លោក ហ៊ុន ម៉ាណែត នឹង​ថ្លែង​ក្នុង​មហា​សន្និបាត​អ.ស.ប.​លើក​ដំបូង បន្ទាប់​ពី​ទទួល​តំណែង​នាយករដ្ឋមន្រ្តី

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា​ចាកចេញ​ពី​វេទិកា​បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថា​របស់​លោក​ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន មុនកិច្ចប្រជុំកំពូលអាស៊ាន នៅ​ទីក្រុង​ហ្សាការតា នៅ​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែល​កាន់​តំណែង​បាន​ជិត​មួយ​ខែ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​New York (ញូវយ៉ក) សហរដ្ឋ​អាមេរិក ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ដើម្បី​ចូលរួម​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ។ ​នេះ​ជា​លើក​ដំបូង​របស់​លោក​ក្នុង​ការ​ថ្លែង​ទៅ​កាន់​មេដឹកនាំ​ពិភព​លោក ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី​តំណាង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​សារ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ាណែត នា​ថ្ងៃ​ពុធ​នេះ។

បើ​តាម​សារ​នោះ លោក ហ៊ុន ម៉ាណែត នឹង​ដឹកនាំ​គណៈ​ប្រតិភូ​រដ្ឋាភិបាល​កម្ពុជា​ទៅ​ចូលរួម​ «មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី៧៨» នៅ​ទីក្រុង​ New York សហរដ្ឋ​អាមេរិក ចាប់​ពី​ថ្ងៃទី​២១-២៥ ខែ​កញ្ញា ឆ្នាំ២០២៣។

ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​កម្មករ​ក្នុង​ស្រុក​បាទី ខេត្តតាកែវ កាល​ពី​ថ្ងៃ​អង្គារ លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា​លោក​នឹង​យក​ឱកាស​ទៅ​សហរដ្ឋ​អាមេរិក ដើម្បី​ទាក់ទាញ​វិនិយោគ​ទុន​មក​កម្ពុជា​ផង​ដែរ។

លោក​ថ្លែង​ថា៖«ខ្ញុំ​ទើប​ត្រឡប់​មក​ពី​ចិន​ ទៅ​ជួប​ជា​មួយ​ថ្នាក់ដឹកនាំ​ចិន​នៅ​ប៉េកាំង ​ហើយ​ក៏​ចូល​រួម​ពិពណ៌​ពាណិជ្ជកម្ម​របស់​យើង​នៅ​ណាននីង ដើម្បី​ទាញ​វិនិយោគ​ពី​បណ្តា​ប្រទេស​ចិន។ ថ្ងៃ​ទី២១​នេះ ខ្ញុំ​នឹង​ត្រូវ​ទៅ​អាមេរិក​ខ្ញុំ​មាន​គម្រោង​ជួប​ជា​មួយ​អ្នក​វិនិយោគ​អាមេរិក​ ជួប​ជាមួយ​នឹង​សហគមន៍​អ្នក​វិនិយោគ​អាមេរិក​ខ្មែរ​ រៀប​ចំ​ដោយ​សភា​ពាណិជ្ជកម្ម​របស់​យើង​នៅ​អាមេរិក ទៅ​ទាក់​ម៉ូយ​ពី​អាមេរិក​មក​ទៀត​ យក​មកកម្ពុជា»។

ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា​លោក ហ៊ុន ម៉ាណែត នឹង​ថ្លែង​នៅ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ដោយ​ផ្តោត​លើ​វឌ្ឍនភាព​សង្គម​សេដ្ឋកិច្ច​របស់​កម្ពុជា និង​គោល​ដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព។ ក្រសួង​បញ្ជាក់​ថា​មូលបទ​ចម្បង​សម្រាប់​កិច្ច​ពិភាក្សា​នៅ​ឆ្នាំ​នេះ គឺ​«កសាង​ទំនុក​ចិត្ត​ឡើង​វិញ និង​បំផុស​សាមគ្គីភាព​ក្នុង​ពិភព​លោក៖ ​ជំរុញ​សកម្មភាព​លើ​របៀប​វារៈ​ឆ្នាំ​២០៣០ និង​គោល​ដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដើម្បី​សន្តិភាព វិបុលភាព វឌ្ឍនភាព និង​ចីរកាល​សម្រាប់​ទាំង​អស់​គ្នា»។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា៖ «ខ្លឹមសារ​នៃ​សុន្ទរកថា​របស់​សម្តេច​ធិបតី​នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ នឹង​ផ្តោត​លើ​ទិដ្ឋភាព​សំខាន់ៗ​ចំនួន​បី រួម​មាន​បរិបទ​ពិភព​លោក វឌ្ឍនភាព​សង្គម​សេដ្ឋកិច្ច​កម្ពុជា និង​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ចំពោះ​សកម្មភាព​បដិវត្តកម្ម​នៃ​គោល​ដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​(SDGs)»។

