ភ្លាមៗក្រោយពីលោកសម រង្ស៊ី មេដឹកនាំក្រុមជំទាស់ បានបញ្ជាក់ពីការភ្នាល់ចុងក្រោយ ហើយទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីមុខតំណែងបើលោកហ៊ានចូលទៅកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល៤ឆ្នាំនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជំហរចុងក្រោយឆ្លើយនឹងសំណួរVOA តាមរយៈសារអេឡិចត្រូនិចតបទៅនឹងសារចុងក្រោយមួយរបស់លោក សម រង្ស៊ី ថា៖
«ខ្ញុំបានឃើញហើយការលើកឡើងភ្នាល់របស់អ្នកឯង ជាទង្វើគួរឲ្យអស់សំណើច និងបង្ហាញចេតនាច្បាស់ក្រឡែតចង់គេចចេញពីការអនុវត្តច្បាប់របស់កម្លាំងសមត្ថកិច្ចកម្ពុជា និងជាលេសមួយមិនត្រឡប់មកកម្ពុជា ដូច្នេះខ្ញុំសូមបញ្ជាក់ច្បាស់ៗឡើងវិញថា កម្លាំងសមត្ថកិច្ចនឹងចាប់អ្នកឯងញាត់គុកតាមដីកាតុលាការ ក្នុងរយៈពេល២៤ម៉ោង បើក្លាហានហ៊ានចូលប្រទេសកម្ពុជា។ បើចាប់មិនបានទេ ខ្ញុំសុខចិត្តចុះចេញពីតំណែង។ អ្នកឯងគ្រាន់តែឆ្លើយហ៊ាន ឬមិនហ៊ាន?»។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា៖
«ប៉ុន្តែទោះបីអ្នកឯងហ៊ាន ឬមិនហ៊ាន មិនសំខាន់ទេ កម្លាំងសមត្ថកិច្ចបានត្រៀមរៀបចំដើម្បីចាប់អ្នកឯងបញ្ចូលគុក ប្រសិនបើអ្នកឯងហ៊ានចូលកម្ពុជា ហើយមិនចាំបាច់ត្រូវការសងលើតម្លៃនៃការភ្នាល់ណានោះទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ភ្លាមៗយ៉ាងដូច្នេះ ក្រោយពេលលោក សម រង្ស៊ី បានសរសេរសារមួយមានចំណងជើងថា «ការភ្នាល់គ្នារវាងហ៊ុន សែន និងសម រង្ស៊ី»។
នៅក្នុងសារនោះ លោកសម រង្ស៊ី បានថ្លែងទាំងស្រុងថា៖
«លោកហ៊ុន សែន បង្ហាញចរិតក្រឡេចក្រឡុច ក្នុងការចូលរួមភ្នាល់គ្នា ទាក់ទងសកម្មភាពរបស់ខ្ញុំ សម រង្ស៊ី ទៅថ្ងៃមុខ។ កាលពីថ្ងៃទី២៣ ខែសីហាកន្លងទៅនេះ គាត់បានយល់ព្រមធ្វើជាសាក្សីក្នុងការភ្នាល់គ្នាមួយ ស្នើដោយកូនចៅគាត់ម្នាក់ ដែលបបួលដាក់លុយមួយលានដុល្លារអាមេរិក។ ស្រាប់តែថ្ងៃ៣០សីហានេះ គាត់បបួលខ្ញុំឲ្យភ្នាល់គ្នាជាមួយគាត់ ដោយប្តូរលក្ខខណ្ឌទាំងស្រុងក្នុងការភ្នាល់គ្នាថ្មីនេះ។ តែក្នុងចន្លោះពេលពីថ្ងៃ២៣ដល់ថ្ងៃ៣០ សីហានេះ ខ្ញុំបានដាក់សំណើឲ្យគាត់មួយ ដែលគាត់មិនទាន់បានឆ្លើយតបនៅឡើយ។ ក្នុងសំណើនោះ ខ្ញុំបានសួរទៅលោក ហ៊ុន សែន ដែលអះអាងថា គាត់មិនជឿពីមាតុភូមិនិវត្តន៍របស់ខ្ញុំ នៅថ្ងៃ ៩ វិច្ឆិកា ២០១៩ ថា នៅពេលដែលខ្ញុំមកដល់ប្រទេសកម្ពុជាមែន ក្នុងថ្ងៃ៩ វិច្ឆិកាខាងមុខនេះ តើគាត់យល់ព្រមចុះចេញពីតំណែងភ្លាមមួយរំពេចឬទេ? ពីព្រោះអ្វីដែលគាត់ថាមិនជឿនោះ បានក្លាយទៅជាការណ៍ពិតទៅហើយ»។
លោក សម រង្ស៊ី បានបន្តក្នុងសារដដែលនោះថា៖
«លោក ហ៊ុន សែន ពូកែតែដើរសម្លុតគេឯង ហើយប្រើប្រាស់កម្លាំងអាវុធ ក្នុងការតទល់គូបដិបក្ខនយោបាយរបស់គាត់។ ដោយសារតែគាត់ជាជនផ្តាច់ការ គាត់មិនអាចរំពឹងលើការគាំទ្រពីប្រជារាស្ត្របានទេ ទោះជាគាត់ដឹងថា ការគាំទ្រពីប្រជារាស្ត្រនេះគឺជាកត្តាដ៏សំខាន់ជាងគេបំផុត តាមអ្វីដែលហៅថាលទ្ធិប្រជាធិបតេយ្យ»។
លោកសម រង្ស៊ី បានបញ្ជាក់បន្ថែមថា លោកសូមដាក់សំណើចុងក្រោយមួយនេះទៅលោកហ៊ុន សែន ដូចតទៅ៖
«នៅថ្ងៃ៩ វិច្ឆិកា ២០១៩ខាងមុខនេះ បើចំនួនប្រជាពលរដ្ឋ ដែលនឹងមកស្វាគមន៍ខ្ញុំនៅលើទឹកដីប្រទេសកម្ពុជា -- ដោយមិនមានការរារាំង ឬបំភិតបំភ័យអ្វីឡើយ -- មានតិចជាងមួយលាននាក់ ខ្ញុំនឹងយល់ព្រមឲ្យកម្លាំងលោក ហ៊ុន សែន ចាប់រូបខ្ញុំ ហើយខ្ញុំក៏យល់ព្រមបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំ នៅពេលជាមួយគ្នានោះដែរ»។
លោកសម រង្ស៊ី ក៏បានបន្ថែមទៀតថា៖
«តែបើចំនួនប្រជាពលរដ្ឋដែលគាំទ្រខ្ញុំកើនដល់ទៅមួយលាននាក់ ឬលើសចំនួននេះទៅទៀត (មានន័យថាប្រមាណ ៣ដងច្រើនជាង នៅថ្ងៃ ១៩កក្កដា ២០១៣ គឺថ្ងៃមាតុភូមិនិវត្តន៍របស់ខ្ញុំចុងក្រោយ បន្ទាប់ពីការនិរទេសខ្លួន៤ឆ្នាំ) តើពេលនោះលោកហ៊ុន សែនយល់ព្រមចុះចេញពីតំណែងភ្លាមមួយរំពេចឬទេ ដោយបង្ហាញការគោរពឆន្ទៈប្រជារាស្ត្រ ដែលទាមទារឲ្យគាត់ចុះចេញ? យើងនឹងសុំឲ្យអង្គការសហប្រជាជាតិនិងសារព័ត៌មានអន្តរជាតិធ្វើជាសាក្សីនៃការភ្នាល់គ្នា ប្រកបដោយភាពថ្លៃថ្នូរនេះ»។
ទោះជាយ៉ាងណា ភាគីនយោបាយទាំងពីរនៅមិនទាន់បានសម្រេចព្រមគ្នា ឬត្រូវគ្នាថា នឹងប្រកាន់យកជម្រើសណាមួយនៅឡើយទេ ក្រៅពីការបញ្ជាក់សារនយោបាយរឿងខ្លួននេះ៕