អង្គការ​សិទ្ធិមនុស្ស ​Human Rights Watch​ ស្នើ​ EU ​ដាក់​ទណ្ឌកម្ម​ឧត្តម​សេនីយ៍​១២នាក់

រូបឯកសារ៖ ឧត្តម​សេនីយ៍​ជាន់​ខ្ពស់​កម្ពុជា​ចំនួន ​១២ រូប ដែល​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ចោទ​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​ជា​លក្ខណៈ​ប្រព័ន្ធ និង​រូប​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ខាង​ក្រោយ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​Human Rights Watch​បាន​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​ចាត់​«វិធានការ​ខ្លាំងៗ»​ឆ្លើយតប​នឹង​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​មិនព្រម​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​ថែម​ទាំង​បាន​ប្រើ​វិធានការ​ក្តៅ​ដើម្បី​បង្ក្រាប​ក្រុម​អ្នក​រិះគន់​ក្នុង​រយៈពេល​ថ្មីៗ​នេះ។

ចំណាត់ការ​ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​ស្នើឡើង​កាលពី​ថ្ងៃចន្ទ​គឺ​ការដាក់​ទណ្ឌកម្ម​ដោយ​ផ្ទាល់​លើ​ឧត្តម​សេនីយ៍​ប៉ូលិស​និង​យោធា​ចំនួន​១២រូប​ដែល​អង្គការ​នេះ​រកឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​អស់​ជាច្រើន​ឆ្នាំ​ហើយ។ ​

ការអំពាវនាវ​នេះ​ធ្វើ​ឡើង​ក្រោយពី​សភា​សហភាព​អឺរ៉ុប​បាន​អនុម័ត​កាលពី​សប្តាហ៍​មុន​នូវ​សេចក្តី​សម្រេច​ដែល​មាន​២៥​ចំណុច​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ដែល​បន្ត​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​បន្ត​ដើរ​ថយក្រោយ​ដែល​ក្នុង​នោះ​មាន​ការចោទ​ប្រកាន់​និង​យក​មក​កាត់ទោស​មេដឹកនាំ​និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ជាច្រើន​នាក់​ ការវាយ​ប្រហារ​លើ​អ្នកសារព័ត៌មាន​និង​បណ្តាញ​សារព័ត៌មាន​ឯករាជ្យ​និង​ច្បាប់​ថ្មីៗ​ដែល​បង្ក្រាប​អ្នករិះគន់។

នៅ​ក្នុង​អត្ថបទ​មួយ​ផ្សាយ​ជា​សាធារណៈ​អង្គការ​Human Rights Watch ​បាន​ថ្លែង​ថា​គណៈ​កម្មការ​អឺរ៉ុបមិន​បាន​ចាត់ទុក​ការសម្រេច​ដក​ឋានៈ​អនុគ្រោះពន្ធ​គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ​(EBA)ចំនួន​២០​ភាគរយ​ពី​កម្ពុជា​កាលពីខែ​សីហា​ឆ្នាំ​មុន​ថា​ជារឿង​តូចតាច​ទេ​បើ​ផ្អែក​លើ​ផលប៉ះពាល់​ដែល​អាច​កើត​មាន​ឡើង​លើ​សេដ្ឋកិច្ច​កម្ពុជា។​ ដូច្នេះ​អ្វី​ដែល​ត្រូវ​បន្ថែម​គឺទណ្ឌកម្ម​ដោយ​ផ្ទាល់​ចំពោះ​បុគ្គល​គឺ​សម្រាប់​ដាក់ចំ​ជន​ទាំងឡាយ​ណា​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិ​មនុស្ស។

អង្គការ​Human Rights Watch​ទាមទារ​ឲ្យក្រុមរដ្ឋ​មន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​គួរតែ​អនុវត្ត​តាម​សេចក្តី​សន្និដ្ឋាន​ចុងក្រោយរបស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៨ដែល​ក្នុង​នោះ​គឺ​ក្រុម​ប្រឹក្សា​អឺរ៉ុប​បាន​គំរាមប្រើប្រាស់​«វិធានការ​លើ​បុគ្គល​ដោយ​ផ្ទាល់​ប្រសិន​បើ​ស្ថានការណ៍​មិន​បាន​ប្រសើរ​ឡើងវិញ​ទេ» ​ហើយ​ក៏​បាន​ទទូច​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ឈប់​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​នយោបាយ​ដើម្បី​យាយី​និង​គំរាម​កំហែង​អ្នកនយោបាយ​ប្រឆាំង​ សង្គម​ស៊ីវិល​ សកម្មជន​សហជីព​និង​អ្នកការពារ​សិទ្ធិ​មនុស្ស។

លោក Claudio Francavilla ​មន្ត្រី​តស៊ូ​មតិ​នៃ​អង្គការ​Human Rights Watch ​នៅ​អឺរ៉ុប​បាន​ថ្លែង​ប្រាប់​វីអូអេ​បន្ថែម​ក្នុង​បទសម្ភាស​ថា៖