បើ​តាម​ក្រសួង​ការបរទេស​កម្ពុជា លោក ហ៊ុន ម៉ាណែត ក៏​នឹង​មាន​កិច្ច​ប្រជុំ​ទ្វេភាគី​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ និង​ឥស្សរជន​បរទេស​មួយ​ចំនួន ក្នុង​ពេល​ស្នាក់​នៅ​ទីក្រុង​ញូវ​យ៉ក។

ក្នុង​ពេល​ដែល​លោក ហ៊ុន ម៉ាណែត​ទៅ​សហរដ្ឋអាមេរិក អតីត​មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​សង្រ្គោះ​ជាតិ​បាន​លើក​ឡើង​ថា​ពួកគេ​នឹង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ​ចាប់​ពី​ម៉ោង​១០​ព្រឹក​ នៅ​ទីស្នាក់ការ​កណ្តាល​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុង New York ដើម្បី​បង្ហាញ​ទៅ​ពិភព​លោក​ថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មិន​ពេញ​ចិត្ត​នឹង​លោក ហ៊ុន ម៉ាណែត ដែល​នឹង​ទៅ​ចូលរួម​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហ​ប្រជា​ជាតិ។ គម្រោង​តវ៉ា​នេះ​ធ្វើ​ឡើង​ដោយ​សារ​ពួកគេមិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២៣ ដែល​លោក​ ហ៊ុន ម៉ាណែត​ ក្លាយ​ជា​នាយករដ្ឋមន្រ្តី ក្រោយ​លោក ​ហ៊ុន សែន​ ឈប់​កាន់​អំណាច។

ព័ត៌មាន​ទាក់ទង៖ គោលដៅ​អភិវឌ្ឍន៍​​ស្ថិត​ក្នុង​ការ​យកចិត្ត​ទុក​ដាក់​ ខណៈ​មេដឹកនាំ​​នានា​​​ចូលរួម​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព លោក យង់ គិមអេង ​លើក​ឡើង​ថា​លោក​ចង់​ឃើញ​មាន​ការ​ស្តារ​ស្ថាន​ភាពសិទ្ធិ​មនុស្ស និងលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើម្បី​ធានា​ទំនាក់​ទំនង​កាន់​តែ​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​ដទៃ​ទៀត។

លោក​ប្រាប់​វីអូអេ​ថា​៖ «អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​លោក​នាយករដ្ឋមន្ត្រី​លើក​ឡើង​គឺទី​មួយ​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ បញ្ហា​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នេះ គឺ​ជា​មូលដ្ឋានមួយ​ធំ​ណាស់​ក្នុង​ការ​ទាក់​ទាញ​ការ​ទំនាក់ទំនង​ក៏​ដូច​ជា​ការ​វិនិយោគ​ពី​បណ្តាសហ​ភាព​អឺរ៉ុប​ក៏​ដូច​ជា​សហរដ្ឋ​អាមេរិក​បាទ»។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា​តើ​លោក ហ៊ុន ម៉ាណែត នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​មន្រ្តី​ផ្លូវ​ការ​អាមេរិក​ណា​មួយ ឬយ៉ាងណា។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក អាន សុខខឿន និង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី៧៧ កាល​ពី​ឆ្នាំ​២០២២ លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី​កម្ពុជា​ដែល​បាន​ទៅ​ចូលរួម​ដោយ​ផ្ទាល់ លើក​ឡើង​បញ្ហា​ពាក់ព័ន្ធ​មួយ​ចំនួន ក្នុង​នោះ​មាន​ផល​ប៉ះពាល់​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន ស្ថានការណ៍​នៅ​ឧប​ទ្វីប​កូរ៉េ បញ្ហា​ជំងឺ​រាត​ត្បាត​កូវីដ​១៩ ភាព​ងាយ​រង​គ្រោះ​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ ការ​គំរាម​កំហែង​បែង​ចែក​ប៉ូល​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដែល​កើត​ចេញ​ពី​ការ​ប្រជែង​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ចិន និង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ជាដើម។ លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​អំពី​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស ក្នុង​នោះ​មាន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ ដែល​ត្រូវ​បាន​រៀបចំ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២២។

គួរ​បញ្ជាក់​ថា​ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៣ រង​ការ​រិះគន់​ពី​មតិ​ជាតិ​និង​អន្តរ​ជាតិ​មួយ​ចំនួន​ថា​ធ្វើ​ឡើង​ដោយ​អវត្តមាន​គណបក្ស​ជំទាស់​ដ៏​ចម្បង​គឺ​គណបក្ស​ភ្លើង​ទៀន៕