ចំនួន​នៃ​ការជួញដូរ​មនុស្ស​នៅមិនទាន់​ដឹង​នៅឡើយ​ក្នុង​សមរភូមិ​ដែន​នេសាទ​របស់​ឥណ្ឌូណេស៊ី

(រូបថត​ឯកសារ​) អតីត​ទាសករ​នេសាទ​ជនជាតិ​ភូមាលោក​ Kaung Htet Wai (រូបឆ្វេង)​ និង ​លោក Lin Lin​ អង្គុយ​ក្នុងបន្ទប់​តូចមួយ​ ក្នុងខ្ទម​​ក្នុងទីក្រុង​ Yangon ប្រទេស​មីយ៉ាន់ម៉ា​។

ការ​ផ្តោត​យកចិត្តទុក​ដាក់​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ឈាន​ទៅ​ដល់​ការ​រក្សាសន្តិសុខ​ដែន​នេសាទ​របស់ខ្លួន​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ Joko "Jokowi" Widodo គឺ​ក្នុង​ន័យ​ដើម្បី​ពង្រីក​ស្មារតី​ជាតិនិយម​ដែល​មាន​ស្ទើរ​គ្រប់​វិស័យ​ឧស្សាហកម្ម​ទាំងអស់ ​រាប់​ចាប់​តាំង​ពី​ការ​រុករកប្រេង​ រហូត​ដល់​ការ​ចម្រាញ់​ប្រេងដូង​ ក្នុង​ប្រទេស​ដែន​ដី​កោះ​មួយ​នេះ។

ប៉ុន្តែ​សមរភូមិ​ដែន​នេសាទ​នេះ មិនមែន​ពាក់ព័ន្ធ​តែ​លើ​បញ្ហា​ធនធាន​ធម្មជាតិ​ប៉ុណ្ណោះ​ទេ។ វាក៏​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ធនធានមនុស្ស​ដែរ​ ជាក់ស្តែង​ការ​ជួញដូរ​ និង​រំលោភ​បំពាន​កម្លាំង​ពលកម្ម​របស់​កម្មករ​នេសាទ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​ និង​ប្រទេស​ជិតខាង។

ដោយ​ហេតុ​តែ​ការ​ត្រួតពិនិត្យ​លើ​ឧស្សាហកម្ម​នេសាទ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ នៅមាន​ភាពធូរ​រលុងនៅ​ឡើយ​ នោះ​ចំនួន​ជាក់ស្តែង​នៃ​ជនរងគ្រោះ​មិនទាន់​ត្រូវបាន​កំណត់​ឲ្យ​ច្បាស់លាស់នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ​ មាន​សញ្ញា​បង្ហាញ​ថា​ ចំនួន​ជន​រងគ្រោះ​មាន​ច្រើន។

តាម​រយៈ​ការ​ស៊ើប​អង្កេត​មួយ​ក្នុង​ឆ្នាំ២០១៦ ​ដែល​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Associated Press​ បាន​រក​ឃើញ​ថា​ មាន​កម្មករ​នេសាទ​ចំនួន ​៤.០០០ នាក់ មកពី​ប្រទេស​មីយ៉ាន់ម៉ា​ កម្ពុជា​ និង​ថៃ​ ដែល​ត្រូវបាន​គេជួញ​ដូរទៅកោះ​ Maluku ប្រទេស​ឥណ្ឌូណេស៊ី។ បើ​តាម​ការអង្កេត​មួយផ្សេង​ទៀត​ ​ដែល​ធ្វើឡើង​ចាប់តាំង​ពីឆ្នាំ២០១៦​ដែរ​នោះ​ ដោយ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​ ឬ​ហៅកាត់​ថា​ IOM​ បាន​សរសេរ​ថា​ មាន​ជន​រងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​ជាង​១.១០០ នាក់ ​ក្នុង​ប្រទេសឥណ្ឌូ​ណេស៊ី។

លោក​ Paul Dillon អ្នក​គ្រប់គ្រង​គម្រោង​នៃអង្គការ​ IOM បាន​និយាយថា​៖ «កម្មករ​នេសាទ​ស្ថិតក្រោម​ស្ថានភាព​ដែល​អាចឲ្យ​យើង​នឹក​ឃើញ​ដល់​ស្ថានភាព​ក្នុង​អតីតកាល​នៅ​សតវត្សរ៍ទី១១​ ជាជាង​សតវត្សរ៍​ទី២១។ កម្មករ​ទាំងនោះ​ ត្រូវ​រង​ការ​វាយ​ដំ​នឹង​ទំពក់​ និង​កន្ទុយ​បបែល​ រង​ការ​បង្អត់​អាហារ​ និងការ​បង្អត់​ដំណេក​ ហើយ​ជិត​៨០ភាគរយ​នៃ​កម្មករ​ដែល​បាន​ផ្តល់សម្ភាសន៍ ​បាន​និយាយ​ថា ពួកគេ​ធ្វើការ​ជាង​១៦ម៉ោង​ ក្នុងមួយ​ថ្ងៃ‍»។