«ជា​ការច្បាស់​ណាស់​ថា​មាន​ការបង្កើន​ការគាប​សង្កត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មាន​ការកាត់ទោស​មន្ត្រី​បក្ស​ប្រឆាំង​ជាច្រើន​ និង​មាន​ការអនុម័ត​ច្បាប់​តឹងរ៉ឹង​បន្ថែម​ទៀត។ នេះ​ជា​រឿង​ច្បាស់​ណាស់​ថា​រដ្ឋាភិបាល​កម្ពុជា​កំពុងតែដើរ​បញ្ច្រាស​ទិស​ដែល​ផ្ទុយ​នឹងលក្ខខណ្ឌ​ដែល​គណៈ​កម្មការ​អឺរ៉ុប​បាន​តម្រូវ​ដើម្បី​បន្ត​រក្សា​ឋានៈ​អនុគ្រោះពន្ធ។ អីចឹង​ហើយ​បើ​វិធី​នេះ​មិន​ដំណើរការ​ទេ​គឺ​ត្រូវ​ពិចារណា​ដាក់​វិធានការ​ផ្សេង​ដើម្បី​ឆ្លើយតប​នឹង​ការបង្ក្រាប​នេះ»។

​សេចក្តី​សម្រេច​របស់​សភា​សហភាព​អឺរ៉ុប​កាលពី​សប្តាហ៍​មុន​ក៏​បាន​សម្តែង​ជំនឿ​ថា​ការប្រើប្រាស់​ទណ្ឌកម្ម​ដោយ​ចំពោះ​ដែល​ក្នុងនោះ​មាន​ការហាមឃាត់​ការធ្វើដំណើរ​និង​ការបង្កក​ទ្រព្យ​សម្បត្តិ​មេដឹកនាំ​កម្ពុជា​និង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ពួកគេ​គឺ​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​យូរ​ហើយ​និង​បាន​ទទូច​ក្រុមប្រឹក្សា​អឺរ៉ុប​អនុម័ត​វិធានការ​រឹតត្បិត​ប្រឆាំង​នឹង​មេដឹកនាំ​នយោបាយ​និង​សន្តិសុខ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ការគាប​សង្កត់​និង​រំលាយ​គណបក្ស​ប្រឆាំង​ក៏ដូចជា​ការប្រឆាំង​នឹង​ផលប្រយោជន៍​សេដ្ឋកិច្ច​ក្រោម​ច្បាប់​ទណ្ឌកម្ម​ដោយ​ការរំលោភ​សិទ្ធិ​មនុស្ស​សាកល​របស់​សហភាព​អឺរ៉ុប។

ក្នុងឆ្នាំ​២០១៨​អង្គការ​Human Rights Watch ​បាន​បោះពុម្ភ​ផ្សាយ​របាយការណ៍​មួយ​ដែល​មាន​ជា​ភាសារ​អង់គ្លេស​និង​ភាសារ​ខ្មែរ​ដែល​មាន​ចំណងជើងថា​«ឧត្តម​សេនីយ៍​បាតដៃ​កខ្វក់​ទាំង​១២​នាក់​នៅ​កម្ពុជា»​ដែល​ជា​អ្នកគាំទ្រ​ដ៏​ស្មោះស្ម័គ្រ​នឹង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ដើម្បី​ដឹកនាំ​«តាម​របៀប​ផ្តាច់ការ​នៅ​កម្ពុជា​និង​បាន​នាំ​ឲ្យ​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​និង​ធ្ងន់ធ្ងរ»។​ ក្នុង​ចំណោម​ឧត្តមសេនីយ៍​ទាំងនោះ​រួមមាន​លោក​នាយ​ឧត្តម​សេនីយ៍​ នេត សាវឿន​អគ្គស្នងការ​ប៉ូលិស​ជាតិ​ដែល​ជា​ក្មួយ​ប្រសារ​របស់​លោក​ហ៊ុន សែន ​លោក​នាយ​ឧត្តម​សេនីយ៍​សៅ សុខា​មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស​និង​លោកប៉ុល សារឿន​អតីត​អគ្គមេបញ្ជាការ​កងយោធពល​ខេមភូមិន្ទ​និង​បច្ចុប្បន្ន​ជា​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​ការងារ​បញ្ជូន​កងកម្លាំង​កម្ពុជា​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ របស់​អង្គការ​សហ​ប្រជាជាតិ។ប៉ុន្តែ​ក្នុង​ចំណោម​ឧត្តម​សេនីយ៍​ទាំង​នេះ​មានលោកជា ម៉ន​បាន​ទទួល​មរណភាព​កាល​ពី​ខែតុលា​ឆ្នាំ​២០១៨​គឺ​រយៈពេល​តែ​ប៉ុន្មាន​ខែ​ក្រោយ​ពី​អង្គការ​Human Rights Watch ​បានចេញ​របាយការណ៍​ដែល​បង្ហាញ​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​របស់​ពួកគេ។ លោក​ឧត្តម​សេនីយ៍​ជា ម៉នគឺ​ជា​អតីត​អ្នក​គ្រប់​គ្រង​គណៈ​បញ្ជាការ​លេខ​៥៧៨​របស់​របប​ខ្មែរ​ក្រហម។ លោក​បាន​ចូលរួម​ចលនា​ផ្តួល​រំលំ​ខ្មែរ​ក្រហម​ជា​មួយ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ និង​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​១៩៧៨។ នេះ​បើតាម​របាយការណ៍​របស់​អង្គការ​Human Rights Watch។

