លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារនេះ បានធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ដោយបានជួបនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បញ្ជាក់ថា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានផ្លាស់ប្តូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រួមមានវិស័យនយោបាយ ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារហាឡាល់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្ដិសុខថាមពល។
សារដដែលបន្ថែមថា ភាគីទាំងពីរក៏បានពិភាក្សាក្នុងការពិនិត្យលទ្ធភាពពង្រីកជើងយន្តហោះផ្ទាល់ពីម៉ាឡេស៊ីទៅកាន់តំបន់ទេសចរណ៍សំខាន់ៗនៅកម្ពុជា និងបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌវិស័យការពារជាតិ និងសន្ដិសុខ រួមមានការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការធ្វើលំហាត់រួមគ្នា។ ចំណែកវិស័យសន្តិសុខថាមពល ភាគីទាំងពីរបានឯកភាពក្នុងការគាំទ្រការសម្របសម្រួលគម្រោងខ្សែបញ្ជូនថាមពលក្រោមសមុទ្រ (ឡាវ-កម្ពុជា-សិង្ហបុរី) ដោយឆ្លងកាត់បាតសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។
សារដដែលបន្ថែមថា៖ «ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ីនឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត»។
អ្នកតាមដាននយោបាយអន្តរជាតិ លោក សេង វណ្ណលី យល់ថា ទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ី កាលពីអតីតនាយករដ្ឋមន្រ្ដីខ្មែរលោក ហ៊ុន សែន នៅដឹកនាំ ហាក់មិនសូវមានទំនាក់ទំនង ឬជំនួបអ្វីច្រើនឡើយ។ លោកបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើកនេះអាចពង្រឹងទំនាក់ទំនងទ្វេភាគី និងជាឱកាសដើម្បីទាក់ទាញការវិនិយោគក្នុងវិស័យនានា។
គួរបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត នឹងចូលគាល់ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី ព្រះចៅ ស៊ុលតង់ អ៊ីប្រាហ៊ីម (Sultan Ibrahim) ទី១៧ និងជួបជាមួយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភាម៉ាឡេស៊ីផងដែរ៕