លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍អំពីសមិទ្ធផលនានា ដែលរដ្ឋាភិបាលអាណត្តិទី៧សម្រេចបាននិងការបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមផ្សេងៗទៀតទៅតាមគ្រប់វិស័យ។
បើតាមសេចក្តីថ្លែងការណ៍ពិសេសមួយទៅកាន់ប្រជាពលរដ្ឋខ្មែរអំពី«សមិទ្ធផល១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧» ដែលត្រូវបានផ្សព្វផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា និងប្រព័ន្ធទំនាក់ទំនងសង្គម លោក ហ៊ុន ម៉ាណែត បានវាយតម្លៃថា ទំនាស់ដីធ្លី កង្វះដីធ្លី ការចុះបញ្ជីកម្មសិទ្ធិ និងការទន្ទ្រានដីរដ្ឋ នៅតែជាបញ្ហាស្មុគស្មាញ និងរ៉ាំរ៉ៃនៅកម្ពុជា ដែលរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់ ដោះស្រាយឱ្យមានប្រសិទ្ធភាព និងឈានទៅបញ្ចប់រាល់វិវាទដីធ្លីនៅក្នុងប្រទេស។
បន្ថែមពីលើនេះ លោកបង្ហាញក្តីរំពឹងថា នៅត្រឹមដំណាច់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងបញ្ចប់បានទាំងស្រុងចំពោះការងារចុះវាស់វែងក្បាលដីនៅទូទាំងប្រទេស ដើម្បីឈានទៅកាត់បន្ថយទំនាស់ដីធ្លី ខណៈរដ្ឋាភិបាលអាណត្តិមុនៗវាស់វែងនិងចុះបញ្ជីដីបានចំនួនជាង៧លាន៧សែន និងចេញបណ្ណកម្មសិទ្ធិប្រមាណ៧លានបណ្ណ។
លោកថ្លែងថា៖ «ដោយឡែកក្នុងរយៈពេល១២ខែនេះ រាជរដ្ឋាភិបាលបានវាស់វែង និងចុះបញ្ជីដីបន្ថែមបានជាងចំនួន២លានក្បាលដី និងចេញបណ្ណចំនួនជិត៥៩ម៉ឺនបណ្ណ ហើយរំពឹងថា នឹងបញ្ចប់ការវាស់វែងប្រមាណ២លាន៥សែនក្បាលដី ដែលនៅសេសសល់នៅត្រឹមដំណាច់ឆ្នាំ២០២៥ ដែលជាការបញ្ចប់ទាំងស្រុងនូវការវាស់វែងក្បាលដីនៅទូទាំងប្រទេស ដែលប្រើប្រាស់កម្លាំងសរុបចំនួនជាង៥ពាន់នាក់ និងគ្រោងចំណាយថវិកាចំនួន១០០លានដុល្លារ។ ក្រោយពីការចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិ រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា ទំនាស់ដីធ្លីនឹងត្រូវបានកាត់បន្ថយ និងឈានទៅការលុបបំបាត់នាពេលខាងមុខ»។
ដំណាលគ្នានេះ លោកនាយករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា រដ្ឋាភិបាលនឹងដាក់ចេញកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីមួយសម្រាប់ប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ នោះគឺកម្មវិធី«ផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព»ដើម្បីទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីរដ្ឋ ក៏ដូចជាការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖«ថ្ងៃនេះ ក្នុងគោលដៅបន្តដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋ ដែលខ្វះខាតដីពិតប្រាកដ ក៏ដូចជាការចូលរួមចំណែកក្នុងការទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋ នៅក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមជម្រាបជនរួមជាតិនូវកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីមួយទៀត ដែលឱ្យឈ្មោះថា កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព សំដៅផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ និងផ្តល់ឱកាសជូនប្រជាពលរដ្ឋទាំងនោះ បានចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងការការពារដីរដ្ឋ និងព្រៃឈើ»។
