លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅនឹងការរិះគន់លើគម្រោងព្រែកជីកហ្វូណនថា មិនដូចអ្វីដែលអ្នករិះគន់បានលើកឡើងថា ព្រែកជីកហ្វូណន«ធ្វើអត់ប្រយោជន៍»នោះទេ។
លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនៅថ្ងៃអង្គារនេះថា គម្រាងពែ្រកជីកនេះអាចដឹកទំនិញបាន៣ពាន់តោន។ លោកបន្ថែមថា ព្រែកជីកនេះមិនមែនជាគម្រោងដែលកម្ពុជាខ្ចីបុលគេមកស្ថាបនាទេ គឺអ្នកវិនិយោគខ្ចីលុយយកមកវិនិយោគ ហើយរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិឱ្យក្រុមហ៊ុនវិនិយោគក្នុងការប្រមូលចំណូលវិញ ក្នុងរយៈពេលកំណត់ណាមួយ។
លោក ហ៊ុន ម៉ាណែត បន្តថា ព្រែកជីកនេះអាចជាជម្រើសមធ្យោបាយក្នុងការដឹកជញ្ជូនតាមផ្លូវទឹក តំបន់នោះនឹងផ្ដល់ប្រយោជន៍ដល់ពលរដ្ឋដែលរស់នៅក្បែរនោះតាមរយៈរោងចក្រឧស្សាហកម្មមួយចំនួនដែលគ្រោងបើកនៅទីនោះ។
លោកថ្លែងថា៖ «អ្នកដែលវាយប្រហាររាជរដ្ឋាភិបាលដែលថា ធ្វើព្រែកជីកហ្នឹងសម្រាប់តែធ្វើផ្ទះលើទឹក ធ្វើស្អីៗហ្នឹងអត់ទេ។ យើងដឹកបាន៣ពាន់តោន សាឡង់ដឹកនេះសម្រាប់ភ្ជាប់ពីទន្លេទៅសមុទ្រ»។
ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះមិនបានបញ្ចេញឈ្មោះអ្នករិះគន់នោះ ឬសារព័ត៌មានណាមួយឱ្យចំទេ។
គម្រោងស្ថាបនាផ្លូវទឹកឬហៅថាព្រែកជីក តម្លៃប្រមាណ១.៧០០លានដុល្លារនេះ ជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (Belt and Road Initiative ឬBRI) របស់រដ្ឋាភិបាលចិន។
មន្រ្តីកម្ពុជាអះអាងថា គម្រោង«ពែ្រកជីកហ្វូណនតេជោ»នឹងចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០២៤នេះ។ ព្រែកជីកនេះមានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក៕