លោក ហ៊ុន ម៉ាណែត ថាលោកសុខចិត្តឱ្យគេចោទថា«ផ្តាច់ការ»

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លើក​ឡើង​ថា ​លោក​សុខ​ចិត្ត​ឱ្យ​គេ​ហៅ​លោក​ថា «ផ្តាច់​ការ» ជាជាង​ឱ្យ​ប្រជា​ពលរដ្ឋ​ចោទ​លោក​ថា​មិន​មាន​សមត្ថភាព​ក្នុង​ការ​ការពារ​សន្តិភាព។

លោក​នាយក​រដ្ឋ​មន្រ្តី​ថ្លែង​បែប​នេះ​ នៅ​ក្នុង​ពិធី «បិទ​ស្ទឹង​សាង​សង់​ទំនប់​វារី​អគ្គិសនី​តាតៃ​លើ អានុភាព​ ១៥០មេហ្គាវ៉ាត់» ស្ថិត​នៅ​ក្នុង​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង។

លោក ហ៊ុន ម៉ាណែត ដែល​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្រ្តី​បាន​ជាង​៣ខែ បន្ទាប់​ពី​ឪពុក​របស់​លោក​ដែល​កាន់​អំណាច​ជិត​៤០​ឆ្នាំ ថ្លែង​ថា​ នៅ​ពេល​លោក​និយាយ​អំពី​ការ​ថែ​រក្សា​សន្តិភាព មាន​អ្នក​ចោទ​រូប​លោក​ថា​«ផ្តាច់ការ»។ ប៉ុន្តែ​លោក​ថា ​រដ្ឋាភិបាល​របស់​លោក​នឹង​បន្ត​រក្សា​សន្តិភាព និង​ស្ថិរភាព​សម្រាប់​ប្រជាពលរដ្ឋ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។

លោក​ ម៉ាណែត ​ពុំបាន​បញ្ជាក់​ចំៗ​ទៅលើ​ក្រុមណា​និង​រិះគន់​លោករឿងអ្វី​នោះ​ទេ ក្នុង​ពេល​ដែល​លោក​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ដូច្នេះ។

គួរ​បញ្ជាក់​ថា​ អតីត​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន បាន​ថ្លែង​អំពី​ការ​ការពារ​សន្តិភាព ជា​ញឹក​ញាប់ នៅ​ពេល​លោក​ថ្លែង​ជា​សាធារណៈ។ លោក ហ៊ុន សែន ធ្លាប់​បញ្ជាក់​ថា​ កម្ពុជា​នឹង​អាច​មាន​សង្រ្គាម ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ចាញ់​ការ​បោះ​ឆ្នោត៕