លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានប្រតិកម្មទៅនឹងការទាមទារឱ្យចាត់វិធានការលើលោក ផែង វណ្ណៈ ករណីបៀតបៀនស្រ្តីអ្នកសារព័ត៌មាន ដោយលោកប្រាប់កុំឱ្យមានការចោទរដ្ឋាភិបាលថា ប្រើប្រាស់ស្តង់ដាពីរ។
លោក ហ៊ុន សែន បានផ្ញើសារបែបនេះទៅកាន់ក្រុមអង្គការសង្គមស៊ីវិលជាង៤០ ដែលបានទាមទារឱ្យលោកផែង វណ្ណៈទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ ពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្តីអសីលធម៌លើស្រ្តីអ្នកសារព័ត៌មានវីអូឌី។ លោក ហ៊ុន សែន បានប្រៀបធៀបទៅនឹងករណីប្រមាថប្អូនថ្លៃស្រីរបស់លោកដែលបានទទួលមរណភាព កាលពីដើមខែកុម្ភៈ។
លោក ហ៊ុន សែន បានបង្ហោះសារនៅក្នុងបណ្តាញតេឡេក្រាមរបស់លោកថា លោក«មិនអស់ចិត្តរឿងស្តង់ដាពីរ»ក្នុងករណីលោក ផែង វណ្ណៈ។ អង្គការក្រៅរដ្ឋាភិបាលបានទាមទារឱ្យថ្កោលទោសអ្នកអធិប្បាយព័ត៌មានលើបណ្តាញសង្គមរូបនេះ។
លោកបញ្ជាក់ក្នុងន័យដើមថា៖ «ខ្ញុំមិនកាន់ជើង ផែង វណ្ណៈទេ តែអ្វីដែលខ្ញុំមិនអស់ចិត្ត គឺប្អូនថ្លៃស្រីខ្ញុំក្រោយនាងស្លាប់ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់ម៉ឺនដង ប្រៀបជាមួយការដែលផែង វណ្ណៈនិយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វីអូឌី»។
លោក ហ៊ុន សែន បន្ថែមថា ក៏មានការប្រមាថភរិយា និងក្រុមគ្រួសាររបស់លោកផងដែរ។ លោកបានចោទសួរសំណួរថា តើអង្គការទាំង៤០ក្តាប់បានរឿងនេះដែរឬទេ? ចុះហេតុអ្វីរក្សា«ភាពស្ងៀមស្ងាត់ ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?
លោក ហ៊ុន សែន បញ្ជាក់ថា៖ «សូមចាំទុកនិងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត»។
នាយកគ្រប់គ្រងកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃសុក្រថា សារដែលលោក ហ៊ុន សែន បានលើកឡើងនោះគឺគ្រាន់តែជាទស្សនៈនៃការបញ្ចេញមតិ ដែលជាការយល់ឃើញខុសៗគ្នារបស់បុគ្គលម្នាក់ៗ។
លោកថ្លែងថា៖ «ខ្ញុំសូមលើកអំពីជំហររបស់អង្គការលីកាដូ យើងមិនគាំទ្ររាល់ទង្វើណាដែលមានការបៀតបៀន ការជេរប្រមាថ ការមាក់ងាយទៅលើស្រ្តីភេទ ទោះបីជាទម្រង់បែបណាក៏ដោយ គឺអង្គការលីកាដូ គឺយើងមិនគាំទ្រជាដាច់ខាត ហើយរាល់ទង្វើដែលអសីលធម៌ រាល់ទង្វើដែលប្រមាថ មើលងាយដែលធ្វើឱ្យប៉ះពាល់កិត្តិយសរបស់ស្រ្តីធ្ងន់ធ្ងរ អាហ្នឹងគឺអង្គការលីកាដូនៅតែប្រកាន់ជំហរសូមឱ្យអនុវត្ត និងចាត់វិធានការប្រើប្រាស់តាមផ្លូវច្បាប់ ទោះបីជាក្នុងទម្រង់រូបភាពណាក៏ដោយ»។
លោក ផែង វណ្ណៈ (រូបថតពីទំព័រ Facebook Pheng Vannak)
កាលពីកន្លងទៅ ក្រុមអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅកម្ពុជាបានសម្តែងការខកចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់ពាក្យប្រមាថរបស់លោកផែង វណ្ណៈ។ ពួកគេចាត់ទុកថា សកម្មភាពប្រមាថ មាក់ងាយរបស់លោក ផែង វណ្ណៈ ទៅលើអ្នកសារព័ត៌មានស្ត្រីនោះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល បន្ទាបតម្លៃស្ត្រី និងសង្គមជាតិទាំងមូល។ ពួកគេបានលើកឡើងបែបនេះនៅក្នុងលិខិតចំហដាក់ទៅរដ្ឋមន្ត្រីក្រសួងកិច្ចការនារី រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្រោយមានការអំពាវនាវពីអង្គការក្នុងស្រុកឱ្យមានវិធានការលើលោកផែង វណ្ណៈ ក្រសួងកិច្ចការនារី កាលពីថ្ងៃព្រហស្បតិ៍ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ដែលក្នុងអត្ថន័យបង្ហាញពីការសោកស្ដាយ និងមិនគាំទ្រដាច់ខាតចំពោះរាល់សកម្មភាព ឬទង្វើទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្រ្តីខ្មែរ។
ក្រសួងកិច្ចការនារីក៏បានអំពាវនាវទទូចដល់បុគ្គលដែលមានវិវាទនឹងគ្នា ឱ្យមានការដោះស្រាយដោយសន្តិវិធី ចៀសវាងការប្រើប្រាស់ពាក្យសម្តី ជេរប្រមាថ អសុរោះ អសីលធម៌។
អ្នកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា(GADC) ដែលបានចូលរួមដាក់លិខិតចំហនេះ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា បើទោះបីសេចក្តីប្រកាសរបស់ក្រសួងកិច្ចការនារីមានលក្ខណៈទូទៅ មិននិយាយចំៗឈ្មោះលោកផែង វណ្ណៈ ប៉ុន្តែវាក៏នាំមកនូវពាក្យវិជ្ជមានជាច្រើនសម្រាប់ការតស៊ូមតិរបស់អង្គការសង្គមស៊ីវិល នៅក្នុងករណីបៀតបៀនស្រ្តីអ្នកសារព័ត៌មាន។
អ្នកស្រីថ្លែងថា៖ «សម្រាប់យើងជាអង្គការសង្គមស៊ីវិល តួនាទីរបស់យើងគឺការសហការគ្នាជាមួយនិងរដ្ឋាភិបាលក៏ដូចជាអង្គការពាក់ព័ន្ធដទៃផ្សេងទៀត។ នៅក្នុងករណីនេះ យើងសង្ឃឹមថា រដ្ឋាភិបាល ជាពិសេសក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន នៅតែបន្តសហការជាមួយពួកយើង ក្នុងការផ្តល់វគ្គបណ្ដុះបណ្ដាលផ្សេងៗទៀតទៅឱ្យអ្នកដែលគាត់ជាអ្នកកាសែត ក៏ដូចជាអ្នកដែលគាត់រាយការណ៍ព័ត៌មាន ឬក៏អី អ៊ីចឹងអំពីក្រមប្រតិបត្តិអ្នករាយការណ៍ព័ត៌មាន ក៏ដូចជាក្រមប្រតិបត្តិស្តីពីការរាយការណ៍ព័ត៌មាន អំពើហិង្សាលើស្រ្តី និងក្មេងស្រី»។
ចំណែកលោក ផែង វណ្ណៈ បានចេញលិខិតឆ្លើយតបទៅកាន់លិខិតចំហរបស់អង្គការប្រមាណជាង៤០ ដោយលើកឡើងថា ការប្រើប្រាស់ពាក្យសម្តីរបស់លោកជាករណីបុគ្គលរវាងលោកជាពលរដ្ឋម្នាក់ និងអ្នកធ្វើអត្ថាធិប្បាយ VOD តែប៉ុណ្ណោះ។
លោក ផែង វណ្ណៈ បានបញ្ជាក់ក្នុងលិខិតថា លោកមិនបានប្រើគេហទំព័រ ឬទំព័រហ្វេសប៊ុកផ្លូវការដែលចុះបញ្ជីនៅក្រសួងព័ត៌មាន ក្នុងការបញ្ចេញមតិរបស់លោកទៅលើស្រ្តីអ្នកសារព័ត៌មានវីអូឌីនោះទេ។ លោកបញ្ជាក់ទៀតថា បើបុគ្គលដែលរងការរិះគន់ពីលោក ដោយយល់ថា ពាក្យពេចន៍របស់លោកខុសច្បាប់ អាចដាក់ពាក្យប្តឹងទៅតុលាការបាន។
ក្រុមអង្គការសង្គមស៊ីវិលបានចាត់ទុកការប្រើប្រាស់ពាក្យសម្តីប្រមាថរបស់លោក ផែង វណ្ណៈ ថាជា«ទង្វើដែលមិនអាចលើកលែងបាន អសីលធម៌ និងបំពានយ៉ាងខ្លាំងទៅលើក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន»ជាពិសេសបំពានទៅលើក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី ដែលក្រសួងកិច្ចការនារី និងក្រសួងព័ត៌មានបានរួមគ្នាបង្កើតឡើងកាលពីឆ្នាំ២០១៧៕