វិបត្តិមនុស្សធម៌​នៅ​តំបន់​ហ្កាហ្សា​ និង​ West Bank មាន​សភាព​កាន់​តែធ្ងន់ធ្ងរ

  • Lisa Schlein

អ្នក​ជំងឺ​និង​ជន​ដែល​ត្រូវ​ផ្លាស់ទីលំនៅ​​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ Shifa ក្នុង​ទីក្រុង​ហ្កាហ្សា ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុង​អំឡុងពេល​ដែលមាន​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់។

ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​បាន​ឱ្យ​ដឹង​ថា វិបត្តិ​មនុស្សធម៌​នៅ​តំបន់​ហ្កាហ្សា​បាន​វិវត្ត​កាន់​តែ​អាក្រក់​ខ្លាំង​ឡើងៗ ខណៈ​ពេល​ដែល​ចំនួន​ជនស៊ីវិល​ដែល​បាន​ស្លាប់​បន្ត​កើន​ឡើង​ ការសម្លាប់​បុគ្គលិក​ផ្ដល់​ជំនួយ​របស់​អង្គការ​សហប្រជាជាតិ​ក៏​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​ផង​ដែរ ហើយ​ទីក្រុង​ទាំង​មូល​ត្រូវ​បាន​កម្ទេច​ដោយ​សារ​ការទម្លាក់​គ្រាប់​បែក​ឥតឈប់ឈរ។ មនុស្ស​រាប់​លាន​នាក់​មិន​អាច​ទទួល​បាន​អាហារ ទឹក និងថ្នាំ​សង្កូវ​ដើម្បី​រស់រាន​មាន​ជីវិត​បានទេ។

លោក Jens Laerke អ្នកនាំពាក្យ​ការិយាល័យ​សម្រប​សម្រួល​កិច្ចការ​ផ្ដល់​ជំនួយ​របស់​អង្គការ​សហប្រជាជាតិ​ បាន​ថ្លែង​កាល​ពីថ្ងៃ​សុក្រ ទី ១០ ខែវិច្ឆិកា ​ថា៖ «ថ្ងៃ​នេះ ប្រសិនបើ​មាន​ឋាន​នរក​នៅ​លើ​លោក​ នោះ​គេ​នឹង​ដាក់​ឈ្មោះ​តំបន់ភាគខាង​ជើង​ហ្កាហ្សា​ថា​ជា​ឋាន​នរក​លោកិយ។ មនុស្ស​ដែល​ជាប់​គាំង​នៅ​ទីនោះ និងហេដ្ឋារចនា​សំខាន់ៗ​សម្រាប់​រស់រាន​មាន​ជីវិត​បាន​ស្លាប់​បាត់បង់​អស់​ហើយ។ ការស្រេកឃ្លាន ការ​អស់​សង្ឃឹម ការ​បាត់​បង់​ទីជម្រក បាន​ធ្វើ​ឱ្យ​តំបន់​នេះ​ស្ថិត​ក្នុង​ភាពងងឹត​សូន្យ​ឈឹង»។

លោក Laerke បាន​ថ្លែង​បន្ត​ទៀត​ថា៖ «តំបន់​ហ្កាហ្សា​ទាំង​មូល​បាន​ធ្លាក់​ចូលទៅ​ក្នុង​ភាព​ខ្មៅ​ងងឹត​ ចាប់​តាំង​ពី​ថ្ងៃ​ទី១១ ខែតុលា​ មក នៅ​ពេល​ដែល​បណ្ដាញ​អគ្គិសនី​ ត្រូវ​បានកាត់​ផ្ដាច់ ហើយ​ប្រេង​ឥន្ធនៈ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំចូល​ទៅ​ទី​នោះ»។

កងកម្លាំង​អ៊ីស្រាអែល​បាន​បិទខ្ទប់​ទាំងស្រុង​ទៅ​លើ​តំបន់​ហ្កាហ្សា ចាប់តាំង​ពី​ក្រុមហាម៉ាស់​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​នេះ បាន​បើក​ការ​វាយប្រហារ​ក្នុង​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី៧ ខែតុលា ដោយ​បាន​សម្លាប់​មនុស្សអស់​យ៉ាង​ហោច​ណាស់​ចំនួន ១.៤០០នាក់។

ក្រុមហាម៉ាស់​ក៏​បាន​ចាប់​មនុស្ស​ប្រមាណ ២៤០នាក់​ជា​ចំណាប់​ខ្មាំង​ក្នុង​ពេល​ដែល​ពួក​គេ​វាយ​ប្រហារ​ផង​ដែរ ហើយ​កំពុង​បន្ត​បាញ់​គ្រាប់​រ៉ុក្កែត​ចូល​ទឹក​ដី​អ៊ីស្រាអែល​។

ទោះបីជា​អ៊ីស្រាអែល​បាន​ដក​ការ​ហ៊ុំព័ទ្ធ​របស់​ខ្លួន​ទៅ​លើ​តំបន់​ហ្កាហ្សា​ដោយ​អន្លើ​ក៏ដោយ ក៏​អ៊ីស្រាអែល​នៅ​តែ​បដិសេធ​មិន​ឱ្យ​នាំ​ប្រេង​ឥន្ធនៈ​ចូល​ទៅ​ដែនដី​នេះ​ដដែល ដោយ​អះអាង​ថា ក្រុមហាម៉ាស់​នឹង​ប្រើប្រេង​ឥន្ធនៈ​ទាំងនោះ​ដើម្បី​បម្រើ​ឱ្យ​សកម្មភាព​យោធា៕


ប្រែសម្រួល​ដោយ​លោក នៀម ឆេង