លោក ហ៊ុន ម៉ាណែត បន្ត​​ការពារ​គម្រោង​ព្រែក​ជីក​ហ្វូណន

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន ម៉ាណែត ចូលរួមពិធី​ជួបជុំ​មួយនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ (AFP PHOTO / ASEAN-AUSTRALIA SPECIAL SUMMIT 2024 / PENNY STEPHENS)

លោក​នាយក​រដ្ឋ​មន្រ្ដី​ ហ៊ុន ម៉ាណែត​ អះអាង​ជា​ថ្មី​ថា គម្រោង​ព្រែក​ជីក​ហ្វូណន​ដែល​នឹង​ត្រូវ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន​នោះ​ មិន​ទាក់ទង​នឹង​រឿង​ភូមិសាស្រ្ដា​នយោបាយ ​ដូច​ការ​រិះគន់​មួយ​ចំនួន​ឡើយ។​

លោក ​ហ៊ុន ម៉ាណែត ​ថ្លែង​បែប​នេះ​ នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​មន្ត្រី​រាជការ​ បុគ្គលិក ​កម្មករ​ និយោជិត ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ នា​ថ្ងៃ​ពុធ​នេះ។​

លោក ​ហ៊ុន ម៉ាណែត ​ថ្លែង​ថា​ គម្រោង​ព្រែក​ជីក​«ហ្វូណន​តេជោ»​នឹង​បម្រើ​ដល់​ផល​ប្រយោជន៍​ជាតិ ​កសិករ​នៅ​តាម​បណ្ដោយ​ផ្លូវ​ទឹក​ព្រែក​ជីក​ និង​ជា​មធ្យោបាយ​ផ្លូវ​ទឹក​សម្រាប់​ដឹក​ទំនិញ​ចូល​មក​ភ្នំពេញ​និង​សម្រាប់​ទេសចរណ៍។ ​លោក​បន្ថែម​ថា​ គម្រោង​ព្រែក​ជីក​នេះ​មិន​ជាប់​ទាក់ទង​នឹង​រឿង​នយោបាយ ​ឬ​កង​ទ័ព​បរទេស ​ដូច​អ្នក​រិះគន់​មួយ​ចំនួន​លើក​ឡើង​ឡើយ។​

លោក ​ហ៊ុន ម៉ាណែត ​ថ្លែង​ថា៖​ «ហើយ​កុំ​យក​រឿង​ស្អី​ សេដ្ឋកិច្ច​សង្គម​មក​ភ្ជាប់​ជាមួយ​នយោបាយ​ រឿង​កង​ទ័ព​ […]​ នាវា​ចម្បាំង​ដឹក​កប៉ាល់​ហោះ​មិន​អាច​ចូល​ទេ​ព្រែក​ជីក​រាក់​ប្រាំ​ម៉ែត្រ»។​

លោក ​ហ៊ុន ម៉ាណែត​ បន្ត​ថា​ គម្រោង​ព្រែក​ជីក​នេះ​មិន​អាច​ធ្វើ​ឱ្យ​ទឹក​ទន្លេ​ហូរ​ចូល​សមុទ្រ​អស់​នោះ​ទេ​ ព្រោះ​គម្រាង​ព្រែក​ជីក​ធ្វើ​ឡើង​ដោយ​មាន​រណាំង។​

លោក​ ហ៊ុន ម៉ាណែត ​ថ្លែង​ថា៖​ «៣,៦ ​ម៉ែត្រ​គូប ​ក្នុង​១​វិនាទី។​ គេ​ហូរ​ ១​សែន​លីត្រ​ជាង​ក្នុង​មួយ​វិនាទី​អត់​អស់​ផង។​ យើង​ហូរ​ម៉េច​អស់? ​អ៊ីចឹង​កុំ​ភ័យ​ព្រួយ​ថា​ ព្រែក​ជីក​នេះ​ធ្វើ​ទៅ​ហូរ​ទឹក​ចូល​សមុទ្រ​អស់។ ​អត់​ទេ!​ ខ្ញុំ​សូម​បញ្ជាក់​ឱ្យ​ច្បាស់។​ ទន្លេ​មេគង្គ​ទន្លេ​បាសាក់​រាល់​ថ្ងៃ​អត់​មាន​រណាំង​ អត់​មាន​សន្ទះ​ហូរ​ធម្មជាតិ។​ យើង​ទៅ​មុខ​មាន​សន្ទះ»។​

