អង្គការសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នៅតែរកឃើញថា ការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជាទៅលើគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សកម្មជនដីធ្លី មេដឹកនាំសង្គមស៊ីវិល មេដឹកនាំសហជីព ខណៈរិះគន់ថាស្ថានភាពនៃការគោរពសិទ្ធិមនុស្សកាន់តែមានភាព «យ៉ាប់យ៉ឺនបន្ថែមទៀត»ក្នុងឆ្នាំ ២០២៣។ អង្គការមួយនេះអះអាងថា នាយករដ្ឋមន្រ្តីថ្មី លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចបានជាង៤ខែ មិនបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សមានភាពល្អប្រសើរឡើយ។
របាយការណ៍ប្រចាំឆ្នាំរបស់អង្គការសិទ្ធិមនុស្ស (HRW) ដែលចេញផ្សាយនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ បង្ហាញថា កំណត់ត្រាសិទ្ធិនៅកម្ពុជាកាន់តែអាក្រក់ទៅៗក្នុងឆ្នាំ ២០២៣ ដោយសារគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានរឹតបន្តឹងការគ្រប់គ្រងលើប្រព័ន្ធតុលាការ និងស្ថាប័នរដ្ឋដទៃទៀត ដោយបានរារាំងគណបក្សប្រឆាំងធំមួយមិនឱ្យចូលរួមការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ ២០២៣ ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យសំខាន់ៗ និងកំណត់គោលដៅអ្នករិះគន់រដ្ឋាភិបាលដោយតាមរយៈការយាយី ការឃុំខ្លួន និងការប្រព្រឹត្តអំពើហិង្សាលើរាងកាយ។
របាយការណ៍បន្ថែមថានៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែលគ្រប់គ្រងប្រទេសកម្ពុជាជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ ១៩៨៥ បានប្រគល់តំណែងឱ្យកូនប្រុសលោក គឺលោក ហ៊ុន ម៉ាណែត ដោយលោក ហ៊ុន សែន នៅតែជាប្រធានគណបក្សកាន់អំណាច និងកាន់តំណែងជាប្រធានព្រឹទ្ធសភា។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយនៅក្នុងរបាយការណ៍ថា៖ «ការផ្លាស់ប្តូរនយោបាយទៅឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺគ្រាន់តែជាការដាក់ «ស្រាចាស់នៅក្នុងដបថ្មី» នៅពេលនិយាយអំពីសិទ្ធិមនុស្ស និងសេរីភាពប្រជាធិបតេយ្យនៅកម្ពុជា។ ដៃគូពាណិជ្ជកម្ម និងជំនួយរបស់កម្ពុជាគួរតែផ្ញើសារច្បាស់លាស់ថាការចូលរួមជាមួយរដ្ឋាភិបាលនាពេលអនាគតនឹងឆ្លុះបញ្ចាំងថា តើការខិតខំប្រឹងប្រែងពិតប្រាកដកំពុងត្រូវបានធ្វើឡើង ដើម្បីកែលម្អស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសឬអត់»។
អង្គការឃ្លាំមើលសិទិ្ធមនុស្សបានពិនិត្យមើលការអនុវត្តសិទ្ធិមនុស្សនៅក្នុងប្រទេសជាង ១០០ នៅក្នុងរបាយការណ៍សិទ្ធិមនុស្សពិភពលោកឆ្នាំ ២០២៤ ដែលមានកម្រាស ៧៤០ ទំព័រនេះ។ របាយការណ៍ដដែលបានសរសេរថា ការបង្ហាញចរិតលក្ខណៈរបស់រដ្ឋាភិបាលកម្ពុជាថា ជារដ្ឋាភិបាលប្រជាធិបតេយ្យមិនបានឆ្លុះបញ្ចាំងពីការពិតនោះទេ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបញ្ជាក់ថា៖ «ប្រទេសកម្ពុជាជារដ្ឋឯកបក្សពិតប្រាកដជាមួយនឹងការបោះឆ្នោតដែលមិនមានការប្រកួតប្រជែង កង្វះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការជ្រៀតជ្រែករបស់បក្សកាន់អំណាច និងការគ្រប់គ្រងស្ថាប័នរដ្ឋទាំងអស់រួមទាំងប្រព័ន្ធតុលាការ និងការបៀតបៀនជាប្រព័ន្ធជាមួយការកំណត់គោលដៅលើអ្នករិះគន់ក្នុងបក្សប្រឆាំង និងសង្គមស៊ីវិល»។
របាយការណ៍មួយនេះក៏បានកត់ត្រាការផ្តន្ទាទោសអតីតមេដឹកនាំគណបក្សជំទាស់ លោក កឹម សុខា ឱ្យជាប់ឃុំរយៈពេល ២៧ ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស កាលពីខែមីនា ឆ្នាំមុន។ តុលាការបានដាក់បម្រាមមិនឱ្យលោក កឹម សុខា ធ្វើនយោបាយ មិនឱ្យចេញពីផ្ទះ និងមិនអនុញ្ញាតឱ្យជួបជនបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។
បើតាមការកត់ត្រាក្នុងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស កាលពីខែឧសភា ឆ្នាំ ២០២៣ សហភាពអឺរ៉ុបបានថ្កោលទោសការសម្រេចចិត្តរបស់អាជ្ញាធរកម្ពុជាក្នុងការមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត ហើយពួកគេបានចេញសេចក្តីថ្លែងការណ៍មួយរិះគន់ការគាបសង្កត់របស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិលនៅមុនការបោះឆ្នោតជាតិ។
កម្ពុជានៅតែជាអ្នកទទួលផលនាពេលបច្ចុប្បន្នពីសហភាពអឺរ៉ុបដែលហៅថា Everything But Arms ដែលជាគម្រោងពាណិជ្ជកម្មដែលផ្តល់សិទ្ធិឱ្យប្រទេសកំពុងអភិវឌ្ឍន៍ចូលទីផ្សារសហភាពអឺរ៉ុបដោយមិនគិតពន្ធ ដោយផ្អែកលើការគោរពស្តង់ដារសិទ្ធិមនុស្ស និងសិទ្ធិការងារមួយចំនួនរបស់ពួកគេ ដែលកម្ពុជាត្រូវបានសហភាពអឺរ៉ុបដកហូតមួយផ្នែកនៃអត្ថប្រយោជន៍ពាណិជ្ជកម្មរបស់ខ្លួន។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅឆ្នាំ ២០២០ បន្ទាប់ពីការបដិសេធដោយរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយលើការបង្រ្កាបផ្នែកនយោបាយ លើការរំលោភសិទ្ធិការងារ និងដីធ្លី ទោះបីជាមានការពង្រឹងការចូលរួមជាច្រើនឆ្នាំរវាងសហភាពអឺរ៉ុប និងរដ្ឋាភិបាលកម្ពុជាក៏ដោយ។ នេះបើតាមការកត់ត្រាក្នុងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW)។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណា ប្រាប់វីអូអេថា ការគោរពសិទ្ធិមនុស្សតែងតែត្រូវបានគោរពយ៉ាងពេញលេញ និងលើកកម្ពស់ដោយរដ្ឋាភិបាលកម្ពុជា។ លោកបន្ថែមថា នាយករដ្ឋមន្រ្តីថ្មីលោក ហ៊ុន ម៉ាណែត ដែលបានឡើងកាន់តំណែងបានជាង៤ខែមកនេះបានបង្កើតសមិទ្ធផលជាច្រើន ដើម្បីជួយដល់សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងប្រទេស។ លោកក៏បានលើកឡើងពីកំណែទម្រង់យុត្តិធម៌ ដែលរដ្ឋាភិបាលបានដាក់ចេញនាពេលថ្មីៗផងដែរ។
លោកថ្លែងថា៖ «សរុបមកវិញ រាជរដ្ឋាភិបាលតាំងពីជំនាន់សម្តេចតេជោ រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺធ្វើអ្វីៗគ្រប់យ៉ាងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និយាយសរុបគឺលើកកម្ពស់សិទ្ធិមនុស្សនេះឯង»។
លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់វីអូអេថា គណៈកម្មាធិការសិទ្ធិមនុស្សបានចេញរបាយការណ៍ដែលបង្ហាញពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា ហើយថាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យត្រូវបានអនុវត្តយ៉ាងពេញលេញ និងធានាដោយច្បាប់។
លោកថ្លែងថា៖ «យើងបានឃើញថា សិទ្ធិមនុស្សត្រូវបានទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋគឺមួយជំពូកពេញតែម្តង មានសិទ្ធិគ្រប់ជាពិសេសគឺយើងមិនមានទោសប្រហារជីវិតទេ ដែលគឺជាការធានាបាននូវសិទ្ធិរស់រានមានជីវិតមួយដ៏សំខាន់។ បើយើងមានសិទ្ធិរស់រានមានជីវិតផងតើយើងទៅនិយាយពីសិទ្ធិអីបានទៀត»។
កាលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ នេះ អង្គការថ្នាក់តំបន់ដែលធ្វើការលើការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាប្រជាធិបតេយ្យ រួមមានសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បណ្តាញប្រជាធិបតេយ្យអាស៊ី (ADN) វេទិកាអាស៊ីសម្រាប់ការអភិវឌ្ឍសិទ្ធិមនុស្ស (FORUM-ASIA) បណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី (ANFREL) សម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ (CIVICUS) និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់ស្របតាមលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ព្រមទាំងការបើកលំហនយោបាយពេញលេញសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាក្នុងឆ្នាំ២ ០២៤ ខាងមុខ ក៏ដូចជាទទូចដល់រដ្ឋាភិបាលកម្ពុជាឱ្យបញ្ចប់រាល់ទម្រង់នៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយដោះលែងអ្នកទោសនយោបាយជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានច្រាននៅការលើកឡើងរបស់អង្គការថ្នាក់តំបន់នេះ ហើយថាអង្គការទាំងនេះគឺគ្រាន់តែបម្រើរបៀបវារៈនយោបាយតែប៉ុណ្ណោះ ដោយបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាមានការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សពេញលេញធានាដោយច្បាប់៕