ការបង្រ្កាប​ដោយ​កំរោល

លោក​ Dillon បាន​និយាយថា៖ ‍«នាវា​ដែល​មាន​ករណី​ជួញដូរ​មនុស្ស ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេសាទ​ខុសច្បាប់​ ករណី​នេសាទ​ដែល​មិន​បាន​ជូន​ដំណឹង​ និង​គ្មាន​ការ​អនុញ្ញាត។ នាវា​ជា​ច្រើន​នៅ​រាយប៉ាយ​លើផ្ទៃ​សមុទ្រ និង​ធ្វើឲ្យ​ទិន្នផល​ត្រី​ប្រែប្រួល​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ស្របច្បាប់​នានា ប្រកប​របរលែង​បាន​ និង​ធ្វើឲ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច​តំបន់ឆ្នេរ ​ដែល​បាន​ផ្តល់​ផល​ចំណេញ​រាប់សិប​លានដុល្លារ​ដល់​ប្រជាជន​ឥណ្ឌូណេស៊ី​សាមញ្ញ‍»។

ក្រសួង​នេសាទ​របស់​ឥណ្ឌូណេស៊ី​បានប៉ាន់ប្រមាណ​ថា ទឹកប្រាក់​នៃ​ការ​នេសាទ​ខុសច្បាប់​ មាន​ចំនួន​ជាង​៣០ទ្រីលាន​ Rupiah (ស្មើ​នឹង​ប្រមាណ ៣,១ ពាន់លាន​ដុល្លារ) ក្នុងមួយ​ឆ្នាំ ខណៈពេល​ដែល​សម្ព័ន្ធ​ប្រជាជន​សម្រាប់​ការ​នេសាទ​ដោយ​យុត្តិធម៌​ ឬ​ហៅកាត់​ថា​ KIARA បាន​បញ្ជាក់​ថា​ ចំនួន​ទឹកប្រាក់​នៃ​ការ​នេសាទ​ខុសច្បាប់​នេះ មាន​ច្រើន​ជាង​នេះ​ទៅ​ទៀត​ គឺ​រហូត​ដល់​៥០ទ្រីលាន​ Rupiah ឬ​៥,២ ពាន់លាន​ដុល្លារ​ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ការ​ខាតបង់​ចំណូល​ពន្ធ​ ឬ​ការ​បំផ្លាញ​បរិស្ថាន​ផង។

ក្នុង​ឆ្នាំ២០១៦​ ក្រសួង​នេសាទ​បាន​ប្រកាស​អំពី​ការ​ធ្វើ​សវនកម្ម​សិទ្ធិ​មនុស្ស​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​ក្នុង​ដែនសមុទ្រ​ ប៉ុន្តែ​លទ្ធផល​មិនទាន់​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​ឡើយ។

ក្នុង​របាយការណ៍​នេះ រដ្ឋមន្រ្តី​ក្រសួង​នេសាទ​លោកស្រី​ Susi Pudjiastuti បានប៉ាន់​ប្រមាណថា​ មាន​បុគ្គលិក​នាវិក​ឥណ្ឌូណេស៊ី​ប្រមាណ​ ២៥០.០០០ នាក់​ បម្រើការ​នៅលើ​នាវា​បរទេស​ដែល​ប្រតិបត្តិការ​ទូទាំងប្រទេស​ ដែល​មិន​ទាន់​ទទួល​បាន​ការ​ការពារ​នៅ​ឡើយ។

បញ្ហា​រាលដាល​ក្នុង​តំបន់

របាយ​ការណ៍​របស់​ក្រសួង​នេសាទ​ និង​អង្គការ​ IOM​ ក៏បាន​រៀបរាប់​លម្អិត​អំពីវប្បធម៌​នៃ​«ការ​ជ្រើសរើស​ការងារ​បែប​ឆបោក​ ដែល​មាន​ការ​រំលោភ​បំពាន​ និង​មិន​ផ្តល់​ប្រាក់ខែ​ និង​អំពើឃាតកម្ម​នានា​ក្នុង​ឧស្សាហ​កម្មនេសាទ។