ការ​លើក​ឡើង​របស់​លោក ​ហ៊ុន ម៉ាណែត ​ធ្វើ​ឡើង​ ក្រោយ​អតីត​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ លោក ​សម រង្ស៊ី​ លើក​ឡើង​ថា​ គម្រោង​ព្រែក​ជីក​នេះ​នឹង​បម្រើ​«ផល​ប្រយោជន៍​យុទ្ធ​សាស្ត្រ​វាតទី​និយម»​របស់​ចិន ​ដែល​ត្រូវ​ការ​ពង្រឹង​ឥទ្ធិពល​ទៅ​ដល់​ឈូង​សមុទ្រ​ថៃ។​

លោក ​អ៊ូ ច័ន្ទរ័ត្ន ​ប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា ​យល់​ថា​ បញ្ហា​ចម្រូង​ចម្រាស​ទាក់​ទង​នឹង​គម្រោង​ព្រែក​ជីក​ហ្វូណន​នេះ​អាច​បណ្ដាល​មក​ពី​ការ​មិន​ទុក​ចិត្ត​គ្នា ​និង​អាច​ពាក់​ព័ន្ធ​នឹង​រឿង​ការ​ប្រជែង​ភូមិសាស្រ្ដ​នយោបាយ​របស់​ប្រទេស​ចិន ​ដែល​ជា​ការ​សង្ស័យ​របស់​អ្នក​នយោបាយ​មួយ​ចំនួន។​

លោក​យល់​ថា​ ​គម្រាង​សាង​សង់​ព្រែក​ជីក​នេះ​ស្ថិត​ក្រោម​ការ​វិនិយោគ​តាម​ទម្រង់ ​BOT​ (Build Operate and Transfer)​ ឬ​ហៅ​ថា​ សាង​សង់ ប្រតិបត្តិការ​និង​ផ្ទេរ​ ដែល​ចិន​នឹង​គ្រប់គ្រង​រយៈ​ពេល ​៥០ ​ឆ្នាំ។​

លោក​ អ៊ូ ច័ន្ទរ័ត្ន​ថ្លែង​ថា៖​ «មួយ​ទៀត ​យើង​គិត​ថា​ បើ​សិន​ជា​ចិន​ជា​អ្នក​គ្រប់​គ្រង​រហូត​ដល់ ​៥០ ​ឆ្នាំ​នោះ​ ប្រទេស​យើង​ធ្វើ​ឱ្យ​បាត់​បង់​ទំនុក​ចិត្ត​ពី​លោក​ខាង​លិច​ច្រើន​ ហើយ​វា​អាច​ប៉ះពាល់​ដល់​ជំនួយ​សេដ្ឋកិច្ច​កម្ពុជា​ច្រើន ​ជាពិសេស​ដំណើរ​ការ​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស»។​

យ៉ាងណាមិញ​ លោក ​អ៊ូ ច័ន្ទរ័ត្ន​ លើក​ឡើង​ថា​ គម្រាង​ព្រែក​ជីក​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​ប្រទេស​ជាតិ។

គម្រោង​ព្រែក​ជីក​នេះ​មាន​ប្រវែង​១៨០​គីឡូ​ម៉ែត្រ និង​មាន​តម្លៃ​ប្រមាណ​ ១.៧០០ ​លាន​ដុល្លារ​អាមេរិក។​

បើ​តាម​គម្រោង​ ព្រែក​ជីក​នេះ​នឹង​ចាប់​ផ្តើម​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ ​ក្នុង​តំបន់​កំពង់ផែ​ស្វយ័ត​ស្រុក​កៀន​ស្វាយ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លេ​បាសាក់ ​រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់ ​ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប៕