អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បាននិយាយនៅថ្ងៃនេះថាការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជានៅតែធ្លាក់ចុះក្នុងឆ្នាំ២០១៩ បន្ទាប់ពីការបោះឆ្នោតជាតិដែលនាយករដ្ឋមន្រ្តីហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជា បានដណ្តើមយកអាសនៈទាំងអស់ចំនួន១២៥នៅក្នុងសភា ហើយដឹកនាំប្រទេសដោយរដ្ឋាភិបាល ឯកបក្ស។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សដែលចេញផ្សាយអំពីស្ថានភាពសិទ្ធិមនុស្សពិភពលោកដដែលបាននិយាយយោងទៅលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលតុលាការកំពូលដែលត្រួតត្រាដោយគណបក្សកាន់អំណាចបានរំលាយគណបក្សសង្គ្រោះជាតិ មុនការបោះឆ្នោតឆ្នាំ២០១៨ ហើយដាក់បំរាមមិនឲ្យក្រុមមន្ត្រីគណបក្សនេះចំនួន១១៨នាក់មានសិទ្ធិធ្វើនយោបាយ ចោទប្រកាន់ ចាប់ខ្លួនដាក់គុកមនុស្សប្រហែល៩០នាក់ទាក់ទងនឹងហេតុផលខាងនយោបាយ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៩ ដែលរួមមានទាំងអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនគណបក្សនយោបាយ។
របាយការណ៍ដដែលបាននិយាយអំពីការធ្លាក់ចុះសេរីភាពសារព័ត៌មាន ការធ្វើទុក្ខបុក ម្នេញដល់សហជីពហើយថា រដ្ឋាភិបាលកម្ពុជាបានធ្វើច្បាប់ថ្មីឬធ្វើវិសោធនកម្មច្បាប់ ដែលមានស្រាប់ រួមមានការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់អង្គការមិនមែនរដ្ឋាភិបាល ច្បាប់សហជីពនិងច្បាប់ប្រមាថព្រះមហាក្សត្រ ធ្វើការរឹត ត្បិតយ៉ាងខ្លាំងលើសេរីភាពបញ្ចេញមតិ ការជួបប្រជុំដោយសន្តិវិធីជាដើម។
សហភាពអឺរ៉ុប ចាប់ផ្តើមពិនិត្យមើលឡើងវិញនូវនីតិវិធីដើម្បីព្យួរការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មដល់ទំនិញកម្ពុជាទាំងអស់លើកលែងតែអាវុធហៅថា EBA ដោយផ្អែក លើការមិនអនុវត្តទៅតាមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនិងសន្ធិសញ្ញាពលកម្មអន្តរជាតិសំខាន់ៗផ្សេងៗទៀត។ ការសម្រេចរបស់សហភាពអឺរ៉ុប ជាលើកចុងក្រោយនឹងកើតឡើងនៅខែកុម្ភៈ ឆ្នាំ២០២០នេះ ប្រសិនបើកម្ពុជាមិនធ្វើតាមអ្វីដែលជាកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបរឿងគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ៕