អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទទូចឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតស្វែងរកសកម្មជននយោបាយថៃមួយរូបដែលបានបាត់ខ្លួននៅក្នុងប្រទេសកម្ពុជារយៈពេលមួយខែមកហើយ។
សកម្មជនអាវក្រហមរបស់ថៃឈ្មោះ វ៉ាន់ឆាឡឺម សាត់សក្តិសិត ត្រូវបានចាប់ជំរត់ពីកន្លែងលោកស្នាក់នៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមិថុនាហើយបានបាត់ដំណឹងជារៀងរហូតមក។ សហគមន៍អន្តរជាតិដែលមានអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកនិងសភាសហភាពអឺរ៉ុប ក៏បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតជាបន្ទាន់ពីការបាត់ខ្លួននោះដែរ។
លោក ប្រែដ អាដាម នាយកប្រចាំតំបន់អាស៊ីនៃ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រនេះថា៖ «ការចាប់ខ្លួនសកម្មជនដ៏ល្បីឈ្មោះរបស់ថៃនៅតាមវិថីក្រុងភ្នំពេញគឺជារឿងថ្មីនិងជារបត់ដ៏គ្រោះថ្នាក់ដែលទាមទារឲ្យមានការឆ្លើយតបជាបន្ទាន់និងគួរឲ្យជឿទុកចិត្តបានពីអាជ្ញាធរកម្ពុជា។ រដ្ឋាភិបាលគួរតែបញ្ឈប់ការបដិសេធរឿងដែលមិនអាចប្រកែកបាននេះនិងស្វែងរកលោក វ៉ាន់ឆាឡឺម ជាបន្ទាន់ហើយធានាសុវត្ថិភាពរបស់លោក»។
លោក វ៉ាន់ឆាឡឺម មានអាយុ៣៧ឆ្នាំ និងជាសកម្មជននៃក្រុមរណសិរ្សរួមដើម្បីប្រឆាំងនឹងជនផ្តាច់ការ ដែលមានឈ្មោះក្រៅថាក្រុមអាវក្រហម។ លោកបានភៀសខ្លួនមកប្រទេសកម្ពុជាក្រោយពីរដ្ឋប្រហារយោធានៅប្រទេសថៃកាលពីខែឧសភាឆ្នាំ២០១៤។ លោកបានបន្តរិះគន់ក្រុមយោធានិងរដ្ឋាភិបាលជាញឹកញាប់ដោយប្រើប្រាស់បណ្តាញសង្គម បើទោះបីជាលោករស់នៅនីរទេសខ្លួនហើយក៏ដោយ។ កាលពីថ្ងៃទី៣មិថុនាលោកបានបង្ហោះវីដេអូឃ្លីបមួយតាមហ្វេសប៊ុករិះគន់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា។
លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ ថ្លែងប្រាប់ VOA កាលពីសប្តាហ៍មុនថា រហូតមកដល់ថ្ងៃនោះ អាជ្ញាធរកម្ពុជាមិនទាន់អាចសន្និដ្ឋានថា ព័ត៌មាននៃការបាត់ខ្លួនសកម្មជនថៃរូបនោះ ពិតកម្រិតណានោះទេ៕