សាររបស់នាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋកម្ពុជាទូទាំងប្រទេសចូលរួមក្នុងជំរឿនទូទៅប្រជាជនលើកទីបីនៅកម្ពុជា។ ជំរឿនប្រជាជនលើកទីបីនេះនឹងធ្វើឡើងពីថ្ងៃទី៣ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ និងជាជំរឿនដំបូងដែលប្រើប្រាស់ថវិកាជាតិ បន្ទាប់ពីកម្ពុជាបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
សារអំពាវនាវរបស់លោកហ៊ុន សែន ចែកចាយដល់អ្នកសារព័ត៌មាននាសប្តាហ៍នេះឱ្យដឹងថា ការធ្វើជំរឿនប្រជាជនកម្ពុជានឹងនាំឲ្យមានការទទួលបានទិន្នន័យប្រជាសាស្រ្តពិតប្រាកដ និងជួយឲ្យរដ្ឋាភិបាលរៀបចំតាក់តែងគោលនយោបាយត្រឹមត្រូវ និងអនុវត្តកម្មវិធីផ្សេងៗឲ្យទទួលបានតុល្យភាពនៃការអភិវឌ្ឍសម្រាប់ពលរដ្ឋទូទាំងប្រទេស។
នៅក្នុងសេចក្តីអំពាវនាវដដែល លោក ហ៊ុន សែន ក៏បានស្នើឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមផ្តល់ព័ត៌មានឲ្យបាន«គ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់»ដល់មន្រ្តីធ្វើជំរឿនប្រជាជនផងដែរ។ លោកហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ជំរឿនប្រជាជនមិនទាក់ទងនឹងបញ្ហានយោបាយ មិនធ្វើឲ្យប្រជាជនខាតបង់ប្រាក់កាស និងមិនបម្រើប្រយោជន៍គណបក្សណាមួយទេ។
ការធ្វើជំរឿនប្រជាជនលើកទីមួយនៅកម្ពុជាត្រូវបានធ្វើឡើងនៅឆ្នាំ១៩៩៨ និងលើកទីពីរនៅឆ្នាំ២០០៨ ដែលធនធាននៅក្នុងការធ្វើជំរឿនទាំងពីរលើកនេះទទួលបានធ្វើសំណាក់មូលនិធិសម្រាប់ប្រជាជន (UNFPA) និងស្ថាប័នដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតរបស់កម្ពុជា៕