លោក​Claudio Francavilla​បាន​បន្ថែម​ថា៖

«សេចក្តី​សម្រេច​ដាក់ទណ្ឌកម្ម​សាកល​ថ្មីៗ​នេះ​គឺ​អនុញ្ញាត​ឲ្យ​ដាក់​គោលដៅ​លើ​បុគ្គល​នីមួយៗ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ពិភពលោក​ហើយ​ជា​ការពិត​ណាស់​ថា​ឧត្តម​សេនីយ៍​បាតដៃ​កខ្វក់​ទាំង​១២​នាក់​ស្ថិត​នៅក្នុង​ជំពូក​នេះ»។​

ចាប់តាំងពីការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​មក​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកហ៊ុន សែន​បាន​ដឹកនាំ​តែ​ម្នាក់ឯង​ទាំង​នៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ​និង​នីតិ​ប្រតិបត្តិ។ កម្ពុជា​មិន​មានសំឡេង​បក្ស​ប្រឆាំង​ដែល​មានសក្តានុពល​ទៀត​ទេ។

លោកកឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រឈម​មុខ​នឹង​ក្តីក្តាំ​នៅ​តុលាការ​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​បទចោទ​ក្បត់ជាតិ​និង​មិន​ទាន់​អាច​ធ្វើ​សកម្មភាព​នយោបាយ​បាន​នៅឡើយ​បើ​ទោះបី​ជា​តុលាការ​ដោះលែង​លោក​នៅ​ក្រៅ​ឃុំ​ដោយ​មាន​លក្ខខណ្ឌ​ក៏ដោយ។ រីឯ​មេដឹកនាំ​ដទៃ​ទៀត​នៅ​បន្ត​រស់នៅ​នីរទេស​ខ្លួន​ក្រៅ​ប្រទេស​ដោយ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​និង​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​២០​ដល់​២៥​ឆ្នាំ។ ក្នុង​ចំណោម​នេះ​មាន​លោក សម រង្ស៊ី​ដែល​ជា​ប្រធាន​ស្តីទី​គណបក្ស​ដែល​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២៥​ឆ្នាំ​ពាក់ព័ន្ធ​នឹង​ការព្យាយាម​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ចុងឆ្នាំ​២០១៩។

លោកសម រង្ស៊ី​បាន​ប្រាប់​វីអូអេ​ថា​លោក​ក៏​គាំទ្រ​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​ដោយ​ផ្ទាល់​លើ​ជន​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ផងដែរ៖

«ខ្ញុំ​ឃើញ​ថា​ស្ថានការណ៍​សេដ្ឋកិច្ច​ ស្ថានការណ៍​ហិរញ្ញ​វត្ថុ​ ស្ថានការណ៍​អន្តរជាតិ​មាន​ដាក់​សម្ពាធ​មក​លើ​របប​លោកហ៊ុន សែន​ខ្ញុំ​ជឿ​ថា​លោកហ៊ុន សែន​នឹង​ដឹងខ្លួន​ថា​ត្រូវតែ​រក​ដំណោះស្រាយ​នយោបាយ​ហើយ​កំុ​យក​តុលាការ​មកលេង​សើច​ទៀត»។

វីអូអេ​បាន​ទាក់ទង​ទៅ​ការិយាល័យ​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការឆ្លើយ​តប​នៅឡើយទេ។ ​

សហភាព​អឺរ៉ុប​គឺ​ជា​ទីផ្សារ​ដ៏​ធំ​ជាងគេ​បំផុត​របស់​កម្ពុជា​ដោយ​ទទួល​ទិញ​ទំនិញ​រហូត​ដល់​៤៥%​ដែល​មាន​ទឹកប្រាក់​ជាង​៦,៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨​ក្នុង​នោះ​ទំនិញ​ជិត​៩៦%​ត្រូវបាន​នាំ​ចូល​ដោយ​រួចពន្ធ។ ប៉ុន្តែ​ក្នុង​ឆ្នាំ២០២០​បរិមាណ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​មក​ត្រឹម​៣,៨៦​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ដោយ​រដ្ឋាភិបាល​កម្ពុជា​បាន​យោង​ហេតុផល​លើ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩​និង​ការចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប។ នេះ​បើ​តាម​ទិន្នន័យ​របស់​សហភាព​អឺរ៉ុប​និង​រដ្ឋាភិបាល​កម្ពុជា៕