វា​មិនមែន​ជា​ការ​ងាយ​ស្រួល​ក្នុងការ​កំណត់​បញ្ហា​នៅ​តាម​កម្រិតថ្នាក់​ជាតិឡើយ។ តាម​ការ​ស៊ើប​អង្កេត​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press កម្មករ​ចំណាក​ស្រុក​ភាគច្រើន​ គឺ​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​ ហើយ​ត្រូវបាន​គេ​ដឹង​ថា​ ត្រូវបាន​គេ​ដាក់​ក្នុង​ទ្រុង​ និង​ធ្វើ​ទារុណ​កម្ម។

ក្នុង​ឆ្នាំ​២០១៥​ ជនជាតិ​ថៃ​៥នាក់​ និង​ឥណ្ឌូណេស៊ី​៣នាក់​ ត្រូវបាន​កាត់ទោស​ក្នុង​ករណី​ជួញដូរ​មនុស្ស​ក្នុង​វិស័យ​ឧស្សាកម្ម​អាហារ​សមុទ្រ។ បុរសជន​ជាតិ​មីយ៉ាន់ម៉ា​ម្នាក់ ដែល​បាន​រួច​ខ្លួន​ត្រឡប់​មក​ដីគោក​វិញ បាន​រៀបរាប់​សាច់​រឿង​របស់​លោក​អំពី​អំពើ​ទាសភាព​ដែល​បាន​កើត​ឡើង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍នៅ​លើ​ទូកនេសាទ​ថៃ។

លោក​ Dillon បាន​និយាយ​ថា​ យើង​នៅតែ​មិនទាន់​ដឹង​ពី​ចំនួន​មនុស្ស​ដែល​ត្រូវបាន​គេ​ជួញដូរ ​និង​កំពុងលុង​ខ្លួន​ក្នុង​ឧស្សាហកម្ម​នេសាទ​នេះ​នៅ​ឡើយ​ទេ។ ក្រុម​ការងារ​ពិសេស​របស់​រដ្ឋាភិបាល​លោក Jokowi ប្រឆាំង​ការ​នេសាទ​ខុសច្បាប់​ ដែល​មាន​សមាភាព​ក្រុម​ប៉ូលិស​ជើងទឹក​ ក្រុម​ល្បាត​សមុទ្រ​ និង​កងទ័ព​ជើងទឹក​ ទំនង​ដូចជា​បាន​ទប់ស្កាត់​ជនល្មើស​ថ្មីៗ​មួយចំនួន​ដែរ​ ប៉ុន្តែ​ក្រុមការងារ​ពិសេសនេះ​បាន​និយាយ​ដោយ​ត្រង់ៗ​ប្រាប់​ VOA កាល​ពី​សប្តាហ៍​មុន​ថា ធនធាន​ក្នុងការ​ធ្វើ​ការងារ​របស់​ពួកគេ​នៅមាន​កម្រិត​នៅ​ឡើយ។

លោក​ Mas Achmad Santosa បានប្រាប់​ VOA ថា​ រហូត​មក​ដល់​ពេល​នេះ​ ក្រុមការងារ​ពិសេស​បាន​ធ្វើការ​ស៊ើប​អង្កេត​រក​ឃើញ​នាវា​ចំនួន ១៨៦គ្រឿង​ មាន​ពាក់ព័ន្ធ​នឹង​ករណី​ការ​ជួញ​ដូរ​មនុស្ស។ ក្រុម​ការងារ​ពិសេសនេះ​ ក៏​បាន​សហការ​ជាមួយ​អង្គការ​ IOM ប្រចាំ​នៅប្រទេស​ឥណ្ឌូណេស៊ី​ និង​ក្រសួង​ធនធាន​មនុស្ស ដើម្បី​បញ្ជូន​ជន​រងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្សចំនួន​ ១.៣៤២នាក់​ ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​គេ​វិញ​រៀងៗខ្លួន​ ដូចជា​ប្រទេស​មីយ៉ាន់ម៉ា​ ឡាវ​ កម្ពុជា​ និង​ថៃ។