បើតាមលោក ហ៊ុន ម៉ាណែត ការដៅចំណុចនៃការរៀបចំនូវកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីនេះ រដ្ឋាភិបាលគិតគូរទៅដល់តំបន់ឦសាន និងតំបន់មួយចំនួនទៀត ដែលមានការចាំបាច់នៅក្នុងការការពារធនធានធម្មជាតិ ក៏ដូចជាជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ខណៈលោកសង្ឃឹមថា កម្មវិធីនេះនឹងអាចអនុវត្តបាននៅក្នុងដំណាច់ឆ្នាំ២០២៤នេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ការបង្កើតកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ច គឺជាយន្តការល្អ ព្រោះការអភិវឌ្ឍប្រកបដោយចីរភាព នឹងធ្វើឱ្យប្រជាពលរដ្ឋមានដីធ្លីសម្រាប់បង្កបង្កើនផលសមរម្យ គឺជារឿងសំខាន់។
ប៉ុន្តែលោកយល់ថា រដ្ឋក៏ត្រូវត្រួតពិនិត្យលទ្ធភាពក្នុងការរក្សាប្រពៃណីទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច ដែលរស់នៅតំបន់ភូមិភាគឦសានរបស់កម្ពុជា ហើយរដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាដីធ្លីដែលនៅសេសសល់ឱ្យបានចប់ ដើម្បីឱ្យពលរដ្ឋអាចប្រើប្រាស់ដីទាំងនោះបង្កបង្កើនផល និងរស់នៅដោយមានជីវភាពសមរម្យ។
លោកថ្លែងថា៖ «បញ្ហាដីធ្លីដែលនៅសេសសល់ដែលនៅបន្តកើតឡើងហ្នឹងគឺរាជរដ្ឋាភិបាលគួរតែបន្តការយកចិត្តទុកដាក់នៅក្នុងការដោះស្រាយបញ្ចប់ដើម្បីកុំឱ្យបញ្ហាហ្នឹងអូសបន្លា ហើយក្លាយជាបញ្ហារ៉ាំរ៉ៃតទៅទៀត»។
ស្ថាបនិក និងជាអនុប្រធានគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្នលើកឡើងថា រដ្ឋាភិបាលគួរដាក់ចេញកម្មវិធីនយោបាយ និងគោលនយោបាយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ដែលខ្វះដីបង្កបង្កើនផល ឱ្យទៅរស់នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវវៀតណាម CLV -DTA ដើម្បីជីវភាពរបស់ប្រជាពលរដ្ឋ និងការរួមគ្នាអភិវឌ្ឍន៍តំបន់នោះ។
លោកប្រាប់វីអូអេថា៖ «សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា បើសិនជាយើងចង់ធ្វើឱ្យជាក់លាក់មែនទែន គួរតែមានកម្មវិធីនយោបាយ គោលនយោបាយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ដែលខ្វះដីបង្កបង្កើនផលហ្នឹងទៅនៅតាមព្រំដែន ក្នុងតំបន់ ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវវៀតណាម CLV -DTA នោះ ដែលយើងកំពុងតែមានភាពចម្រូងចម្រាស។ ធ្វើដីសម្បទានសង្គមកិច្ចជូនទៅអ្នកក្រីក្រ ទៅអ្នកអត់លំនៅឋាន អ្នកដែលមិនមានដីដើម្បីបង្កបង្កើនផលហ្នឹង ឱ្យទៅនៅតាមហ្នឹងវិញទៅ ហើយមានកញ្ចប់ថវិកាដើម្បីទ្រទ្រង់ ក្នុងការតាំងទីលំនៅថ្មីតាមតំបន់ព្រំដែន ឬខេត្តតាមព្រំដែនហ្នឹង។ ខ្ញុំជឿថា ប្រហែលជាមានប្រយោជន៍ច្រើនសម្រាប់ទៅពេលអនាគត»។
ប៉ុន្តែអតីតតំណាងរាស្ត្រគណបក្សជំទាស់រូបនេះមិនទាន់មានទំនុកចិត្តខ្ពស់នៅឡើយទេទាក់ទងកម្មវិធីថ្មីនេះ ដោយសារកន្លងមករដ្ឋាភិបាលក៏តែងតែដាក់ចេញយន្តការជាច្រើនសម្រាប់ការពារព្រៃឈើ ការពារដីព្រៃ និងព្រៃលិចទឹកជាដើម ប៉ុន្តែយន្តការដោះស្រាយបញ្ហាទាំងនោះមិនទាន់មានប្រសិទ្ធភាព ដោយសារនៅតែមានអ្នកទៅរំលោភបំពានកាប់ព្រៃឈើ និងបំពានតំបន់អភិរក្សព្រៃឈើ និងដែនឧទ្យានជាតិ ក៏ដូចជាដីជុំវិញបឹងទន្លេសាបជាដើម។
បើតាមលោក អ៊ូ ច័ន្ទរ័ត្ន រដ្ឋាភិបាលត្រូវតែមានយន្តការមួយប្រកបដោយតម្លាភាព និងគណនេយ្យភាពត្រឹមត្រូវដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋក្រីក្រអាចទទួលបានដីសម្បទានសេដ្ឋកិច្ចទាំងនោះ និងបញ្ចៀសកុំឱ្យការដាក់ចេញកម្មវិធីត្រូវបានបុគ្គលិក ឬមន្ត្រីខិលខូចមួយចំនួនកិបកេង ដោយសារជាទូទៅ យន្តការកន្លងមក តែងតែរងការចោទប្រកាន់នូវអំពើពុករលួយតាមមូលដ្ឋាន និងតាមរយៈមន្រ្តីថ្នាក់ក្រោមមួយចំនួន ដែលធ្វើឱ្យពលរដ្ឋក្រីក្រមិនបានទទួលផលនោះ៕