អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានទីតាំងក្នុងទីក្រុងញូយ៉កកំពុងបង្កើនការភ្ញាក់ផ្អើលលើការរំលោភធ្វើបាបរបស់ប៉ូលិសនៅក្នុងប្រទេសវៀតណាម។ អង្គការសិទ្ធិមនុស្សនោះបានប្រាប់ឲ្យដឹងទៀតថា មានការកើនឡើងនូវរបាយការណ៍ស្តីពីការធ្វើទារុណកម្ម និងការស្លាប់របស់ពួកអ្នកទោសនៅក្នុងការឃុំឃាំងរបស់ប៉ូលិស ជាពិសេសនៅក្នុងតំបន់ដាច់ស្រយាល។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ពួករដ្ឋអំណាចវៀតណាម បានប្រកាសពីវិធានការដើម្បីដោះស្រាយស្ថានភាពនេះ។
កាលពីជិត២ឆ្នាំមុន Nguyen Tuan Thanh និងមិត្តភ័ក្រ្តឈ្មោះ Pham Quoc Nhat បានត្រូវប៉ូលិសនៅខេត្ត Dong Thap ចាប់ខ្លួនពីបទសង្ស័យថា ជាចោរ។
Pham Quoc Nhat និយាយថា នៅពេលដែលពួកគេបានមកដល់ប៉ុស្តិ៍ប៉ូលិសមូលដ្ឋាន ពួកគេបានត្រូវរងការវាយដំយ៉ាងខ្លាំងនៅលើករដៃ ជើងនិងកន្លែងផ្សេងៗទៀត។
Pham Quoc Nhat និយាយទៀតថា នៅថ្ងៃបន្ទាប់ ប្រហែលពេលថ្ងៃត្រង់ គេ លែងឮសូរសម្រែករបស់ Thanh នៅក្នុងបន្ទប់ឃុំឃាំងទៀតហើយ។
Thanh បានស្លាប់នៅក្នុងការឃុំឃាំង មុនពេលប៉ូលិសដឹកគាត់ទៅកាន់មន្ទីរពេទ្យ។
ករណីរបស់ Thanh ជាករណីមួយនៃករណីរាប់សិប ដែលត្រូវបានធ្វើជាភស្តុតាង ដែលអង្គការសិទ្ធិមនុស្សHuman Rights Watch លើកនៅក្នុងរបាយការណ៍កាលពេលថ្មីៗបំផុតនេះរបស់ខ្លួនថា ជាឧទាហរណ៍នៃអ្វីដែលអង្គការសិទ្ធិមនុស្សនោះហៅថា ការរំលោភនិងការរងរបួសយ៉ាងខ្លាំងរបស់ពលរដ្ឋសាមញ្ញវៀតណាម ខណៈដែលស្ថិតនៅក្នុងការឃុំឃាំងរបស់ប៉ូលិស។
អង្គការសិទ្ធិមនុស្សនោះនិយាយយោងដល់ករណីរបស់មនុស្ស២៨នាក់ដែលបានស្លាប់នៅក្នុងការឃុំឃាំងដោយមាន ឬគ្មានការពន្យល់ឲ្យបានគ្រប់គ្រាន់ ចាប់តាំងពីការចោទប្រកាន់ពីការធ្វើអត្តឃាតុរហូតដល់ការស្លាប់ដោយជំងឺ ហើយ២២ករណីទៀតមានការវាយដំយ៉ាងខ្លាំង រួមមានក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ផង។
លោក Phil Robertson អនុប្រធានទទួលបន្ទុកតំបន់អាស៊ីរបស់អង្គការសិទ្ធិមនុស្ស Human Rights Watch និយាយថា ការចោទប្រកាន់ពីការរំលោភធ្វើបាបដោយប៉ូលិសដល់អ្នកដែលស្ថិតក្នុងការឃុំឃាំងប៉ូលិស បានរីកកាន់តែធំ។ របាយការណ៍នោះបានតាមដានករណីរំលោភសិទ្ធិមនុស្សនៅក្នុងខេត្តចំនួន៤៤នៃខេត្តចំនួន៥៨របស់វៀតណាម។
«របាយការណ៍នេះក៏និយាយពីកសិករ និងពាណិជ្ជករ អ្នករកស៊ីក្នុងមូលដ្ឋាន និស្សិត ហើយនឹងមនុស្សផ្សេងទៀតដែលបានស្ថិតនៅក្នុងការឃុំឃាំងរបស់ប៉ូលិសចំពោះសកម្មភាពដែលអ្នក ឬខ្ញុំចាត់ទុកថា ជារឿងធម្មតា ហើយដែលនៅទីនោះ ច្បាប់បានត្រូវរំលោភដោយសារការប្រព្រឹត្តបទល្មើសតិចតួច ប៉ុន្តែមនុស្សទាំងនោះបានស្លាប់ ឬរងរបួសដោយសារប៉ូលិសវាយដំលើពួកគេ ខណៈដែលពួកគេស្ថិតនៅក្នុងការឃុំឃាំងរបស់ប៉ូលិស»។
