នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង តាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងដើម្បីរឹតចំណងទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ចុះថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤។ ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ដល់ទី១៩ ខែមករា ឆ្នាំ ២០២៤។
បើតាមលិខិតអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ដំណើរទស្សនកិច្ចលើកទី ១ របស់នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីចូលកាន់តំណែងជាង ៤ ខែ នឹងជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ រួមមានវិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី ដែលសំដៅលើអង្គការដែលជួយលើកស្ទួយការរៀនភាសាបារាំង។
លោក ម៉ាក្រុង បញ្ជាក់ក្នុងលិខិតនោះក្នុងន័យដើមថា៖ «ខ្ញុំប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលយើងកំពុងប្រឈមមុខជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។ ទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យយើងពិនិត្យមើលមធ្យោបាយនានាដែលយើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ ភាពនិងឯករាជ្យភាពពេញលេញនៃបណ្តារដ្ឋទាំងអស់»។
អ្នកវិភាគមើលឃើញថា ដំណើរទស្សនកិច្ចនេះគឺជាភារកិច្ចផ្នែកការទូតរបស់រដ្ឋាភិបាលអាណត្តិថ្មី ដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេនៅថ្ងៃពុធនេះ អ្នកវិភាគនយោបាយ លោក មាស នី លើកឡើងថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងបារាំងមានលក្ខណៈល្អ ដោយសារតែបារាំងមានជំហរកណ្តាលនិយម ប៉ុន្តែបារាំងគឺជាសមាជិករបស់សហភាពអឺរ៉ុបដែលប្រកាន់យកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជាតម្លៃគោល។
លោកថ្លែងថា៖ «ដូចខ្ញុំបានជម្រាបជូនអ៊ីចឹង បើនិយាយអំពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស អាហ្នឹងបារាំងគេនឹងនៅខាងសហគមន៍អឺរ៉ុបហើយ ទោះបីចង់មិនចង់ក៏គេលើកឡើងនូវការចង់ឱ្យកម្ពុជាហ្នឹងធ្វើការគោរពសិទ្ធិមនុស្ស ហើយអនុវត្តលទ្ធិប្រជាធិបតេយ្យពេញលេញឡើងវិញ»។
បើតាមអ្នកវិភាគរូបនេះ បារាំងមានទំនាក់ទំនងជាមួយកម្ពុជាច្រើនពាក់ព័ន្ធវិស័យសុខាភិបាល និងការចង់ពង្រីកឥទ្ធិពលភាសាបារាំងនៅកម្ពុជាជាដើម។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងជាអតីតអនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ប្រាប់វីអូអេថា ប្រទេសបារាំងជាហត្ថលេខីមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលលោកថា នេះមានសារៈសំខាន់នៅក្នុងការជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរព និងអនុវត្តទៅតាមលទ្ធិប្រជាធិបតេយ្យ ជាពិសេសដោះលែងអ្នកទោសនយោបាយទាំងអស់។
លោកថ្លែងថា៖ «ត្រូវឱ្យមានការបើកលំហដល់សេរីភាពនយោបាយក្នុងការប្រកួតប្រជែងគ្នាស្មើមុខស្មើមាត់ដូចដែលច្បាប់កំណត់។ ទី ២ យើងចង់ឃើញរដ្ឋាភិបាលបារាំងជំរុញឱ្យនាយករដ្ឋមន្ត្រីត្រូវតែដោះលែងអ្នកកំពុងជាប់ឃុំ»។
បើតាមទីប្រឹក្សារូបនេះ ដើម្បីឱ្យមានទំនាក់ទំនងល្អផ្នែកការទូតជាមួយបណ្តាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ កម្ពុជាត្រូវតែគោរពលទ្ធិប្រជាធិបតេយ្យឱ្យបានពេញលេញដូចការចង់បានរបស់បណ្តាប្រទេសទាំងនោះដែរ។
អតីតអនុប្រធានគណបក្សភ្លើងទៀន និងជាបេក្ខជនម្នាក់សម្រាប់ការបោះឆ្នោតព្រឹទ្ធសភានាខែកុម្ភៈខាងមុខគឺ លោក សុន ឆ័យ លើកឡើងថា បារាំងតែងតែយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ខណៈថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាលើបញ្ហាទាំងពីរនេះ។
លោកបញ្ជាក់ថា៖ «ហើយខ្ញុំថា ក៏ជាឱកាសមួយដែរសម្រាប់អ្នកដឹកនាំប្រទេសកម្ពុជាក្នុងការសម្រួលទៅដល់បញ្ហានៃការធ្វើទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជាពីសំណាក់សហគមន៍អឺរ៉ុប ...ហើយប្រទេសបារាំងជាប្រទេសសមាជិកអឺរ៉ុបដែលមានឥទ្ធិពល»។
លោក សុន ឆ័យ រំពឹងថា លោក ហ៊ុន ម៉ាណែត នឹងជជែកជាមួយប្រទេសបារាំង ដើម្បីឱ្យប្រទេសមួយនេះជួយនៅក្នុងការបន្ធូរបន្ថយពន្ធនៅក្នុងការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ប៉ុន្តែលោកថា កម្ពុជាក៏ត្រូវតែត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
កាលពីខែកក្កដា ឆ្នាំមុន ស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជាបានបង្ហាញការសោកស្តាយនិងក្តីព្រួយបារម្ភយ៉ាងខ្លាំង ក្រោយកម្ពុជាបានរៀបចំការបោះឆ្នោតមួយ ដោយអវត្តមានគណបក្សជំទាស់ គឺគណបក្សភ្លើងទៀន។ បារាំងបានជំរុញឱ្យកម្ពុជាស្តារស្ថានការណ៍ឡើងវិញ ឱ្យស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា។
ស្ថានទូតបារាំងបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយកាលនោះថា៖ «យើងអំពាវនាវឱ្យមានការដោះលែងសមាជិកគណបក្សជំទាស់ដែលឃុំខ្លួន និងជំរុញឱ្យអាជ្ញាធរកម្ពុជាគោរពសិទ្ធិជាមូលដ្ឋានចាំបាច់ដើម្បីស្តារប្រជាធិបតេយ្យ ស្របតាមគោលការណ៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា»។
កាលពីខែសីហា ឆ្នាំ ២០២០ សហភាពអឺរ៉ុបដែលបារាំងជាសមាជិកបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA (Everything But Arms) ចំនួន ២០% ពីកម្ពុជាដោយសាររកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរំលាយអតីតគណបក្សសង្គ្រោះជាតិ និងការដកសិទ្ធិនយោបាយរបស់មន្រ្តីបក្សប្រឆាំងជាដើម។
បើតាមសារបង្ហោះនៅលើគេហទំព័ររបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ប្រទេសបារាំងនិងកម្ពុជាមានទំនាក់ទំនងពិសេស ដោយសារប្រទេសទាំងពីរមានប្រវត្តិរួមគ្នាផង ហើយកម្ពុជាជាប្រទេសនិយាយភាសាបារាំងផង និងម្យ៉ាងវិញទៀត ដោយសារតួនាទីរបស់បារាំងក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងនាពេលខាងមុខ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ ២០២៤ ដែលធ្វើឡើងនៅប្រទេសស្វីសផងដែរ៕