ការបង្ការ​ទប់ស្កាត់​ និង​ការស្តារ​សម្បទា​

លោក​ Santosa បាន​និយាយថា​ យោង​តាម​ច្បាប់​ការងារ​របស់ឥណ្ឌូ​ណេស៊ី​ «កង្វះខាត​ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ​ក្នុងការ​ការពារ​កម្មករ​ឥណ្ឌូណេស៊ី​ដែល​ធ្វើការ​ឲ្យ​នាវា​នេសាទ​បរទេស​ បានធ្វើ​ឲ្យ​ជន​រងគ្រោះ​ងាយនឹង​រងការ​កេង​ប្រវ័ញ្ច​ និង​ការ​រំលោភ​បំពាន‍»។ លោក​បាន​និយាយ​ថា​ ប្រទេស​ឥណ្ឌូណេស៊ី​មាន​ច្បាប់​ដើម្បី​តាមដាន​សកម្មភាព​កម្មករ​ចំណាក​ស្រុក​ចាប់តាំង​ពីឆ្នាំ២០០៤​មក​ម៉្លេះ​ ប៉ុន្តែ​ច្បាប់​នោះ​ (ច្បាប់លេខ​ ៣៩) ផ្តោត​លើតែ​«កម្មករ​ធ្វើ​ការនៅ​លើ​ដីគោក‍» ដែល​ធ្វើឲ្យ​សិទ្ធិ​កម្មករ​ធ្វើការ​នៅ​លើ​សមុទ្រ ​មិនទាន់​មាន​លក្ខណៈ​ច្បាស់​លាស់​នៅ​ឡើយ។

លោក​បានបន្ថែម​ថា៖ «មន្រ្តី​នៅ​តាម​កំពង់ផែ​ភាគច្រើន មិន​បាន​ដឹង​ពី​ទម្រង់​នៃ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ដែល​កើត​មាន​ឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឡើយ​ ជាពិសេស​ការ​ជួញ​ដូរ‍»។

ទោះជា​យ៉ាង​ណា​ក៏ដោយ​ ក៏​មាន​ការ​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ក្នុងការ​ជួយ​ជនរងគ្រោះ​នៃ​ការជួញ​ដូរមនុស្ស​ត្រឡប់​ទៅប្រទេស​កំណើត​វិញ​ដែរ ជាក់ស្តែង​តាមរយៈ​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​ឆ្នាំ២០០៧​ របស់​ប្រទេស​ឥណ្ឌូណេស៊ី​ គឺ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ពួក​គេ​ទទួល​បាន​សុខុមាលភាព​ ការ​គាំទ្រ​ផ្នែក​ចិត្តសាស្រ្ត​ និង​ការ​ប្រឹក្សា​យោបល់​ ជម្រក​បណ្តោះ​អាសន្ន​ និង​ជំនួយ​ផ្នែក​ច្បាប់​ នេះបើ​យោង​តាម​របាយការណ៍​ឆ្នាំ២០១៦​របស់​វិទ្យា​ស្ថាន​ NEXUS។ ប៉ុន្តែ​ជនរង​គ្រោះ​ដែល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ មិនបាន​ទទួល​សេវា​សង្គម​ទូទៅ​គ្រប់គ្រាន់​ឡើយ​ ជាក់ស្តែង​ជនរងគ្រោះ​ដែល​មាន​ស្ថានភាព​មិន​ស្ថិត​ចំ​ក្នុង​ក្រុម​ជន​រងគ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស​ នេះបើ​យោង​តាម​របាយការណ៍​ដដែល​នេះ។

រូបភាព​ដ៏ធំ​ស្ថិត​ពី​ក្រោយ​សកម្មភាព​នៃ​ការ​នេសាទ​បែប​មិន​ចីរភាព​ និង​ខុសច្បាប់​បែប​នេះ​ គឺ​បណ្តាល​មកពី​តម្រូវការ​នៃ​អាហារ​សមុទ្រ​ទូទាំង​សាកលលោក​ដែល​ចេះ​តែ​កើន​ឡើង។ ក្នុង​ករណីនេះ​ លោក Dillon​ បាន​និយាយ​ថា៖ «មាន​តែ​តម្រូវ​ការអាហារសមុទ្រ​របស់​អតិថិជនមិន​ប្រែប្រួល ការ​បញ្ឈប់​ការ​លក់​អាហារ​សមុទ្រ​ដែល​នេសាទ​ដោយ​ទាសករ​នៅក្នុង​ផ្សារ​ទំនើប​ និង​ភោជនីយដ្ឋាន​ទេ​ ទើប​អាច​ធ្វើឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងនោះ​ទទួល​ខុសត្រូវ​ ហើយ​បក​ក្បាល​កប៉ាល់​របស់​ពួកគេ​ត្រឡប់​មកវិញ‍»៕

ប្រែ​សម្រួល​ដោយ​ កោះ សុគន្ធី