របាយការណ៍នោះបានលើកយកករណីទាំងនេះពីការចុះផ្សាយនៅក្នុងកាសែតផ្សាយជាភាសាវៀតណាមដែលត្រួតត្រាដោយរដ្ឋាភិបាល ពីអ្នកសរសេរប្លុកឯករាជ្យ ពីអ្នកកាសែតជាពលរដ្ឋ និងបណ្តាញផ្សាយព័ត៌មានបរទេស។
អង្គការសិទ្ធិមនុស្ស Human Rights Watch ប្រាប់ឲ្យដឹងទៀតថា ការស្លាប់ ជារឿយៗ បានកើតមានឡើងនៅពេលដែលប៉ូលិសប្រើប្រាស់អំពើហិង្សានិងធ្វើទារុណកម្មដើម្បីបង្ខំឲ្យសារភាព។ អង្គការសិទ្ធិមនុស្សប្រាប់ឲ្យដឹងទៀតថា ខណៈដែលប៉ូលិសមានជាប់ការទាក់ទងនោះ ជារឿយៗពួកគេ មិនបានប្រឈមនឹងការដាក់ពិន័យ ឬទណ្ឌកម្មស្រាលៗ ថ្វីបើអំពើរបស់គេជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងក៏ដោយ។
លោក Robertson និយាយបន្តទៀតថា សកម្មភាពទាំងនេះទំនងជាវិបត្តិដ៏ធ្ងន់ធ្ងរឡើងនៅក្នុងកងកម្លាំងប៉ូលិសវៀតណាម ជាពិសេសនៅថ្នាក់ខេត្តដែលប៉ូលិស ជារឿយៗ បានទទួលការហ្វឹកហាត់ និងការជួយឧបត្ថម្ភតិចតួច។
«អ្វីដែលយើងបានរកឃើញគឺវិបត្តិសិទ្ធិមនុស្សនៅក្នុងកិច្ចប្រតិបត្តិការប្រចាំថ្ងៃរបស់ប៉ូលិសវៀតណាម។ យើងជឿជាក់ថា អ្វីដែលយើងកំពុងឃើញសព្វថ្ងៃនេះ ជាតម្រុយតូចមួយនៃការរំលោភដ៏ធំ»។
អង្គការសិទ្ធិមនុស្សនោះបានប្រាប់ឲ្យដឹងទៀតថា ត្រូវមានកំណែទម្រង់កាន់តែខ្លាំង ត្រូវមានតម្លាភាពកាន់តែធំឡើង ហើយនឹងការទទួលខុសត្រូវសម្រាប់អ្នកដែលស្ថិតនៅក្នុងការឃុំឃាំងរបស់ប៉ូលិស និងត្រូវមានការស៊ើបអង្កេតមិនលម្អៀងពាក់ព័ន្ធនឹងភាពព្រៃផ្សៃរបស់ប៉ូលិស។
លោកRobertson និយាយទៀតថា ក្រុមគ្រួសាររបស់ជនរងគ្រោះក៏ប្រឈមការលំបាកដែរ នៅពេលដែលត្រូវគេគាបសង្កត់ឲ្យការឆ្លើយតបជាផ្លូវការអំពីឧក្រិដ្ឋកម្មប្រឆាំងនឹងសាច់ញាតិរបស់ខ្លួននោះ។
«ក្រុមគ្រួសារវៀតណាមសាមញ្ញទាំងនោះគឺក្រុមគ្រួសាររបស់ជនរងគ្រោះ ត្រូវប្រឈមបញ្ហាដែលត្រូវបង្កើនសំឡេងល្មមគ្រប់គ្រាន់អំពីករណីនៃការស្លាប់ ឬរងរបួសរបស់សាច់ញាតិរបស់ខ្លួន ដើម្បីជំរុញឲ្យពួកមន្រ្តីជាន់ខ្ពស់ ឬបណ្តាញផ្សាយព័ត៌មានធ្វើអន្តរាគមន៍ និងធ្វើឲ្យប្រាកដថា មានការស៊ើបអង្កេតកាន់តែខ្លាំងឡើង»។
ពួករដ្ឋអំណាចក្នុងប្រទេសវៀតណាមកំពុងចាត់វិធានការខ្លះដើម្បីដោះស្រាយបញ្ហានេះ។
កាលពីថ្ងៃទី១១ ខែកញ្ញា Tran Dai Quang រដ្ឋមន្រ្តីសន្តិសុខសាធារណៈរបស់វៀតណាមបានសារភាពនៅមុខគណៈកម្មាធិការសភាជាតិវៀតណាមថា មានមន្រ្តីប៉ូលិស១៩នាក់បានត្រូវដកបុណ្យស័ក្តិ ហើយអាចប្រឈមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម ដោយការប្រើប្រាស់អ្វីដែលលោកបានហៅថា ការធ្វើទារុណកម្មលើរាងកាយ។
ក្រសួងសន្តិសុខសាធារណៈក៏បានប្រាប់ឲ្យដឹងដែរថា ជាង៣ឆ្នាំកន្លងមកនេះ ខ្លួនបានស៊ើបអង្កេត១៨៣ករណីផ្សេងទៀតដែលទាក់ទិននឹងប៉ូលិសដែលបានប្រឈមទណ្ឌកម្មខាងរដ្ឋបាល ដូចជាត្រូវបណ្តេញចេញពីតំណែង បញ្ចុះស័ក្តិ ឬផ្ទេរការងារ៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន