លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ទីដែលលោកបានជួបពិភាក្សាទេ្វភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមលោក Phan Van Giang (ហ្វាន វ៉ាន់ ហ្សាង) និងក្រុមមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ក្នុងជួរកងទ័ពវៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
អ្នកតាមដានសង្គម កត់សម្គាល់ថា វត្តមានរបស់លោក ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយទាហានកម្ពុជា នឹងធ្វើឱ្យលោករីកមុខរីកមាត់នៅចំពោះមុខក្រុមមេដឹកនាំយោធាវៀតណាម និងជាសញ្ញាណកាន់តែច្បាស់ថា លោកកំពុងឆ្ពោះទៅកាន់តំណែងនាយករដ្ឋមន្ត្រី បន្តពីឪពុកលោកផងដែរ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ត្រូវបានសមាជិករបស់គណបក្សប្រជាជន សម្រេចជាឯកច្ឆន្ទឱ្យធ្វើជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា យល់ថា ដំណើរទស្សនកិច្ចកូនប្រុសច្បងរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាមនេះ គឺដើម្បីរឹតចំណងមិត្តភាពផ្នែកយោធា។
មួយវិញទៀត លោកជឿថា ការបំពេញទស្សនកិច្ចយោធានេះបង្ហាញឱ្យឃើញជាតម្រុយកាន់តែច្បាស់នៃដំណើរផ្ទេរអំណាច និងការបង្កើតចំណងមិត្តភាពរវាងបុគ្គលនិងបុគ្គលផងដែរ។
លោក វណ្ណ ប៊ុនណា បានប្រាប់វីអូអេថា៖ «ជារួមមកដល់ពេលនេះ គឺស្ថិតក្នុងបរិយាកាសផ្ទេរអំណាច ដូច្នេះលោក ហ៊ុន ម៉ាណែត គាត់ត្រូវបង្ហាញខ្លួន និយាយជាសាមញ្ញធ្វើឱ្យមេដឹកនាំបរទេសស្គាល់គាត់កាន់តែច្រើនផងដែរ ដោយសារគាត់ត្រូវការ ទី១ ទាក់ទងប្រជាប្រិយភាពក្នុងប្រទេស អ៊ីចឹងទេ នៅក្នុងប្រទេសគាត់ទទួលបានប្រជាប្រិយភាពគួរសម។ ដូច្នេះគាត់ត្រូវការទទួលស្គាល់ពីបណ្តាប្រទេស មេដឹកនាំ អន្តរជាតិនិងដៃគូជាមិត្តរបស់កម្ពុជាផងដែរ»។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កំពុងកាន់តួនាទីសំខាន់ៗមួយចំនួនក្នុងជួរកងទ័ពកម្ពុជា ក្នុងនោះជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការអង្គភាពប្រឆាំងភេរវកម្ម។ ក្រៅពីមានតួនាទីជាមន្ត្រីជាន់ខ្ពស់យោធា លោក ហ៊ុន ម៉ាណែត ក៏ត្រូវបានតែងតាំងជាប្រធានចលនាយុវជនថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងតំណែងជិតបួនទសវត្សរ៍ បានប្រកាសជាសាធារណៈម្តងហើយម្តងទៀតថា កូនប្រុសច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត នឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រី។
នៅក្រោយការប្រកាសរបស់លោក ហ៊ុន សែន ជាបន្តបន្ទាប់នោះមក លោក ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថា មានភាពសកម្មទាំងក្នុងកិច្ចការសង្គម និងនយោបាយក្នុងស្រុក និងការបំពេញទស្សនកិច្ចនៅក្រៅប្រទេស ដូចតួយ៉ាងការបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ឥណ្ឌា និងអូស្ត្រាលីជាដើម។
កំពុងមានវត្តមាននៅទីក្រុងហាណូយនៃប្រទេសវៀតណាមនាសប្តាហ៍នេះ លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រៅពីជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកបានជួបពិភាក្សាជាមួយក្រុមមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍មួយចំនួនទៀតផងដែរ។
នៅទីក្រុងហាណូយដដែល លោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូយោធាកម្ពុជាដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធរបស់លោក ហូ ជីមិញ អតីតរដ្ឋបុរសប្រទេសវៀតណាម កាលពីថ្ងៃចន្ទ។ ហើយនៅថ្ងៃអង្គារនេះ លោក ហ៊ុន ម៉ាណែត បានជួបពិភាក្សានិងផ្លាស់ប្តូរយោបល់ជាមួយលោក ប៉ុយ ក្វាងហ៊ុយ លេខាអចិន្ត្រៃយ៍និងជាលេខាស្តីទី ទី ១ នៃសហព័ន្ធយុវជនហូជីមិញ។ នេះបើតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន ម៉ាណែត។
បើតាមសារមួយបង្ហោះលើគណនីហ្វេសប៊ុករបស់លោក អមដោយរូបថតមួយចំនួននោះ លោក ហ៊ុន ម៉ាណែត បានឱ្យដឹងអំពីជំនួបរបស់លោកកាលថ្ងៃចន្ទ ទី ០៨ ខែសីហា ឆ្នាំ ២០២២ ជាមួយលោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
សារព័ត៌មានវៀតណាម Việt Nam News បានឱ្យដឹងថា ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Phan Van Giang បានលើកឡើងថា ការពង្រឹងឱ្យខ្លាំងថែមទៀតនៃទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរមានសារៈសំខាន់ជាយុទ្ធសាស្ត្រចំពោះការអភិវឌ្ឍនៃប្រទេសទាំងពីរ។ លោកបានអះអាងថា វៀតណាមជានិច្ចកាលរក្សា និងចងចាំនូវការគាំទ្រដ៏មានតម្លៃរបស់កម្ពុជាក្នុងអំឡុងការតស៊ូរំដោះជាតិពីរបបខ្មែរក្រហម ក៏ដូចជាបុព្វហេតុនៃកសាងនិងការពារជាតិនាពេលបច្ចុប្បន្ន។
នាពេលកន្លងមក ភាគីវៀតណាម និងកម្ពុជា បានសម្របសម្រួលរៀបចំព្រឹត្តិការណ៍នយោបាយ និងការទូត ជាពិសេសដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជារបស់លោក ប្រធានរដ្ឋវៀតណាម ង្វៀន សួនហ្វុក (Nguyễn Xuân Phúc) និងដំណើរទស្សនកិច្ចនៅវៀតណាមរបស់ឧបនាយករដ្ឋមន្ត្រីលោកស្រី ម៉ែន សំអន ក្នុងឱកាសខួបលើកទី ៥៥ នៃការបង្កើតចំណងការទូតទ្វេភាគីនិងកិច្ចការផ្សេងៗទៀត។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានវៀតណាម Việt Nam News ចេញផ្សាយកាលពីថ្ងៃចន្ទ។
បើគិតចាប់តាំងពីដើមឆ្នាំមកដល់បច្ចុប្បន្ននេះ លោក ហ៊ុន ម៉ាណែត បានធ្វើសកម្មភាពជាច្រើនទាំងក្នុងជួរបក្សកាន់អំណាច កិច្ចការទូត និងបង្កើនសហប្រតិបត្តិការយោធាជាមួយប្រទេសនានា។
អ្នកវិភាគនយោបាយលោក សេង សារី កត់សម្គាល់ថា គណបក្សប្រជាជនកម្ពុជាកំពុងប្រើប្រាស់ឱកាសដែលគ្មានគូប្រជែងនយោបាយមោះមុតក្នុងប្រទេស និងស្ថានភាពអំណោយផលនៅក្រៅប្រទេស ដែលញាំញីដោយវិបត្តិធំៗមួយចំនួន ដូចជាសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននិង ភាពតានតឹងនៅកោះតៃវ៉ាន់ ដើម្បីសម្រួលឱ្យមានការផ្ទេរអំណាចពីលោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត ដែលគ្រួសារលោកកំពុងក្តោបក្តាប់អំណាចសេដ្ឋកិច្ច និងកម្លាំងទ័ពនៅកម្ពុជាផងដែរ។
លោក សេង សារី ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «គណបក្សកាន់អំណាច ឬគ្រួសារត្រកូល ហ៊ុន គឺក្តោបក្តាប់សេដ្ឋកិច្ច។ អ៊ីចឹងគាត់មានទាំងកម្លាំងសេដ្ឋកិច្ច កម្លាំងទ័ពនៅក្នុងដៃ។ គាត់មានឥទ្ធិពលនយោបាយទៅលើស្ថាប័នជាតិទាំងមូល រួមទាំងស្ថាប័នតុលាការ រួមទាំងរដ្ឋសភា ជាពិសេស រដ្ឋសភាដែលមានសមាជិកមកពីគណបក្សកាន់អំណាចភាគច្រើនបំផុត។ អ៊ីចឹង ហើយអ្វីដែលងាយស្រួល គឺកត្តាទាំង ២ នឹងមានការជំរុញឱ្យមានការផ្ទេរអំណាចដោយស្រួល»។
បើតាមលោក សេង សារី គណបក្សប្រជាជនកម្ពុជានៅបន្តមានឥទ្ធិពលនយោបាយលើស្ថាប័នជាតិទាំងមូលក្នុងប្រទេស ដែលជាហេតុនាំឱ្យការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត មានភាពងាយស្រួល។ ក៏ប៉ុន្តែលោកថា គណបក្សប្រជាជនកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួន គឺកម្លាំងគាំទ្រពីមហាជន ដែលមិនទាន់ផ្តល់សេចក្តីទុកចិត្តទាំងស្រុងលើគណបក្សនេះនៅឡើយទេ។
លោកបន្តថា គណបក្សប្រជាជនកម្ពុជា ក៏មានបញ្ហាផ្ទៃក្នុងផងដែរ ប៉ុន្តែគណបក្សនេះមានលទ្ធភាពគ្រប់គ្រងស្ថានការណ៍ផ្ទៃក្នុងបាន ផ្ទុយពីគណបក្សជំទាស់។
លោក សេង សារី ថ្លែងថា៖ «រឿងផ្ទៃក្នុង ខ្ញុំមើលទៅគណបក្សកាន់អំណាច មានការរៀបចំបានល្អណាស់។ ហើយខ្ញុំគិតថា វាប្រាកដណាស់នៅក្នុងផ្ទៃ ប្រាកដជាមានការប្រទាំងប្រទើសគ្នាហើយ ក៏ប៉ុន្តែខ្ញុំឃើញថា គណបក្សកាន់អំណាចជាទូទៅហ្នឹង គឺតែងតែជួយគ្នាទៅវិញទៅមក ដើម្បីរក្សាអំណាចរបស់ខ្លួន»។
ជុំវិញដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម លោកសេង សារី ថ្លែងថា លោក ហ៊ុន ម៉ាណែត កំពុងក្លាយជាតួអង្គនយោបាយថ្មីមួយដែលនឹងបន្តដឹកនាំប្រទេសពីឪពុករបស់លោក ដែលមានវ័យចំណាស់ទៅហើយ។
លោកថ្លែងថា៖ «ហើយនឹងរឿងធ្វើដំណើរទៅប្រទេសវៀតណាមនេះ គឺគាត់ចាប់ផ្តើមចេញមុខ ដើម្បីបង្ហាញតួអង្គថ្មី។ ហើយសូម្បីថ្មីៗ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ក៏គាំទ្រទៅលើការបន្តវេនហ្នឹងដែរ គាំទ្រលោក ហ៊ុន ម៉ាណែត ហ្នឹងដែរ។ ហើយវៀតណាមជាប្រទេសក្បែរភូមិផងរបងជាមួយ ហើយមានឥទ្ធិពលនយោបាយរបស់យើង ក៏កម្ពុជាត្រូវបង្ហាញតួអង្គថ្មីនេះដែរ»។
អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេសលោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់វៀតណាម ធ្វើឡើងក្នុងន័យបង្កើនទំនាក់ទំនងការងារយោធាធម្មតារវាងប្រទេសនិងប្រទេសតែប៉ុណ្ណោះ មិនមែនជាការបង្កើតទំនាក់ទំនងបុគ្គលនោះទេ ព្រោះលោក ហ៊ុន ម៉ាណែត មិនទាន់បានបំពេញលក្ខខណ្ឌដែលអាចក្លាយជានាយករដ្ឋមន្ត្រី លុះត្រាតែលោកជាប់ជាតំណាងរាស្ត្រក្នុងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។
លោក សុខ ឥសាន ថ្លែងថា៖ «ដឹងថា គាត់ជាមេទ័ព អ៊ីចឹងទេ រឿងមេទ័ពជួបមេទ័ពប្រទេសជិតខាង ប្រទេសជាមិត្តជារឿងធម្មតា។ ធ្វើការតែងតែមានទំនាក់ទំនងពហុភាគី ទំនាក់ទំនងទ្វេភាគីដើម្បីរឹតចំណងសាមគ្គីភាព សហប្រតិបត្តិការលើការងារកងទ័ព។ អាហ្នឹងវាជារឿងធម្មតាតើ ម្តងយើងទៅគេ ម្តងគេមកយើង។ វាមានរឿងអ្វីចម្លែក»។
នៅក្នុងសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងរយៈពេលពីរថ្ងៃ និងបញ្ចប់កាលពីថ្ងៃអាទិត្យ ទី ១៧ ខែកក្កដា ឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកនៅបន្តឈរឈ្មោះសម្រាប់តំណែងនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ ចំណែកកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត នឹងក្លាយជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីសម្រាប់គណបក្សកាន់អំណាចនេះ»។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការពារជាតិនាយឧត្តមសេនីយ៍ ឈុំ សុជាត ទាំងតាមប្រព័ន្ធទូរស័ព្ទ និងតេឡេក្រាមនៅថ្ងៃអង្គារនេះបាននៅឡើយទេ។
គួរបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអាមេរិក West Point និងបានបញ្ចប់ការសិក្សាថា្នក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចនៅទីក្រុង New York និងសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ចនៅចក្រភពអង់គ្លេស៕