងទាំងបញ្ហាកូវីដត្រូវបន្ត ទាំងបញ្ហាការដាក់ចេញនូវយន្តការប្រើសាច់ប្រាក់សម្រាប់គាំពារប្រជាពលរដ្ឋ ឆ្លើយតបជាមួយអតិផរណា គឺយើងទទួលបន្ទុកចិញ្ចឹម និងជួយប្រជាជនជិត៥លាននាក់។ មិនមែនជាការប៉ាវចិញ្ចឹមទេ ក៏ប៉ុន្តែជាការប៉ះប៉ូវ ដើម្បីឱ្យពួកគាត់កុំឱ្យធ្លាក់ទៅក្រោមបន្ទាត់ភាពក្រីក្រ»។
លោក ហ៊ុន សែន បញ្ជាក់ថាការដាក់ចេញយន្តការគាំពារសម្ពាធអតិផរណានេះ គឺប្រជាពលរដ្ឋអាចស្នើសុំទៅអាជ្ញាធរដោយខ្លួនឯង និងអាចទទួលបានសាច់ប្រាក់ក្នុងខែវិច្ឆិកាខាងមុខ។ លោកសង្កត់ធ្ងន់ថាការណ៍នេះមិនមែនជាការ«ប៉ាវចិញ្ចឹម»ប្រជាពលរដ្ឋឡើយ ប៉ុន្តែធ្វើដើម្បីកុំប្រជាពលរដ្ឋធ្លាក់ទៅក្រោមបន្ទាត់ភាពក្រីក្រ។
លោកនាយករដ្ឋមន្រ្តីក៏ស្នើសុំគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល កុំរិះគន់វាយប្រហារថា គណបក្សប្រជាជនកម្ពុជាធ្វើនេះ ដើម្បីទាញយកសន្លឹកឆ្នោតពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតនាឆ្នាំក្រោយ។
លោកបញ្ជាក់ថា៖ «មន្ត្រីដែលធ្វើកិច្ចការងារនេះ ត្រូវធ្វើជំរឿនជាបន្ទាន់។ នៅក្នុងបែបបទនេះ គឺប្រគល់ជូនក្រសួងផែនការជាបន្តទៀត ដើម្បីនឹងកំណត់បែបបទ អ្នកណាខ្លះនឹងមានលទ្ធភាពទទួលយកប្រាក់នេះ។ នេះគឺជាចំណុចដែលត្រូវអនុវត្តនាពេលខាងមុខ។ ខ្ញុំចង់និយាយថែមត្រង់ចំណុចនេះ ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងបានដឹងហើយចំណុចនេះយើងដាក់ឱ្យប្រជាពលរដ្ឋមានសិទ្ធិដាក់ពាក្យស្នើសុំតែម្តង។ ជួនកាលអាជ្ញាធរអាចមើលមិនឃើញ ប៉ុន្តែប្រជាពលរដ្ឋអាចមានសិទ្ធិដាក់ពាក្យស្នើសុំ ហើយមន្ត្រីត្រូវតែពិនិត្យ តើគ្រប់លក្ខខណ្ឌក្នុងការទទួលឬទេ?»។
កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថារដ្ឋាភិបាលបានចំណាយប្រាក់សរុបប្រមាណ ៨០០លានដុល្លាររួចហើយ សម្រាប់ឧបត្ថម្ភប្រជាពលរដ្ឋជាង ៧០ម៉ឺនគ្រួសារ នៅទូទាំងប្រទេស ចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ២០២២។
ទាក់ទងបណ្ណក្រីក្រនេះ បើក្នុងរាជធានីភ្នំពេញជាមធ្យម អ្នកមានបណ្ណក្រ១ និងក្រ២ ទទួលបានប្រាក់ឧបត្ថម្ភចន្លោះពី ៦២ម៉ឺនរៀលទៅ ៦៤ម៉ឺនរៀល ហើយប្រាក់ឧបត្ថម្ភនេះមានការខុសគ្នាទៅតាមតំបន់។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ បានសាទរចំពោះការគិតគូររបស់រដ្ឋាភិបាល ប៉ុន្តែអ្នកស្រីថា ការជួយនោះមិនទាន់បានឆ្លើយតបគ្រប់ជ្រុងជ្រោយនៅឡើយទេ ព្រោះការផ្តល់ប្រាក់ឧបត្ថមនេះ ពលរដ្ឋសឹងតែមិនអាចដោះស្រាយជីវភាពបានផង ដោយសារត្រូវយកប្រាក់នោះទៅដោះបំណុលធនាគារ។
អ្នកស្រីថ្លែងថា៖ «យើងក៏បានដឹងដែរថាកម្មករនិយោជិតទាំងអស់ គាត់មិនត្រឹមប្រឈមជីវភាពរបស់ពួកគាត់ទេ។ គាត់មានការជំពាក់បំណុលក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុច្រើនមែនទែន អាចថា៩០%ជាងនៃប្រជាពលរដ្ឋទូទៅហ្នឹង គឺគាត់មានការជំពាក់បំណុលក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ»។
អ្នកស្រីជំរុញរដ្ឋាភិបាលដោះស្រាយបន្ថែមទៀតទាក់ទងនឹងការជំពាក់បំណុលរបស់ប្រជាពលរដ្ឋ ដូចជាការផ្អាកបង់ទាំងការប្រាក់ និងប្រាក់ដើម ក្នុងពេលដែលប្រជាពលរដ្ឋក្រីក្រប្រឈមនឹងវិបត្តិជំងឺកូវីដ១៩។
រដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី៥ ខែតុលានេះថា ការបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ គឺដើម្បីជួយរក្សាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ ហើយរដ្ឋាភិបាលនឹងបន្តវាយតម្លៃស្ថានភាពនៅរៀងរាល់៣ខែម្តង។
ចំណែកការរៀបចំដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា គឺដើម្បីជួយស្រូបយកសម្ពាធពីការកើនឡើងខ្ពស់នៃអតិផរណា ដែលក្រសួងផែនការនឹងចាប់ផ្តើមកំណត់អត្តសញ្ញាណ និងវាយតម្លៃគ្រួសារងាយរងគ្រោះនៅទូទាំងប្រទេស ដោយផ្តោតទៅលើគ្រួសារ ដែលរស់នៅកៀកនឹងបន្ទាត់ភាពក្រីក្រ រួមមានជនមានពិការភាព កុមារអាយុក្រោម២ឆ្នាំ ជនចាស់ជរា អាយុចាប់ពី៦០ឆ្នាំ ស្ត្រីជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី គ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា មិនមានសមាជិកគ្រួសារអាយុ១៩ដល់៥៩ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាល៕
លោក ហ៊ុន សែន ថារដ្ឋបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋ ប៉ុន្តែមិនមែនដើម្បីកេងចំណេញសន្លឹកឆ្នោតឡើយ
ភ្នំពេញ —